បេក្ខជនខ្មែរអាមេរិកាំងដែលបានឃោសនាបោះឆ្នោតឲ្យវិទ្យាល័យឡូវែលទទួលបានការជួសជុល ជាជាងផ្លាស់ទីវិទ្យាល័យនេះទៅទីតាំងថ្មី បានស្ថិតនៅក្នុងចំណោមបេក្ខជនដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក។ បញ្ហាជួសជុល ឬផ្លាស់ទីវិទ្យាល័យឡូវែលនេះ បានក្លាយជាអាទិភាពខ្ពស់បំផុតរបស់អ្នកបោះឆ្នោតនៅក្រុងឡូវែល ដែលមានពលរដ្ឋខ្មែរជាងបីម៉ឺននាក់រស់នៅ នេះបើយោងតាមលទ្ធផលនៃការបោះឆ្នោតបឋម ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២៦ ខែកញ្ញាកន្លងទៅនេះ។
លទ្ធផលនៃការបោះឆ្នោតបឋមជ្រើសរើសក្រុមប្រឹក្សាក្រុង នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាង៣០០០០នាក់រស់នៅ បានបង្ហាញឲ្យឃើញថា បេក្ខជនខ្មែរអាមេរិកាំងពីររូបបានឈ្នះការបោះឆ្នោតបឋម ហើយបន្តទៅការបោះឆ្នោតផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ។
សព្វថ្ងៃនេះ សមាជិកក្រុមប្រឹក្សាក្រុងទាំង៩នាក់ នៅទីក្រុងឡូវែលនេះ គឺជាពលរដ្ឋអាមេរិកាំងស្បែកស បើទោះបីជាប្រជាពលរដ្ឋនៃសហគមន៍ជនជាតិភាគតិចមានចំនួនស្ទើរតែស្មើនឹងចំនួនពលរដ្ឋអាមេរិកាំងស្បែកសក្តី គឺស្មើនឹង៤៩.២ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប ១១០,៥៥៨នាក់។ នៅក្នុងនោះ ចំនួនប្រជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ គឺជាង២១ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។
ក៏ប៉ុន្តែ ក្តីសង្ឃឹមដែលថា នឹងមានសមាជិកមកពីសហគមន៍ជនជាតិភាគតិចនឹងឈ្នះការបោះឆ្នោតនេះ ហើយក្លាយជាសមាជិកនៃក្រុមប្រឹក្សាក្រុងឡូវែល ត្រូវបានស្មុគស្មាញដោយសារតែបញ្ហាចម្រូងចម្រាសលើវិទ្យាល័យឡូវែល។
វិទ្យាល័យឡូវែល ដែលបានយកសំណង់អគារចាស់ៗនៃរោងចក្រអាឈើតំាងពីដើមទសវត្សរ៍១៩០០ មកធ្វើជាសំណង់អគារសាលារៀន ត្រូវការការជួសជុលថ្មី ឬក៏ត្រូវផ្លាស់ទីទៅទីតាំងថ្មី។ នៅថ្ងៃទី២០ ខែមិថុនាកន្លងទៅនេះ ក្រុមប្រឹក្សាក្រុងឡូវែលបានបោះឆ្នោតសម្រេចថា វិទ្យាល័យនេះនឹងផ្លាស់ទីទៅទីតាំងថ្មីនៅទីធ្លាពហុកីឡាដ្ឋាន Cawley Stadium ដែលជាដីរបស់រដ្ឋ នៅភូមិ Belvidere។ សេចក្តីសម្រេចនេះ បានទទួលទាំងការគាំទ្រ និងការមិនគាំទ្រ ដែលបង្កជាបញ្ហាចម្រូងចម្រាសមួយ។
