ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន រំពឹង​ជ័យ​ជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​​ឆ្នាំ​ក្រោយ ខណៈ​ព្រមាន​«ក្រុម​ប្រឆាំង​ជ្រុលនិយម»


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចូល​រួម​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​៧១​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ឆ្នាំ​២០២២ នៅ​ទី​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ។ (Facebook/Cambodian PM Hun Sen)

នៅ​ក្នុង​ខួប​៧១​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច នៅ​ថ្ងៃ​អង្គារ​នេះ បាន​ថ្លែង​ថា គណបក្ស​របស់​លោក​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ ហើយ​លោក​ក៏​ព្រមាន​កម្ចាត់​ក្រុម​មនុស្ស​ដែល​លោក​ហៅ​ថា​ជា​«ក្រុម​ប្រឆាំង​ជ្រុល​និយម» និង«ពួក​អគតិ»។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​អបអរសាទរ​ខួប​៧១​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ ឆ្នាំ​២០២២ ដែល​ធ្វើ​ឡើង​នៅ​វិមាន​៧​មករា ដែល​ជា​ទី​ស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «លទ្ធិ​ប្រជាធិបតេយ្យ​ចាក់​ឫស​កាន់​តែ​រឹងមាំ​ក្នុង​សង្គម​ខ្មែរ» បើ​ទោះ​មាន​ការ​រិះគន់​ពី​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ក៏​ដោយ ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​បង្រ្កាប​នយោបាយ​នៅ​កម្ពុជា។

លោក​នាយករដ្ឋមន្រ្តី​ថា​ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ដែល​លទ្ធផល​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ប្រមាណ​៧៤% គឺ​ជា​សញ្ញា​នៃ​ជោគជ័យ​របស់​គណបក្ស​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣។

លោក ហ៊ុន សែន បញ្ជាក់​ថា៖ «តាម​រយៈ​ជ័យជម្នះ​នេះ ​នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​មាន​មូលដ្ឋាន​កាន់​តែ​រឹងមាំ​សម្រាប់​ឈាន​ទៅ​ដណ្តើម​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្តនីតិ​កាល​ទី​៧ នៅ​ឆ្នាំ​២០២៣​ខាង​មុខ ហើយបាន​ធ្វើ​ឱ្យ​បរាជ័យ​នូវ​ឧបាយកល​និង​សកម្ម​ភាព​ប្រទូស​រ៉ាយ​ទាំង​ឡាយ​របស់​ពួក​ប្រឆាំង​ជ្រុល​និយម និង​ពួក​អគតិ ដែល​ដើរផ្ទុយ​ពី​ឆន្ទៈ និង​ផល​ប្រយោ​ជន៍​របស់​ប្រជាជន»។

លោក ហ៊ុន សែន ឱ្យ​ដឹង​ទៀត​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​របស់​ជាតិ រក្សា​មិន​ឱ្យ​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង​ជាតិ និង​មិន​ឱ្យ​មាន«អនុភាព​ប្រតិកិរិយា» និង​«អាសិរពិស»មក​បំផ្លាញ​ប្រទេស​កម្ពុជា​ឡើយ។

លោក ហ៊ុន សែន បន្ថែម​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដើរ​ទៅ​មុខ​ឥត​ងាករេ​លើ​មាគ៌ា​ប្រជាធិបតេយ្យ សេរី ពហុ​បក្ស និង​នីតិរដ្ឋ ដែល​ស្រប​ទៅ​នឹង​បរិបទ​នៃ​សង្គម​កម្ពុជា និង​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​បំណង​ប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន។ ព្រម​ជាមួយ​គ្នា​គណ​បក្ស​បដិ​សេធ​នូវ​រាល់​សកម្មភាព​ទាំងឡាយ ទោះ​ចេញ​ពី​ប្រភព​ណា​ក្តី ដែល​ប៉ុន​ប៉ង​នាំ​ឱ្យ​កម្ពុជា​ ឱ្យ​ឃ្លាត​ចេញ​ពី​មាគ៌ា​នេះ ឬ​គាប​សង្កត់​មក​លើ​អធិប​តេយ្យភា​ព​របស់​កម្ពុជា»។

បើ​តាម​លោក ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ពង្រឹង​កិច្ច​សហការ​យ៉ាង​ស្មោះ​ស​ជាមួយ​គណបក្ស​នយោ​បាយ អង្គការ​សង្គម​ស៊ីវិល ដែល​លោក​ថា​«មាន​ភាព​ស្មោះ​ត្រង់ និង​សុឆន្ទៈ​ពិត​ប្រាកដ» ក្នុង​គោល​បំណង​ថែរក្សា​បរិយាកាស​ល្អ​នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣។

ចំណែក​អនុ​ប្រធាន​គណៈ​កម្មការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​រាជធានី​ភ្នំពេញ លោក កើត​ ឆែ បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​ជំនួស​ឱ្យ​សមាជិក និង​សមាជិកា​ទាំង​អស់​របស់​គណបក្ស ពួក​គេ​ប្តេជ្ញា​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​សន្ទុះ​អ្នក​គាំទ្រ​កាន់​តែ​ខ្លាំង ជា​ពិសេសបន្ត​គាំ​ទ្រ​លោក ហ៊ុន សែន នៅ​ក្នុង​ការ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី រួម​ទាំង​លោក ហ៊ុន ម៉ាណែត​ ជា​បេក្ខជន​អនាគត​នាយក​រដ្ឋមន្ត្រី។

