ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកមានករណីឆ្លងមេរោគកូរ៉ូណាទាំងអស់ជិត២លាន


រូបឯកសារ៖ អ្នកស្ម័គ្រចិត្តធ្វើការសម្អាត បន្ទាប់ពីមានបាតុកម្មពាក់ព័ន្ធនឹងវិសមភាពពូជសាសន៍ នៅក្រុង Santa Monica រដ្ឋ California កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្ម័គ្រចិត្តធ្វើការសម្អាត បន្ទាប់ពីមានបាតុកម្មពាក់ព័ន្ធនឹងវិសមភាពពូជសាសន៍ នៅក្រុង Santa Monica រដ្ឋ California កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

តួលេខថ្មីៗបំផុតស្តីពីការរាលដាលនៃការឆ្លងមេរោគកូរ៉ូណានៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសនេះមានជិត២លានករណី។

តាមស្ថិតិដែលបានប្រមូលចងក្រងដោយសាកលវិទ្យាល័យ Jons Hopkins ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកមាន​១លាន​ ៩សែន ៩ម៉ឺន ៩ពាន់ករណីនៃមេរោគកូរ៉ូណារហូតមកដល់យប់ថ្ងៃពុធ ដោយមានមនុស្សស្លាប់ជាង១សែន ១ម៉ឺន ២ពាន់ ៩រយ ៨នាក់បានធ្វើឲ្យសហរដ្ឋអាមេរិកនាំមុខគេទាំងចំនួនឆ្លងនិងចំនួនស្លាប់។

រដ្ឋចំនួន២១បានកត់ត្រានូវការឆ្លងជំងឺកូវីដ១៩ដ៏ខ្ពស់បំផុតនៅសប្តាហ៍នេះ ដោយមានរដ្ឋជាច្រើនទៀតនៅផ្នែកខាងលិចនិងភាគនិរតីដូចជា រដ្ឋអារីហ្សូណា ញូវម៉ិចស៊ីកូ តិចសាស និងយូថា។ ការកើនឡើងនូវការឆ្លងនេះកើតមានឡើង បន្ទាប់ពីការបន្ធូរបន្ថយការរឹតត្បិតដោយសារមេរោគកូរ៉ូណាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមមានការឈប់សម្រាកប្រចាំឆ្នាំនៅទិវារំឭកវិញ្ញាក្ខន្ធយុទ្ធជន ដែលជាការផ្តល់សញ្ញានៃការចាប់ផ្តើមប្រពៃណីរដូវឈប់សម្រាករដូវក្តៅ។

ពួកអ្នកជំនាញក៏មានការភ័យខ្លាចដែរថា ការតវ៉ាប្រឆាំងទូទាំងប្រទេសដែលបណ្តាល​មកពីស្លាប់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកនៅក្នុងទីក្រុងមីនីអាប់ប៉ូលីស ខណៈដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់ប៉ូលិសនឹងនាំឲ្យមានការកើនឡើងនៅក្នុងការឆ្លងជំងឺកូវីដ១៩នេះ។ ពួកអ្នកតវ៉ាប្រឆាំង ដែលត្រូវថតបានតាមវីដេអូបានដើរប្រកៀកគ្នា ថ្វីបើពួកគេជាច្រើនបានពាក់ម៉ាស់ក៏ដោយ។

អង្គការសុខភាពពិភពលោកបានកំណត់ថា តំបន់អាមេរិកឡាទីនជាទីកន្លែងឆ្លងមេរោគកូរ៉ូណាខ្លាំងបំផុតថ្មីរបស់ពិភពលោក ដោយតួលេខនៅពេលថ្មីៗបំផុតបានឡើងចំនួនសរុបទាំងអស់នៅក្នុងតំបន់មានជាង១លានករណី និងមានមនុស្សស្លាប់ជាង៧ម៉ឺននាក់។ ប្រទេសប្រេស៊ីលមានការឆ្លងច្រើនជាងគេបង្អស់នៅក្នុងតំបន់ដោយមាន៧សែន ៧ម៉ឺន ២ពាន់ ៤រយ ១៦ករណី និងស្ថិតនៅក្រោយសហរដ្ឋអាមេរិក។

បន្ទាប់ពីប្រេស៊ីលគឺប្រទេសប៉េរូមានជាង២សែន៧ពាន់ករណី។ ប្រទេសឈីលីនៅលំដាប់ទី៣ មានចំនួន១សែន ៤ម៉ឺន ៨ពាន់ ៥៦ករណី និងប្រទេសម៉ិកស៊ិកមានជិត១សែន ២ម៉ឺន ៩ពាន់ ១រយ ៨៤ករណី៕

XS
SM
MD
LG