ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនជាតិ​អាមេរិក​ដើម​កំណើត​ខែ្មរ​ដំបូងគេ ចូល​កាន់តំណែង​អភិបាល​ទីក្រុង​ឡូវែល


ចៅក្រមតុលាការក្រុងឡូវែល លោក Stephen Geary (ឆ្វេង) នៅក្នុង​ពិធី​ស្បថ​ចូលកាន់តំណែងរបស់លោក ចៅ សុខារី (ទី៥ រាប់ពីស្តាំ) ជា​អភិបាល​ទីក្រុង​ឡូវែល កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅ​ទីក្រុង​ឡូវែល រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ដោយ​មាន​ក្រុម​គ្រួសារ​របស់​លោក ចៅ សុខារី ឈរអម​ជាមួយ​លោក។
ចៅក្រមតុលាការក្រុងឡូវែល លោក Stephen Geary (ឆ្វេង) នៅក្នុង​ពិធី​ស្បថ​ចូលកាន់តំណែងរបស់លោក ចៅ សុខារី (ទី៥ រាប់ពីស្តាំ) ជា​អភិបាល​ទីក្រុង​ឡូវែល កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅ​ទីក្រុង​ឡូវែល រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ដោយ​មាន​ក្រុម​គ្រួសារ​របស់​លោក ចៅ សុខារី ឈរអម​ជាមួយ​លោក។

អតីតជន​ភៀស​ខ្លួន​ខ្មែរ​មួយ​រូប​ដែល​បាន​ឆ្លង​កាត់ក្នុង​របបវាល​ពិឃាដខ្មែរ​ក្រហម​ ពេល​នេះ បាន​ក្លាយ​ជាភិបាល​ក្រុងមួយរបស់​សហរដ្ឋ​អាមេរិក។ នេះ ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

លោក​ ចៅ សុខារី ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ទីក្រុង​ឡូវែល​ក្នុង​រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក ​ត្រូវ​បានសមាជិក​ក្រុមប្រឹក្សា​ក្រុង​របស់​លោក​ជ្រើសរើស​ដើម្បី​កាន់តួនាទីជាន់​ខ្ពស់​មួយ​នៅ​ក្នុងអង្គនិតិបញ្ញតិ កាល​ពី​ថ្ងៃចន្ទ​ម្សិល​មិញ។ លោក ក៏​នឹង​ក្លាយ​ជាអភិបាលក្រុង​ឡូវ៉ែលដែលជា​ជន​ជាតិ​អាមេរិក​កាំង​ដើម​កំណើត​អាស៊ី​ដំបូង​គេ​ម្នាក់​ផង​ដែរ។

លោក​ បាន​ថ្លែង​ក្រោយ​ការស្បថ​ចូល​កាន់តំណែង​របស់លោក​ជា​អភិបាល​ក្រុង​ឡូវែលថា «ព្រះ​ បាន​ផ្តល់​ពរជ័យ​ដល់​ប្រទេស​អាមេរិក។ តើ​ត្រូវឬ​ទេ? ខ្ញុំ​ធ្លាប់​ជា​ជន​ភៀស​ខ្លួន​មួយ​រូប​ តែ​ពេល​នេះ​ ខ្ញុំ​បាន​ក្លាយ​ជា​អភិបាលរបស់​ទីក្រុង​ដ៏​សំខាន់​មួយ​របស់​រដ្ឋ Massachusetts។ ខ្ញុំ​មិន​ដឹងទេ​ថា តើ​រឿង​ដូចគ្នា​នេះ​ នឹង​អាច​កើត​មាន​ឡើង​បាន​ នៅ​ទីកន្លែង​ណាផ្សេង​ទៀតដែរ​ឬ​ទេ ​នៅ​លើ​ពិភព​លោក​នោះ។ ខ្ញុំ​កំពុង​ព្យាយាម​ដើម្បី​ស្វែង​យល់​អំពី​វា។ នេះ​ បើ​តាម​ការ​លើក​ឡើង​របស់លោក ​ចៅ សុខារី​ ដែល​មាន​អាយុ​៤៩​ឆ្នាំ ដែល​បម្រើការ​ងារ​នៅ​រដ្ឋបាល​សង្គមកិច្ច​ សហរដ្ឋអាមេរិក (U.S. Social Security Administration)។

