ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរ​ការ​សវនាការ​អាច​កើត​ឡើង​ក្នុង​សំណុំ​រឿង​តវ៉ា​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ទីក្រុង​ឡូវែល


រូបឯកសារ៖ ស្ត្រីវ័យជរាម្នាក់​ដើរកាត់​ផ្លាក​សញ្ញាបោះឆ្នោតដែល​ភ្ជួរជាប់នឹង​របង​សាលារៀន​មួយ​នៅ​ទីក្រុងឡូវែល កាលពី​ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦។
រូបឯកសារ៖ ស្ត្រីវ័យជរាម្នាក់​ដើរកាត់​ផ្លាក​សញ្ញាបោះឆ្នោតដែល​ភ្ជួរជាប់នឹង​របង​សាលារៀន​មួយ​នៅ​ទីក្រុងឡូវែល កាលពី​ថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៦។

នៅ​ថ្ងៃអង្គារ ទី៧​ ខែ​វិច្ឆិកា​នេះ ប្រជាពលរដ្ឋ​នៅក្នុង​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត នឹង​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង និង​សមាជិក​នៃ​គណៈកម្មាធិការ​សាលារៀន។ នេះ​មាន​ន័យ​ថា ពួកគេ​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​របស់​ខ្លួន ខណៈ​ពេល​ដែល​ពាក្យ​បណ្តឹង​មួយ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ពលរដ្ឋ​ជនជាតិ​ភាគតិច​មួយ​ចំនួន ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​សព្វថ្ងៃ​នេះ។

ដំណើរការ​បោះឆ្នោត​ក្នុង​ក្រុង​ឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង នៅពេល​ដែល​ថ្នាក់​ដឹកនាំ​ក្រុង​នេះ​កំពុង​ប្រឈម​នឹង​ពាក្យ​បណ្តឹង​ស្តី​ពី​សិទ្ធិ​បោះឆ្នោត ដែល​ពលរដ្ឋ​ជនជាតិ​ភាគតិច​ចំនួន​១៣នាក់ រួម​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី និង​អាមេរិកាំង​ដើម​កំណើត​អេស្ប៉ាញ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​សហព័ន្ធ​កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ។

ទីក្រុង​ឡូវែល មានពូជសាសន៍​ចម្រុះ​ច្រើន ដែល​ក្នុង​នោះ ពលរដ្ឋ​ជនជាតិ​ភាគតិច​មាន​ចំនួន​ជិត​៤៩,២ភាគរយ ហើយ​ពលរដ្ឋ​ជនជាតិ​ស្បែក​ស​មាន​ចំនួន​ជាង​៥០ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប។

កាលពី​ថ្ងៃទី១៧ ខែ​តុលា នៅក្នុង​ដំណើរការ​សវនាការ​ជា​សាធារណៈ​លើក​ដំបូង​នៃ​សំណុំរឿង​នេះ លោក​ចៅក្រម William Young នៃ​តុលាការ​សហព័ន្ធ​អាមេរិក​ បាន​ច្រាន​ចោល​សំណើរ​របស់​ថ្នាក់​ដឹកនាំ​ក្រុង​ឡូវែល ដែល​សុំ​ឲ្យ​តុលាការ​នេះ​ច្រានចោល​សំណុំ​រឿង​នេះ។

សំណុំរឿង​នេះ បាន​ចោទ​ប្រកាន់​ថា ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ឬ​ហៅ​ថា (At-Large)​ ប៉ះពាល់​ដល់​សំឡេង​ឆ្នោត​របស់​ក្រុម​ពលរដ្ឋ​ជនជាតិ​ភាគតិច និង​បង្ក​ជា​ឧបសគ្គ​នានា​ដល់​ភាព​ជោគជ័យ​នៃ​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​បេក្ខជន​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច។

សេចក្តី​សម្រេច​របស់​លោក​ចៅក្រម William Young មាន​ន័យ​ថា ថ្នាក់​ដឹកនាំ​ក្រុង​ឡូវែល​ អាច​នឹង​ឡើង​សវនាការ​តទល់​ជាមួយ​នឹង​ពលរដ្ឋ​ជនជាតិ​ភាគតិច​មួយ​ចំនួន។

