ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ការ​ធ្វើ​តេស្ត​ដ៏​ទូលំ​ទូលាយ​លើក​ទី១​​នៃ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​១៩​ ​គ្រោង​នឹង​ធ្វើ​នៅ​ខែ​កក្កដានៅ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ បុរស​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ច្រក​ចូល​ទៅ​កាន់​ក្រុម​ហ៊ុន Moderna, Inc. កាល​ពីខែ​ឧសភា ២០២០ ក្នុង​ទីក្រុង Cambridge រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន​ជីវៈ​បច្ចេកវិទ្យា​មួយ​របស់​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើតេស្ត​សាក​ល្បង​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូរ៉ូណា​ដ៏​ធំ​បំផុត​មួយ​នៅ​ខែ​ក្រោយ​នេះ។

ក្រុមហ៊ុន​ Moderna​ កំពុង​ធ្វើការ​ជាមួយ​វិទ្យាស្ថាន​សុខា​ភិបាល​ជាតិ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍ​ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩។

ក្រុមហ៊ុន​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃព្រហស្បត៍​ថា ខ្លួន​នឹង​ធ្វើ​ការ​សិក្សា​ទ្រង់​ ទ្រាយ​ធំ​ចំពោះ​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​៣​ម៉ឺន​នាក់ ​ក្នុង​សហ​រដ្ឋ​អាមេរិក​នៅ​ខែ​ក្រោយ។ ​អ្នក​ស្ម័គ្រ​ចិត្ត​ខ្លះនឹង​ទទួល​បាន​ថ្នាំ​វ៉ាក់សាំង​ពិត​ប្រាកដ​ ហើយ​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ផ្សេង​ទៀត​នឹង​ទទួល​បាន​ថ្នាំ​លេប។

ក្រុមហ៊ុន​ Sinovac ​ដែល​ជា​ក្រុមហ៊ុន​ជីវៈ​បច្ចេកវិទ្យា​របស់​ចិន​ ក៏​មាន​គម្រោង​សាក​ល្បង​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ខែ​ក្រោយ​លើ​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​ ៩ ​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល។ ប្រេស៊ីល​ ក៏​នឹង​ត្រូវ​ធ្វើ​តេស្តសាក​ល្បង​ថ្នាំ​វ៉ាក់​សាំង​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​សាកលវិទ្យាល័យ ​Oxford​ របស់​ចក្រភព​អង់គ្លេស​ដែរ។

រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ កំពុង​ធ្វើ​ការងារ​ជា មួយ​មន្ទីរ​ពិសោធន៍​ឯកជន​នៅ​ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា «កិច្ច​ប្រតិបត្តិការ​លឿន»​ ដែល​សង្ឃឹម​ថា​ នឹង​មាន​ថ្នាំ​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ១៩ ចំនួន ​៣០០ ​លាន​ដូស​ នៅ​ខែ​មករា។

ក៏ប៉ុន្តែ ​អ្នក​ជំនាញ​និយាយ​ថា មិន​ដែល​មាន​ការ​ធានា​ណា​មួយ​ថា ថ្នាំ​វ៉ាក់​សាំង​ នឹង​មាន​ប្រសិទ្ធភាព​នោះ​ទេ ប្រសិន​បើវា​មាន​ប្រសិទ្ធិភាព​ វា​នឹង​ផ្តល់​ការ​ការពារ​ជាង​បី​បួន​ខែ​តែ​ប៉ុណ្ណោះ។

ការ​សិក្សា​ដ៏​សំខាន់​មួយ​ទៀត​ព្យាករណ៍​ថា មនុស្ស​រាប់​លាន​នាក់​ នឹង​ធ្លាក់​ចូល​ក្នុង​ភាព​ក្រៃ​ក្រ​យ៉ាង​ខ្លាំង​ ពីព្រោះ​តែ​ការ​រាត​ត្បាត​នៃ​មេរោគ​កូរ៉ូណា។​

របាយការណ៍​មួយ​ដោយ​សាកល​វិទ្យាល័យ​អង្គការ​សហប្រជាជាតិ​ United Nations​ University ប្រាប់​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ អាច​ធ្វើ​ឲ្យ​មនុស្ស ​៣៩៥ ​លាន​នាក់ ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ដែល​ពួក​គេ​ត្រូវ​បង្ខំ​រស់​ដោយ​ប្រាក់​ចំណូល​ ១ ដុល្លារ ​៩០​ សេន ​ក្នុង​មួយ​ថ្ងៃ ឬ​តិច​ជាង​នេះ​ មាន​ន័យ​ថា ស្ថិត​ក្នុង​ស្ថាន​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង៕

XS
SM
MD
LG