ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដោយ​​មិន​ចង់​បន្ត​អំណាច​​នយោបាយ​ពី​ឳពុក​ពួក​គេ​​ កូនៗ​របស់​​ពួក​​​វរជន​​នៃ​គណបក្ស​​កុម្មុយ​និស្ត​ចិន​​ជ្រើស​រើស​ទៅ​រស់​នៅ​ឯ​ប្រទេស​ក្រៅ


រូបឯកសារ៖ ប្រធានាធិបតី ស៊ី ជីនពីង ឈរ​ជាមួយ​ថ្នាក់​ដឹក​នាំ​ចិន​ផ្សេង​ទៀត មើល​ទៅ​កាន់​ក្បួន​ដង្ហែ​ដើម្បីប្ររព្ធ​ខួប​៧០​ឆ្នាំ នៃ​ការ​បង្កើត​បក្ស​កុម្មុយនិស្ត​ចិន នៅ​ទីក្រុង​ប៉េកាំង កាល​ពីឆ្នាំ ២០១៩។
រូបឯកសារ៖ ប្រធានាធិបតី ស៊ី ជីនពីង ឈរ​ជាមួយ​ថ្នាក់​ដឹក​នាំ​ចិន​ផ្សេង​ទៀត មើល​ទៅ​កាន់​ក្បួន​ដង្ហែ​ដើម្បីប្ររព្ធ​ខួប​៧០​ឆ្នាំ នៃ​ការ​បង្កើត​បក្ស​កុម្មុយនិស្ត​ចិន នៅ​ទីក្រុង​ប៉េកាំង កាល​ពីឆ្នាំ ២០១៩។

ពួក​កូននិង​ចៅ​របស់​ពួកវរជន​​​នៃ​គណបក្ស​​កុម្មុយ​និស្ត​ចិន​​ នាំគ្នា​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស ហើយ​ពួក​គេ​ជ្រើស​រើស​​រស់​នៅ​ឯ​ប្រទេស​ក្រៅនៅ​ក្រោយ​ការ​សិក្សា​នៅ​ក្នុង​សាកល​​វិទ្យាល័យ​ក្នុង​បស្ចិម​ប្រទេស​ជា​ពិសេស​ក្នុង​សហរដ្ឋ​អាមេរិក។

អត្ថបទ​មួយផ្សព្វ​ផ្សាយកាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​ស​ង្គម​វិទូ​ចិន​ម្នាក់ដែល​ហ៊ាន​និយាយ​មិន​សំចៃ​មាត់ នាំ​ឲ្យ​មានអ្នក​អាន​ច្រើន​នៅ​ក្នុងបណ្តាញ​សង្គម​ដែល​មាន​ការត្រួត​ពិនិត្យ​តឹង​រ៉ឹងដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ធ្វើ​ការ​ការជជែក​ដេញ​ដោល​គ្នា​ខ្លាំងអំពី​ពួក​កូនចៅ​របស់​ពួក​មនុស្ស​ឋានៈ​ខ្ពស់​ក្នុង​ប្រទេស​ចិន​ដែលបានជ្រើស​រើសរស់​នៅ​ឯ​ប្រទេស​ក្រៅ។​

លោក​ Zheng Yefu ​ដែល​ជាសាស្ត្រាចារ្យសង្គម​សាស្ត ចូល​និវត្តន៍​នៃ​សាកល​វិទ្យាល័យក្រុងប៉េកាំង​ដ៏​ល្បី​ឈ្មោះបាន​សរសេរ​ថា​ ទោះណា​ជា​គណបក្ស​កុម្មុយ​និស្ត​ចិនរក្សា​ការ​ក្តាប់​អំណាច​របស់ខ្លួន​ដើម្បី​រក្សា​អំណាច​ឱ្យ​បាន​ល្អ​ប្រសើរក៏​ដោយ​ក៏ពួក​កូន​របស់​ពួក​គេ​ជ្រើសរើស​«បញ្ចេញមតិមិន​គាំទ្រ​គណបក្ស​គ្រប់​គ្រង​ប្រទេសហើយ​ចាក​ចេញ​ពី​គណបក្ស​នេះ»​ដោយរស់​នៅ​ជា​អចិន្ត្រៃយ៍​នៅ​ក្នុងបណ្តា​បស្ចិម​ប្រទេស។

