ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​គ្រួសារ​ជន​រងគ្រោះ​កោះពេជ្រ​រៀបចំ​បុណ្យ​១០០​ថ្ងៃ


ស្ពាន​​ពេជ្រ​ត្រូវ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​​ក្នុងពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំ​២០១០ ខណៈ​ពេល​ដែល​​មជ្ឈដ្ឋាន​ខ្លះ រូម​មាន​ពលរដ្ឋ​និង​សង្គល​ស៊ីវិល​ជា​ដើម មិន​ទាន់​ទុក​ចិត្ត​​ការ​រក​ឃើញ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល។
ស្ពាន​​ពេជ្រ​ត្រូវ​បើក​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​​ក្នុងពាក់​កណ្តាល​ខែ​ធ្នូ​ឆ្នាំ​២០១០ ខណៈ​ពេល​ដែល​​មជ្ឈដ្ឋាន​ខ្លះ រូម​មាន​ពលរដ្ឋ​និង​សង្គល​ស៊ីវិល​ជា​ដើម មិន​ទាន់​ទុក​ចិត្ត​​ការ​រក​ឃើញ​ក្នុង​ការ​ស៊ើប​អង្កេត​របស់​រដ្ឋាភិបាល។

ខណៈ​ពេល​១០០​ថ្ងៃ​បាន​ឈាន​ចូល​មក​ដល់​គ្រួសារ​របស់ជនរងគ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​ផ្អើល​ជាន់គ្នា​លើ​ស្ពានពេជ្រ​នៃ​មណ្ឌល​កម្សាន្ត​កោះពេជ្រ​បាន​នាំ​គ្នា​ធ្វើ​បុណ្យ​១០០​ថ្ងៃទៅ​តាម​ប្រពៃណីនៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ដើម្បី​ឧទ្ទិស​កុសល​ដល់​ជន​រងគ្រោះ​ទាំង​នោះ។

ដូច​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​នៅ​កោះពេជ្រជាច្រើន​ទៀត​ដែរ គ្រួសាររបស់​លោក ឡឹង ពន ​នៅ​ក្នុង​ភូមិ​តាំង​ទន្លេ​ នៃ​ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ ​បាន​សម្រេច​ចិត្ត​ធ្វើបុណ្យបង្សុកូល​គម្រប់​១០០ថ្ងៃ​ដល់​សព​ប្រពន្ធ​របស់​គាត់​គឺ​អ្នក​ស្រី តោ សុផលកាល​ពីថ្ងៃសៅរ៍​ចុង​សប្តាហ៍​កន្លង​ទៅនេះ។

អ្នកស្រី តោ សុផល ​គឺជា​ជនរងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ជនរងគ្រោះយ​ចំនួន​ជាង​៣៥០នាក់​ដែល​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវហេតុ​ផ្អើល​ជាន់​គ្នា​នៅ​លើ​ស្ពានពេជ្រ​នៃ​មណ្ឌល​កម្សាន្ត​កោះពេជ្រ​កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា​ឆ្នាំមុន។

លោក ឡឹង ពន ​វ័យ​៥៤ឆ្នាំ មាន​ប្រសាសន៍​បន្ទាប់​ពី​ពិធីបុណ្យ​១០០​ថ្ងៃ​ឲ្យ​ប្រពន្ធរបស់​លោក​ថា​លោក​រៀបចំ​ធ្វើបុណ្យ​១០០​ថ្ងៃ​នេះទៅ​តាម​ការដេញ​វេលារបស់​លោក​អាចារ្យ​វត្ត​ម្នាក់​ដើម្បី​ឲ្យ​ព្រលឹងប្រពន្ធ​របស់​លោកបាន​ទៅ​កាន់​សុគតិភព។

«បុណ្យ​ហ្នឹង​ឲ្យគាត់ឆាប់​ចាប់​ជាតិ​ កុំឲ្យ​នៅ​វិលវល់​ កុំ​ឲ្យ​កំសត់​ដូច​ជាតិ​នេះ​ទៀត។ ខ្ញុំ​ប្រាថ្នាអញ្ចឹង​ អុជធូប​ផ្សង​អញ្ចឹង​រហូត​ឲ្យ​ប្រពន្ធ​ចាប់​ជាតិ​ឲ្យ​បាន​ល្អ»។