អ្នក​វិភាគ​នយោបាយ​ លោក​បណ្ឌិត​ មាស នី បាន​លើក​ឡើង​ថា​ គណបក្ស​ប្រជា​ជន​កម្ពុជា​ពិត​ជា​បាន​ចាក់​ឫស​យ៉ាង​រឹងមាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ហេតុ​ថា​គណបក្ស​មួយ​នេះ​មាន​សមត្ថភាព​នៅ​ក្នុង​ការ​រក្សា​អំណាច​អស់​រយៈ​កាល​៤៣​ឆ្នាំមក​ហើយ។ ទោះ​ជា​យ៉ាងណា​ លោក​ថា​គណបក្ស​កាន់​អំណាច​នេះនៅ​មិន​ទាន់​សម្រេច​បាន​នូវឯកភាព​ជាតិ ក៏​ដូច​ជា​ការ​រួប​រួម​ជាតិ​នោះ​ទេ ដែល​ការណ៍​នេះ​នាំ​ឱ្យ​កម្ពុជា​មិន​មានលទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។

លោក មាស នី ប្រាប់​វីអូអេ​ថា៖ «កាល​ណា​មិន​មាន​សាមគ្គី​ភាព​ យើង​ពិបាក​ណាស់​នៅ​ក្នុង​ការ​និយាយ​ថា​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​វា​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ខ្មែរ គឺ​ពិបាក​នឹង​វាយ​តម្លៃ​ថា​វា​បាន​កើត​មាន​ឡើង»។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​សំឡេង​ឆ្នោត​នា​ឆ្នាំ​២០២៣​ខាង​មុខ ខណៈ​គណបក្ស​ប្រឆាំង​ពោល​គឺ​គណបក្ស​ភ្លើង​ទៀន​កំពុង​តែ​បោះ​ពួយ​ឆ្ពោះ​គួរ​ឱ្យ​កត់​សម្គាល់​ទៅ​រក​ការ​បោះ​ឆ្នោត​ខាង​មុខ។

លោក​និយាយ​ថា៖ «អ៊ីចឹង​ទោះ​បី​ជា​គណបក្ស​ប្រជាជន​បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ក៏​ដោយ ក៏​ប៉ុន្តែ​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ​គឺ​ការ​ព្រួយ​បារម្ភ​របស់​ពួក​គាត់​ គឺ​នៅ​តែ​មាន​ទេ គឺ​ដោយ​សារ​តែ​សន្ទុះ​នៃ​គណបក្ស​ភ្លើង​ទៀន​ហាក់​ដូច​ជា​ស្ទុះ​លឿន ដែល​មួយ​រយៈ​បោះ​ឆ្នោត​នេះ គឺ​យើង​ឃើញ​ថា​បាន​រហូត​ដល់​ទៅជាង​២​ពាន់​កន្លែង​ដែរ»។

នៅ​ក្នុង​ពិធី​រំលឹក​ខួប​៧១​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រភព​ចេញ​ពី​ចលនា​តស៊ូ​ប្រឆាំង​ពួក​អាណា​និគមនិយម ដើម្បី​ឯករាជ្យ​ជាតិ។ លោក​បន្ថែម​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​«របស់​ប្រជាជន អាស្រ័យ​ដោយ​ប្រជាជន និង​ដើម្បី​ប្រជាជន»។ បើ​តាម​លោក ហ៊ុន សែន សមិទ្ធផល​ដែល​គណ​បក្ស​នេះ​សម្រេច​បានក្នុង​រយៈ​ពេល​៤៣​ឆ្នាំ ក្រោយ​ការ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម គឺ​ដោយ​សារ​មាន​ភាព​ត្រឹម​ត្រូវ​ផ្នែក​នយោ​បាយ មាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ប្រជា​ពលរដ្ឋ មាន​រចនា​សម្ព័ន្ធ​រឹងមាំ មាន​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព និង​សមត្ថភាព មាន​សាមគ្គីភាព​ផ្ទៃ​ក្នុង​រឹងមាំ និង​របៀប​របប​ធ្វើ​ការងារ​បាន​ត្រឹម​ត្រូវ។

លោក ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​បង្កើន​ការ​ខិត​ខំ​បំពេញ​ការងារ​ឱ្យ​បាន​ល្អ និង​អនុវត្ត​គោល​ការណ៍​កំណែ​ទម្រង់​របស់​គណបក្ស ដើម្បី​ធានា​ថា​គណបក្ស​នៅ​តែ​រឹងមាំ និង​ទទួល​បាន​ការ​ស្រឡាញ់​គាំទ្រ​ពី​ប្រជាជន​ជានិច្ច៕

បទ​យក​ការណ៍​វីអូអ៖ ដក​ទំនប់​ចេញ​វិញ​ពី​ទន្លេ Klamath នៅ​អាមេរិក

ចូល​ទៅ​កាន់​ទំព័រ​ពិសេស​នៃ​បទ​យក​ការណ៍​ទាំង​៤​ភាគ
XS
SM
MD
LG