លោក Oren Sellstrom មេធាវី​ម្នាក់​នៃ​ដើម​បណ្តឹង និង​ជា​នាយក​ផ្នែក​បណ្តឹង​វិវាទ​នៃ​គណៈកម្មាធិការ​មេធាវី​ដើម្បី​សិទ្ធិ​ពលរដ្ឋ និង​យុត្តិធម៌​ខាង​សេដ្ឋកិច្ច (Lawyers' Committee for Civil Rights and Economic Justice) បាន​ឲ្យ​ដឹង​ថា សេចក្តី​សម្រេច​នេះ​ត្រូវបាន​រំពឹង​ទុក​ដោយ​ក្រុម​មេធាវី​របស់​លោក។ ក៏​ប៉ុន្តែ លោក​បាន​បញ្ជាក់​ថា កាល​បរិច្ឆេទ​នៃ​ដំណើរការ​សវនាការ​នេះ​មិនទាន់​ត្រូវបាន​កំណត់​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្តី សំណុំរឿង​ក្តីក្តាំ​នេះ នឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ក្នុង​ក្រុង​នា​ឆ្នាំ​នេះ​ទេ ហើយ​ក៏​មិន​ធានា​ថា បេក្ខជន​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ​ទេ។

នៅក្នុង​ចំណោម​បេក្ខជន​ចំនួន​១៨នាក់ ដែល​នឹង​ត្រូវបាន​ជ្រើសរើស​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង គេ​ឃើញ​មាន​បេក្ខជន​ជនជាតិ​ភាគតិច​ខ្មែរ​អាមេរិកាំង​ពីរ​រូប រួម​មាន លោក នួន វាសនា និង​លោក ចៅ សុខារី។

បេក្ខជនដែលបានឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាក្រុងឡូវែល ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យ)
បេក្ខជនដែលបានឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាក្រុងឡូវែល ឆ្នាំ២០១៧។ (រូបថតផ្តល់ឲ្យ)

ប្រជាសាស្ត្រ និង​ភូមិសាស្ត្រ

ពាក្យ​ស្នើ​សុំ​របស់​ថ្នាក់​ដឹកនាំ​ក្រុង កាលពីថ្ងៃទី១៥ ខែ​កញ្ញា បាន​អះអាង​ថា ដើម​បណ្តឹង​នៃ​រឿង​ក្តី​នេះ មិន​អាច​កំណត់​បាន​ថា «‍នៅ​ទីក្រុង​ឡូវែល មាន​តំបន់​មួយ​ដែល​មាន​ទំហំ​ធំ​គួរ​សម ដែល​មាន​ពលរដ្ឋ​ជនជាតិ​ភាគតិច​មាន​ចំនួន​ច្រើន​ប្រមូល​ផ្តុំ​គ្នា​បាន​ទេ»។

ក៏​ប៉ុន្តែ នៅក្នុង​ចំណោម​តំបន់​ចំនួន​១១នៃ​ក្រុង​ឡូវែល​នេះ គេ​ឃើញ​មាន​តំបន់​បី ដែល​ពោរពេញ​ដោយ​ពលរដ្ឋ​ជនជាតិ​ភាគតិច ហើយ​ផ្នែក​ខ្លះ​នៃ​តំបន់​ទាំង​បី​នេះ អាច​គូស​ជា​តំបន់​មួយ ដែល​មាន​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី និង​អាមេរិកាំង​ដើម​កំណើត​អេស្ប៉ាញ​ច្រើន​បង្អស់។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក​មេធាវី Oren Sellstrom។

បច្ចុប្បន្ន​នេះ សមាជិក​ទាំង​ប្រាំ​បួន​នាក់​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល និង​សមាជិក​ទាំង​ប្រាំ​មួយ​នាក់​នៃ​គណៈកម្មាធិការ​សាលារៀន​ឡូវែល សុទ្ធ​តែ​ជា​ពលរដ្ឋ​ជនជាតិ​ស្បែក​ស។ តាំង​ពី​ឆ្នាំ​១៩៩៨​មក ពលរដ្ឋ​ជនជាតិ​ភាគតិច​ចំនួន​បួននាក់​ប៉ុណ្តោះ ត្រូវបាន​ជ្រើស​តាំង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ក្រុង។

លោក Rodney Elliott សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ក្រុង​ឡូវែល​បច្ចុប្បន្ន ដែល​កំពុង​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​ថ្មី​ម្តង​ទៀត បាន​ប្រាប់ VOA ថា៖ «‍ខ្ញុំ​គិត​ថា យើង​ចាំបាច់​ត្រូវតែ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ក្រុង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វា​អាច​ឆ្លុះ​បញ្ចាំង​ពី​ពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់នានា​ក្នុង​ក្រុង»។

