ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​ជំរុញឱ្យ​បញ្ចប់​ការ​តវ៉ា​រឿង​អាស្រូវ​ច្រើន​ពាន់​លាន​ដុល្លារ​របស់​ធនាគារ


រូបឯកសារ៖ បុគ្គលិក​សន្តិសុខ​ក្នុង​សម្លៀកបំពាក់​ធម្មតា​អូស​បាតុករ​តាម​ជណ្តើរ​អំឡុង​ការតវ៉ា​មួយ នៅ​ខាងក្រៅ​អគារ​ធនាគារ​ប្រជាជន​ចិន​ក្នុង​ទីក្រុង Zhengzhou ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ក្នុង​វីដេអូ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទទួលបាន។

អាជ្ញាធរ​ចិន​កំពុង​ចាត់​ការ​យ៉ាងឆាប់​រហ័ស​ដើម្បី​ទប់ស្កាត់​ការ​មិន​សប្បាយ​ចិត្ត​ជា​សាធារណៈ​បន្ថែម​ទៀត​ បន្ទាប់ពី​អ្នក​ដាក់​ប្រាក់​បញ្ញើ​ធនាគារ​រាប់​រយ​នាក់​បាន​ធ្វើការ​តវ៉ា​ដ៏​កម្រ​មួយ​កាលពី​សប្តាហ៍​មុន​នៅ​ខាងក្រៅ​ការិយាល័យ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ Zhengzhou ​ទីរួម​ខេត្ត​ Henan ​ដែល​ស្ថិត​នៅ​កណ្តាល​ប្រទេស។​

និយតករ​ធនាគារ​កណ្តាល​ចិន​គឺ​គណៈ​កម្មការ​និយតកម្ម​ធនាគារ ​និង​ធានា​រ៉ាប់រង​ (CBIRC) ​បាន​និយាយ​ថា​ ខ្លួន​នឹង«ដោះស្រាយ​ហានិភ័យ​ទាក់ទង​នឹង​ធនាគារ​ជនបទ​ចំនួន​ប្រាំ»​ គឺ​បួន​នៅ​ខេត្ត​ Henan ​និង​មួយ​ទៀត​នៅ​ខេត្ត​ Anhui ។​ មិនមាន​ការ​តវ៉ា​ទេ​នៅ​ខេត្ត​ Anhui ប៉ុន្តែ​ការ​ប្រមូល​ផ្តុំគ្នា​ដោយ​សន្តិវិធី​នៅ​ខាងក្រៅ​ការិយាល័យ​រដ្ឋាភិបាល​ក្នុង​ខេត្ត​ Henan​ កាលពី​ថ្ងៃទី​១០​ ខែ​កក្កដា​ បាន​ប្រឈម​នឹង​ការ​បង្រ្កាប​ដោយ​ហិង្សា​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​បង្ក​ឱ្យ​មាន​កំហឹង​នៅ​ក្នុង​ប្រទេស​ចិន។​

កាសែត ​South China Morning Post ​បាន​ឱ្យ​ដឹង​ថា ​រឿង​អាស្រូវ​នេះ​ទាក់​ទង​ប្រាក់​បញ្ញើ​៤០​ពាន់​លាន​យន់ ​ឬ​ ៦​ ពាន់លាន​ដុល្លារ។​

អ្នក​ដាក់​ប្រាក់​បញ្ញើ​ជាច្រើន​ចង់​ដកប្រាក់​សន្សំ​របស់​ពួកគេ​ពី​ធនាគារ​តាំងពី​ខែ​មេសា ​ប៉ុន្តែ​មិន​អាច​ដកបាន​ទេ។ ​ដំបូង​ស្ថាប័ន​បាន​និយាយ​ថា​ មកពី​ការ​ដំឡើង​ប្រព័ន្ធ​កុំព្យូទ័រ​ថ្មី។ ​អ្នក​ដាក់​ប្រាក់​បញ្ញើ​បាន​និយាយ​ថា ធនាគារ​មិន​បាន​ធ្វើ​ទំនាក់​ទំនង​ណា​មួយ​អំពី​បញ្ហា​នេះ​ទេ​ចាប់តាំង​ពី​ខែ​មេសា​ ហើយ​មក​ដល់​ខែ​ឧសភា​ ការ​តវ៉ា​ក៏​បាន​ផ្ទុះ​ឡើង។​ អាជ្ញាធរ​បាន​បង្កក​គណនី​រង់ចាំ​ការ​ស៊ើប​អង្កេត​ថា​ ហេតុ​ដូច​ម្តេច​បាន​ជា​ធនាគារ​មិន​មាន​សាច់ប្រាក់​ចាំបាច់​ដើម្បី​បំពេញ​សំណើ​ដក​ប្រាក់។​

រឿង​អាស្រូវ​នៅ​ធនាគារ​ជនបទ​នេះ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ជាតិ​ ខណៈ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុង​តស៊ូ​ដើម្បី​រក្សា​កំណើន​សេដ្ឋកិច្ច​នៅ​ចំពោះ​មុខ​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​ធ្វើ​គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​ ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​បិទខ្ទប់​យ៉ាង​ជាទូទៅ​ និង​ជា​លទ្ធផល​នាំ​ឱ្យ​មាន​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច។​

Global Times​ ដែល​ជា​បណ្តាញ​ព័ត៌មាន​ចំណុះ​រដ្ឋ​បាន​រាយ​ការណ៍ថា​ ​និយតករ​ធនាគារ​របស់​ចិន​បាន​ស្តីបន្ទោស​ថា​ ​ក្រុមហ៊ុន​ Henan New Fortune Group​ បាន​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​តាម​អ៊ីនធើណិត​នៅ​ធនាគារ​ជនបទ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។​ នេះ​បើ​យោងតាម​ការ​ចុះផ្សាយ​របស់ ​WeChat ​បណ្តាញ​ព័ត៌មាន​ធនាគារ​និង​ធានារ៉ាប់រង​ចិន។​

គណៈ​កម្មការ​ធនាគារ​ក៏​បាន​បង្ហោះ​ព័ត៌មាន​កាលពី​ថ្ងៃ​អាទិត្យ​នៅ​លើ​គណនី​ Weibo ​ របស់​ បណ្តាញ​ព័ត៌មាន​ធនាគារ​និង​ធានារ៉ាប់រង​ចិន​ ដែល​ជា​កាសែត​ផ្តល់​មូលនិធិ​ដោយ​ CBIRC ។​ព័ត៌មាន​នោះ​លើក​ឡើង​ថា​ និយតករ​ធនាគារ​បាន​សន្យា​សង​អ្នក​ដាក់​ប្រាក់​បញ្ញើ​តាម​ច្បាប់​ និង​បទប្បញ្ញត្តិ​ ប៉ុន្តែ​គេ​នៅ​មិន​ទាន់ច្បាស់​ទេ​តើ​គណៈ​កម្មការ​ធនាគារ​នេះ​នឹង​សង​គ្រប់​ចំនួន​នៃ​ប្រាក់​សន្សំ​ទាំងអស់ ​ឬ​យ៉ាងណា​ទេ។ ​Weibo ​គឺ​ជា​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​ចិន​ស្រដៀង​គ្នា​នឹង​ Twitter ​ដែរ៕

XS
SM
MD
LG