ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​ចំនួន​៥​រួម​គ្នា​ជំរុញ​ឱ្យ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត និង​កែ​ទម្រង់​សមាស​ភាព​គ.ជ.ប


តំណាង​គណបក្ស​នយោបាយ​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួម​ដើម្បី​ជំរុញ​ឲ្យ​មាន​ការកែលម្អ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា នៅ​ភោជនីយដ្ឋាន​អូក្រា ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

គណ​បក្ស​ជំទាស់​ចំនួន​៥ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជំរុញ​រួម​គ្នា​ឱ្យ​មានការ​កែ​ប្រែ​សមាស​ភាព​នៃ​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) និង​ការ​កែ​លម្អប្រព័ន្ធ​បោះ​ឆ្នោត ដើម្បី​ធានា​ការ​បោះ​ឆ្នោត​មួយ​ដែល​អាច​ទទួល​យក​ពី​គណបក្ស​នយោបាយ និង​ជា​ការ​ទុក​ចិត្ត​ពី​សាធារណជន។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ តំណាង​គណ​បក្ស​ចំនួន​៥​បាន​ធ្វើ​សន្និ​សីទ​សារព័ត៌​មាន​រួមគ្នា​មួយ ដោយ​ពិភាក្សា​អំពី​ការ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​ និង​ការលើក​ស្ទួយ​សេរី​ភាព​នយោ​បាយ​នៅ​កម្ពុជា។ តំណាង​គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាលទាំង​នោះ​បាន​លើក​ឡើង​ពីបញ្ហា​ប្រឈម និង​ភាព​មិនប្រក្រតី​ជា​ច្រើន​ រាប់​ចាប់​ចាប់​តាំង​ពីមុន​ការឃោសនា​បោះ​ឆ្នោត ​រហូត​ដល់​ដំណាក់កាល​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​ ដែល​ពួក​គេ​ចង់​ឱ្យ​មាន​ការ​កែប្រែ​បញ្ហា​ទាំង​អស់​នោះ​ ដើម្បីកុំ​ឱ្យ​កើត​មាន​បន្ត​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោ​តលើ​ក​ក្រោយ​ៗ​ទៀត។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាប​និក​គណ​បក្សកែ​ទម្រង់​កម្ពុជា​ ​លោក​ គង់ មុនីកា​ ប្រធាន​គណ​បក្ស​ឆន្ទៈ​ខ្មែរ លោក ​សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក យ៉ង សាំង​កុមារ ប្រធាន​គណៈ​កម្មា​ធិការ​នាយក​នៃ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន និង​លោក​ យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។ សន្និសីទ​សារព័ត៌មាន​នេះ អវត្ត​មាន​តំណាង​មក​ពី​គណបក្ស​កម្ពុជា​និយម។

​មុន​ធ្វើ​សន្និ​សីទ​សារព័ត៌​មាន​នេះ​ គណ​បក្ស​ចំនួន​៥​រួម​មានគណ​បក្ស​ឆន្ទៈ​ខ្មែរ គណ​បក្ស​កែ​ទម្រង់​កម្ពុជា​ គណបក្ស​កម្ពុជា​និយម គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន និង​គណ​បក្ស​ភ្លើងទៀន ​បាន​ជួប​ពិភាក្សា និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​ រួច​សម្រេចដាក់​ចេញ​សំណើ​រួម​គ្នាចំនួន​៨​ចំណុច​ ដើម្បី​ទាមទា​កែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត​ និងការលើក​ស្ទួយ​សេរីភាព​នយោបាយ​នៅ​កម្ពុជា។ ​ចំណុច​ទាំង​នោះ​រួម​មាន​ ទី១ ​ការ​កែ​ទម្រង់​សមាស​ភាព​ គ.ជ.ប ដោយប្រធាន​ជា​បុគ្គល​ឯករាជ្យ​ មិន​ពាក់​ព័ន្ធ​បក្ស​នយោ​បាយ​យ៉ាង​តិច​៥​ឆ្នាំ សមា​ជិក​គ.ជ.ប ៤​រូប​ ត្រូវ​មាន​ប្រភព​ឯក​រាជ្យ​មិន​ជាប់​ពាក់​ព័ន្ធ​គណ​បក្ស​នយោ​បាយ ទី២​ ការ​ធានា​ភាព​មិន​លម្អៀង​របស់​មន្ត្រី​គណៈ​កម្មការ​ឃុំ​សង្កាត់​រៀប​ចំការ​បោះឆ្នោត​ និង​គណៈកម្មការ​រាជធានី​ខេត្ត​រៀប​ចំការ​បោះឆ្នោត​ ​ទៅ​លើ​គណបក្ស​ណា​មួយ​ ទី៣​ មន្ត្រី​រាជការ​ស៊ីវិល តុលាការ​ យោធា នគរ​បាល​ មេភូមិ អនុភូមិ​ និង​សមាជិក​ភូមិ ត្រូវ​បំពេញ​តួនាទី​ដោយ​អព្យា​ក្រឹត​ភាព។