លទ្ធផលនៃការបោះឆ្នោតបឋមជ្រើសរើសសមាជិកក្រុមប្រឹក្សាក្នុងអណត្តិថ្មីនេះ បង្ហាញថា ពលរដ្ឋជាច្រើននាក់ ជាពិសេសពលរដ្ឋមកពីភូមិ Belvidere មិនគាំទ្រការផ្លាស់ទីវិទ្យាល័យនេះទេ។ ការណ៍នេះ មានន័យថា បេក្ខជនដែលបានឃោសនាដើម្បីឲ្យវិទ្យាល័យនេះទទួលបានការជួសជុល និងស្ថិតនៅទីប្រជុំជននៃក្រុងឡូវែលនេះដដែល ទទួលបានសំឡេងគាំទ្រច្រើន។
ជាក់ស្តែង ក្នុងចំណោមបេក្ខជនដែលបានឈ្នះសំឡេងឆ្នោតច្រើន ហើយជាប់ក្នុងលំដាប់លេខរៀងខ្ពស់ពីលេខរៀងទី១ដល់លេខរៀងទី៩នោះ បេក្ខជន៦នាក់ រួមទាំងបេក្ខជនខ្មែរអាមេរិកាំងម្នាក់ដែរ គឺជាអ្នកដែលគាំទ្រឲ្យមានការជួសជុលវិទ្យាល័យឡូវែល ជាជាងផ្លាស់ទីនៃវិទ្យាល័យនេះទៅទីតាំងថ្មី។ សម្រាប់ការបោះឆ្នោតផ្តាច់ព្រ័ត្រ បេក្ខជនចំនួនតែ៩នាក់ប៉ុណ្ណោះ ក្នុងចំណោមបេក្ខជនសរុបចំនួន១៨នាក់នេះ ដែលបានឈ្នះការបោះឆ្នោតបឋម នឹងត្រូវបានបោះឆ្នោតជ្រើសរើសឲ្យក្លាយជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលនៅខែវិច្ឆិកាខាងមុខនេះ។
លោក លាង ស៊ីដនី សកម្មជនសហគមន៍ខ្មែរម្នាក់ និងជាប្រធានគម្រោងស្តីពីសិទ្ធិពលរដ្ឋប្រចាំមជ្ឈមណ្ឌលសុខភាព Lowell Health Center បានភ្ញាក់ផ្អើលនឹងចំនួនពលរដ្ឋដែលបានចេញទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋម ដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅនេះ។ លោកយល់ថា ការណ៍នេះ គឺដោយសារតែបញ្ហាចម្រូងចម្រាសរបស់វិទ្យាល័យឡូវែល។
«ការបោះឆ្នោតយប់មិញធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើលមួយដែរ ឃើញថា នេះគឺជាលើកដំបូងដែលអ្នកដែលបានមកបោះឆ្នោតជម្រុះនឹងច្រើនជាងធម្មតា»។
ពលរដ្ឋចំនួន ៧៦៨០នាក់ បានចេញទៅបោះឆ្នោតបឋមក្នុងឆ្នាំ២០១៧នេះ គឺកើនឡើងលើសថ្វេរដង បើធៀបនឹងអ្នកចេញទៅបោះឆ្នោតបឋមកាលពីឆ្នាំ២០១៥ ដែលមានចំនួន ៣៩១៥នាក់។
លោក លាង ស៊ីដនី យល់ថា បេក្ខជនដែលមិនបានប្រកាសជំហររបស់ខ្លួនលើបញ្ហាវិទ្យាល័យឡូវែលនេះ ឬមិនហ៊ានប្រកាសជំហររបស់ខ្លួនជាសាធារណៈ ឬមិនគាំទ្រការជួសជុលវិទ្យាល័យដ៏វ័យចំណាស់នេះ បានចាញ់ការបោះឆ្នោតបឋម ឬក៏ទទួលបានសំឡេងគាំទ្រតិចជាងបេក្ខជនដែលបានគាំទ្រការជួសជុលវិទ្យាល័យឡូវែលនេះ។
