ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រុក៖ ទស្សនកិច្ច​របស់​​លោកស្រី Michelle Obama ជា​កិត្តិយស​សម្រាប់​ខេត្ត​សៀមរាប


អ្នកស្រី​ សាន គឹមសៀង​ បាន​មាន​ប្រសាសន៍​ថា៖ «វា​ជា​កិត្តិយស​របស់​ខ្មែរ ​ជា​ពិសេស​ខេត្ត​សៀមរាប​តែ​ម្តង»។
អ្នកស្រី​ សាន គឹមសៀង​ បាន​មាន​ប្រសាសន៍​ថា៖ «វា​ជា​កិត្តិយស​របស់​ខ្មែរ ​ជា​ពិសេស​ខេត្ត​សៀមរាប​តែ​ម្តង»។

សម្រាប់ប្រជាជន​នៅ​ក្នុង​ខេត្ត​សៀមរាប​ ការ​អញ្ជើញ​មក​ទស្សនកិច្ច​របស់​លោកស្រី ​Michelle Obama ភរិយា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​ គឺ​ជា​កិតិ្តយស​របស់​ខេត្ត​និង​ប្រពលរដ្ឋ​នៃ​ខេត្ត​សៀមរាប។

នេះ​គឺ​ជា​ទស្សនកិច្ច​ដំបូង​បង្អស់​របស់​លោកស្រី​ Michelle Obama ​ដែលជា​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​កំពុង​កាន់​តំណែង​ដំបូង​បំផុត​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា។​

ប្រជាជន​នៅ​ក្រុងសៀមរាប​បាន​ដឹង​ច្បាស់​ពី​ការ​មក​ដល់​របស់​លោក​ស្រី​ Michelle Obama។

អង្គុយ​ពិសារ​កាហ្វេ​ជាមួយ​មិត្ត​ភក្តិ​ជា​ច្រើន​នៅ​ក្នុង​ហាង​មួយ​នៅ​កណ្តាល​ទី​ក្រុង​សៀមរាប​ លោក​ពូ ​ចាប នឿ​ មាន​ប្រសាសន៍​ថា​ លោក​ពូ​និង​មិត្តភក្តិ​របស់​លោក​ពូ​បាន​ដឹង​អំពើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី​ Michelle Obama។

លោកពូ​បាន​និយាយ​ថា៖ «ខ្ញុំ​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ហើយ​បាន​ដឹង​ថា ​គាត់​មក​ពីរ​បី​ថ្ងៃ​ដើម្បីជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា»។

អ្នកស្រី​ ផន សុភាព
អ្នកស្រី​ ផន សុភាព

អ្នកស្រី ផន ​សុភាព ​ដែល​ជា​អ្នក​លក់​នំ​និង​អ្នក​ជិត​ខាង​របស់​គាត់​ អ្នកស្រី សាន គឹមសៀង​ ដែល​កំពង់​លក់​បបរ​គ្រឿង​នៅ​តាម​ដងផ្លូវ​មួយ​នៅ​ក្នុង​សង្កាត់​សាលា​កម្រើក​នៃ​ទី​ក្រុង​សៀមរាប​បាន​និយាយ​ថា​ ការ​អញ្ជើញ​មក​របស់​លោកស្រី Michelle Obama ជា​កិត្តិយស​របស់​ប្រជាពលរដ្ឋ​នៃ​ខេត្ត​សៀមរាប។

អ្នកស្រី​ ផន សុភាព​បាន​មាន​ប្រសាសន៍​ថា៖ «វា​គឺ​ជា​កិត្តិយស​របស់​ខេត្ត។ ខ្ញុំ​សប្បាយ​ចិត្ត។ វា​ជា​ការ​ល្អ​ដែល​គាត់​មក​ជួយ​ក្មេង​ស្រី​ឲ្យ​បាន​ចូល​រៀន។ ខ្ញុំ​ចង់​ឲ្យ​ក្មេង​ស្រី​បាន​ចូល​រៀន​ព្រោះ​ខ្ញុំ​មិន​បាន​ចូល​រៀន»។

អ្នកស្រី​ សាន គឹមសៀង​ បាន​មាន​ប្រសាសន៍​ថា៖ «វា​ជា​កិត្តិយស​របស់​ខ្មែរ ​ជា​ពិសេស​ខេត្ត​សៀមរាប​តែ​ម្តង»។

អ្នកស្រី​បាន​បន្ថែម​ថា៖« ខ្ញុំ​ឃើញ​មុខ​របស់​គាត់​តាម​ទូរទស្សន៍»។

លោកស្រី Michelle Obamaមាន​ផែនការ​នឹង​អញ្ជើញ​ទៅ​កាន់​ទីក្រុង​សៀមរាប​នៅ​ថ្ងែ​សុក្រ​នេះ ​ដែល​នៅ​ទីនោះ​លោកស្រី​នឹង​ជួប​ជាមួយ​សមភាគី​ខ្មែរ​គឺ​លោកស្រី​ ប៊ុន រ៉ានី ​ភរិយា​របស់​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន​ សែន។ លោកស្រី​នឹង​សំណេះ​សំណាល​ជាមួយ​ក្រុម​សិស្ស​និង​ពួក​អ្នក​ស្ម័គ្រ​ចិត្ត Peace Corps របស​អាមេរិក ​ហើយ​នឹង​មើល​កម្មវិធី​ក្នុង​សហគមន៍​ខ្លះ​ដើម្បី​ពង្រឹង​ការ​អប់រំ​ដល់​នារី​កម្ពុជា។

