មណ្ឌលកម្សាន្តកោះពេជ្រដែលបានក្លាយជាទីកន្លែងដ៏មានប្រជាប្រិយភាពបំផុតមួយសម្រាប់ការលំហែក្នុងចំណោមតំបន់កម្សាន្តដែលមានតិចតួចនៅកណ្តាលក្រុងភ្នំពេញអស់រយៈជិតមួយឆ្នាំមកហើយនេះ នៅពេលនេះកោះពេជ្របានផ្លាស់ប្តូរពីសភាពអ៊ូអរមកជាតំបន់គួរឱ្យភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋមួយចំនួនទៅវិញ។
ការផ្លាស់ប្ដូរនេះបន្ទាប់ពីមានហេតុការណ៍រត់ជាន់គ្នានៅយប់ចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី២២ ខែវិច្ឆិកា ដែលបានធ្វើឱ្យមនុស្សស្លាប់កើនដល់ ៣៥២ និង៣៩៤ នាក់រងរបួស។
កន្លែងកម្សាន្តសម្រាប់កុមារដូចជា កន្រ្តកវិល សេះ យន្តហោះ រទេះភ្លើងជាដើមដែលធា្លប់តែ មមាញឹកអ៊ូអរនៅពេលនេះបានផ្អាកដំណើរការដោយសារតែពុំមានកុមារមកជិះលេងគ្រប់គ្រាន់។ រីឯហាងទំនិញផ្សេងទៀតត្រូវបង្ខំចិត្តបិទវិញទៅវិញ នៅពេលដែលយប់ងងឹតមកដល់។
លោក យៀត ស៊ីណា ជាអ្នកគ្រប់គ្រងកន្លែងកម្សាន្តក្មេងមួយកន្លែងនៅលើកោះពេជ្រ បានឱ្យដឹងថាកន្លែងកម្សាន្តរបស់គាត់ក្មេងៗចូលចិត្តមកលេងច្រើនជាងកន្លែងដទៃពីព្រោះមានទីតាំងធំជាងគេហើយក៏មានឧបករណ៍លេងកម្សាន្តច្រើនជាងគេដែរ ក៏ប៉ុន្តែនៅរយៈពេលមួយសប្តាហ៍កន្លងមកហើយគាត់អាចរកប្រាក់បានតែ១ម៉ឺនរៀលគឺស្មើនឹង២,៥ដុល្លារអាមេរិក តែប៉ុណ្ណោះ បន្ទាប់ពីមានហេតុការណ៍កើតឡើង។ គឺខុសពីពេលមុន ដែលគាត់អាចរកប្រាក់បានយ៉ាងតិចបំផុត ១០០ដុល្លារអាមេរិកដែរក្នុងមួយថ្ងៃ។
«តាំងពីកោះពេជ្រគេបើកឱ្យចូលវិញមក គឺយើងបើករហូតតែអត់ដាច់ទើបតែបានពីរនាក់សូម្បីតែកន្លែងលក់គ្រឿងញ៉ាំ គ្រឿងផឹក អីអត់មានមនុស្សតែម្តង។ ភាគច្រើនឱ្យតែមេឃងងឹតគឺមនុស្សទៅបាត់អស់ហើយ។ គេអត់ហ៊ាននៅ។ ស្ងាត់គ្រប់កន្លែងរាល់ថ្ងៃ!»។
នៅមិនឆ្ងាយពីកន្លែងកម្សាន្តសម្រាប់កុមារ លោក ឃិន នី ម្ចាស់កន្លែងកម្សាន្តគប់ប៉េងប៉ោង ដែលជាល្បែងពេញនិយមសម្រាប់យុវវ័យ កំពុងរង់ចាំអតិថិជន។
លោកពោលថា ប្រាក់ចំណូលរបស់លោកបានធ្លាក់ចុះចំនួនដប់ដង ធៀបនឹងរយៈពេលមុន នឹងសោកនាដកម្មជាន់លើគ្នាកើតឡើង។
