ញាតិសន្តានពោរពេញដោយទឹកភ្នែកជាច្រើនរាប់រយនាក់បានមកប្រមូលផ្តុំគ្នាប្រារព្វខួបមួយឆ្នាំនៅថ្ងៃអង្គារនេះដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអ្នកស្លាប់៣៥៣នាក់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងញាតិសន្តានអ្នកស្លាប់ បានអុចទាន ធូក និងដាច់បាច់ផ្កា ផ្លែឈើ និងនំចំណីនៅជើងស្តូបថ្មីសម្រាប់ចងចាំ និងគោរពដល់វិញ្ញាណក្ខន្ធមនុស្សចំនួន៣៥៣នាក់ ដែលបានស្លាប់ដោយការរត់ជាន់គ្នានៅលើស្ពានពេជ្រកាលពីឆ្នាំកន្លងទៅ។
ស្តូបសម្រាប់គោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ថ្មីមួយដែលបានកសាងនៅជាប់គល់ស្ពានពេជ្រត្រូវបានបើកសម្ពោធជាមួយនឹងការប្រារព្វខួបមួយឆ្នាំដោយមានព្រះសង្ឃព្រះពុទ្ធសាសនាចំនួន៣៥៣អង្គ។
លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានក្រោយពីការប្រារព្វពិធីថា ស្តូបដើម្បីចងចាំចំពោះជនរងគ្រោះលើស្ពានពេជ្រនេះបានស្ថាបនាឡើងក្នុងតម្លៃ១សែន២ម៉ឺនដុល្លារអាមេរិក ហើយការរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ។
«យើងគិតថានេះ ជា[ឧបទ្ទវហេតុ]មួយ ដែលយើងត្រូវចងចាំ។ ជារឿងដែលកើតឡើងនៅទីក្រុងភ្នំពេញដើម្បីកត់សម្គាល់ផង និងដើម្បីចងចាំផង។ អញ្ចឹងស្តូបនេះធ្វើឡើងដើម្បីការចងចាំចំពោះអ្នករងគ្រោះទាំងអស់។ យើងត្រូវតែសោកស្តាយ។ យើងត្រូវតែចងចាំជនរួមជាតិរបស់យើងដែលទទួលរងគ្រោះថ្នាក់។ យើងត្រូវតែមានការសោកស្តាយ»។
លោក អ៊ុង សំអឿន អាយុ៥២ឆ្នាំ នៅខណ្ឌចំការមន បានបញ្ជាក់ថា នៅពេលលោករំលឹកអំពីព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ លោកនៅតែមានការភ័យរន្ធត់ចំពោះការស្លាប់កូនស្រីអាយុ១៨ឆ្នាំរបស់លោក។
«ខ្ញុំមិនដែលហ៊ានមកទីនេះទេ។ ខ្ញុំទើបតែមកថ្ងៃនេះត្រូវមកទីនេះ។ នៅពេលខ្ញុំមកដល់កន្លែងនេះ ខ្ញុំនឹកឃើញថាខ្ញុំមានចិត្តរន្ធត់ មានការសង្វែក សោកស្តាយបំផុត ដែលកូនបានបាត់បង់ជីវិតនៅកន្លែងនេះ។ ខ្ញុំជិះម៉ូតូ។ ក៏ខ្ញុំមិនដែលជិតកាត់កន្លែងនេះដែរ។ ខ្ញុំសុខចិត្តជិតម៉ូតូវៀង។ នៅពេលមានវិធីខួបមួយឆ្នាំនេះ ខ្ញុំមកទីនេះ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធរបស់កូនដែលបានចែកឋានទៅឱ្យជាតិក្រោយឱ្យបានអាយុវែងចំពោះកូនខ្ញុំ និងអ្នកទាំងអស់ដែលបានស្លាប់»។
អ្នកស្រី ង៉ែត ពៅ អាយុ៦០ឆ្នាំ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល បានរំលឹកថាអ្នកស្រីបានដើរស្វែងរកកូនពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយ ហើយបន្ទាប់មកអ្នកស្រីបានរកឃើញសពកូនស្រីមួយ នៅមន្ទីរពេទ្យរុស្ស៊ី និងសពកូនស្រីមួយទៀតនៅមន្ទីរពេទ្យព្រះកុសមៈ ហើយសពចៅស្រីនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
