ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការខ្វែង​គំនិត​គ្នា​លេច​ឡើង​ជុំវិញ​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​រវាង​ក្រុម​អ្នកគ្រាំទ្រ​រដ្ឋាភិបាល​និង​លទ្ធិ​ប្រជា​ធិបតេយ្យ


រូបឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

សមាគម​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ពេញចិត្ត​ចំពោះ​ការ​បោះឆ្នោត​នៅ​កម្ពុជា ខណៈ​ដែល​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ផ្សេងៗ ដែល​រួមមាន​សរអា បារាំង និង កាណាដា នាំ​គ្នា​ហៅ​ការ​បោះ​ឆ្នោត​នោះ​ថា មិន​សេរី​និង​យុត្តិធម៌​ទេ។

នៅពេល​ក្រុមមន្ត្រី ​និង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​គេរំលាយ​កាលពីឆ្នាំ​មុន​បន្តធ្វើ​យុទ្ធនាការ​ជំទាស់នឹង​ការបោះឆ្នោត​ថ្ងៃទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ​ដែលពួកគេ​ចោទ​ថា​ ​ជា​ការបោះឆ្នោត​ក្លែងក្លាយ​ ​និង​ឥត​អៀនខ្មាស់​ព្រោះតែ​មិនមាន​វត្តមាន​គណបក្ស​ប្រឆាំង​នោះ​ ​ក្រុម​សមាគម​ខ្មែរ​អូស្រា្តលី​ និង​នូវែលសេឡង់​ចំនួន​៦​ ​បាន​ចេញមុខ​កោត​សរសើរ​តាម​សេចក្តី​ថ្លែង​ការណ៍មួយ​ថា​ ​ការបោះ​ឆ្នោត​នាពេលថ្មីៗ​ អាច​ចាត់ទុកជា​ «គំរូដល់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់»​ ​ដោយសារ​មានចំនួន​អ្នកចេញ​ទៅ​បោះឆ្នោត​ច្រើន​ជាង​៨០​ភាគ​រយ​ និង​អ្នកសង្កេត​ការណ៍​មក​ពី​ជាង​៥០ប្រទេស។ នេះ​បើយោង​តាម​សេចក្តីរាយការណ៍​របស់អង្គភាពព័ត៌មាន​ដែលស្និទ្ធនឹង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា និង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សមាគម​ខ្មែរ​ទាំង៦។

តួលេខ​បឋម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅកាត់​ថា​ ​(គ.ជ.ប)​បាន​ឱ្យ​ដឹង​ថា​ មាន​ពលរដ្ឋ​ជាង​៨២​ភាគរយ​បាន​ចេញ​ទៅ​បោះឆ្នោត​ ​បើ​ទោះបី​ជា​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅផ្ទះ​កុំ​ចេញ​ទៅ​បោះឆ្នោត​ក៏ដោយ​ហើយ​ក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទូទាំង​ពិភពលោក​បាន​ធ្វើ​បាតុកម្ម​ព្រមៗ​គ្នា​ប្រឆាំង​នឹង​ការបោះឆ្នោត​នេះ​។

សេចក្តី​ប្រកាស​របស់​ក្រុម​សមាគម​ទាំងប្រាំមួយធ្វើ​ឡើង​នៅថ្ងៃ​ទី​៣១​ ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ បាន​និយាយ​ថា​៖

«ដោយបាន​ចូលរួមធ្វើ​ជា​អ្នកសង្កេតការណ៍​អន្តរជាតិ​ យើង​សូម​អបអរ​សាទរ​ប្រជាជនកម្ពុជា​សម្រាប់ការ​ចូលរួម​ចំណែក​របស់​ពួកគេ​ ក្នុងការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យក្នុង​ប្រទេស​របស់ពួកគេ ដោយបានបង្ហាញឆន្ទៈចេញ​ទៅបោះឆ្នោត​ក្នុងចំនួនច្រើនលើសលុប​ ស្រប​ទៅតាម​ច្បាប់​ និងរដ្ឋធម្មនុញ្ញ​កម្ពុជា​ ជាមួយ​ជម្រើស​ជាច្រើន​ ហើយ​ត្រូវបាន​ការពារ​ដោយ​ប្រព័ន្ធ​បោះឆ្នោត​សម្ងាត់»។