គេ​មិនដឹង​ពិត​ប្រាកដ​អំពី​ចំនួនពួក​កូន​នៃពួកមេដឹក​នាំ​គណបក្ស​កុម្មុយ​និស្ត​ចិនទេ ក៏ប៉ុន្តែ​មានពួក​កូន​អ្នក​ធំ​ចិនមួយ​ចំនួន​ដែល​បានរៀន​យក​សញ្ញាប័ត្រនៅក្នុង​សាកល​វិទ្យាល័យល្បីៗ​ឈ្មោះ​ក្នុង​សហរដ្ឋ​អាមេរិក។​

នាង​ Xi Mingze ​ដែល​ជា​កូន​ស្រី​តែ​ម្នាក់​គត់​របស់ប្រធានាធិបតី​ចិន Xi Jinping ​បាន​សិក្សា​នៅ​ឯ​សាកលវិទ្យាល័យ Harvard។​ មេដឹក​នាំ​កំពូលពីរនាក់​កាល​ពី​ពេល​មុន​នៃ​គណបក្សកុម្មុយ​និស្ត​ចិនគឺ​លោកអតីត​ប្រធានាធិបតី ​Zhao Zhiyang ​និង​ Jiang Zemin ​មាន​ចៅ​ដែល​បានរៀន​នៅ​ឯ​សាកល​វិទ្យាល័យ​ Harvard។ លោក Jia Qinglin អតីត​សមាជិក​នៃ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​ Politburo ដែល​ជា​អង្គការគ្រប់​គ្រង​ខ្ពស់​បំផុតរបស់គណបក្សកុម្មុយ​និស្ត​ចិន​មាន​ចៅ​ស្រី​ម្នាក់​រៀន​នៅ​ឯ​សាកល​វិទ្យាល័យ Stanford។ ​លោក Bo Xilai អតីត​មេនៃ​គណបក្សកុម្មុយនិស្ត​ចិន​ក្នុង​ក្រុង Chongqing ដែល​នៅ​ពេល​នេះបាន​ត្រូវ​ដក​ចេញ​ពី​តំណែង​ជា​ឳពុក​របស់​ Bo Guagua ដែល​បានសិក្សា​នៅក្នុងមហាវិទ្យល័យ​វិជ្ជា​រដ្ឋាភិបាល​ Kennedy នៃ​សាកល​វិទ្យាល័យ Harvard។​

កាសែត ​Washington Post បាន​រាយការណ៍​ថា​សមាជិកយ៉ាងតិច​ណាស់​៥​នាក់​នៃគណៈ​កម្មាធិការ​អចិន្ត្រៃយ៍ ​Politburo​ មាន​កូន​ឬ​ចៅ​ធ្លាប់​រៀន​នៅ​សហរដ្ឋ​អាមេរិក​។

វិទ្យាស្ថាន​គោល​នយោបាយទេសន្តរប្រវេសន៍​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី Washington ​បាន​កត់​សម្គាល់​នៅក្នុង​សេចក្តី​រាយការណ៍​មួយ​ថា ​ពួក​វរជន​ចិន​មាន​ឥទ្ធិពល​និង​មាន​ការសិក្សា​អប់រំ​ខ្ពស់​ជា​កម្លាំង​ជំរុញ​សំខាន់​បំផុត​នៃ​ការចេញ​ពីប្រទេស​ចិនមក​កាន់​ស.រ.អា.។​

បើ​តាម​របាយ​ការណ៍​មួយ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ Hurun ខាង​ទ្រព្យសម្បត្តិ​មានមូលដ្ឋាន​ក្នុង​ប្រទេស​ចិន​ថា​ជាង​មួយ​ភាគ​បីនៃ​ជន​ជាតិចិន​សំបូរ​ទ្រព្យធន​«នៅ​ពេល​នេះ​កំពុង​ពិចារណា»​ចង់​ចាក​ចេញ​ពីប្រទេស​ចិន​ទៅ​រស់​នៅក្នុង​បស្ចិមប្រទេស​ដើម្បី​ទទួលការ​សិក្សា​អប់រំ​ល្អ​ជាង​នៅ​ប្រទេស​ពួក​គេ ឬគេច​ចេញពី​ក្រុង​ដែល​មាន​អាកាស​កខ្វក់ក្នុងប្រទេស​ចិន​និង​ពីរដ្ឋាភិបាល​តឹង​តែង​និងដើម្បី​ការពារ​ធនធាន​ពួក​គេ​ផង​ដែរ។

