ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ថា ក្រុមហ៊ុន​ធ្យូង​ថ្ម Adani នៅ​អូស្ត្រាលីប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ


រូបឯកសារ៖ បាតុករប្រឆាំងនឹងក្រុមហ៊ុនរ៉ែនៅខាងក្រៅទីស្នាក់ការគណបក្ស Liberal National Party នៅក្រុង Brisbane ប្រទេសអង់គ្លេស កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ បាតុករប្រឆាំងនឹងក្រុមហ៊ុនរ៉ែនៅខាងក្រៅទីស្នាក់ការគណបក្ស Liberal National Party នៅក្រុង Brisbane ប្រទេសអង់គ្លេស កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

ការ​តវ៉ា​ជា​ច្រើន​ឆ្នាំ​កន្លង​មក​បាន​បរាជ័យ​នៅ​ក្នុង​ការ​បញ្ឈប់​កន្លែង​ធ្វើ​អាជីវកម្ម​ធ្យូង​ថ្ម​ដ៏​ប្រទាំង​ប្រទើស​បំផុត​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ កន្លែង​ធ្វើ​អាជីវកម្ម​ធ្យូង​ថ្ម​នេះ​ត្រូវ​បាន​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​រដ្ឋ Queensland កាល​ពី​ខែ​មិថុនា។ កន្លែង​នេះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ថាមពល​ដ៏​ធំ​មួយ​របស់​ប្រទេស​ឥណ្ឌា ដែល​មាន​ឈ្មោះ​ថា Adani។ គម្រោង​រុករក​ធ្យូង​ថ្ម​របស់​ក្រុមហ៊ុន​នេះ​នៅ​ក្នុង​តំបន់ Galilee Basin នៃ​រដ្ឋ Queensland គឺ​ជា​ចំណុច​ដ៏​ក្ដៅ​គគុក​មួយ​សម្រាប់​ក្រុម​អ្នក​តវ៉ា​គាំទ្រ និង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​គម្រោង​នេះ។

អ្នកស្រី​សាស្ត្រាចារ្យ Sandra van der Laan គឺ​ជា​អ្នក​ជំនាញ​ផ្នែក​គណនេយ្យ​ស៊ើប​អង្កេត​នៃ​សាកល​វិទ្យាល័យ​ស៊ីដនី។ អ្នកស្រី​បាន​ប្រាប់​វិទ្យុ ABC របស់​អូស្ត្រាលី​ថា គម្រោង​រុករក​ធ្យូង​ថ្ម​នេះ​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ។

អ្នកស្រី van der Laan បញ្ជាក់​ដូច្នេះ​ថា៖ «កន្លែង​ធ្វើ​អាជីវកម្ម​ធ្យូង​ថ្ម​របស់​ក្រុមហ៊ុន Adani កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​បំផុត ដោយ​កំពុង​ជាប់​បំណុល​ជា​ច្រើន។ ខ្ញុំ​គិត​ថា ក្រុមហ៊ុន​នេះ​នឹង​ដួល​រលំ​នៅ​ពេល​ខាង​មុខ»។

សាខា​នៃ​ក្រុមហ៊ុន Adani នេះ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់​ថា ការ​លើក​ឡើង​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នេះ​គឺ​មិន​ត្រឹមត្រូវ និង​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ។

សាខា​ក្រុមហ៊ុន​នេះ​បាន​លើក​ឡើង​ថា៖ «គណនី​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ត្រួត​ពិនិត្យ​ជា​រៀងរាល់​ឆ្នាំ និង​ពិនិត្យ​ស្វែង​រក​បញ្ហា​នានា​ដូចជា​ការ​ជំពាក់​បំណុល​ជា​ដើម»។

សាខា​ក្រុមហ៊ុន​នេះ​បាន​បន្ថែម​ថា គម្រោង​រុករក​ធ្យូង​ថ្ម​នេះ​នឹង​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ទេ រហូត​ទាល់តែ​កន្លែង​រុករក​ធ្យូង​ថ្ម​នេះ​ត្រូវ​បាន​សាងសង់​រួច​រាល់ ហើយ​ធ្យូង​ថ្ម​ត្រូវ​បាន​នាំ​ចេញ​ទៅ​លក់។

លោក Lucas Dow នាយក​ប្រតិបត្តិ​សាខា​ក្រុមហ៊ុន Adani នៅ​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​របស់​កន្លែង​រុករក​ធ្យូង​ថ្ម​នេះ ក៏​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ទីភ្នាក់ងារ​រដ្ឋាភិបាល​នានា​ផង​ដែរ។