កាលពី​ឆ្នាំ​២០០៩ សមាជិក​ក្រុម​ប្រឹក្សា​ក្រុង​រូបនេះ ធ្លាប់​បាន​លើក​យក​បញ្ហា​ប្រព័ន្ធ​បោះឆ្នោត​នេះ​ឲ្យ​ក្រុម​ប្រឹក្សា​ក្រុង​ទាំង​មូល​ពិភាក្សា​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ក៏​ប៉ុន្តែ​កិច្ច​ខំ​ប្រឹងប្រែង​របស់​លោក​ត្រូវបាន​បរាជ័យ ដោយសារ​តែ​សមាជិក​ផ្សេងៗ​ទៀត​មិន​គាំទ្រ​ការ​ផ្តួចផ្តើម​នេះ រហូត​ដល់​ពេល​ពលរដ្ឋ​ជនជាតិ​ភាគតិច​មួយ​ចំនួន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ។

ទាក់ទង​នឹង​ការ​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​នេះ អ្នក​ជំនាញ​ខាង​ច្បាប់​បោះឆ្នោត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ជា​រដ្ឋ​មួយ​ដែល​មាន​ចំនួន​ប្រជា​ពលរដ្ឋ​ចម្រុះ​ពូជសាសន៍​ច្រើន​ជាង​គេ​បង្អស់​នៅក្នុង​សហរដ្ឋ​អាមេរិក​នេះ បាន​លើក​ឡើង​អំពី​កត្តា​ប្រឈមនានា​នៅក្នុង​សំណុំ​រឿង​បែប​នេះ។

លោក Rick Hasen សាស្ត្រាចារ្យ​ខាង​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ នៃ​សាកល​វិទ្យាល័យ​ច្បាប់ UC Irvine បាន​មាន​ប្រសាសន៍​ថា៖ «‍វា​មិន​មែន​ជាការ​ងាយ​ស្រួល​ទេ ក្នុង​ការ​យក​ឈ្នះ​បណ្តឹង​ស្តី​ពី​សិទ្ធិ​បោះឆ្នោត​នេះ បើ​ទោះបី​ជា​ប្រជាពលរដ្ឋ​ភាគតិច​ [នៅក្នុង​ក្រុង​នោះ] មាន​ចំនួន​ច្រើន​ក៏​ដោយ»។

លោក​បាន​បញ្ជាក់​ថា ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​នេះ រើស​អើស​អ្នក​បោះឆ្នោត​ជនជាតិ​ភាគតិច​ «‍នៅ​ពេល​ដែល​ការ​បោះឆ្នោត​មាន​ការ​បែក​ខ្ញែក​តាម​លក្ខណៈ​ពូជសាសន៍»។ លោក​សាស្ត្រាចារ្យ Hasen បាន​បន្ថែម​ថា ក្នុង​ករណី​ដែល​ពលរដ្ឋ​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​ទំនង​ជា​បោះឆ្នោត​ឲ្យ​បេក្ខជន​ទូទៅ ដោយ​មិន​ប្រកាន់​ពូជសាសន៍ នោះ​ប្រព័ន្ធ​បោះឆ្នោត​តាម​តំបន់ មាន​លក្ខណៈ​យុត្តិធម៌​ជាងប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង។

ក្រាហ្វិកបង្ហាញពីចំនួនប្រជាជនសរុបនៃទីក្រុងឡូវែលតាមរយៈពូជសាសន៍ពីឆ្នាំ១៩៨០ដល់ឆ្នាំ២០១៥។ (រូបថតដកស្រង់)
ក្រាហ្វិកបង្ហាញពីចំនួនប្រជាជនសរុបនៃទីក្រុងឡូវែលតាមរយៈពូជសាសន៍ពីឆ្នាំ១៩៨០ដល់ឆ្នាំ២០១៥។ (រូបថតដកស្រង់)

