ពលរដ្ឋនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត ដែលបានចេញទៅបោះឆ្នោតថ្នាក់ក្រុងកាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកានេះ បានបោះឆ្នោតជ្រើសតាំងពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ ឲ្យក្លាយជាសមាជិកម្នាក់នៃក្រុមប្រឹក្សាក្រុងឡូវែល និងពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ទៀត ឲ្យក្លាយជាសមាជិកម្នាក់នៃក្រុមប្រឹក្សាសាលារៀនឡូវែល។
ទាំងពលរដ្ឋអាមេរិកាំងស្បែកស និងពលរដ្ឋខ្មែរអាមេរិកាំង បានត្រេកអរនឹងលទ្ធផលនេះ ដែលបង្ហាញឲ្យឃើញពីភាពចម្រុះពូជសាសន៍ក្នុងជួរដឹកនាំក្រុងឡូវែលនេះ។
នៅក្នុងការបោះឆ្នោតថ្នាក់ក្រុងដ៏មានការប្រកួតប្រជែងខ្លាំងនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត លោក នួន វាសនា ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ បានឈ្នះការបោះឆ្នោតថ្នាក់ក្រុង ហើយបានក្លាយជាសមាជិកម្នាក់នៃក្រុមប្រឹក្សាក្រុងឡូវែលដែលមានសមាជិក៩នាក់។ បន្ថែមលើនេះ លោក ឡាយ ឌូមីនិច (Dominik Lay) ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរម្នាក់ទៀត បានឈ្នះការបោះឆ្នោត ហើយបានក្លាយជាសមាជិកម្នាក់គណៈកម្មាធិការសាលារៀនឡូវែលដែលមានសមាជិក៦នាក់។
នៅទីក្រុងឡូវែលនេះ មានចំនួនពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាង៣ម៉ឺននាក់រស់នៅ។ ការបោះឆ្នោតថ្នាក់ក្រុងឆ្នាំនេះ គេឃើញពលរដ្ឋជាង៩ម៉ឺននាក់បានចេញទៅបោះឆ្នោត។
អ្វីដែលជាលក្ខណៈប្រវត្តិសាស្ត្រនៃការបោះឆ្នោតថ្នាក់ក្រុងឆ្នាំនេះ គឺថា លោក នួន វាសនា ដែលជាអតីតសមាជិកក្រុមប្រឹក្សាក្រុង ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ បានជាប់ក្នុងលំដាប់លេខរៀងទី១នៃបេក្ខជនចំនួន៩នាក់ ដែលត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាក្រុង។ លោកបានទទួលសំឡេងឆ្នោតគាំទ្រច្រើនជាងគេបង្អស់ ក្នុងចំនួនជាង៦៤០០សំឡេង។ ហើយលោក ឡាយ ឌូមីនិច បានក្លាយពលរដ្ឋខ្មែរអាមេរិកាំងលើកដំបូងគេបង្អស់ ដែលបានក្លាយជាសមាជិកនៃគណៈកម្មាធិការសាលារៀននៅទីក្រុងឡូវែលនេះ។
លោក នាង សុវណ្ណដារា ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ រស់នៅក្នុងទីក្រុងឡូវែលជាង៣០ឆ្នាំ បានប្រាប់ VOA ថា ជោគជ័យរបស់បេក្ខជនដែលជាពលរដ្ឋខ្មែរអាមេរិកាំងនេះ បង្ហាញឲ្យឃើញពីសំឡេងរបស់ពលរដ្ឋខ្មែរនៅទីក្រុងឡូវែលនេះ។ លោក សុវណ្ណដារា ក៏សង្ឃឹមថា លោក នួន វាសនា ដែលជាសមាជិកថ្មីម្នាក់នៃក្រុមប្រឹក្សាក្រុង នឹង«ចូលរួមដើម្បីអភិវឌ្ឍទីក្រុងឡូវែល»ទៅមុខទៀត។ លោក ក៏បានបន្ថែមថា ជោគជ័យនេះគឺដោយសារតែគុណសម្បត្តិរបស់លោក នួន វាសនា ដែលបានធ្វើឲ្យពលរដ្ឋអាមេរិកាំងស្បែកស និងពលរដ្ឋជនជាតិភាគតិចនៅក្រុងនេះ ជឿទុកចិត្ត។