«ខ្ញុំនឹកឃើញកូនគ្រប់បែបយ៉ាងទាំងអស់ និងអាណិតនឹកឃើញកូនថាមកដើរលេងសប្បាយ ប៉ុន្តែបែរជាគ្រោះថ្នាក់ដល់អាយុជីវិតទៅវិញ»។
អ្នកស្រី ធូ វឿន អាយុ៥១ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល បានលើកឡើងពីការឈឺចាប់ចំពោះការស្លាប់កូនប្រុសរបស់អ្នកស្រីយ៉ាង ដូច្នេះថា ៖
«ខ្ញុំតាំងពីជិតដល់ខួបមួយឆ្នាំរបស់គេហ្នឹង។ ខ្ញុំឈឺរហូតបាយទឹកមិនបាននឹកកូនរហូត។ កូនខ្ញុំល្អណាស់។ គាត់រៀនមិនដែលឱ្យខ្ញុំពិបាកទេ។ វាមិនគួរណាកូនខ្ញុំអាយុខ្លីទេ។ គាត់មិនដែលដើរលេងទៅណាទេ ហើយយប់ហ្នឹង គាត់មកដើរលេងជាមួយមិត្តភក្តិប្រាំនាក់របស់គាត់ ហើយស្លាប់ពីរនាក់ទាំងកូនខ្ញុំ នៅរស់បីនាក់»។
លោក ធូ សារី អាយុ៣០ឆ្នាំ នៅស្រុកល្វាឯម ខេត្តកណ្តាល បានរំលឹកថាលោកមានសំណាងរស់រានមានជីវិតពីការស្លាប់រត់ជាន់គ្នានៅលើស្ពានពេជ្រ ប៉ុន្តែភរិយារបស់លោកមិនមានសំណាងដូចរូបលោកទេ។ លោកបានរៀបរាប់ថា លោកបានបែកពីភរិយារបស់លោកនៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានោះ ដោយលោកជាប់លីកូននៅលើស្មានិងមិនបានកាន់ដៃភរិយារបស់លោកទេ។
«ខ្ញុំនិយាយពីព្រឹត្តិការណ៍រត់ជាន់គ្នានេះ។ វាតក់ស្លុតមែនទែន។ ខ្ញុំមិនដែលជួបប្រទះព្រឹត្តិការណ៍បែបហ្នឹង។ នៅពេលខ្ញុំជួបប្រទះព្រឹត្តិការណ៍អញ្ចឹង ខ្ញុំមានអារម្មណ៍ភ័យតក់ស្លុត។ សូម្បីតែរាល់ថ្ងៃ ខ្ញុំចងចាំ និងបំភ្លេចមិនបានក្នុងហេតុការណ៍នោះ»។
អ្នកស្រី តឹក សំអាត អាយុ៤០ឆ្នាំ នៅខណ្ឌដង្កោ បាននិយាយថា អ្នកស្រីមានចិត្តអាណិត និងសោកស្តាយកូនដែលបានស្លាប់ទៅទោះបីប្រាក់ប៉ុន្មាន អ្នកស្រីមិនចង់បានទេ តែអ្នកស្រីចង់បានតែកូនប៉ុណ្ណោះ។ អ្នកស្រីមានការរន្ធត់ចំពោះដំណឹងអំពីការស្លាប់កូន។ ក្រោយការស្លាប់ អាជ្ញាធរបានហៅអ្នកស្រីឱ្យមកទទួលអំណោយជាប្រាក់របស់សម្តេច។
«ខ្ញុំបានចូលមកមើលកន្លែងនេះមួយភ្លេត ហើយខ្ញុំនឹកឃើញស្ពានហ្នឹងខឹង។ ខ្ញុំខឹងថា វាមិនមែនមានឧបទ្ទវហេតុអញ្ចឹង»។
ពិធីបុណ្យអ៊ុំទូកប្រចាំឆ្នាំរបស់កម្ពុជា បានបញ្ចប់ទៅដោយសោកនាដកម្មកាលពីឆ្នាំ២០១០ នៅពេលហ្វូងមនុស្សច្រើនកកកុញ ភ័យស្លន់ស្លោរត់ជាន់គ្នាស្លាប់នៅលើស្ពានពេជ្រដែលភ្ជាប់ដីកោះជាមួយដីគោក។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានហៅឧបទ្ទវហេតុនេះថា ជាសោកនាដកម្មដ៏ធំធេងបំផុត ដែលមិនធ្លាប់មានក្នុងរយៈពេល៣១ឆ្នាំ ចាប់តាំងពីរបបខ្មែរក្រហមបានដួលរលំ។ កម្ពុជាបានផ្តល់ជំនួយជាប្រាក់ជាង១ម៉ឺនដុល្លារអាមេរិកសម្រាប់សពនីមួយៗ៕