សេចក្តីប្រកាស​បាន​សរសេរ​បន្តថា៖​

«ស្របពេល​ជាមួយគ្នា​នេះ​ យើងពេញចិត្ត​ជាទីបំផុត​ ចំពោះ​កិច្ចខិត​ខំ​ដ៏គួរឲ្យកោតសរសើរ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សម្រាប់​ការ​ធ្វើ​ឲ្យការបោះឆ្នោត​នេះ​ ក្លាយជាគំរូ​សម្រាប់​ប្រទេស​ក្នុងតំ​បន់មួយចំនួន​ ដោយបាន​ធានា​នូវ​ភាព​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ តម្លាភាព​ និង​ដោយ​គ្មាន​ការ​គំរាម»។

សមាគម​មិត្តភាព​ខ្មែរ​ក្រៅ​ស្រុកនៅ​ប្រទេសបារាំង​ ​ក៏​បាន​ប្រកាស​គាំទ្រដល់​ការ​បោះឆ្នោត​នេះ​ និង​បានសំដែង​ទស្សនៈ​ស្រដៀងគ្នា​នឹង​ក្រុម​សមាគម​ទាំងប្រាំមួយ​ខាងលើនេះ។​ ​នេះ​បើយោង​តាម​សេចក្តី​រាយការណ៍​របស់អង្គភាពព័ត៌មាន​ ​Freshnews​ ​ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា។

ផ្ទុយពី​ការថ្លែង​របស់​ក្រុមស​មាគម​ទាំងប្រាំមួយ​ ​ដែល​គេ​មិន​សូវស្គាល់​ក្នុង​ប្រទេស​កម្ពុជា​នោះ​ អ្នកស្រី​ Heather Nauert​ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ បាន​រិះគន់​ការ​បោះ​ឆ្នោត​ថ្មីៗនេះថា​ បាន​ធ្វើ​ឡើង​ ដោយ​គ្មាន​ភាព​សេរី​ និងយុត្តិធម៌​នោះទេ។

​ថ្លែង​ក្នុងសនិ្នសីទ​ព័ត៌មាន​សង្ខេប​មួយ​ ធ្វើឡើង​កាលពីថ្ងៃទី​អង្គារ អ្នកស្រី​ ​Heather Nauert​ ​ បាន​លើកឡើង​ក្នុងន័យ​ដើមថា៖

«ការបោះឆ្នោត​នោះ​ គឺ​ពិតប្រាកដ​ណាស់​មិន​សេរី និង​យុត្តិធម៌​នោះទេ ​ហើយ​មិនបាន​តំណាង​ដល់​ឆន្ទៈរបស់​ប្រជាជន​កម្ពុជានោះឡើយ។ យើង​បាន​ឃើញ​រឿងរ៉ាវ​ជាច្រើន​អំពីថា​ ប្រជា​ពលរដ្ឋ​ត្រូវបាន​គេ​លើក​ទឹកចិត្ត​ខ្លាំងប៉ុណ្ណា ដើម្បី​ឲ្យ​ពួកគេ​ទៅ​បោះឆ្នោត​នោះ។ ហើយតើ​ពួក​គេ​ត្រូវ​ធ្វើ​យ៉ាងម៉េច​ពេល​ត្រូវ​សម្រេចចិត្ត​បោះឆ្នោតនោះ?​ ពួកគេបាន​បញ្ចប់​រឿងនេះ​ ដោយ​ការ​គូរគំនូរ ឬដាក់​ឈ្មោះ​ជាច្រើន​ដែល​មែនទែន​ទៅ​មិនមាន​លើ​សន្លឹកឆ្នោត​ ដែល​ការណ៍នេះ​ជា​ទម្រង់​នៃ​ការជំទាស់»។

អ្នកស្រី Heather Nauert ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ បាន​និយាយ​បន្តថា​ អ្វីទាំងអស់​ដែល​បាន​កើត​ឡើង​ រាប់​ចាប់​តាំង​ពីការណ៍​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យមានការ​ពិបាក​កាន់តែខ្លាំង​សម្រាប់​អង្គភាព​ព័ត៌មាន​អាច​បំពេញ​ការងារ​របស់​ពួក​គេបាន​នោះ​ គឺជា​ការ​ដើរ​ថយក្រោយ​យ៉ាងខ្លាំង​នៃ​ការ​ជឿន​លឿន​ខាង​សេដ្ឋកិច្ច​ និង​ប្រជាធិបតេយ្យ ដែល​បាន​កើត​មាន​នៅប្រទេស​កម្ពុជា។

«យើង​ស្នើដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ចាត់វិធានការ​ដែល​អាច​ឲ្យមាន​ការប្រែប្រួល​ពិត​ប្រាកដ​ដើម្បី​ជំរុញ​ការផ្សះផ្សា​ ដោយ​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​អង្គការ​សង្គមស៊ីវិល​អាច​ធ្វើ​ប្រតិ​បត្តិការ​បាន។ ពួកគេ​គួរតែ​ដោះលែង​អ្នកទោស​នយោបាយ​ផងដែរ។ មាន​កិច្ចការ​ច្រើន​ណាស់​ដែល​កម្ពុជា​ត្រូវធ្វើ​នោះ»។