លោក Dow និយាយ​ដូច្នេះ​ថា៖ «ជា​ការ​ពិត នេះ​គឺ​ជា​ដំណើរការ​ហ្មត់ចត់​មួយ​ដែល​គេ​ដឹង​ឭ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ គម្រោង​នេះ​ត្រូវ​បាន​គេ​ធ្វើ​ការ​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​បែប​វិទ្យាសាស្ត្រ ដោយ​ទីភ្នាក់ងារ​នានា​ដូចជា​ទីភ្នាក់ងារ CSIRO និង​ទីភ្នាក់ងារ GeoScience Australia។ ឥឡូវ​នេះ យើង​សម្លឹង​ឆ្ពោះ​ទៅ​មុខ​នៅ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គម្រោង​នេះ។ នេះ​ក៏​ជា​ថ្ងៃ​ដ៏​ល្អ​បំផុត​ផង​ដែរ​សម្រាប់​មិន​ត្រឹមតែ​គម្រោង​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​រដ្ឋ Queensland ជា​ទូទៅ​ផង​ដែរ ហើយ​ជា​ពិសេស​នៅ​ភាគ​ខាង​ជើង និង​ភាគ​កណ្ដាល​នៃ​រដ្ឋ​នេះ។ ដូច្នេះ ឥឡូវ​នេះ យើង​ផ្ដោត​លើ​ការ​ធ្វើ​កិច្ចការ​នេះ»។

មិន​មាន​ក្រុមហ៊ុន​រុករក​ធ្យូង​ថ្ម​ណា​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ពេល​ថ្មីៗ​នេះ ដែល​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លាំង​ដូច្នេះ​ទេ។ កន្លែង​ធ្វើ​អាជីវកម្ម​ធ្យូង​ថ្ម Adani បាន​បង្ក​ឲ្យ​មាន​ទាំង​ការ​គាំទ្រ និង​ទាំង​ការ​ប្រឆាំង។

ស្ត្រី​ម្នាក់​បាន​និយាយ​ថា៖ «ប្រសិនបើ​គ្មាន​កន្លែង​ធ្វើ​អាជីវកម្ម​ធ្យូង​ថ្ម ប្រទេស​អូស្ត្រាលី​នឹង​ចាប់ផ្ដើម​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាប់យ៉ឺន»។

ស្ត្រី​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា៖ «គម្រោង​នេះ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ហើយ​ព័ត៌មាន​នានា​ដែល​ខ្ញុំ​បាន​អាន បាន​បង្ហាញ​ថា គម្រោង​នេះ​នឹង​មិន​បង្កើត​ការងារ​ច្រើន​ដូច​អ្វី​ដែល​គេ​ប្រាប់​យើង​នោះ​ទេ ដូច្នេះ​វា​ហាក់​ដូចជា​មិន​ទទួល​បាន​ប្រយោជន៍​អ្វី​ទាំង​អស់ ជា​ពិសេស​នៅ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​ថា ធ្យូង​ថ្ម​គឺ​ជា​ធនធាន​ថាមពល​ដែល​ជិត​អស់»។

ប៉ុន្តែប្រទេស​អូស្ត្រាលី​នៅតែ​ពឹង​ផ្អែក​ខ្លាំង​លើ​ការ​ផ្គត់ផ្គង់​ធ្យូង​ថ្ម​ជា​ច្រើន​ក្នុង​តម្លៃ​ថោក។ អូស្ត្រាលី​រក​ចំណូល​បាន​រាប់​ពាន់​ដុល្លារ​ពី​ការ​នាំ​ចេញ​ធ្យូង​ថ្ម ហើយ​ធ្យូង​ថ្ម​នេះ​ជួយ​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ផ្នែក​អគ្គិសនី​នៅ​ក្នុង​ប្រទេស។

ធ្យូង​ថ្ម​ដែល​ជីក​បាន​ពី​កន្លែង​រុករក​របស់​ក្រុមហ៊ុន Adani នេះ នឹង​ប្រហែល​ជា​ត្រូវ​គេ​នាំ​ចេញ​ទៅ​កាន់​កន្លែង​ផលិត​ថាមពល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ គេ​បាន​កំណត់​កាល​ពី​ដំបូង​ថា ធ្យូង​ថ្ម​ប្រហែល ១០ លាន​តោន​ក្នុង​មួយ​ឆ្នាំ នឹង​ត្រូវ​គេ​ជីក​រក​ឃើញ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG