អាជ្ញាធរប្រទេសវៀតណាម បានចាប់និងចោទប្រកាន់មនុស្ស៣នាក់ ពីបទបន្លំបោកប្រាស់តាមប្រព័ន្ធអនឡាញ ទាក់ទងនឹងករណីការឆ្លងរាតត្បាតជំងឹកូវីដ១៩ ដោយបោកប្រាស់ពលរដ្ឋអាមេរិកកាំងរាប់ពាន់នាក់ ឲ្យបង់ប្រាក់ប្រមាណជិត១លានដុល្លារអាមេរិក។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារ ដោយស្ថានទូតនិងស្ថានកុងស៊ុលអាមេរិកក្នុងប្រទេសវៀតណាមបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលមានឈ្មោះ ថា Phan Dinh Thu, Tran Quoc Khanh និង Nguyen Duy Toan បានដំណើរការគេហទំព័រចំនួន៣០០ ដោយប្រកាសលក់ទឹកលាងដៃ និងសម្ភារៈផ្សេងៗទៀត ដែលមិនអាចរកបានក្នុងទីផ្សារអាមេរិក នៅដំណាក់កាលដំបូងនៃការផ្ទុះឡើងនូវការរាតត្បាតជំងឹកូវីដ១៩នោះ។ ជនរងគ្រោះអាមេរិកជាង៧ពាន់នាក់ ក្នុងរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិក បានបញ្ជាទិញរបស់ទាំងនោះ តាមប្រព័ន្ធអនឡាញ ប៉ុន្តែពួកគេមិនដែលបានទទួលនូវទំនិញដែលគេបានទិញនោះឡើយ។
ការស៊ើបអង្កេតមួយដែលធ្វើឡើងដោយក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រកឃើញថា គណនីអ៊ីមែលរាប់រយនិងឈ្មោះរបស់ម្ចាស់គណនីទាំងនោះ ត្រូវបានបង្កើតឡើងជាមួយក្រុមហ៊ុនបង់ប្រាក់ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក ដើម្បីដំណើរការក្នុងការបោកប្រាស់នេះ ដោយលាក់បាំងដំណើរការនេះពីក្រុមអនុវត្តច្បាប់របស់អាមេរិក។
ជនជាប់ចោទទាំង៣នាក់ ក៏ត្រូវបានគេចោទប្រកាន់ផងដែរថា បានបង្កើតអាស័យដ្ឋាននិងលេខទូរស័ព្ទក្លែងក្លាយបង្ហោះនៅលើគេហទំព័ររបស់ពួកគេ ដែលប្រការនេះ បានធ្វើឲ្យបុគ្គលនិងក្រុមហ៊ុនមួយចំនួនក្នុងសហរដ្ឋអាមេរិក ដែលមិនពាក់ព័ន្ធក្នុងរឿងនេះ ទទួលការប្តឹងតវ៉ាពីជនរងគ្រោះដែលបានពីការបង់ប្រាក់និងទទួលបានរបស់ក្លែងក្លាយ។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានជូនដំណឹងទៅក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម ហើយអាជ្ញាធរវៀតណាមក៏បានដំណើរការស៊ើបអង្កេតពាក់ព័ន្ធនឹងរឿងនេះ នឹងចុងក្រោយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះតែម្តង។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសវៀតណាមលោក Daniel J. Kritenbrink បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ការស៊ើបអង្កេតនេះ បង្ហាញថា រដ្ឋាភិបាលប្រទេសវៀតណាម បានចាត់ទុកឧក្រិដ្ឋកម្មទាក់ទងនឹងរឿងកូវីដ១៩នេះ ថាជារឿងមួយដ៏ធំ មិនអាចអត់អោនឲ្យបាន៕