ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រោះថ្នាក់​ស្ពានពេជ្រ​បង្ហាញ​ពី​កង្វះ​ជំនាញ​ក្នុង​ជួរ​ប៉ូលីស


ជន​រង​គ្រោះ​​​ពី​ការ​រត់​ជាន់​គ្នា​ជា​ស្ត្រី​​​ម្នាក់ ត្រូវ​មន្ត្រី​ប៉ូលីស​សែង​ដាក់​ទៅ​លើ​រថយន្ត​​សង្គ្រោះ​មួយ​​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។​ នាង ហ៊ូ ចន្ធី អាយុ​៤៧​ឆ្នាំ​ដែល​បាន​បាត់​បង់​កូន​ស្រី​ម្នាក់ និយាយ​ថា នាង​អរគុណ​ចំពោះ​អំណោយ​ស
ជន​រង​គ្រោះ​​​ពី​ការ​រត់​ជាន់​គ្នា​ជា​ស្ត្រី​​​ម្នាក់ ត្រូវ​មន្ត្រី​ប៉ូលីស​សែង​ដាក់​ទៅ​លើ​រថយន្ត​​សង្គ្រោះ​មួយ​​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០១០។​ នាង ហ៊ូ ចន្ធី អាយុ​៤៧​ឆ្នាំ​ដែល​បាន​បាត់​បង់​កូន​ស្រី​ម្នាក់ និយាយ​ថា នាង​អរគុណ​ចំពោះ​អំណោយ​ស

ការ​កសាង​សមត្ថភាព​ជំនាញ​ដល់​ប៉ូលីស​ និង​កង​រាជអាវុធ​ហត្ថសម្រាប់​គ្រប់គ្រង​ហ្វូង​មនុស្ស​ដ៏​កកកុញ​នេះ ​គឺជា​ការចាំបាច់​ ដើម្បី​បញ្ចៀស​សោកនាដកម្ម​និង​គ្រោះមហន្តរាយ​នៅពេល​អនាគត។

គណៈកម្មការ​ដោះស្រាយ​ករណី​ឧបទ្ទវហេតុ​នៅលើ​ស្ពាន​កោះពេជ្របាន​ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​កសាង​ សមត្ថភាព​ជំនាញ​ដល់​ប៉ូលីស​និង​កង​រាជអាវុធហត្ថ​សម្រាប់​គ្រប់គ្រង​កន្លែង​មនុស្ស​កក​កុញនិង​គ្រប់​គ្រង​សណ្តាប់​ធ្នាប់​ក្នុង​ពេល​មាន​មនុស្ស​កកកុញ​ដើម្បី​បញ្ចៀ​ស​មហន្តរាយ​នៅ​ពេល​អនាគត។

ការស្នើ​នេះ​កើតឡើង​ក្រោយពីមាន​អ្នកដើរ​កម្សាន្ត​ចំនួន​៣៥១នាក់ត្រូវ​បាន​សម្លាប់​និង​រងរបួស​៣៩៥នាក់​នៅ​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់គ្នានៅ​លើ​ស្ពាន​កោះ​ពេជ្រ​កាលពី​យប់​ថ្ងៃច័ន្ទទី២២ខែវិច្ឆិកា​ដែល​ជា​សោកនាដ​កម្ម​ដ៏​ធំធេង​មិន​ធ្លាប់​ មាន​សម្រាប់​ប្រទេស​កម្ពុជា។

លោក​ព្រុំ សុខា ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​អនុគណៈកម្មការ​ស៊ើបអង្កេត​ករណីឧបទ្ទ វ​ហេតុ​នៅលើ​ស្ពានកោះ​ពេជ្រ ​បាន​ថ្លែង​ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​កាលពី​ថ្ងៃច័ន្ទ​ថា​ការកសាង​សមត្ថ ភាព​ជំនាញ​ដល់​ប៉ូលីសនិង​កង​រាជអាវុធហត្ថសម្រាប់​គ្រប់គ្រង​ហ្វូង​មនុស្ស​ដ៏​កកកុញ​នេះគួរ​តែ​ត្រូវ​បាន ​ធ្វើ​ឡើងដើម្បី​បញ្ចៀសសោកនាដកម្មនិង​គ្រោះមហន្តរាយ​នៅ​ពេលអនាគត។