ចំណុច​ទី៤​ ត្រូវ​មាន​យន្ត​ការ​ទប់​ស្កាត់​រាល់​សកម្ម​ភាព​បំភិ​ត​បំភ័យ គម្រាម​កំហែង​ទាំង​ឡាយ​ដល់​អ្នក​ចូលរួម​នយោ​បាយ ទី​៥​ការ​រាប់​សន្លឹកឆ្នោត​ដោយ​ចំហ ​និង​ផ្តល់​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ទម្រង់​១១០២​ ទៅ​ឱ្យ​គណ​បក្ស​នយោ​បាយ​ចូលរួម​ភ្លាមៗ​ ទី៦ ត្រូវ​មាន​យន្តការ​ច្បាស់​លាស់​ក្នុង​ការ​ដោះស្រាយ​បណ្តឹង​នៅ​ពេល​មាន​ភាព​មិន​ប្រក្រតី ជាមួយ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ទី៧ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ និង​ច្បាប់​ស្តី​ពី​គណ​បក្ស​នយោ​បាយ និង​ទី​៨​កែ​លម្អ​ការ​ចុះឈ្នោះ​អ្នក​បោះ​ឆ្នោត​ ចុះ​ឈ្មោះ​បោះឆ្នោត​បេក្ខ​ជន និង​ការ​ចុះ​ឈ្មោះ​ភ្នាក់​ងារ​សង្កេតការ​ណ៍​គណ​បក្ស។

លោក ​សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​ថ្លែង​នៅ​ក្នុង​សន្និ​សិទ​សារព័ត៌​មាន​នេះ​ថា​នៅ​ពេល​ថ្ងៃ​ខាង​មុខ​ឆាប់​ៗ​នេះ គណ​បក្ស​ទាំង​៥​ គ្រោង​ដាក់​លិខិត​សុំ​ជួប​ស្ថាប័ន​មួយ​ចំនួន​ ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ​នូវ​អ្វី​ដែល​គណ​បក្ស​ប្រឈម​រួម​គ្នា ដែល​រួម​មាន​ស្ថាប័ន​រៀប​ចំការ​បោះឆ្នោត គ.ជ.ប ក្រសួង​មហា​ផ្ទៃ រដ្ឋ​សភា និង​អាចជួប​ជជែក​ជាមួយ​គណ​បក្ស​កាន់​អំណាច​ជា​ដើម។ លោក​ប​ន្ត​ថា​គណបក្ស​ទាំង​៥​ ​ក៏​នឹ​ង​មាន​ការ​ជួប​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

​លោក​ជឿ​ជាក់​ថាការ​ជួប​ជជែក​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​នោះ ​ដើម្បី​លើកឡើង​ពី​បញ្ហា​ប្រឈម​នានា​របស់​គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាល ​ដើម្បីឱ្យ​មាន​ការ​កែប្រែ​នីតិ​វិធី​មួយ​ចំនួន​ និង​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​មាន​ភាព​សេរី​ត្រឹម​ត្រូវ តាម​បែប​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ។ លោក​សង្កត់​ធ្ងន់ថា​ការ​ជួប​ជជែក​ជាមួយ​គណបក្ស​កាន់​អំណាច គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​បាន​ឆាប់​រហ័ស ជាពិសេស​ការធ្វើ​វិសោ​ធន​កម្ម​ច្បាប់​ជា​ដើម ព្រោះ​លោក​ថា​សមាជិក​រដ្ឋ​សភា​ សុទ្ធ​តែ​ជា​សមាជិក​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។

