ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គម្រោង​ធ្យូងថ្ម​គឺ​ជាការ​ចុះ​ហត្ថលេខា​ចុង​ក្រោយ​នៃ​ទំនាក់ទំនង​ប៉ាគីស្ថាន​ និង​ចិន​ដែល​កាន់​តែ​ជិត​ស្និទ្ធ


ទង់ជាតិ​ចិន​កំពុង​បក់​នៅ​លើ​ការដ្ឋាន​ធ្យូង​ថ្ម​ក្នុង​តំបន់ Islamkot ស្រុក Tharparkar ប្រទេស​ប៉ាគីស្ថាន។

ស្រប​ពេល​ដែល​ចំណង​ទាក់​ទង​កាន់​តែ​រឹង​មាំ ការ​ផលិត​ថាមពល​គឺ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការ​វិនិយោគ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​មាន​ទឹក​ប្រាក់​៦២​ពាន់​លាន​ដុល្លារនៅ​ទីក្រុង​អ៊ីស្លាមាបាដ។

ខណៈ​ពេល​ដែល​ឡាន​មួយ​គ្រឿង​កំពុង​បោះ​ពួយ​យ៉ាង​លឿន​នៅ​លើ​មហា​វិថី​ពណ៌​ខ្មៅ​ចាំង​រលោង​នៅ​លើ​វាល​ខ្សាច់​ Tharparkar ភាគ​ខាង​លិច​របស់​ប្រទេស​ប៉ាគីស្ថាន​ វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ផ្លូវ​ថ្មី​នេះ​មិន​មែន​ធ្វើ​ឡើង​ ដើម្បី​បម្រើ​ដល់​ក្រុម​មនុស្ស​ជា​ ជន​គង្វាល​ និង​អ្នក​ធ្វើ​ដំណើរ​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ដំបូល​រាង​កោណ​ ហើយប្រកប​របរ​ចិញ្ចឹមជីវិត​ដោយ​ឃ្វាល​ចៀម​ និង​គោ​ក្របី​នោះទេ។

តាម​ពិត​ កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ ​វាល​ខ្សាច់​ Tharparkar ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត Sindh​ និង​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​ឥណ្ឌា​នេះ​ គេ​អាច​ចូល​មក​ដល់​ទី​នេះ​ ដោយ​មធ្យោបាយ​យានយន្ត​រាង​ដូច​ក្ដាម​ ដែល​បរ​កាត់​លើ​រលក​ខ្សាច់​នៅ​ពេល​ថ្ងៃ​ចែងចាំង​ និង​ពេល​យប់​ពោរពេញ​ដោយ​ផ្កាយ ដើម្បី​ទៅ​សម័យកាល​ស៊ីវិល័យ​មួយ ដែល​គេ​បំភ្លេច​ចោល​អស់​ជា​ច្រើន​ឆ្នាំ។

ប៉ុន្តែ​អ្វីៗ​ទាំងអស់​នេះ​បាន​ផ្លាស់​ប្តូរ​ នៅ​ពេល​ដែល​ការ​សិក្សា​ថ្នាក់​អន្តរជាតិ​អំពី​លទ្ធភាព ដែ​ល​ត្រូវ​បាន​អនុញ្ញាត​ដោយ​រដ្ឋាភិបាល​ក្រុង​ Islamabad បាន​រក​ឃើញ​ថា ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​វាល​ខ្សាច់​នោះ​មាន​ពោរពេញ​ទៅ​ដោយធ្យូង​ថ្ម។ ហើយ​ចំណុច​របត់​បាន​កើត​ឡើង ​នៅ​ពេល​ដែល​ចិន​បាន​យល់​ព្រម​ជួយ​ជីក​ធ្យូង​ថ្ម​នោះ ​និង​ចម្រាញ់ជា​ឥន្ធនៈ ​ដើម្បី​ជួយប្រទេស​ប៉ាគីស្ថាន បំពេញ​ចន្លោះ​ខ្វះខាត​ថាមពល​អគ្គិសនី​ ដែល​មាន​រហូត​ដល់​ទៅ​ ២ម៉ឺន ៥​ពាន់ មេហ្គាវ៉ាត់។

ដូច្នេះ​ នៅ​ស្រប​ពេល​ដែល​ពិភព​លោក​កំពុង​ងាក​ចេញ​ពី​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម ហើយ​ជ្រើស​យក​ឥន្ធនៈ​ ដែល​មាន​ភាព​ស្អាត​ជាង​មុន​នោះ ក្រុមហ៊ុន​ជីក​រ៉ែ​ធ្យូង​ថ្ម Sindh Engro ហៅ​កាត់​ថា ​SECMC​ ចាប់​ផ្តើម​ជីក​រណ្តៅ​ ដែល​រាង​ចតុកោណមួយ​ នៅ​ជិត​ទីក្រុង Islamkot។