នៅ​ក្នុង​សុន្ទកថា​ចូល​កាន់​តំណែង​របស់​លោក​ជា​អភិបាល​ក្រុង​ឡូវែល​នោះ លោក​សុខារី​ បាន​បញ្ជាក់​ពី​ប្រវត្តិ​គ្រួសារ​របស់​លោក​ដែល​បាន​រត់​គេច​ពី​របប​ខ្មែរក្រហម ​និង​ពី​ប្រវត្តិ​ជា​អតីត​ជន​អន្តោប្រវេសន៍​នៅ​ក្នុងទីក្រុង​ឡូវែល​ ដែល​ជាទីក្រុងឧស្សាហកម្មមួយ​នោះ។

បច្ចុប្បន្ន​ ទីក្រុង​នេះ​ មាន​ពលរដ្ឋរស់​នៅ​ប្រមាណ​ជាង​១សែន ​១ម៉ឺន ​៥ពាន់នាក់ដែល​ក្នុង​នោះ មាន​ពលរដ្ឋ​អាស៊ី​ប្រមាណ​ជាង ​២៥% ហើយជា​ទីក្រុង​ធំ​បំផុតទី២របស់​អាមេរិក​ ដែល​មានសហគមន៍​ពលរដ្ឋ​ខែ្មរ​រស់​នៅ​ច្រើន​ជាង​គេនោះ។

លោក​ សុខារី កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ថ្លែង​នៅ​ចំពោះ​មុខក្រុម​មនុស្ស​ជា​ច្រើន​នាក់​ ដែល​ក្នុង​នោះ​ក៏​រួម​មាន​ភរិយា​របស់​លោក​ និងកូន​ប្រុសតូចៗ២​នាក់​របស់​លោក​ផង​ដែរ​ថា «ក្នុង​នាម​ជា​ពលរដ្ឋ​អាមេរិក​ដើម​កំណើត​ខ្មែរ​មួយ​រូប​ដែល​មាន​មោទនភាព​នោះ ខ្ញុំគាំទ្រ​ដល់ជន​អន្តោប្រវេសន៍ជា​ច្រើន​នាក់​ ​ដែល​បាន​មក​ដល់​ទី​នេះ​មុន​ខ្ញុំ​ដើម្បី​ស្ថាប​នា​ទីក្រុង​នេះ​ឡើង»។

លោក​ក៏​បាន​រំឭក​ផង​ដែរ​ពី​ប្រវត្តិ​ឪពុក​របស់​លោក​ ដែល​ធ្លាប់​ធ្វើ​ជា​ទាហ៊ាន​ខែ្មរ​ពាក់​ស័ក្តបី​ ​ហើយ​ត្រូវ​បាន​របប​ខ្មែរ​ក្រហម​សម្លាប់​ ក្នុង​អំឡុងឆ្នាំ​១៩៧៥​ នៅ​ពេល​កម្ពុជា​ធ្លាក់​ទៅ​ក្នុងសង្គ្រាម​ស៊ីវិល​មួយ​នោះ។

លោកបាន​បន្ត​ថា​ ម្តាយ​របស់លោក​ បាន​ស្លាប់​កាលពី​ឆ្នាំ​ទៅ។ ម្តាយ​របស់​លោក​បាន​ប្រឹង​ប្រែងយ៉ាង​ខ្លាំង​ក្នុង​ការចិញ្ជឹម​បី​បាច់​ថែ​រក្សា​កូន​ទាំង​៧​នាក់​ក្នុង​រយៈពេល​៤​ឆ្នាំ​ក្នុង​ការរស់រាន​ជីវិត​ពីគ្រាប់​មីន​ ដំណើរឆ្លង​កាត់​ព្រៃ ភាពអត់ឃ្លាន ជំងឺ និង​ភាព​មិន​ប្រាកដ​ប្រជា​មួយ​ដើម្បី​នាំកូនៗ​មក​កាន់ប្រទេស​ដែល​មាន​សុវត្ថិ​ភាព​ក្នុងទឹក​ដី​សហរដ្ឋ​អាមេរិក​នេះ​៕

XS
SM
MD
LG