រីឯ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ​ បាន​ហៅ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃអាទិត្យ​ថា​ ជា​ការ​ឆបោក​ និង​គួរ​ឲ្យ​អៀនខ្មាស ដោយ​បង្ហាញ​លទ្ធផល​ដែល​មិន​គួរឱ្យ​ភ្ញាក់​ផ្អើល។ ​ លោក​សម រង្ស៊ី​ បាន​និយាយ​រិះគន់​អំពីចំនួនអ្នក​ទៅ​បោះ​ឆ្នោត​ថា​ មាន​ចំនួនច្រើន​ខុស​ពីប្រក្រតី​។ លោក​អះអាង​ ថា​សូម្បី​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ធ្វើពហិការ​ផង​នោះ មាន​អ្នក​ចេញទៅ​បោះឆ្នោត​តែ​៦៩,៦១%។​ ដូច្នេះ​តួលេខ​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​៨២%​នេះ​ មិន​អាច​ទទួល​បាន​នោះ​ទេ។

​ក៏ប៉ុន្តែ​ ក្រសួង​ការបរទេស​កម្ពុជា​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​បដិសេធ​ដាច់​អហង្ការ​ចំពោះការរិះគន់​នានា​និង​ជំទាស់​រាល់ការ​មាក់​ងាយ​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​។​

ក្រសួង​ការ​បរទេសកម្ពុជា​ បានអះអាងក្នុង​សេចក្តី​ប្រកាស​មួយធ្វើឡើង​ នៅថ្ងៃ​អង្គារ​កន្លង​ទៅ​ថា៖​

«ក្រសួង​មានការ​សោក​ស្តាយ​ចំពោះការ​វាយ​តម្លៃ​ដោយ​មូលហេតុ​នយោបាយ​របស់​រដ្ឋា​ភិបាល​បរទេស​មួយចំនួន​ ដែលបាន​បដិសេធ​មិន​បញ្ជូន​អ្នកសង្កេតការណ៍​ ប៉ុន្តែ​បែរ​ជាប្រកាស​តាំងពី​ពេលចាប់​ផ្តើមរហូតដល់​ពេល​បញ្ចប់​ថា​ ការបោះឆ្នោត​នេះ​មិន​សេរី​ និងយុត្តិធម៌​។ ការ​មិនអើពើ​ទៅ​ដល់​គុណភាពបច្ចេកទេស​នៃដំណើរ​ការបោះឆ្នោត​ គឺ​មាន​ន័យ​ស្មើ​នឹង​ការ​មិន​ឲ្យ​តម្លៃ​ដល់​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ ដែលបាន​សំដែង​ចេញតាម​រយៈសន្លឹក​ឆ្នោត​ចំនួន​ ៦​ ៩៤៦ ១៦៤»។​

ក្រសួងការបរទេស​របស់កម្ពុជា​បាន​និយាយថា​ ការបោះឆ្នោត​គឺត្រូវបាន​ធ្វើ​ឡើង​ «ពោរពេញ​ដោយ​សន្តិភាព​ និងរីករាយ​ ទាំងនៅក្នុង​យុទ្ធនាការ​រកសំឡេង​ឆ្នោត​ និងថ្ងៃបោះឆ្នោត» ដោយ​គ្មានការ​រារាំង​រំខាន​ និង​មាន​សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​គណបក្ស​ចំនួន​២០​ ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត។

រដ្ឋាភិបាល​ប្រទេស​អាល្លឺម៉ង់​បានកត់​សម្គាល់​ឃើញថា ការបោះឆ្នោត​សភា​នៅប្រទេស​កម្ពុជា​ ត្រូវបាន​ធ្វើឡើង​ដោយ​សន្តិវិធី។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ រដ្ឋាភិបាល​អាល្លឺម៉ង់​លើកឡើង​ថា​ ការណ៍នេះ​មិន​គ្រប់គ្រាន់ទេ ដើម្បីញ៉ាំង​ឲ្យ​លទ្ធផល​បោះឆ្នោត​មានភាព​ស្របច្បាប់​នោះ ខណៈ​ដែល​ការបោះឆ្នោត​ ត្រូវបានធ្វើឡើង​បន្ទាប់​ពី​មានការ​ចាប់​មេដឹកនាំគណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅខែកញ្ញា​ ឆ្នាំ​២០១៧ ការរំលាយ​គណបក្ស​ប្រឆាំង​នៅខែ​វិច្ឆិការ​ ឆ្នាំ​២០១៧​ និង​បម្រាម​លើ​អ្នក​នយោបាយ​ជំទាស់​នាំមុខ​១១៨​នាក់ មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ។