ផែន​ទី​បង្ហាះ​ពី​តំបន់ Islamkot ក្នុង​វាល​ខ្សាច់​ Tharparkar ប្រទេស​ប៉ាគីស្ថាន។
ផែន​ទី​បង្ហាះ​ពី​តំបន់ Islamkot ក្នុង​វាល​ខ្សាច់​ Tharparkar ប្រទេស​ប៉ាគីស្ថាន។

តំបន់​មាន​រ៉ែ​ធ្យូង​ថ្ម

មើល​ពី​ខាង​លើ តំបន់​រ៉ែ​ធ្យូង​ថ្ម​នេះ​មើល​ទៅ​ហាក់​ដូច​ជា ​ទីតាំង​បុរាណ​វិទ្យានៅ​ប៉ាគីស្ថាន ​អាយុ​កាល​ ៥​ ពាន់ឆ្នាំ​ឈ្មោះ​ Moen Jo Daro ​ដែល​មាន​ន័យ​ថា «គិរី​មរណៈ»។ ប៉ុន្តែ​ទង់​ជាតិ​របស់​ចិន​ និង​ប៉ាគីស្ថាន​កំពុង​បក់​នៅ​ជិត​គ្នា ហើយ​មាន​ឡាន​ដឹក​ដី ​បើក​ចេញ​ចូល​មិន​ដាច់​ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​ សកម្មភាព​ជីករ៉ែ​នេះ​នឹង​បន្ត​ទៅ​មុខ​នៅ​ពេល​អនាគត។

នៅ​តាម​ជម្រាល​ភ្នំ​ស្ងួត​ហួង​ហែង រោង​ចក្រ​ថាមពល​របស់​រដ្ឋ​ឈ្មោះ​ថា State Power International Mendong (SPIM) និង​ក្រុមហ៊ុន​សាជីវកម្ម​វិស្វកម្ម​គ្រឿង​ចក្រ​ចិន China Machinery Engineering Corporation ​ត្រៀម​បំប្លែង​ធ្យូង​ថ្ម​ឲ្យទៅ​ជា​ថាមពល​ ដែល​គេ​រាយការណ៍​ថា​ មាន​កម្លាំង​ដល់​ទៅ ​៦៦០​មេហ្គាវ៉ាត់​ នៅ​ចុង​ឆ្នាំ​២០១៧​នេះ។ ហើយ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រោង​ចក្រ​ថាមពល​ទាំង​នេះ មានអាគារសម្រាប់​កម្មករ​ពី​ចិន​មក​ស្នាក់​នៅ ដែល​នេះ​ជា​អ្វី​ធម្មតា​មួយទៅ​ហើយ​សម្រាប់​គម្រោង​បរទេស​នៅ​ប៉ាគីស្ថាន។

នេះជា​ការ​ដាស់​តឿន​ដ៏​ធំ​មួយ​អំពី​ថា​តើ ​ប៉ាគីស្ថាន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ហូរ​ចូល​របស់​ចិន​មក​ក្នុង​ដែន​ដី​តំបន់​ព្រំដែន​ដែល​មាន​ភាព​រសើប​នេះ​ដល់​កម្រិត​ណា។

កាល​ពី​ខែ​មេសា ឆ្នាំ​១៩៦៥ ប៉ាគីស្ថាន​បាន​ធ្វើ​សង្គ្រាម​ដណ្ដើម​ទឹក​ដី​ជា​មួយ​ឥណ្ឌា​ ដើម្បី​វាយ​យក​ផ្នែក​ផ្សេងៗ​នៃ​តំបន់​ដី​ទំនាប​ ឈ្មោះ​ថា Rann of Kutch។ ​ប៉ាគីស្ថាន​បាន​បរាជ័យ​ក្នុង​ការ​ទាម​ទារ​នេះ ប៉ុន្តែ​ប្រទេស​នេះ​បាន​ធ្វើ​ឲ្យ​ឥណ្ឌាត្រូវ​ការពារ​ឲ្យ​បាន​ម៉ត់ចត់​ទៅ​លើ​ព្រំដែន​ Gujarat​ របស់​ខ្លួន​ និង​បង្កើត​ប៉ម​សម្រាប់​ឃ្លាំមើល​ ដើម្បី​រារាំង​ការ​វាយ​លុក​នា​ពេល​អនាគត​ពី​ប៉ាគីស្ថាន។ រដ្ឋាភិបាល​ក្រុង​ញូវដេលី​រហូត​មក​ទល់​ពេល​នេះ ​មិន​បាន​ជំទាស់​នឹង​គម្រោង​ជីករ៉ែ​ធ្យូងថ្មនៅ​វាលខ្សាច់ Tharparkar នេះ​ទេ។

