អ្នកគាំទ្រលោក នួន វាសនា ដែលជាប់ជាសមាជិកក្រុមប្រឹក្សាក្រុង Lowell បួនអាណត្តិមកហើយនោះ បានប្រមូលផ្តុំគ្នានៅសាលាក្រុងទាមទារឱ្យក្រុងប្រឹក្សាក្រុងនេះ ជ្រើសតាំងលោក នួន វាសនា ជាអភិបាលក្រុងនេះ នៅពេលប្រឹក្សាក្រុងធ្វើការបោះឆ្នោតជ្រើសតាំងអភិបាលក្រុងដែលគ្រោងធ្វើនៅដើមខែមករា ឆ្នាំ២០២២។ ពួកគេបានប្រកាសប្រឆាំងគម្រោងមិនផ្លូវការជ្រើសតាំងលោក ចៅ សុខារី សមាជិកក្រុមប្រឹក្សាក្រុងដែលទើបជាប់នៅអាណត្តិទី២ពីមណ្ឌលសង្កាត់លេខ៦ ធ្វើជាអភិបាលក្រុងនេះ ហើយអាចនឹងក្លាយជាជនជាតិខ្មែរអាមេរិកាំងទីមួយដែលក្លាយជាអភិបាលក្រុងនៅសហរដ្ឋអាមេរិក។
អ្នកស្រី ពៅ បុប្ផា អ្នកតវ៉ា មានវោហាស័ព្ទឡើងប្រកាសថា៖
«ជាបឋមខ្ញុំសូមអរគុណអ្នកបោះឆ្នោតនិងអ្នកគាំទ្រលោក នួន វាសនា ទាំងអស់ដែលមកទីនេះ នៅថ្ងៃនេះ។ ទោះបីជាត្រជាក់ តែយើងក្តៅក្នុងចិត្តរបស់យើងណាស់ ពីព្រោះវាមិនប្រជាធិបតេយ្យសោះ និងជាការឃុបឃិតអាក្រក់ណាស់»។
ដោយយោងតាមចំនួនអាណត្តិ និងចំនួនសន្លឹកឆ្នោតដែលលោក នួន វាសនា ទទួលបាន ៦១៧៩ សំឡេង និងលោក ចៅ សុខារី ទទួលបាន៧៥៨សំឡេង អ្នកស្រីបន្តថា៖
«សូម្បីតែក្មេងក៏អាចដឹងថា ចំនួនណាច្រើនចំនួនណាតិចដែរ។ ហេតុអ្វីសមាជិកក្រុមប្រឹក្សា៩ ឬ៨នាក់នេះ បោះឆ្នោត មិនមើលសំឡេងឆ្នោត? សូម្បីក្មេង ក៏យល់ ក្មេងក៏យកចំនួនច្រើនដែរ។ តើអ្នកឯងពន្យល់រឿងនេះប្រាប់កូនថាម៉េច នៅពេលអ្នកប្រព្រឹត្តអយុត្តិធម៌ចំពោះអ្នកណាម្នាក់។ តើអ្នកធ្វើជាអ្នកដឹកនាំយ៉ាងម៉េច?»
វីអូអេព្យាយាមទាក់ទងលោក ចៅ សុខារី តាមទូរស័ព្ទ តែមិនអាចទាក់ទងបាន រួមទាំងសារតាមទូរស័ព្ទផង។ វីអូអេ ក៏បានព្យាយាមទាក់ទងលោក យ៉ែម ផលរដ្ឋា ដែលជាប់ជាក្រុមប្រឹក្សាអាណត្តិទី១ ហើយក៏មិនអាចទាក់ទងបានដែរ។ ក្រោយមកអ្នកជួយលោកក្នុងការឃោសនារកសំឡេងឆ្នោតបានប្រាប់វីអូអេថា លោកមិនស្រួលខ្លួន។
លោក ខឹម ច័ន្ទថា ដែលមិនបានចូលរួម ហើយក៏មិនប្រឆាំងការតវ៉ានេះ បានប្រាប់វីអូអេថា ការទាមទារនេះ អាចនឹងពិបាកទទួលបានលទ្ធផល ព្រោះក្រុមប្រឹក្សាទាំងនោះ មានសិទ្ធិសម្រេចតាមច្បាប់បោះឆ្នោត។ លោកនិយាយថា បាតុកម្ម អាចមានលទ្ធផល បើទាមទារឱ្យធ្វើវិសោធនកម្មច្បាប់ជ្រើសរើសអភិបាលក្រុងដែលមានសំឡេងឆ្នោតច្រើនជាងគេ។
វិចិត្រករដែលទទួលបានសិទ្ធិជ្រកកោណនយោបាយដោយសារលោកគូរគំនូររិះគន់វិសមភាពសង្គមនៅប្រទេសកម្ពុជា បានឱ្យដឹងថា លោកដឹងតាំងពីមុនមកហើយថា ការមិនសាមគ្គីគ្នារវាងខ្មែរនិងខ្មែរ នឹងនាំឱ្យមានបញ្ហានេះ។
«ខ្ញុំក៏បានជួយក្នុងការបោះឆ្នោតហ្នឹងដែរ ហើយយើងឃើញថា ខ្មែរយើងជាប់បីនាក់ហ្នឹងខ្ញុំសប្បាយចិត្តណាស់ ហើយខ្ញុំក៏បានជូនយោបល់ដោយសារខ្ញុំខ្លាចបាត់បង់ឱកាស ហើយខ្ញុំមើលឃើញថា នឹងមានបញ្ហាហ្នឹងកើតឡើង។ ហើយខ្ញុំបានជូនយោបល់ថា យើងគួរតែជុំគ្នាបាយទឹកជាមួយគ្នា ចរចាគ្នាទៅ ហើយយើងប្តូរវេនគ្នាក្នុងការធ្វើកិច្ចការហ្នឹងទៅ។ ឧទាហរណ៍ថា អាណត្តិនេះ បងវាសនាគាត់ចាស់ជាងឱ្យគាត់ធ្វើមុនទៅ ឬក៏សុខារីធ្វើមុន ឬបងរដ្ឋាធ្វើមុន។ យើងជជែងគ្នាទៅណា៎។ ប៉ុន្តែគ្រាន់តែវាមិនបានជោគជ័យ»។
ក្រុមអ្នកតវាប្រកាសថា នឹងធ្វើការតវ៉ាម្តងទៀតនៅថ្ងៃអាទិត្យទី២ ខែមករា ឆ្នាំ២០២២ មុនក្រុមប្រឹក្សាក្រុងនេះ ធ្វើការសម្រេចជ្រើសតាំងអភិបាលក្រុងជាផ្លូវការនៅដើមឆ្នាំក្រោយ។
វីអូអេនឹងព្យាយាមជាថ្មីទៀត សុំការឆ្លើយតបពីលោក ចៅ សុខារី និងក្រុមប្រឹក្សាក្រុង ក្រោយពីមានការសម្រេចជាផ្លូវការជ្រើសរើសអភិបាលក្រុងនេះ៕