លោក ស៊ីដនី ក៏ជឿជាក់ថា បញ្ហាវិទ្យាល័យឡូវែលនេះ នឹងនៅតែជាអាទិភាពខ្ពស់របស់ពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតផ្តាច់ព្រ័ត្រខាងមុខនេះ។
លោក ចៅ សុខារី បេក្ខជនខ្មែរអាមេរិកាំងម្នាក់ ដែលបានជាប់ក្នុងលេខរៀងទី១៥ ហើយបានឈានទៅដល់ការបោះឆ្នោតផ្តាច់ព្រ័ត្រ បានប្រាប់ VOA ថា លទ្ធផលនៃការបោះឆ្នោតបឋមនេះ មិនបានឆ្លុះបញ្ចាំងសំឡេងអ្នកបោះឆ្នោតទាំងស្រុងនោះទេ។
លោកបានបកស្រាយថា ការណ៍នេះ គឺដោយសារតែជាង៣៨ភាគរយ នៃចំនួនអ្នកដែលបានចុះឈ្មោះ ហើយបានទៅបោះឆ្នោតបឋមនេះ គឺជាពលរដ្ឋមកពីភូមិ Belvidere ដែលភាគច្រើនជាអ្នកគាំទ្រឲ្យមានការជួសជុលវិទ្យាល័យឡូវែលនេះ។
លោក ចៅ សុខារី បានប្រាប់ VOA ថា៖ «ខ្ញុំខកចិត្ត ដែលឃើញថា បេក្ខជនដែលទទួលបានសំឡេងគាំទ្រច្រើន និងជាប់ក្នុងលេខរៀងលំដាប់ខ្ពស់ គឺដោយសារតែបញ្ហាតែមួយគត់ គឺការគាំទ្ររបស់ពួកគេឲ្យវិទ្យាល័យឡូវែលស្ថិតនៅទីតាំងនៅទីប្រជុំជនដដែល»។
លោក ចៅ សុខារី គឺជាបេក្ខជនខ្មែរអាមេរិកាំងម្នាក់ ដែលបានគាំទ្រឲ្យវិទ្យាល័យឡូវែលផ្លាស់ទីទៅទីតាំងថ្មី នៅទីធ្លាពហុកីឡាដ្ឋាន Cawley Stadium នៅភូមិ Belvidere។ លោកបានបន្ថែមថា បើសិនជាបញ្ហាវិទ្យាល័យនេះ មិនមានភាពចម្រូងចម្រាសខ្លាំង នោះរូបលោកនឹងទទួលបានសំឡេងគាំទ្រច្រើនជាងនេះ និងជាប់ក្នុងលេខរៀងខ្ពស់ជាងនេះ ដោយលោកអះអាងថា ពលរដ្ឋគ្រប់សហគមន៍ចម្រុះពូជសាសន៍គាំទ្ររូបលោកច្រើន។
ទោះជាយ៉ាងណាក៏ដោយ យោងតាមព័ត៌មានក្នុងក្រុង បើសិនជាពលរដ្ឋនៅភូមិ Belvidere មិនបានទៅបោះឆ្នោតទេ គេឃើញថា លទ្ធផលបោះឆ្នោតបឋមនេះ នៅតែបង្ហាញថា បេក្ខជន៥នាក់ក្នុងចំណោមបេក្ខជន៩នាក់ក្នុងលេខរៀងលំដាប់ខ្ពស់បង្អស់ នៅតែជាបេក្ខជនដែលបានគាំទ្រឲ្យមានការជួសជុលវិទ្យាល័យឡូវែល និងរក្សាទីតាំងនៃវិទ្យាល័យនេះឲ្យនៅទីប្រជុំជនក្នុងក្រុងដដែល។
លោក នួន វាសនា អតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែលម្នាក់ ដែលបានបម្រើការងារនៅសាលាក្រុងនេះបានមួយអណត្តិនៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ បានត្រេកអរនឹងលទ្ធផលនៃការបោះឆ្នោតបឋមនេះ។ លោក គឺជាបេក្ខជនខ្មែរអាមេរិកាំងម្នាក់គត់ ក្នុងចំណោមបេក្ខជនខ្មែរអាមេរិកាំងចំនួនបួននាក់ ដែលបានគាំទ្រការជួសជុលវិទ្យាល័យឡូវែល។