លោកបានលើកឡើងថា៖ «គេឃើញទង្វើរបស់គាត់ ដែលគាត់រាក់ទាក់គ្រប់ពូជសាសន៍ ហើយគេគាំទ្រគាត់ ដោយទង្វើរបស់គាត់បានធ្វើពីមុន ដែលគាត់ធ្លាប់បានធ្វើជាក្រុមប្រឹក្សាក្រុងឡូវែលពីមុនមក ហើយលោកនៅតែចូលរួមជាមួយជនជាតិស្បែកស និងសហគមន៍ខ្មែរយើង ដើម្បីឲ្យ [ស្និទ្ធ] ជាប់គ្នា ប្រាស្រ័យទាក់ទងដោះស្រាយលើបញ្ហាអីផ្សេងៗ»។
លោក Rodney Elliott គឺជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលម្នាក់ ដែលត្រូវបានជ្រើសតាំងសារជាថ្មី នៅក្នុងការបោះឆ្នោតដ៏មានការប្រកួតប្រជែងខ្លាំងនាឆ្នាំនេះ។ លោកបានជាប់លេខរៀងទី៧ក្នុងចំណោមសមាជិកថ្មីចំនួន៩នាក់ ដែលត្រូវបានជ្រើសតាំងឲ្យដឹកនាំសាលាក្រុងឡូវែលនេះ។
សមាជិកក្រុមប្រឹក្សាក្រុងរូបនេះ ដែលជាពលរដ្ឋអាមេរិកាំងស្បែកស បានប្រាប់ VOA ថា លទ្ធផលនៃការបោះឆ្នោតឆ្នាំនេះ មានលក្ខណៈប្រកួតប្រជែងខ្លាំង។ លោករីករាយនឹងលទ្ធផលនៃការបោះឆ្នោតនេះ ហើយលោកបានសង្កត់ធ្ងន់ពីការមានតំណាងនៃសហគមន៍ខ្មែរនៅក្នុងជួរដឹកនាំក្រុងឡូវែលនៅអាណត្តិថ្មីនេះ។
លោក Rodney Elliott បានលើកឡើងថា៖
«ខ្ញុំគិតថា ថ្ងៃនេះគឺជាថ្ងៃប្រវត្តិសាស្ត្រនៅក្នុងទីក្រុងយើង។ យើងមានខ្មែរជាតំណាងរាស្ត្រប្រចាំរដ្ឋ ហើយ[ឥឡូវ] យើងមានខ្មែរជាសមាជិកក្រុមប្រឹក្សាក្រុង និងខ្មែរជាសមាជិកគណៈកម្មាធិការសាលារៀន។ នេះគឺជារឿងល្អដល់ទីក្រុងយើង។ ខ្ញុំគិតថា នេះគឺជាសារមួយដ៏សំខាន់ ដែលថា យើងទាំងអស់គ្នា គឺរួមគ្នាជាទីក្រុងតែមួយ ហើយដូច្នេះយើងនាំគ្នារួបរួមគ្នា យោគយល់គ្នា និងធ្វើការរួមគ្នា»។
លោក Elliott ដែលជាអតីតចៅហ្វាយក្រុងឡូវែល បានសង្កេតឃើញថា ពលរដ្ឋនៅទីក្រុងឡូវែលជាច្រើននាក់បានចេញមកបោះឆ្នោត ហើយនេះគឺដោយសារតែបញ្ហាចម្រូងចម្រាស់នៃការផ្លាស់ទីវិទ្យាល័យឡូវែល។ លោកបានបញ្ជាក់ថា តាមរយៈលទ្ធផលនៃការបោះឆ្នោត ពលរដ្ឋមួយភាគធំមិនគាំទ្រឲ្យមានការផ្លាស់ទីវិទ្យាល័យឡូវែលនេះទេ។
យោងតាមសារព័ត៌មានក្នុងក្រុងឈ្មោះ Lowell Sun ក្នុងចំណោមបេក្ខជនចំនួន៩នាក់ ដែលត្រូវបានជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាក្រុងអាណត្តិថ្មីនេះ បេក្ខជន៧នាក់ គឺជាអ្នកគាំទ្រឲ្យវិទ្យាល័យឡូវែលនេះ ស្ថិតនៅកណ្តាលក្រុងឡូវែលដដែល។
លោក ចៅ សុខារី គឺជាបេក្ខជនខ្មែរអាមេរិកាំងម្នាក់ដែលបានប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងឡូវែលអាណត្តិថ្មីនេះ ក៏ប៉ុន្តែលោកមិនបានជាប់ជាសមាជិកក្រុមប្រឹក្សាក្រុងទេ។ លោក សុខារី បានប្រាប់ VOA ថា លោកបានខកចិត្តដែលលោកមិនបានទទួលជោគជ័យសម្រាប់ការឈរឈ្មោះជាបេក្ខជនរបស់លោកជាលើកដំបូងនេះ។ លោកបានអះអាងថា នេះគឺដោយសារតែបញ្ហាផ្លាស់ទីវិទ្យាល័យឡូវែល ដែលគ្របដណ្តប់ខ្លាំងបំផុតក្នុងការបោះឆ្នោតឆ្នាំនេះ ហើយពលរដ្ឋភាគច្រើនបានបោះឆ្នោតឲ្យបេក្ខជនណាដែលគាំទ្រឲ្យវិទ្យាល័យនេះ ស្ថិតនៅទីតាំងដដែល។