រដា្ឋភិបាល​ប្រទេសអាល្លឺម៉ង់​បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​តាម​ន័យដើមថា៖​

«​រដ្ឋា​ភិបាល​អាល្លឺម៉ង់​ អំពាវនាវ​ជាបន្ទាន់​ដល់​ប្រទេសកម្ពុជា​ឲ្យវិលទៅរក​គោលការណ៍​ប្រជាធិប​តេយ្យ​ដែល​បានតម្កល់​ទុក​ក្នុងរដ្ឋធម្មនុញ្ញ​ និងកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស​ ហើយ​កំពុងត្រៀម​ខ្លួន​គាំទ្រ​ប្រទេស​កម្ពុជាឲ្យវិល​ទៅ​រក​គន្លង​នេះ​»។

ចំណែក​រដ្ឋាភិបាល​បារាំង​ ក៏បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា​ ការ​បោះឆ្នោត​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​បរិយាកាស​មួយ​ ដែល​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រឆាំង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សង្គមស៊ីវិល​ ធ្វើ​ការ​ដោយ​មិនមាន​ការ​រាំងខ្ទប់។ ប្រទេស​ប្រជាធិបតេយ្យផ្សេង​ទៀតរួម​មាន​អូស្រា្តលី​ ​នូវែលសេឡង់​ និង​សហភាព​អឹរ៉ុប​ បាន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ ​ក្តី​បារម្ភ​ ​និង​ការ​សោកស្តាយ​ចំពោះ​ការ​បោះឆ្នោត​ ដោយ​មិនមាន​ការ​ចូល​រួម​របស់​គណបក្ស​ប្រឆាំង​។​

ដោយឡែក​រដ្ឋាភិបាល​ចិនកុម្មុយនីស្ត​ ​បាន​ប្រកាស​អបអរ​ទទួល​ស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ ​ខណៈ​ដែល​ប្រទេស​ជប៉ុន បាន​បដិសេធមិនផ្ដល់​ការ​យល់​ឃើញ​អ្វី​ទាំង​អស់​ចំពោះ​ការ​បោះ​ឆ្នោត​ដែល​បាន​ទទួល​ការ​រិះគន់​យ៉ាង​សន្ធឹក​ពី​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក។

មាន​គណបក្ស​នយោបាយ​ចំនួន​២០បាន​ប្រកួត​ប្រជែងគ្នា​ដើម្បី​ដណ្តើម​អាសនៈ​សភា​ចំនួន​១២៥​និង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាលថ្មី​។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​កាន់អំណាច​ជិត​៤០ឆ្នាំ​ត្រូវ​បាន​គេមើល​ឃើញ​ជាមុន​ មុនការ​បោះឆ្នោត​ថា​នឹង​ទទួល​បាន​ជ័យ​ជម្នះ​យ៉ាងច្រើន​និង​ដោយ​ងាយស្រួល ​ដោយ​សារតែ​គ្មាន​គូប្រជែង​ណា​ដែល​មាន​កម្លាំង​ប្រហាក់ ប្រហែល​ នៅពេល​ដែលគណបក្ស​សង្គ្រោះជាតិ​ដែលទទួល​បាន​ការគាំទ្រជាង​៤០ភាគរយ​ក្នុង​ការបោះឆ្នោត​ពីរលើក​ចុងក្រោយ​កន្លងមក​ត្រូវបាន​គេដាក់​ឲ្យឆ្ងាយ​ពី​ទីលាន​ប្រកួត។

នៅក្រោយ​ការបោះឆ្នោត​ថ្ងៃទី​២៩ ខែ​កក្កដា​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន​ក៏បាន​បង្ហាញ​រូបភាពថ្លុក​កំប្លែង និង​វីដេអូឃ្លីប​ខ្លីៗ​មួយចំនួន ក្នុង​នោះ​រូប​ថ្លុកកំប្លែង​មួយ​ បាន​បង្ហាញពី​អ្នកប្រកួត​ម្នាក់ បានឈ្នះ​ក្នុងការ​ប្រកួត​ ពេល​ដែល​អាជ្ញាកណ្តាល​គំរាម​អ្នកប្រកួត​ឯទៀត ឲ្យ​នៅ​ស្ងៀម​ជាដើម៕

XS
SM
MD
LG