ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​មាន​ការឆ្លង​មេរោគ​កូរ៉ូណា​លើស៥​លាន​ករណី


បុគ្គលិក​វេជ្ជសាស្ត្រ​ជួយ​មនុស្ស​នៅ​ក្នុង​រថយន្ត​របស់​ពួកគេ​នៅ​កន្លែង​ធ្វើ​តេស្ត​មេរោគ​កូរ៉ូណា​នៅ​ស្តាត Hard Rock កាលពី​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក មាន​ការឆ្លងមេរោគ​កូរ៉ូណា​លើស​៥លាន​ករណី​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញដែល​ជា​ចំ​នួនច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក។

តួលេខ​នេះ​បាន​ត្រូវ​ចេញផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​សាកល​វិទ្យាល័យ​ Johns Hopkins ដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ សហរដ្ឋ​អាមេរិក​មានចំនួន​មនុស្ស​ស្លាប់​១សែន​៦ ម៉ឺន​២ពាន់​នាក់។

វិទ្យាស្ថាន​វាស់វែង​ និង​វាយតម្លៃ​សុខភាព​ បាន​ចេញផ្សាយ​គំរូ​មួយ​ដែល​ទស្សន៍ទាយ​ថា មាន​មនុស្ស​ស្លាប់​ជិត​៣សែន​នាក់​មុន​ថ្ងៃទី១ ខែធ្នូ ប្រសិន​បើ ពលរដ្ឋ​អាមេរិកាំង​ មិន​ចាប់ផ្តើម​ពាក់​ម៉ាស​ឱ្យ​បាន​ទៀងទាត់​ទេ​នោះ។

លោក Christopher Murray នាយក​វិទ្យាស្ថាន​នេះ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា ប្រសិន​បើ​ពលរដ្ឋ​អាមេរិកាំង​៩៥​ភាគរយ​ ចាប់​ផ្តើម​ពាក់​ម៉ាស​ជីវិត​មនុស្ស​ជាង​៦ម៉ឺន​៦ពាន់​នាក់​ នឹង​ត្រូវ​បានជួយ​សង្គ្រោះ។

ក្នុង​ខណៈនោះ​ដែរ ប្រទេស​ប្រេស៊ីល បាន​ក្លាយ​ជា​ប្រទេស​ទី២​ក្នុង​ពិភពលោក​ដែល​មាន​មនុស្ស​ស្លាប់​ជាង​១សែន​នាក់​ដោយសារ​ជំងឺ​កូវីដ១៩​បន្ទាប់ពី​សហរដ្ឋ​អាមេរិក។

លោក Jair Bolsonaro ប្រធានាធិបតី​ប្រេស៊ីល​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា លោក​មាន​មនសិការ​យ៉ាងច្បាស់​លាស់​ ថ្វីបើ​ចំនួន​ស្លាប់ច្រើនក៏ដោយ។ លោក​ប្រធានាធិបតី Bolsonaro ខ្លួន​លោក​បាន​នៅ​រស់​រាន​មាន​ជីវិត​ពី​ជំងឺ​កូវីដ​១៩​កាលពី​ខែ​មុនហើយ​បាន​និយាយ​ថា លោក​បាន​ធ្វើ​អ្វី ​«ទៅ​តាម​លទ្ធភាព​ដើម្បី​ជួយជីវិត​មនុស្ស»។ពួក​អ្នក​ជំនាញ​និយាយ​ថា ពីព្រោះតែ​ប្រដាប់​ធ្វើ​តេស្ត​មិន​គ្រប់គ្រាន់​ ចំនួនពលរដ្ឋប្រេស៊ីល​ដែល​ផ្ទុកវីរុស​នោះ​អាច​មាន​៦ដង​ច្រើន​ជាង​ចំនួន​នេះ។

ក្រសួង​សុខាភិបាល​ប្រទេស​ម៉ិកស៊ិក​បាន​រាយការណ៍​ថា​ មាន​ការឆ្លង​ជំងឺ​កូវីដ​១៩​ជិត​៦ពាន់​៥រយ​ករណី​ថ្មី និង​មនុស្ស​ស្លាប់​ជិត​៧​រយ​នាក់​កាលពី​ថ្ងៃ​សៅរ៍។ ប្រទេស​ម៉ិកស៊ិក​ មាន​ចំនួន​មនុស្ស​ស្លាប់​លំដាប់​ទី៣ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ និង​ប្រេស៊ីល។ ​សាកល​វិទ្យាល័យ​ Johns Hopkins បាន​ប្រាប់​ឱ្យ​ដឹងថា ម៉ិកស៊ិក​មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ជាង​៤ម៉ឺ​ន​៦ពាន់​នាក់៕

XS
SM
MD
LG