ដោយ​នៅ​មិន​ទាន់​អស់​អាល័យនឹង​ប្រពន្ធ​ លោក ​ឡឹង ពន ដែល​ជា​ឪពុក​នៃ​កូន​បីនាក់​និង​បច្ចុប្បន្នប្រកប​របរ​រត់ម៉ូតូឌុប​នៅ​ផ្សារ​ក្បែរ​ផ្ទះ​នៅតែ​មាន​អារម្មណ៍​ហាក់​មិនទាន់​អស់ចិត្ត​ចំពោះ​ការស្លាប់​ប្រពន្ធ​របស់​លោក​ទេ។

«ចង់ដឹង​ថា គេ​ចាប់ជាតិ​នៅ​ឯណា ​ចង់ដឹង​ទៀត។ ចង់​ឲ្យ​គ្រូទាយ​ ទាយ​មើល​ថាតើ​គេ​ចាប់​ជាតិ​នៅ​ទិស​ណា នៅ​ខេត្ត​ណា នៅ​ភូមិ​ណា​ទៀត​ហ្ន៎។ សព្វថ្ងៃ​ចង់​ដឹង​ទៀត​ ហេតុ​តែ​ស្រលាញ់​ប្រពន្ធ​ពេក​មិន​អស់​ចិត្ត»។

ប្រពន្ធ​របស់​លោក ឡឹង ពន​គឺ​អ្នក​ស្រី តោ​ សុផល ​គឺជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​មួយ​រូប។​ អ្នកស្រី​គឺជា​អ្នកគ្រប់គ្រង​និងទំនុក​បម្រុង​គ្រួសារ​ដ៏សំខាន់​បំផុត​ម្នាក់​នៅពេល​ដែល​អ្នកស្រី​នៅរស់។

អ្នកស្រី​និង​លោក ឡឹង ពន ​ព្រម​ទាំង​អ្នកជិតខាង​ពីរ​នាក់​ប្តី​ប្រពន្ធ​ទៀត​បាននាំគ្នា​ទៅ​ដើរ​កម្សាន្ត​លេង​នៅលើ​ស្ពានពេជ្រ​នៃ​មជ្ឈមណ្ឌល​កោះពេជ្រ​នៅ​យប់​ទីបី​នៃ​ពិធីបុណ្យ​អុំទូក កាលពី​ឆ្នាំមុន​ហើយ​ក៏​កកស្ទះ​ជាប់​នៅ​លើ​ស្ពាន​នោះ​ទាំងអស់​គ្នា​តែ​ម្តងនៅ​ពេលនោះ។

ក្នុង​ចំណោម​អ្នកទាំង​បួន​ មាន​តែ​លោក ឡឹង ពន​ទេ​ដែល​មានវាសនា​នៅ​រស់រាន​មាន​ជីវិត​ ទាំង​ត្រដាប​ត្រដួស​ដោយ​សារ​លោក​ប្រឹងទប់​ទ្រូង​របស់​លោក​កុំ​ឲ្យ​គេ​គាប​ខ្លាំងពេក​ខណៈ​ដែល​ប្រពន្ធ​របស់​លោក​បាន​របេះ​ដៃ​ចេញ​ពី​លោក​បាត់នោះ។

«បើ​ខ្ញុំ​ក្បែរ​ស្លាប់​ដែរ​ហើយ ទំរាំ​ស្រីៗ​ ខ្ញុំ​ថា​អត់​សង្ឃឹម​ទេ។ មែន​ ដល់​គេ​ទាញ​អស់ មែន​ឃើញ​ប្រពន្ធ​ស្លាប់។ ដល់​ឃើញ​ប្រពន្ធ​ស្លាប់​ ស្លុត​ចិត្ត​ហ្មង ឡើង​វង្វេង​ហ្មងខ្ញុំ​ លែង​និយាយ​ចេញ ដល់​ប្រពន្ធ​ស្លាប់។ ដល់​មក​ដល់​ពេទ្យ​បាន​និយាយ​ចេញ»។