​ការ​សម្រេច​ចាក​ចេញ​ពី​ប្រទេសចិន​ទៅ​រស់នៅ​បស្ចិម​ប្រទេស

លោក Zheng Yefu ដែល​ជា​អ្នក​រិះគន់​គោល​នយោបាយ​គណបក្សកម្មុយនិស្ត​ចិនយូរ​យា​មក​ហើយ​បានសរសេរ​ថា​ អាជ្ញាធរ​ចិន​បាន​ចំណាយ​ប្រាក់រាប់​ពាន់​លាន​ដុល្លារដើម្បី​«ថែរក្សាស្ថិរភាព»​ ដើម្បី«ការពារប្រទេស​ដែល​បាន​ត្រូវ​បង្កើត​ដោយ​គណបក្ស​កុម្មុយ​និស្ត​ដ៏​អស្ចារ្យ»។

លោក Zheng បាន​និយាយ​បង្ហាញ​ហេតុផល​ថាកិច្ច​ខិត​ខំប្រឹងប្រែង​នេះមាន​គោល​ដៅ​ធំដើម្បី​ការពារវណ្ណៈ​មាន​បុព្វសិទ្ធិរបស់ប្រទេសនិង​ផ្ទេរការ​មាន​ប្រៀប​ខាង​សេដ្ឋកិច្ច​និងខាង​នយោបាយ​ទៅ​ឱ្យ​កូនៗ​ពួក​គេ។

លោក​បានកត់​សម្គាល់​ថា ពួក​កូនរបស់​មេដឹកនាំមួយ​ចំនួន​នៃ​គណបក្ស​កុម្មុយនិស្តចិន​ហាក់​ដូច​ជាមិន​រវីរវល់​នឹងគំនិតនៃ​ការទទួល​មរតក​នៃ​អំណាចនយោបាយ​របស់ឳពុកម្តាយ​ពួក​គេ​ទេ។ ពួក​គេ​មានការ​យល់​ឃើញជំទាស់នឹង​ការ​ផ្ទេរអំណាច​បែប​នេះ​ហើយ​បានចាក​ចេញ​ពីប្រទេស​ចិន​ទៅ​រស់នៅ​ក្នុង​បស្ចិមប្រទេស​ជា​ពិសេស​ក្នុង​សហរដ្ឋ​អាមេរិក។

លោក Zheng បានយល់​ឃើញ​ថា៖ «ពួក​គេ​មិន​ស្រឡាញ់​អំណាច​ទេ​។ ពួក​គេ​ស្រឡាញ់​ប្រទេស​អាមេរិក»។

លោក​បាន​ចង្អុល​បង្ហាញ​ថាមានហេតុផល​មួយ​ចំនួនដែលនាំ​ឱ្យ​មានការគ្មានការយល់​ឃើញខុស​ពី​ឳពុក​និង​ជីតា​ពួក​គេ​ដោយ​មានរួម​បញ្ចូល​ភាពអាក្រក់​ជាង​មុន​ក្នុងវិស័យសេរីភាព​ខាង​ការនិយាយ​ស្តី​និង​បញ្ចេញមតិនិង​ការដើរ​ហើរ​និង​ការ​មិន​ពេញចិត្តជា​ទូទៅជា​មួយវិធី​ក្តាប់​អំណាច​និង​ការ​រក្សា​អំណាចរបស់ពួកមនុស្ស​ជំនាន់​មុន។

លោក ​Zheng Yefu​ ក៏​បាន​កត់​សម្គាល់​ដែរ​ថានៅ​ក្រោយការបើក​ចំហ​ប្រទេស​ចិន​កាល​ពីឆ្នាំ​១៩៧៨ ​ប្រជារាស្ត្រ​ចិនក៏​មាន​ឱកាស​ទៅ​ប្រទេស​ក្រៅ​ដោយ​សេរី​ជាងមុន។​ ដោយ​ទាញយកប្រយោជន៍​ពី​គោល​នយោបាយ​នោះ ពួក​បញ្ញាវ័ន្តទាំង​នេះសម្រេច​ចិត្ត​រស់​នៅ​ក្នុងបស្ចិម​ប្រទេស​ក្រោយពីបានប្រៀប​ធៀប​ជីវភាព​នៅក្នុង​ប្រទេស​ចិននិង​បស្ចិម​ប្រទេស។