លោក​ថ្លែង​ថា​៖ ​«សូម​ជម្រាប​ដែរ​ក្នុង​គម្រោង​ដែល​យើង​ចង់​ទៅ​ជជែក​នេះ មិន​មែន​តែ​ស្ថាប័ន​ជាតិ​ទេ ក៏​មាន​គម្រោង​ជជែក​ជាមួយ​គណបក្ស​ប្រជាជនក​ម្ពុជា​ដែរ​ បណ្ឌិត ​យ៉ង សាំង​កុមារ បាន​បញ្ជាក់​អ៊ីចឹង។ ហើយ​កន្លែង​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង​តែ​ម្តង​ អាហ្នឹង​និយាយ​ឱ្យ​ខ្លី។ បើ​បាន​ជជែក​គ្នា​ត្រូវ​រ៉ូវ​ ស្រួល​គ្នា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ហ្នឹង​ ស្ថាប័ន​ហ្នឹង​វា​ទៅ​ដោយ​ស្វ័យ​ប្រវត្តិ​ មិន​ពិបាក​ជជែក​ទេ»។

ចំណែកលោក អ៊ូ ច័ន្ទរ័ត្ន ​ស្ថាប​និក​គណ​បក្សកែ​ទម្រង់​កម្ពុជា យល់​ថា​ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា មាន​បញ្ហា​ប្រឈម​ដូ​ចគ្នា ទើប​អាចមាន​ការ​ជជែក​គ្នា​ត្រូវ​ ​និង​ចៀស​វាង​នូវ​រង​កា​រ​រិះគន់​ថា​គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាល ទៅ​ជួប​ជជែក​គ្នា​ជាមួយ​គណ​បក្ស​កាន់​អំណាច​ ដើម្បីត្រូវ​រ៉ូវ​គ្នា​មុន​ការ​បោះ​ឆ្នោត។

​លោ​ក​ថ្លែង​ថា៖ «ដូ​ច្នេះ​ យើង​ជជែក​ជាមួយ​រដ្ឋាភិបាល យើង​ជជែក​ជាមួយ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​គ.ជ.ប យើង​ជជែក​ជា​មួយ​រដ្ឋសភា ប៉ុន្តែ​គណបក្ស​ប្រជាជន បើ​លោក​អ្នក​រង​គ្រោះ​ដែរ​ មក​ជជែក​ដើម្បី​តស៊ូ​មតិ។ បើ​លោក​មិនរ​ង​គ្រោះ​ដោយ​សារ​ស្ថាប័ន​ គ.ជ.ប​ទេ ​[ឬ]​ដោយ​សារ​រដ្ឋាភិបាល​ទេ ខ្ញុំ​ជឿ​ថា​មិន​មាន​អ្វី​ត្រូវ​ជជែក​ទេ ព្រោះ​លោក​អ្នក​កាន់​អំណាច​ហើយ»។ ​

លោក​ គង់ មុនីកា​ ប្រធាន​គណ​បក្ស​ឆន្ទៈ​ខ្មែរ យល់​ថា​ការ​ជជែក​គ្នា​រវាង​គណបក្ស​កាន់​អំណាច ​និង​គណ​បក្ស​ក្រៅ​រដ្ឋាភិបាល គឺ​ដើម្បីស្វែង​រក​ចំណុច​រួម​គ្នា​លើ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ និង​សង្គម​ជាតិ។

​លោក​ថ្លែង​ថា៖ ​«ដូច្នេះ​ខ្ញុំ​គិត​ថា​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ទាំង​គណ​បក្ស​កាន់​អំណាច ទាំង​គណ​បក្ស​មិន​កាន់​អំណាច​ ត្រូវ​ចាប់​ផ្តើម​គិត​គូ​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ ត្រូវ​តែ​មាន​ភាព​ក្លាហាន។ ហើយ​ស្ថាប័ន​គ.ជ.ប ក៏​ដោយ​ ស្ថាប័ន​ណា​ក៏​ដោយ​ តែង​លើក​ឡើង​ថា​ខ្លួន​អនុវត្ត​ច្បាប់​ ក៏​ប៉ុន្តែ​ត្រូវ​តាម​មើល​ថា​ការ​អនុវត្ត​ច្បាប់​នោះ មាន​ប្រសិទ្ធភាព​ឬ​ទេ? តើ​កា​រអនុវត្ត​ច្បាប់​របស់​ខ្លួន​វា​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? វា​មាន​ចំណុច​ឆក​ល្វែងច្រើន​ណាស់​ដែល​គ.ជ.​ប ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​ខ្លួន​ឯង​ ថា​តើ​ខ្លួន​បាន​ធ្វើ​ល្អ​កម្រិត​ណា​ ត្រឹមត្រូវ​កម្រិត​ណា​ក្នុង​ការ​អនុវត្ត​ច្បាប់ ដែល​ខ្លួន​អះអាង​ក្នុង​ការ​បោះឆ្នោត​កន្លង​មកហ្នឹង»។​

