ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ ត្រូវបានជ្រើសរើសជាផ្លូវការឲ្យកាន់តំណែងអាណត្តិថ្មីរយៈពេល៥ឆ្នាំទៀត ឲ្យធ្វើជាមេដឹកនាំគណបក្សកុម្មុយនិស្ត។
លោក ស៊ី ដែលមានវ័យ៦៤ឆ្នាំ បានឈរជិតសមាជិកថ្មី៥នាក់ទៀតនៃគណៈកម្មាធិការ Politburo Standing ដែលកាន់អំណាចនៅឯវិមានមហាសាលប្រជាជន (Great Hall of the People) បន្ទាប់ពីពួកគេត្រូវបានជ្រើសរើសដោយគណៈកម្មាធិការកណ្តាល។
សមាជិកថ្មីទាំងនោះក៏រួមមាន លោក Zhao Leji ដែលកាន់តំណែងបន្តនៅគណៈកម្មាធិការកណ្តាល ទទួលបន្ទុកខាងពិនិត្យមើលវិន័យពីលោក Wang Qishan ដែលបានដឹកនាំការបោសសម្អាតអំពើពុករលួយ។
សមាជិកតែម្នាក់គត់ដែលបន្តកាន់តំណែងនៅក្នុងគណៈកម្មាធិការនេះជាមួយនឹងលោក ស៊ី ជីនពីង គឺលោកនាយករដ្ឋមន្ត្រី Li Keqiang វ័យ៦២ឆ្នាំ។ សមាជិកដទៃទៀតក៏មានវ័យ៦០ឆ្នាំឬចាស់ជាងនេះដែរ។ នេះមានន័យថា គ្មានអ្នកបន្តតំណែងពីលោក ស៊ី នោះទេ ក្រោយពីអាណត្តិរបស់លោកត្រូវបញ្ចប់នៅឆ្នាំ២០២២។ អ្នកវិភាគនិយាយថា ការដែលគ្មានវត្តមានអ្នកបន្តតំណែងច្បាស់លាស់មានន័យថា លោក ស៊ី ប្រហែលជាអាចបន្តកាន់តំណែងក្រោយបញ្ចប់អាណត្តិនៅឆ្នាំ២០២២។
អាណត្តិថ្មីរបស់លោក ស៊ី គឺជាការសន្និដ្ឋានមួយដែលចៀសមិនផុត ជាពិសេសបន្ទាប់ពីឈ្មោះរបស់លោកត្រូវបានដាក់បញ្ចូលទៅក្នុងធម្មនុញ្ញរបស់គណបក្សកុម្មុយនិស្តកាលពីដើមសប្តាហ៍នេះ នៅក្នុងពិធីបិទមហាសន្និបាតបក្សដែលគេតែងតែរៀបចំឡើងរាល់៥ឆ្នាំម្តង កាលពីថ្ងៃអង្គារកន្លងទៅនេះ។
លោកគឺជាមេដឹកនាំចិនទី៣ដែលត្រូវបានគេបញ្ចូលឈ្មោះជានិមិត្តរូបនៅជិតលោក ម៉ៅ សេទុង ដែលជាបិតាបង្កើតគណបក្សកុម្មុយនីស្តចិន និងលោក Deng Xiaoping ដែលកំណែទម្រង់សេដ្ឋកិច្ចរបស់លោកបានធ្វើឲ្យចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចដូចសព្វថ្ងៃនេះ៕