យោងតាមសារព័ត៌មានដដែលនេះ អ្នកបោះឆ្នោតប្រមាណជិត៦០ភាគរយនៃចំនួនអ្នកបោះឆ្នោតសរុបជាង៩ម៉ឺននាក់ គឺចេញពីតំបន់ Belvidere ដែលអ្នកទាំងនោះគាំទ្រឲ្យវិទ្យាល័យឡូវែលនេះស្ថិតនៅទីតាំងនៅកណ្តាលក្រុងដដែល។
ទោះជាយ៉ាងណាក្តី លោក ចៅ សុខារី បានបញ្ជាក់ថា លោកអបអរសាទរ និងមានមោទនភាពចំពោះលោក នួន វាសនា ដែលបានជាប់ជាសមាជិកម្នាក់នៃក្រុមប្រឹក្សាក្រុងឡូវែល និងលោក ឡាយ ឌូមីនិច ដែលបានជាប់ជាសមាជិកម្នាក់នៃគណៈកម្មាធិការសាលារៀន។
លោកបានបញ្ជាក់ថា៖ «យើងចង់បង្ហាញអំពីសហគមន៍យើង ដែលជាខ្មែរអាមេរិកាំងនៅក្រុងនេះ។ ការណ៍ដែលយើងអាចបង្កើតមូលដ្ឋានគ្រឹះរបស់យើងនៅក្នុងក្រុងនេះ យើងចាំបាច់ត្រូវរួបរួមគ្នា ហើយចូលរួមចំណែកនៃសាលាក្រុង និងថ្នាក់ដឹកនាំក្រុង និងក្នុងទីក្រុងទាំងមូល ហើយនេះគឺជារឿងដ៏មានឥទ្ធិពលមួយ»។
លោក នួន វាសនា បានឈ្នះការបោះឆ្នោតដោយបានសំឡេងច្រើនបង្អស់ ហើយបានក្លាយជាសមាជិកម្នាក់នៃក្រុមប្រឹក្សាក្រុងឡូវែល។
លោក បានប្រាប់ VOA ថា៖ «ជោគជ័យនេះ មិនមែនសម្រាប់តែពូទេ គឺជោគជ័យសម្រាប់ខ្មែរអាមេរិកាំងនៅទីក្រុងឡូវែល ហើយក៏ដូចជាអ្នកនៅភូមិក្បែរៗហ្នឹង ពីព្រោះអី វាសឲ្យឃើញថា ខ្មែរអាមេរិកាំងដែលលោកបានមកដល់ស្រុកនេះយូរឆ្នាំណាស់ថា បើសិនណាលោកខំប្រឹង តស៊ូមតិ តស៊ូអ្វីសម្រាប់ផលប្រយោជន៍ដល់សហគមន៍ មិនមែនតែសង្គមខ្មែរអាមេរិកាំងទេ គឺសង្គមទាំងមូល គឺថាថ្ងៃណា[មួយ] នឹងបានជ័យជម្នះហើយ»។
លោកបានបញ្ជាក់ថា លោកនឹងធ្វើជា«តំណាងក្រុងទាំងមូល» ប៉ុន្តែលោកនឹងផ្តោតការយកចិត្តទុកដាក់លើសហគមន៍ជនជាតិភាគតិចនៅទីក្រុងឡូវែលនេះ មិនថាទាំងខ្មែរអាមេរិកាំងទេ គឺរួមទាំងសហគមន៍ពលរដ្ឋអាមេរិកាំងស្បែកស និងជនជាតិភាគតិចផ្សេងទៀត ដែលមិនមានតំណាងពីសហគមន៍របស់ខ្លួនក្នុងថ្នាក់ដឹកនាំក្រុមប្រឹក្សាក្រុង។
លោក នួន វាសនា បានបន្ថែមថា លោកនឹងផ្តោតលើកិច្ចការចម្បងចំនួនពីរ គឺដំណើរការជួសជុលវិទ្យាល័យឡូវែល និងដំណើរការរកដំណោះស្រាយលើពាក្យបណ្តឹងដែលទាមទារឲ្យទីក្រុងឡូវែលនេះ ផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត។
លោក នួន វាសនា បានមានប្រសាសន៍ថា៖ «ក្តីរំពឹងនឹងគឺ ជាពិសេសគឺទីតាំងវិទ្យាល័យនៅទីក្រុងឡូវែល។ នៅទីក្រុងឡូវែលទាំងមូល គឺចង់ឲ្យវិទ្យាល័យឡូវែលនៅកណ្តាលក្រុង ហើយសាងសង់ និងជួសជុលជាថ្មី។ អាហ្នឹងទីមួយ។ ទីពីរហ្នឹង គឺពាក់ព័ន្ធនឹងរឿងប្រព័ន្ធបោះឆ្នោតសព្វថ្ងៃនេះ ដែលមានបណ្តឹងដោយជនជាតិភាគតិចនៅឯតុលាការនោះ មិនទាន់ចប់សព្វគ្រប់ទេ»។
សមាជិកក្រុមប្រឹក្សាក្រុងឡូវែលចំនួន៩នាក់ និងសមាជិកនៃគណៈកម្មាធិការសាលារៀនឡូវែលចំនួន៦នាក់ សម្រាប់អាណត្តិថ្មីនេះ ដែលមានពលរដ្ឋខ្មែរអាមេរិកាំងពីររូប គឺលោក នួន វាសនា និងលោក ឡាយ ឌូមីនិច នឹងស្បថចូលកាន់តំណែងនៅដើមខែមករា ឆ្នាំ២០១៨ខាងមុខនេះ៕