ពាក្យ​បណ្តឹង​ស្រដៀង​គ្នា​នៅ​តាម​ទីក្រុង​ផ្សេងៗ

ពាក្យ​បណ្តឹង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​នៅ​ទីក្រុង​ឡូវែល​នេះ មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ។ នៅ​តាម​ទីក្រុង​តូចៗ​ជាច្រើន​ ដែល​ពលរដ្ឋ​ជនជាតិ​ភាគតិច​មាន​ចំនួន​ស្ទើរ​តែ​ស្មើ​នឹង​ចំនួន​ពលរដ្ឋ​ជនជាតិ​ស្បែក​ស គេ​ឃើញ​មាន​ពលរដ្ឋ​ជនជាតិ​ភាគតិច​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​សហព័ន្ធ ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ដឹកនាំ​ក្រុង។

ចលនា​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នេះ​មាន​សកម្មភាព​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ទីក្រុង​មួយ​ចំនួន​ធំ​នៅ​ក្នុង​រដ្ឋ​នេះ បាន​ផ្លាស់​ប្តូរ​ប្រព័ន្ធ​បោះឆ្នោត និង​ប្រព័ន្ធ​ដឹកនាំ​ក្រុង​របស់​ខ្លួន ស្រប​ពេល​ដែល​លក្ខណៈ​ប្រជាសាស្ត្រ​របស់​ក្រុង​បាន​ផ្លាស់ប្តូរ។

លោក Hasen បាន​លើក​ឡើង​ថា ការ​ផ្លាស់ប្តូរ​នេះ មិន​បាន​កើត​ឡើង​ដោយ​សារ​តែ​«‍សកម្មភាព​នយោបាយ​ក្នុង​តំបន់​ធម្មតា​នោះ​ទេ។ ជាក់​ស្តែង ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្តឹង​ យោង​តាម​ច្បាប់​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ ស្តីពី​សិទ្ធិ​បោះឆ្នោត»។

ឧទាហរណ៍ នៅ​ឆ្នាំ​២០១៥ ទីក្រុង Garden Grove នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ​បាន​ប្រឈម​នឹង​ពាក្យ​បណ្តឹង​ស្តី​ពី​សិទ្ធិ​បោះឆ្នោត នៅ​ពេល​ដែល​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អេស្ប៉ាញ ដែល​មាន​ចំនួន​ជាង​៣៦ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​សរុប​នៃ​ក្រុង​នេះ បាន​ប្តឹង​ទៅ​តុលាការ​សុំ​ឲ្យ​ទីក្រុង​នេះ​ ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​ចេញ។

នៅ​ឆ្នាំ​២០១៦ ក្រុម​ប្រឹក្សា​ក្រុង Garden Grove បាន​សម្រេច​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង ទៅ​អនុវត្ត​ប្រព័ន្ធ​បោះឆ្នោត​តាម​តំបន់ ដោយ​បាន​បញ្ចប់​រឿង​ក្តីក្តាំ​នោះ​ជា​ស្ថាពរ។

អ្នកស្រី Stephanie Klopfenstein សមាជិក​ក្រុម​ប្រឹក្សា​ក្រុង Garden Grove ដែល​ត្រូវបាន​ជ្រើសតាំង​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៦ បាន​ប្រាប់ VOA តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីម៉ែល​ ថា ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ក្រុង​ជា​រឿង​ល្អ។

អ្នកស្រី​បាន​លើក​ឡើង​ថា៖ «‍ការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​បោះឆ្នោត​ទូទាំង​ក្រុង​នេះ នឹង​ផ្តល់​ឱកាស​ប្រសើរ​ជាង​មុន​ ដើម្បី​ឲ្យ​មាន​តំណាង​អ្នក​ដឹកនាំ​មក​ពី​សហគមន៍​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អេស្ប៉ាញ នៅក្នុង​ក្រុម​ប្រឹក្សា​ក្រុង»។

ជាមួយ​គ្នា​នោះ លោក Tyler Diep សមាជិក​ក្រុម​ប្រឹក្សា​ក្រុង Westminster នៃ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​វៀតណាម បាន​ក្រើន​រំលឹក​សាធារណជន​ អំពី​ប្រព័ន្ធ​បោះឆ្នោត​តាម​តំបន់​ថា៖

«‍វា​ជា​រឿង​ល្អ ដែល​គេ​អាច​អនុញ្ញាត​ឲ្យមាន​តំណាង​អ្នក​ដឹកនាំ​មក​ពី​សហគមន៍​ជនជាតិ​ភាគតិច​នៅ​តំបន់​មួយ​នោះ ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​ត្រូវ​មាន​សមត្ថភាព​ល្អ​ប្រសើរ​ដែរ»៕

XS
SM
MD
LG