«ការកសាង​សមត្ថភាព​ជំនាញ​ទៅដល់​កងកម្លាំង​របស់​យើង​ដែល​ទាក់ទង​ដល់​ការគ្រប់គ្រង​ កន្លែង​កក កុញ​ ឬ ​គ្រប់គ្រង​សណ្តាប់ធ្នាប់​ក្នុង​ពេល​មាន​មនុស្ស​កកកុញនេះ​។ យើង​បាន​ស្នើ​ទៅ​គណៈកម្មការ​នូវ ចំណុចនេះ​ ដើម្បី​រដ្ឋាភិបាល​ពិនិត្យ​សម្រេច​បញ្ហានេះ​។ ឧបទ្ទវហេតុ​នេះ បាន​ទៅលើ​សមួយ​កម្រិត​ពី សមត្ថភាព​ ដែល​យើង​បាន​ត្រៀមរៀបចំ»។

លោក​ឧបនាយករដ្ឋមន្ត្រី​សុខ អាន​ រដ្ឋមន្ត្រី​ប្រចាំ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ ដោះស្រាយ​ឧបទ្ទវហេតុ​នៅលើ​ស្ពាន​កោះពេជ្រ​បាន​ថ្លែង​ប្រាប់​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ច័ន្ទថា​មហន្ត រាយ​នេះ​គឺជា​បទពិសោធ​ដ៏ធំធេង​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការគ្រប់គ្រង​ហ្វូង​មនុស្ស​ដ៏ច្រើន​សន្ធឹក​សន្ធាប់ ​និង​ការគ្រប់គ្រង​សភាពការណ៍​ ដើម្បី​កុំឱ្យ​ឧបទ្ទវហេតុ​នេះ​កើតឡើង​បាន​ម្តងទៀត។

លោក​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន​ បាន​បន្តថា​ការងារ​គ្រប់គ្រង​ហ្វូងមនុស្ស ​និង​ការគ្រប់គ្រង​សភាព ការណ៍​នេះ ​ទាមទារ​ឱ្យ​មាន​បច្ចេកទេស​ និង​បច្ចេកវិទ្យា​ច្រើន​បែបយ៉ាង​ណាស់​ចាប់តាំង​ពីផ្នែក​ស្ថាបត្យកម្មផ្នែកឆ្លើយតប​នឹង​សន្តិសុខ ​ផ្នែក​សង្គ្រោះបន្ទាន់ ​និង​ការឆ្លើយតប​នឹង​តម្រូវការ​គ្រប់​បែប​យ៉ាង។

«យើង​ត្រូវការ​រៀបចំ​ផែនការ​សម្រាប់​ពេល​អនាគតដើម្បី​ជៀសវាង​ការស្លន់ស្លោ​រត់​ជាន់គ្នា​ស្លាប់​បែប​នេះ​ទៀត។​ ការកើត​ឧបទ្ទវហេតុ​លើកនេះ​ គឺជា​បទពិសោធ​មួយ​យ៉ាងធំ​ណាស់​ចំពោះ​រាជ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​បែប​យ៉ាង។ យើង​ត្រូវ​ធ្វើការ​ប្រជុំ​ដក​ពិសោធន៍យ៉ាង​ស៊ីជម្រៅ​ ដើម្បី​បង្កើន សមត្ថភាព​ជំនាញ​ដល់​មន្ត្រី​សមត្ថកិច្ច​ ដូចជា​ កងសន្តិសុខ​ក្រុមហ៊ុន​ ប៉ូលីស ​និង​កង​រាជ​អាវុធហត្ថ»។

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទនេះ​ថាកំហុស​ធំបំផុត​របស់​យើង​នោះ ​គឺការ​វាយ​តម្លៃ​សភាព​ការណ៍​មិ​នបាន​គ្រប់​ជ្រុង​ជ្រោយ​ នឹក​ស្មាន​មិនដល់ ​និង​មាន​ការធ្វេស​ប្រហែស​ ហើយ គ្មាន​មន្ត្រី​រដ្ឋាភិបាល​ណាម្នាក់ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ចំពោះ​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​នៅលើ​ស្ពាន​កោះ​ពេជ្រ​កាលពី​សប្តាហ៍​មុន​ដែល​បាន​សម្លាប់​មនុស្ស​៣៥១នាក់​នោះ​ទេ៕

XS
SM
MD
LG