ប្រហែល​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ទី​ប្រជុំជន​នៃ​ក្រុង​សៀមរាប​ ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​សៀមរាប​នៃ​ទីក្រុង​សៀមរាប​ដែល​មាន​មុខ​របរ​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​មិន​បាន​ដឹង​ពី​ដំណើរ​អញ្ជើញ​មក​ទស្សនកិច្ច​របស់​លោកស្រី​ Michelle Obama ​នោះ​ទេ។

អ៊ំ​ស្រី​ ប៉ាត​ កឿង
អ៊ំ​ស្រី​ ប៉ាត​ កឿង

អង្គុយ​នៅ​ក្រោម​ផ្ទះ​ធំ​ជាមួយ​កូន កូន​ប្រសារ ​និង​ចៅៗ​របស់​គាត់​ លោកអ៊ំ​ស្រី​ ប៉ាត​ កឿង​ ដែល​មាន​អាយុ​៦៤​ ឆ្នាំ​មិន​និង​កូន​ទាំង​ពីរ​របស់​គាត់​មិន​បាន​ស្គាល់​ថា​លោកស្រី Michelle Obama ​ជា​នរណា​នោះ​ទេ។ ហើយ​គាត់​ក៏​មិន​ដឹង​ដែរ​ថា ​លោកស្រី​ជា​ភរិយា​របស់​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា។ លោក​អ៊ំ​ក៏​មិន​ដឹង​ផង​ដែរ​ពី​ដំណើរ​នៃ​ទស្សនកិច្ច​នេះ។

លោក​ អ៊ំ ​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​ស្គាល់ Obama។»

នាង នួន​ សារុន​ដែល​ជា​កូន​ស្រី​របស់​លោក​អ៊ំ​ ប៉ាត​ កឿង​ និយាយ​ថា៖ «ខ្ញុំ​អត់​បាន​ដឹង។ ខ្ញុំ​នៅ​តែ​ផ្ទះ»។

នួន​ សារុន​ បាន​សួរ​អ្នក​យក​ព័ត៌មាន​របស់ VOA ​ពី​វិធី​ដែល​គាត់​អាច​មើល​ឃើញ​ពី​ដំណើរ​មក​ដល់​របស់​ភរិយា​លោក​ បារ៉ាក់​ អូបាម៉ា។

គាត់​បាន​សួរ​អ្នក​យក​ព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​ទើប​ឃើញ​គាត់»។

អ្នកស្រី​ សួន សុភ័ក្ត្រ
អ្នកស្រី​ សួន សុភ័ក្ត្រ

អ្នកស្រី សួន​ សុភ័ក្ត្រ​ ដែល​នៅ​ជាមួយ​កូនស្រី​ដែល​មាន​អាយុ​៨​ឆ្នាំ​និង​កូន​ប្រុស​អាយុ​ជាង​មួយ​ឆ្នាំ​របស់​គាត់​បាន​និយាយ​ថា​ គាត់​ក៏​មិន​ស្គាល់​ឬ​បាន​ដឹង​អំពី​លោកស្រី Michelle Obama ​នោះ​ដែរ។

គាត់​មាន​ប្រសាសន៍​ថា​ គាត់​ចង់​ឲ្យ​កូន​ស្រី​តូច​ដែល​មាន​អាយុ​៨​ឆ្នាំ​របស់​គាត់​រៀន​បាន​រៀន​ខ្ពស់​ ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ដល់​បាន​ចប់​ថ្នាក់​ទី​១២។

នៅ​ពេល​ប្រាប់​ពី​ទស្សនកិច្ច​និង​បាន​សួរ​ថា ​តើ​គាត់​រំពឹង​អ្វី​ពី​ដំណើរ​ទស្សនកិច្ច​នេះ​ បង​ស្រី​ សួន​ សុភ័ក្ត្រ ​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​និយាយ​ថា​ម៉េច ​ព្រោះ​ខ្ញុំ​មិន​បាន​ដឹង​ពី​កម្មវិធី​ហ្នឹង​ផង»។

អ្នកស្រី​ សួន សុភ័ក្ត្រ ​ក៏​ដូច​ជាក្រុមគ្រួសារ​ដទៃៗ​ទៀត​ដែល​បាន​សម្ភាសន៍​មាន​ប្រសាសន៍​ថា​ ពួក​គាត់​នឹង​មើល​ទូរទស្សន៍​នៅ​យប់​នេះ​ដើម្បី​ឲ្យ​បាន​ស្គាល់​លោក​ស្រី​ Michelle Obama។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG