ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​ថ្មី​មួយ​ថា ​វីរុស​កូរ៉ូណា​អាច​ចាប់​​ផ្តើម​ឆ្លង​នៅ​​ចិន​​តាំង​ពី​ខែ​សីហា​ម៉្លេះ ប៉ុន្តែ​អាជ្ញាធរ​ចិន​បដិសេធ


រូបឯកសារ៖ បុគ្គលិកផ្នែកសុខាភិបាលម្នាក់យកសំណាកពីពលរដ្ឋម្នាក់ដើម្បីពិនិត្យមើលវីរុសកូរ៉ូណា នៅក្រុងវូហាន ខេត្តហ៊ូបៃ ប្រទេសចិន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកផ្នែកសុខាភិបាលម្នាក់យកសំណាកពីពលរដ្ឋម្នាក់ដើម្បីពិនិត្យមើលវីរុសកូរ៉ូណា នៅក្រុងវូហាន ខេត្តហ៊ូបៃ ប្រទេសចិន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់សាកលវិទ្យាល័យ Harvard នៅ​សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ថា វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩​ អាច​ចាប់​ផ្តើម​ឆ្លង​រាតត្បាត​នៅ​ប្រទេស​ចិន​តាំង​ពី​ខែ​សីហា​ឆ្នាំ​២០១៩​ម៉្លេះ ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បាន​បដិសេធ​ការ​រក​ឃើញ​នេះថា​ជា​រឿង​«មិន​អាច​ទទួល​យក​បាន»។

ការ​ស្រាវជ្រាវ​របស់​សាលា​ពេទ្យ​នៃ​សាកលវិទ្យាល័យ​ Harvard នេះ​បាន​ផ្អែក​លើ​ទិន្នន័យ​ជា​រូបភាព​ពី​ផ្កាយ​រណប​នៃ​ចំណត​រថយន្ត​នៅ​តាម​បណ្តា​មន្ទីរពេទ្យ​ក្នុង​ក្រុងវូហាន​ ភាគ​កណ្តាល​ប្រទេស​ចិន​ ដែល​ជា​កន្លែង​គេ​រក​ឃើញ​វីរុស​នេះ​ដំបូង និង​ទិន្នន័យ​នៃ​ការ​ស្វែងរក​ពាក្យ «ក្អក» និង «រាគរូស» នៅ​តាម​អ៊ីនធឺណិត។

​ការ​ស្រាវជ្រាវ​អះអាង​ថា បរិមាណ​ចរាចរណ៍​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ក្រុង​វូហាន និង​ការ​ស្វែង​រក​ព័ត៌មាន​អំពី​រោគសញ្ញា​នៃ​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​យ៉ាង​គំហុកតាំង​ពី​ខែ​សីហា​ឆ្នាំ​២០១៩ គឺ​ជា​ច្រើន​ខែ​មុនវីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ត្រូវ​បាន​គេ​រក​ឃើញ​ជា​ផ្លូវ​ការ​នៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ Huanan របស់​ទី​ក្រុង​វូហាន​កាល​ពី​ខែ​ធ្នូ។

អ្នក​ស្រាវជ្រាវ​ថា​ ទោះ​បី​ពួក​គេ​មិន​អាច​បញ្ជាក់​ថា​កំណើន​យ៉ាង​គំហុក​នេះ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ចាប់​ឆ្លងរាលដាល​នៃ​វីរុស​កូរ៉ូណា​ក្តី ក៏​ការ​រក​ឃើញ​របស់​ពួក​គេ​ស្រប​នឹង​ការ​រក​ឃើញ​ថ្មីៗនិង​ទ្រឹស្តីថា វីរុស​កូរ៉ូណា​អាច​ចាប់​ផ្តើម​ឆ្លង​តាម​លក្ខណៈ​ធម្មជាតិនៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​តាំង​ពី​មុន​មាន​ការ​ផ្ទុះ​រាតត្បាត​នៅ​ទី​ក្រុង​វូហាន​ម៉្លេះ។​

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​កាល​ពី​ថ្ងៃ​អង្គារ​បាន​បដិសេធ​ការ​រក​ឃើញ​នេះ ដោយ​និយាយ​ថា វា​ជា​រឿង​ឆ្កួត​ខ្លាំង​ណាស់​ដែល​ផ្អែក​ការ​សន្និដ្ឋាន​នៃ​ការ​ស្រាវជ្រាវ​មួយ​ទៅ​លើ​ការ​សង្កេត​មើល​សើៗ​ដូច​បរិមាណ​ចរាចរណ៍​ជា​ដើម​នោះ៕

XS
SM
MD
LG