បច្ចុប្បន្ន​ ក្រុម​គ្រួសារ​របស់​លោក ឡឹង ពន​ បាន​រក្សា​ធាតុ​របស់​អ្នក​ស្រី​ តោក សុផលនៅ​លើ​ផ្ទះ​ដើម្បី​គោរព​បូជា។

គ្រួសារ​របស់​លោកឡឹង ពន​ បាន​ទទួល​ថវិកា​ចំនួន​១២.០០០ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​រដ្ឋាភិបាល​និង​សប្បុរស​ជននានា​ចំពោះ​ការស្លាប់​ប្រពន្ធ​របស់​លោក។

ពួកគេ​បាន​ចំណាយ​ថវិកា​នេះ​មួយ​ភាគ​សម្រាប់​ការធ្វើ​បុណ្យ​ឲ្យ​អ្នកស្រី ​តោក សុផល ​ហើយ​រក្សា​ខ្លះ​ទុក​ប្រើប្រាស់​នៅ​ពេល​អនាគត។

តែ​ទោះជា​យ៉ាងនេះ​ក្តី លោក ឡឹង ពន មាន​ប្រសាសន៍​ដោយ​សំឡឹង​មើល​កូន​ប្រុសពៅ​របស់​លោក​អាយុ​ជាង​១០​ឆ្នាំ​ប្លាយដែល​បាន​កោរសក់​បួស​មុខ​ភ្លើង​នៅ​ពេល​បូជា​ម្តាយថា ទឹកប្រាក់​នេះ​មិនអាច​ប្រៀប​ធៀប​ទៅ​នឹង​អាយុជីវិត​ប្រពន្ធ​ដ៏​ជា​ទី​ស្រលាញ់​របស់​លោក​បាន​ទេ។

លោក​ ឡឹង ពន​ មាន​ប្រសាសន៍​ថា ​លោក​បាន​ណែនាំ​កូនចៅ​របស់​លោក​មិន​ឲ្យ​ទៅ​លេង​នៅកោះពេជ្រ​ទេ​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ​ ដោយ​លោក​ហាក់​នៅ​មាន​អារម្មណ៍​ភ័យខ្លាច​នៅឡើយក្រោយ​ពី​ឆ្លងកាត់​បទពិសោធ​ដ៏​រន្ធត់​នៃ​ឧបទ្ទវហេតុ​ផ្អើលរត់​ជាន់គ្នា​នៅ​លើ​ស្ពានពេជ្រ​នោះ​មក។

«លែង​ទៅ​ហើយ ផ្តាំ​កូន​ផ្តាំចៅ​ អត់​ទៅ​ទេ លែង​ទៅ​ហើយ។ បើ​វា​ចង់​ទៅ​មើល​ ពូ​ថា​មិន​បាច់​ទេ​ អង្គាស​លុយ​កូន​ចៅ​ទៅ​ឯង​មាន​ប៉ុន្មាន អានេះ​ទិញ​នេះ អានោះ​ទិញ​នោះ​ទៅ​ ធ្វើ​កម្មវិធី​នៅ​ផ្ទះ​ទៅ ពូ​ខ្លាច​ហើយ​ ពូ​ស្បថ​លែង​ហ៊ាន​ទៅ​ហើយ»។

តែ​យ៉ាងណា​ក៏ដោយ ​លោក ឡឹង ពន​ មាន​ប្រសាសន៍​បន្ថែម​ថា ​លោកចង់​ឃើញ​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​នោះ​ត្រូវបាន​គេ​សាងសង់​នៅ​ជិត​ស្ពាន​នោះ​ដើម្បីជាការគោរព​ដល់អ្នក​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅលើ​ស្ពាន​នោះ។

លោក ​ឡឹង ពន​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ការ​រក្សា​និង​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដើម្បី​បញ្ជៀស​ឧបទ្ទវហេតុ​បែបនេះ​កុំ​ឲ្យ​កើត​ឡើង​ជាថ្មី​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG