ក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតចំនួន៨៣នាក់នៅក្នុងទីក្រុងភ្នំពេញ ដោយសារឧបទ្ទវហេតុនៅមណ្ឌលកម្សាន្តកោះពេជ្រ បានទទួលអំណោយលើកដំបូងពីស្ថានីយ៍ទូរទស្សន៍បាយ័ន។ ស្ថានីយ៍នេះបានធ្វើយុទ្ធនាការរៃអង្គាសប្រាក់ពីសប្បុរសជនដើម្បីជួយដល់ជនរងគ្រោះ។ ក៏ប៉ុន្តែកន្លងមកបានទទួលការរិះគន់ថា ការរៃអង្គាសប្រាក់នេះមិនបានផ្ដល់ដល់ជនរងគ្រោះទេ។
ស្ថានីយ៍ទូរទស្សន៍បាយ័នរបស់លោកស្រីហ៊ុន ម៉ាណា កូនស្រីរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃពុធនេះ បានចាប់ផ្តើមចែកថវិកាដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២២ខែវិច្ឆិកា នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នាមួយ ដែលបានធ្វើឲ្យមនុស្សស្លាប់និងរងរបួសប្រមាណជិត១.០០០នាក់។
ការផ្តល់ថវិកានេះបានកើតមានឡើងក្រោយពីសា្ថនីយ៍ទូរទស្សន៍នេះបានធ្វើយុទ្ធនាការរៃអង្គាសប្រាក់ពីសប្បុរសជន ដែលមានចំនួនជាងពីរលានដុល្លារសហរដ្ឋអាមេរិក។
កាលពីសប្តាហ៍មុន គណបក្សប្រឆាំង និងមន្រ្តីអង្គការសង្គមស៊ីវិលមួយចំនួនបានធ្វើការបរិហាររិះគន់ថា មូលនិធិដែលបង្កើតឡើងដោយស្ថានីយ៍ទូរទស្សន៍បាយ័ន និងស្ថានីយ៍ទូរទស្សន៍ CTN កំពុងតែធ្វើអាជីវកម្មលើជនរងគ្រោះ និងបានសង្ស័យថា ថវិកាដែលប្រមូលបាននេះមិនបានដល់ដៃជនរងគ្រោះទេ។
នៅក្នុងពិធីផ្តល់អំណោយដែលធ្វើឡើងដោយស្ថានីយ៍ទូរទស្សន៍បាយ័ន លោកទិត្យ ថាវរិទ្ធ អគ្គនាយករងនៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍បានថ្លែងថា ការផ្តល់អំណោយមូលនិធិនេះគឺបញ្ជប់នូវការសង្ស័យទាំងឡាយអំពីការរិះគន់ថា ស្ថានីយ៍ទូរទស្សន៍បាយ័នបានប្រើបា្រស់ថវិកា ដែលបានមកពីសប្បុរសជនមិនត្រឹមត្រូវ។
លោកបានមានប្រសាសន៍ទៀតថា ថវិកាដែលត្រូវចែកជនរងគ្រោះសរុបចំនួន៣៥១នាក់។ អ្នកទាំងនោះនឹងត្រូវទទួលបានប្រាក់រៀលចំនួនប្រមាណជិត៧លានរៀលនិងប្រមាណជាង៣៥០០ដុល្លារសហរដ្ឋអាមេរិក។
លោកកែប ជុតិមា អភិបាលក្រុងភ្នំពេញ ដែលបានចូលរួមក្នុងពិធីផ្តល់អំណោយនោះ បានថ្លែងកោតសរសើរស្ថានីយ៍ទូរទស្សន៍បាយ័ន ដែលបានជួយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះនៅលើស្ពានពេជ្រនោះ។
«អំណោយ និងថវិកានេះពុំត្រឹមតែបានជួយសម្រាលដល់គ្រួសារសពប៉ុណ្ណោះទេ គឺថែមទាំងបានស្តែងចេញឲ្យឃើញនូវស្មារតីស្នេហាជាតិ ការរួមសាមគ្គីជាធ្លុងមួយរបស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន»។