«ពួក​គេមិន​អាច​ធ្វើឱ្យ​មានការ​ផ្លាស់ប្តូរក្នុងប្រទេស​ចិន​បានទេ»

លោក Zan Aizong ដែល​ជា​អ្នកសង្កេត​ការណ៍​អំពី​ប្រទេស​ចិនបាន​ប្រាប់​វីអូអេថា​ហេតុផល​មួយក្នុង​បណ្តា​ហេតុ​ផល​នានាដែល​ពួកបញ្ញាវ័ន្ត​ទាំងនេះសម្រេចចាក​ចេញ​ពី​ប្រទេសចិន​ទៅ​រស់នៅ​ក្នុង​បស្ចិមប្រទេស​គឺ​ថា​ពួក​គេ​មានអារម្មណ៍​ថា​ពួក​គេ​មិន​អាច​ផ្លាស់ប្តូរ​ប្រទេស​ចិន​បាន​ទេ។

លោក Zan បាននិយាយ​ប្រាប់​វីអូអេ​ថា៖ «ប្រសិន​បើប្រទេស​ចិន​មាន​លទ្ធិ​ប្រជាធិបតេយ្យ​រដ្ឋធម្មនុញ្ញ និតិរដ្ឋ សិទ្ធិមនុស្ស​និងសេចក្តីថ្លៃថ្នូរ​សាកល ទោះ​ណាជា​មានបញ្ហា​ក៏​ដោយក៏​ពួកគេអាច​រស់នៅ​ក្នុង​ប្រទេស​ចិន​ហើយ​ព្យាយាម​ដោះស្រាយបញ្ហា។​ ក៏ប៉ុន្តែបើ​ពួក​គេ​ឃើញ​ថា​គ្មាន​វិធីដើម្បី​ផ្លាស់​ប្តូរស្ថានភាព​បច្ចុប្បន្ន​បានទេ ពួក​គេក៏​លះ​បង់គំនិត​ព្យាយាម​ធ្វើការ​កែប្រែ​ហើយ​ក៏ចាក​ចេញពី​ប្រទេស​ចិនទៅ​រស់ក្នុង​បស្ចិម​ប្រទេស»។

សកម្មជន​សិទ្ធិមនុស្សលោក Hu Jia បាននិយាយ​ថា​មាន​ហេតុ​ផលមួយ​ទៀតគឺ​ថា​ប្រសិន​បើ​ពួកបញ្ញាវ័ន្ត​ទាំង​នេះជ្រើស​រើសឋិតនៅ​ក្នុង​ប្រទេសហើយប្រយុទ្ធដើម្បី​គោលជំហរ​ពួក​គេ​នៅក្នុង​គណបក្ស ពួកគេ​អាច​ជួប​ប្រទះ​នឹងការប្រថុយ​ប្រថានធំ។

លោក​បាន​ថ្លែងថា៖«សម្រាប់​ជំនាន់​ទី​ពីរ​ឬ​ទី​បី​នៃពួក​កម្មុយនិស្ត​ចិន​ ប្រសិន​បើលោក​អ្នកចាញ់​នៅក្នុង​ការប្រយុទ្ធ​ដណ្តើម​អំណាច លោក​អ្នក​នឹង​បាត់បង់​អ្វីៗ​គ្រប់​បែបយ៉ាង​។ ពួកគេ​ប្រៀប​ធៀប​ការណ៍​នេះ​ជាមួយឱកាស​របស់​ពួកគេ​ក្នុង​ការរស់នៅដោយ​សន្តិវិធី​នៅក្នុង​ប្រទេស​សេរី​និងប្រជាធិបតរយ្យ។​ដូច្នេះសម្រាប់​អ្នក​ចេះ​ដឹងខ្លះ​ ពួក​គេជ្រើ​សរើស​នៅក្រៅ​ប្រទេស​ចិនដោយ​នៅឆ្ងាយ​ពី​ភាព​ច្របូក​ច្របល់​ទាំងនេះ»៕

ប្រែសម្រួល ដោយ ឈឹម សុមេធ

XS
SM
MD
LG