«ប៉ុន្មានថ្ងៃតាំងពីក្រោយកើតហេតុការណ៍នោះមកដូចបាន១ម៉ឺន២ម៉ឺនអី។ ជួនកាល អត់រលីងតែម្តង។ ២ថ្ងៃ៣ថ្ងៃ អត់រលីងតែម្តង។ ឥឡូវចង់សំណូមពរក្រុមហ៊ុនជួយបន្ធូរបន្ថយកុំទាន់យក លុយអី ពីព្រោះគ្នាវាលក់អត់ដាច់។ វាអត់ទាន់មានម៉ូយមានអីទេ។ ក្រោយកើតហេតុការណ៍វាស្ងាត់អត់សូវមានមនុស្សចូល។ ប្រហែលជាអាចរត់ហើយ ពីព្រោះគ្នាអត់បានលុយបានអីផងបានលុយណាបង់ថ្លៃ។ ជួនកាលអត់បានមួយរៀលផង»។
នៅតាមភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ និងហាងលក់ទំនិញផ្សេងៗ ទៀតក៏មានសភាពស្ងប់ស្ងាត់ដូចគ្នាដែរ។ ភោជនីយដ្ឋានខ្លះធ្លាប់តែរកកន្លែងអង្គុយស្ទើរតែគ្មានក៏ប៉ុន្តែពេលនេះ ស្ទើរតែរកមនុស្សមកអង្គុយមិនបានមួយតុផង។
ថ្លៃឈ្នួលតូបឬដីសម្រាប់ការប្រកបអាជីវកម្មនៅលើកោះពេជ្រនេះ មានតម្លៃចាប់ពី៣០០ ដុល្លារអាមេរិករហូតទៅដល់ជាង៥ពាន់ដុល្លារអាមេរិកក្នុងមួយខែ។
ក្រុមអាជីវករនិយាយថា ពួកគេអាចនឹងផ្អាកឬបញ្ឈប់អាជីវកម្មនៅទីនេះ ប្រសិនបើស្ថានភាពអាក្រក់នៅតែបន្ដ។
កោះពេជ្រមានទំហំផ្ទៃដីប្រមាណជា៨០ហិកតានិងស្ថិតនៅទីតាំងដ៏ល្អបំផុតក្នុងកណ្តាលក្រុងភ្នំពេញ។ នៅផ្នែកខាងកើត ឈៀងខាងជើង គឺជាទន្លេបួនមុខ ហើយកោះនេះផ្ដាច់ចេញពីដីគោកដោយជ្រលងអូរមួយយ៉ាងធំ ដែលមានស្ពានតភ្ជាប់ចំនួនពីរ។ ហើយស្ពានមួយក្នុងចំណោម នោះ គឺស្ពានពេជ្រ ដែលមានទំហំទទឹងជាងប្រាំពីរម៉ែត្រ និងបណ្ដោយ១០០ម៉ែត្រ គឺជាទីលាន គ្រោះមហន្ដរាយនៃការស្លាប់អ្នកដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក។
អ្នកក្រុងភ្នំពេញនិយមទៅកម្សាន្តនៅកោះនេះ ជាពិសេសនាពេលរសៀលថ្ងៃរៀបអស្តង្គតដើម្បីស្រូបយកខ្យល់អាកាសត្រជាក់បរិសុទ្ធ។
កោះពេជ្រក្រៅពីមានបរិយាកាសល្អដែលអំណាយផលពីធម្មជាតិហើយនោះ ក៏មានសួនច្បាររៀបចំបានយ៉ាងល្អស្អាត ដែលរចនាឡើងគួរជាទីគយគន់ ដោយមានវាលស្មៅខៀវខ្ចី ផ្កាចម្រុះ ពណ៌ មានរូបចម្លាក់រួមទាំងមានការបាញ់ទឹកលម្អផងដែរ ហើយក៏មានកន្លែងសម្រាប់កុមារលេង កម្សាន្ត និងទីតាំងសម្រាប់រៀបចំពិធីជប់លៀងមង្គលការជាដើម។
រយៈពេលចុងក្រោយនេះ កោះពេជ្របានក្លាយជាទីកន្លែងដែលគួរជាទីទាក់ទាញកាន់តែខ្លាំងដោយមានការរីកដុះដាលនូវភោជនីយដ្ឋាន ហាងលក់ទំនិញមួយចំនួនដូចជា ហាងលក់គ្រឿងអល្លង្កា ហាងលក់សម្លៀកបំពាក់ជាដើម។ ហើយក៏ជាទីកន្លែងសម្រាប់តាំងពិព័រណ៌ដ៏សម្បូរបែបផងដែរ។