ប្រជាពលរដ្ឋ ដែលបានទទួលថវិកាពីមូលនិធិទូរទស្សន៍បាយ័ន ភាគច្រើនបានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ហើយមួយចំនួនទៀតបានយំក្តុកក្តួល ដោយសារតែទឹកប្រាក់ទាំងនេះមិនអាចលុបស្នាមដ៏សោកសៅនៃការបាត់បង់ជីវិតសាច់ញាត្តិនិងក្រុមគ្រួសាររបស់ពួកគេបានទេ។
«ខ្ញុំចាំនៅពេទ្យរុស្ស៊ី ឃើញឡានទីមួយ ឡានទី២ ឡានទី៣។ ខ្ញុំឃើញកូនខ្ញុំទន់ជង្គង់។ ខ្ញុំអាណោចអធ័មកូនខ្ញុំណាស់»។
លោកចាន់ សេរី អាយុ៣៧ឆ្នាំ ជាមន្រ្តីយោធាមួយរូប ដែលបានស្លាប់បាត់បង់ជីវិតសមាជិកក្នុងក្រុមគ្រួសារចំនួនបួននាក់ រួមមានប្រពន្ធ និងកូនជាទីស្រឡាញ់ចំនួនបីនាក់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រនោះ បាននិយាយថា ថវិកាទាំងនេះនឹងអាចជួយឲ្យលោកកសាងជីវភាពឲ្យបានសមរម្យ។
លោកបានមានប្រសាសន៍ថា លោកនៅតែសោកស្តាយចំពោះការបាត់បង់ភរិយា និងកូនជាទីស្រឡាញ់ទាំងបីដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងថ្ងៃនោះ។
«បាទ មានការសោកស្តាយខ្លាំងមែនទែន។ សោកស្តាយជីវិតប្រពន្ធ កូន ដែលធ្លាប់រស់នៅជាមួយគ្នាយ៉ាងសុខសាន្ត។ ពេលបែកបាក់គ្នាអញ្ចឹង ដូចដឹងស្រាប់ហើយ អ្នកណាក៏ដូចអ្នកណា មានការសោកស្តាយដូចគ្នា»។
លោក ភា ចាន់ណារ៉ា អាយុ៤៣ឆ្នាំ ដែលត្រូវជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះភារី អាយុ២៤ឆ្នាំ ដែលបានស្លាប់បាត់បង់ជីវិតនៅលើស្ពានពេជ្រនោះ បានរៀបរាប់ថា លោកនឹងយកទឹកប្រាក់ទាំងនេះទៅធ្វើបុណ្យ និងជួយដល់ម្តាយដែលមានវ័យចាស់ជរា។
«ទីមួយយកសម្រាប់ធ្វើបុណ្យ១០០ថ្ងៃ ឬក៏មួយឆ្នាំ បន្តទៅទៀតហើយ និងជួយដល់ម្តាយខ្ញុំ ដែលគាត់ចាស់ជរា គ្មានអ្វីទីពឹង ហើយនិងកូនអ្នកស្លាប់។ ស្លាប់ម្នាក់ទៀត សពប្អូនស្រី»។
ឧបទ្ទវហេតុ ដែលបានកើតមានឡើងនៅលើស្ពានពេជ្រនៃមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ កាលពីថ្ងៃទី២២ខែវិច្ឆិកាកន្លងទៅនេះ បានសម្លាប់មនុស្សយ៉ាងតិចប្រមាណ៣៥១នាក់ និង៣៩៥នាក់ផ្សេងទៀតបានទទួលរងរបួស។
ស្ថានីយ៍ធំៗចំនួនពីរគឺស្ថានីយ៍ទូរទស្សន៍បាយ័ន និងស្ថានីយ៍ទូរទស្សន៍ CTN បានបង្កើតមូលនិធិនេះឡើងដើម្បីជួយដល់ជនរងគ្រោះ។
ស្ថានីយ៍ទូរទស្សន៍ CTN បានប្រមូលថវិកាប្រមាណជាង៨៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងស្ថានីយ៍ទូរទស្សន៍បាយ័នបានប្រមូលទឹកប្រាក់ប្រមាណជាងពីរលានប្រាំសែន ដុល្លារសហរដ្ឋអាមេរិក។
រដ្ឋាភិបាលកម្ពុជាបានប្រកាសថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតអាចទទួលថវិកាចំនួនជាង១២០០០ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ៕