អតីតនាយកមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងសហរដ្ឋអាមេរិកដែលជាវិទ្យាស្ថានអាមេរិកាំងល្បីល្បាញទូទាំងពិភពលោកដែលបាននាំមុខជាយូរយាណាស់មកហើយនៅក្នុងការប្រយុទ្ធជំងឺឆ្លង កំពុងរិះគន់ខុសពីប្រក្រតីចំពោះការចាត់វិធានការរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយការរាតត្បាតនៃវីរុសកូរ៉ូណា និងការកម្រិតតួនាទីរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) ក្នុងការខំប្រឹងប្រែងទប់ស្កាត់ជំងឺនេះ។
ជំងឺកូវីដ១៩ បានផ្តាច់ផ្តិលជីវិតមនុស្សជាង១សែន៨ម៉ឺននាក់នៅក្នុងសហរដ្ឋអាមេរិកហើយចំនួនអ្នកស្លាប់ទាំងនោះជាអ្នកដែលបានកត់ត្រាត្រឹមត្រូវតែប៉ុណ្ណោះ។មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) បានបញ្ជាក់ថា ចំនួនស្លាប់ពិតប្រាកដដោយជំងឺកូវីដ១៩ មានចំនួនច្រើនជាងនោះឆ្ងាយណាស់ហើយថា វីរុសនោះនឹងក្លាយជាបុព្វហេតុនៃការស្លាប់នៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០២០នេះ។
ក៏ប៉ុន្តែ អតីតនាយកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) ៥នាក់ដែលត្រូវបានតែងតាំងដោយដោយរដ្ឋបាលប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ និយាយថា ទីភ្នាក់ងារនេះ គួរតែធ្វើកិច្ចការកាន់តែច្រើនឡើងនៅក្នុងការនាំមុខការខំប្រឹងប្រែងដើម្បីរាំងខ្ទប់ការរាតត្បាតនៃជំងឺនេះ។
ក្នុងចំណោមអតីតនាយកទាំងនោះមានលោកវេជ្ជបណ្ឌិត Richard Besser ដែលជានាយកស្តីទីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង (CDC) បានធ្វើសន្និសីទកាសែតតាមទូរទស្សន៍ជារៀងរាល់ថ្ងៃក្នុងអំឡុងនៃការរាតត្បាតជំងឺគ្រុនផ្តាសាយ H1N1(ឬផ្តាសាយជ្រូក) ពីឆ្នាំ២០០៨ដល់ឆ្នាំ២០០៩ ដែលបានឆ្លងមនុស្សជាង៦០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ហើយបានសម្លាប់មនុស្ស១២.៤៦៩នាក់។ អង្គការសុខភាពពិភពលោកបានប៉ាន់ស្មានថា មនុស្សជាងកន្លះលាននាក់បានស្លាប់នៅទូទាំងពិភពលោក៕