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ការ​ចង់​ជជែក​ជាមួយ​គណ​បក្ស​ប្រជាជន​មិន​មាន​ប្រយោជន៍​អ្វី​ឡើយ ដោយ​សារ​គណបក្ស​កាន់​អំណាច​មិន​មាន​អ្វី​មួយ​ចង់​កែ​ប្រែ​នោះ​ទេ។ លោក​បន្ត​ថាស្ថាប័ន​គ.ជ.ប បាន​អនុវត្ត​ការងារ​ដោយ​អព្យាក្រឹត។

លោក​ថ្លែង​ថា៖​«ជជែក​ជាមួយ​គណបក្ស​ប្រជាជន​ មិន​មា​ន​ប្រយោជន៍​អ្វី​ បើ​គណបក្ស​ប្រជាជន​អត់​ចង់​កែ​ប្រែ​ផង»។

ស្ថាប័ន គ.ជ.ប ​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ពី​គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាល​ ដោយថា​ សមាស​ភាព​មន្ត្រី​ គ.ជ.ប ភាគ​ច្រើន​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​នេះ​ មិន​មាន​អព្យា​ក្រឹត​ភាព​ពេញ​លេញ​នៅ​ឡើយ​។

បើ​តាម​ច្បាប់​ស្តីពី«​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត» ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​នយោបាយ​កាល​ពី​ឆ្នាំ​ ២០១៤ ​សមាសភាព​ទាំង​ ៩​ រូប​នៃ​ គ.ជ.ប គឺ​ ៤ ​រូប​ត្រូវ​ជ្រើស​រើស​ដោយ​គណ​បក្ស​ដឹកនាំ​រដ្ឋាភិបាល ​៤​ រូប​ជ្រើស​ដោយ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិ​បាល​ និង​មួយ​រូប​ ជ្រើស​រើស​ដោយ​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណ​បក្ស​ទាំង​អស់​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

អ្នក​នាំពាក្យ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នាត លោក ហង្ស ពុទ្ធា ប្រាប់​វីអូអេ​ថា​ស្ថាប័ន​គ.ជ.ប បានបំពេញ​តួនាទី​ទៅ​តាម​ច្បាប់។ លោក​បន្ត​ថា​ការ​លើក​ឡើង​របស់​គណបក្ស​ជំទាស់​ទាំង​នោះ​ អាច​ជា«ការ​ស្រមើ​ស្រមៃ» និង​ជា​វិធី​សាស្រ្ត​របស់​គណបក្ស​ទាំង​នោះ ដែល​លោក​ថា​ដើម្បី​«រំខាន​ដល់​ការ​បោះ​ឆ្នោត»។

លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​យល់​ថា​នេះ​គ្រាន់​តែ​ជា​ភាសា និង​វោហារ​សាស្រ្ត​របស់​អ្នក​នយោបាយ​ក្នុង​គោល​បំណង​ណា​មួយ​ដែ​ល​នៅ​ពេល​គណបក្ស​របស់​ខ្លួន​មិន​ទទួល​បាន​លទ្ធផល​គាំទ្រ​ស្រប​ទៅ​តាម​ការ​គិត​របស់​ខ្លួន។ អ៊ីចឹង​ការ​បង្ហាញ​ប្រតិ​កម្ម​ផ្សេង​ៗ នោះ​គឺ​ជា​វិធី​សាស្រ្ត​នយោបាយ​នៃ​គណ​បក្ស​នោះ​ទេ»។

បើ​តាម​ច្បាប់​បោះឆ្នោត ប្រធាន អនុប្រធាន និង​សមា​ជិក​នៃ​ស្ថាប័ន​ គ.ជ.ប មាន​អាណត្តិ​ ៥​ឆ្នាំ​ ហើយ​ត្រូវ​ផុត​អាណត្តិ​នៅ​ពេល​មាន​សមាស​ភាព​ថ្មី​ចូល​កាន់​តំណែង។ ក្នុង​ករណី​ដែល​ខក​ខាន​មិន​បាន​រៀបចំ​សមា​ស​ភាព​ថ្មី សមាស​ភាព​ដែល​មាន​ស្រាប់​ត្រូវ​អនុវត្ត​ការ​ងារ​របស់​ខ្លួន​បន្ត​ទៀត និង​មាន​សមត្ថកិច្ច​ ដើម្បី​ចាត់​ចែង​រៀប​ចំ​ការ​បោះ​ឆ្នោត​ស្រប​តាម​ច្បាប់​ជា​ធរមាន៕

XS
SM
MD
LG