ក៏ប៉ុន្តែសភាពបែបនេះ ក៏បានប្រែប្រួលអស់រលីងមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ សូម្បីតែសួនច្បារ ដែលធ្លាប់តែមានមនុស្សជាច្រើនមកអង្គុយលេងលំហែកាយរហូតដល់យប់ជ្រៅ មានក្មេងៗរត់លេងប្រដេញគ្នាបែរជាមានមនុស្សម្នាតិចតួចបំផុតនៅពេលមេឃមិនទាន់ងងឹត ហើយនៅពេល ដែលមេឃងងឹតមកដល់អ្នកកម្សាន្តដ៏តិចតួចនោះក៏នាំគ្នារូតរះប្រញាប់ប្រញាល់ចេញពីទីនោះវិញ រីឯកន្លែងរៀបចំពិធីជប់លៀងមង្គលការក៏មិនសូវមមាញឹកដូចពីមុនដែរ។ អ្នកខ្លះពោលថា ពិធីពិសារភោជនីយអាហារមង្គលការមួយចំនួនដែលគ្រោងធ្វើនៅទីនេះ ត្រូវលុបចោលដោយសារតែ ម្ចាស់មង្គលការ និងភ្ញៀវដែលត្រូវបានអញ្ជើញមានការភ័យខ្លាច។
នៅក្នុងអំឡុងពេលនេះភាគច្រើនអ្នកដែលចូលទៅកោះពេជ្រគ្រាន់តែជិះចុះជិះឡើងក្រឡឹង តាមដងផ្លូវតែប៉ុណ្ណោះមិនសូវឈប់អង្គុយលេងដូចមុននោះទេ។ នេះបើយោងទៅតាមការកត់សម្គាល់របស់លោក យៀត ស៊ីណា និងអាជីវករដទៃទៀត។
«ភាគច្រើនគេចង់ដឹងចង់ឮ គេគ្រាន់តែមកជិះលេងតែប៉ុណ្ណោះ ហើយថាមេឃឱ្យតែងងឹត អត់ មានមនុស្សតែម្តងដូចគេនៅខ្លាចនៅអីអញ្ចឹង»។
យ៉ាងណាក៏ដោយអ្នកដើរកំសាន្ដនៅកោះពេជ្រមួយចំនួន បានពោលដោយប្រយ័ត្នប្រយែងថា ពួកគេមិនបានភ័យខ្លាចចំពោះសោកនាដកម្មដែលបានកើតឡើងនោះទេ។
រហូតមកដល់ពេលនេះគេនៅមិនទាន់ឃើញមានអ្នកនយោបាយឬ អ្នកសេដ្ឋកិច្ចណា ម្នាក់ហ៊ានអះអាងថា កោះពេជ្រអាចវិលទៅរកសភាពល្អឡើងវិញដូចកាលពីមិនទាន់កើតហេតុការណ៍នៅពេលណានោះទេ។
លោក ពុង ខៀវសែ អគ្គនាយកធនាគារកាណាឌីយ៉ា ដែលត្រូវគេដឹងថា គឺជាថៅកែកោះពេជ្រផងដែរ មិនអាចធ្វើទំនាក់ទំនងបានទេដោយសារតែទូរស័ព្ទរបស់លោករោទិ៍ដោយគ្មានអ្នកទទួល។ រីឯអ្នកគ្រប់គ្រងនៅកោះពេជ្រមួយចំនួនទៀត បានបដិសេធផ្ដល់បទសម្ភាស។
ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងពិធីសម្ពោធអាគារទីស្តីការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតីសម្បទា កាលសប្តាហ៍មុនថា លោកជំរុញឲ្យមានការបង្កើនការអភិវឌ្ឍកោះពេជ្រឱ្យកាន់តែខ្លាំងឡើងថែមទៀត និងត្រូវសង់ស្ពានថ្មីបន្ថែមទៀត៕