លោកបានប្រាប់ VOA ថា បញ្ហាចម្រូងចម្រាសនៃវិទ្យាល័យឡូវែលនេះ ដើរតួនាទីខ្លាំងនៅក្នុងការបោះឆ្នោតបឋមនេះ «ដោយសារតែវាបានប៉ះពាល់ខ្លាំងដល់ពលរដ្ឋជាច្រើននាក់» នៅក្នុងក្រុងឡូវែលនេះ។ ហើយនេះគឺជាការពិតមួយ ដែលលោកយល់ថា បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ ត្រូវទទួលស្គាល់។
«ការពិត គឺការពិតហើយ ព្រោះអីយើងជាអ្នកក្រុមប្រឹក្សាក្រុង យើងត្រូវស្តាប់មតិប្រជាពលរដ្ឋ ហើយអាហ្នឹងបង្ហាញថា ប្រជាពលរដ្ឋគាត់តបតមកវិញហើយហ្នឹង»។
លោក នួន វាសនា បានបន្តថា បើសិនជាលោកឈ្នះការបោះឆ្នោតផ្តាច់ព្រ័ត្រ ហើយក្លាយជាសមាជិកក្រុមប្រឹក្សាក្រុង លោកនឹងជំរុញឲ្យវិទ្យាល័យឡូវែលនេះទទួលបានការជួសជុលថ្មី ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សវិទ្យាល័យជាង៣០០០នាក់ ដែលក្នុងនោះ ៧០ភាគរយ គឺជាសិស្សមកពីសហគមន៍ជនជាតិភាគតិច រួមមានសហគមន៍ខ្មែរអាមេរិកាំងផងដែរ។
បន្ថែមលើនេះ លោកក៏សង្ឃឹមថា នឹងជំរុញឲ្យថ្នាក់ដឹកនាំនៅក្នុងក្រុមប្រឹក្សាក្រុងឡូវែល យកចិត្តទុកដាក់លើការទាមទារឲ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬហៅថា At Large system ដែលត្រូវបានពលរដ្ឋមកពីសហគមន៍ជនជាតិភាគតិច ដាក់ពាក្យបណ្តឹងនៅតុលាការសហព័ន្ធ ប្រឆាំងនឹងក្រុមប្រឹក្សាក្រុងឡូវែល ដោយចោទថា ប្រព័ន្ធបោះឆ្នោតនេះបានរារាំង និងបង្កជាឧបសគ្គដល់បេក្ខជនមកពីសហគមន៍ជនជាតិភាគតិច ក្នុងការឈ្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ដែលមានសមាជិក៩នាក់ និងសមាជិកគណៈកម្មាធិការសាលារៀន ដែលមានសមាជិកចំនួន៦នាក់។
សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ លោក នួន វាសនា និងលោក ចៅ សុខារី នឹងប្រកួតប្រជែងគ្នាជាមួយនឹងបេក្ខជនអាមេរិកាំងស្បែកសផ្សេងទៀត រួមទាំងសមាជិកក្រុមប្រឹក្សាក្រុងទាំង៩នាក់ ដើម្បីយកតំណែងជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែល។
បើទោះបីជាអ្នកទាំងពីរមានជំហរខុសគ្នាលើបញ្ហាវិទ្យាល័យឡូវែលនេះក្តី ដែលគេយល់ឃើញថា បេក្ខជនដែលគាំទ្រការជួសជុលវិទ្យាល័យ អាចមានឱកាសឈ្នះសំឡេងគាំទ្រច្រើនជាងក្តី ក៏លោក ចៅ សុខារី បានប្រាប់ VOA ថា លោកនៅតែរីករាយ ហើយសង្ឃឹមថា បេក្ខជនដែលជាពលរដ្ឋខ្មែរអាមេរិកាំងយ៉ាងហោចណាស់ម្នាក់ នឹងឈ្នះការបោះឆ្នោតខាងមុខនេះ៕