លោក​នាយ​ឧត្តម​សេនីយ៍​ Pervez Musharraf អតីត​មេ​បញ្ជាការ​កង​ទ័ព​បាន​ឆ្លើយ​តប​ដោយ​យោធា​ចំពោះ​ការ​ពង្រឹង​សន្តិសុខ​ព្រំដែន​ពី​សំណាក់​ប្រទេស​ឥណ្ឌា។ នៅ​ឆ្នាំ​២០០០ រដ្ឋាភិបាល​របស់​លោក​បាន​សាង​សង់​ផ្លូវ​ទៅ​កាន់​វាល​ខ្សាច់​ Tharparkar បង្កើត​ឲ្យ​មានកន្លែង​ឆែក​ឆេរ​តាមព្រំដែន និង​ពង្រឹង​ការ​ឆែក​ឆេរ​ទៅ​លើ​ភ្ញៀវ​ទេសចរ។

កាល​ពី​ពេល​ថ្មីៗ​នេះ ការ​ឱប​ក្រសោម​យក​ប្រទេស​ឥណ្ឌា និង​ការ​យក​ប្រទេស​ចិន​ ដែល​ជា​គូ​ប្រកួត​របស់​ឥណ្ឌា ដោយ​រដ្ឋា​ភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​បង្កើត​ជា​សម្ព័ន្ធភាព​ថ្មី​មួយ​ក្នុង​តំបន់។

ក្រុម​ហ៊ុន​ផលិត​ថាមពលអគ្គិសនី​របស់​ចិន​មួយ​នេះ​នឹងផលិត​ថាមពល​ពី​ធ្យូង​ថ្ម​ដែល​មាន​កម្លាំង ៦៦០ មេហ្កាវ៉ាត់​នៅ​ចុង​ឆ្នាំ​២០១៧។
ក្រុម​ហ៊ុន​ផលិត​ថាមពលអគ្គិសនី​របស់​ចិន​មួយ​នេះ​នឹងផលិត​ថាមពល​ពី​ធ្យូង​ថ្ម​ដែល​មាន​កម្លាំង ៦៦០ មេហ្កាវ៉ាត់​នៅ​ចុង​ឆ្នាំ​២០១៧។

ស្រប​ពេល​ដែល​មិត្តភាព​របស់​ប៉ាគីស្ថាន​ជាមួយ​នឹង​ចិន​កាន់​តែ​មាន​ភាព​រឹង​មាំ ដែល​រួម​មាន​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ប៉ាគីស្ថាន-ចិន​ ដែល​មាន​ច្រើន​មុខ ការ​បង្កើត​ថាម​ពល​គឺ​ជា ​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការ​វិនិយោគ​របស់​ចិន​ ដែល​មាន​ទឹកប្រាក់​៦២​ពាន់​លាន​ដុល្លារ។ ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​SECMC លោក Syed Murtaza Azhar Rizvi និយាយ​ថា​ ចិន​នឹង​ជួយ​ក្នុង​ការ​ទាញ​យក​ធ្យូង​ថ្ម​ទម្ងន់​១៩​ លាន​តោន​រហូត​ដល់​ឆ្នាំ​២០៣០ ដោយ​ប្រើបច្ចេវិទ្យា​ទំនើប ​ដើម្បី​ទប់​ទល់​នឹង​ផល​ប៉ះពាល់ ដោយ​សារ​ធ្យូង​ថ្ម​ដែល​ឆេះ។

ដៃ​គូ​កំពុង​មាន​ការ​ប្រែប្រួល

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន​ Engro បាន​ទទួល​នូវ​សិទ្ធិ​អំណាច​ពី​រដ្ឋាភិបាល​ខេត្ត​ Sindh ដើម្បី​ធានា​ថា ពលរដ្ឋ​រស់​នៅ​តំបន់​វាល​ខ្សាច់​នោះ​ ដែល​ជា​វាល​ខ្សាច់​មាន​ធនធាន​ធ្យូង​ថ្ម​ធំ​លំដាប់​ទី​៧​នៅ​លើ​ពិភពលោក នឹង​ក្លាយ​ជា​ដៃ​គូ​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​ទី​ជម្រក​របស់​ពួក​គេ។

ក្រុម​ហ៊ុន Engro បាន​បង្កើត​កម្មវិធី ​Khushal Thar ឬ​ «Thar​ ដ៏​សម្បូរ​សប្បាយ» ​រួច​រាល់​ហើយ​ ដោយ​បាន​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​មនុស្ស​ចំនូន ​៦៩៤​នាក់​ ដោយ​បើក​ប្រាក់​ប្រចាំ​ខែ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​ត្រូវ​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ដៃ​គូ​ផ្សេងៗ​ពី​ភាគី​ចិន។

ជាមួយ​នឹងយុទ្ធសាស្ត្រ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ក្នុង​សង្គម ក្រុម​ហ៊ុន Engro​ បាន​ហ្វឹកហាត់​ស្ត្រី​ឲ្យ​ចេះ​បើក​បរ​ឡាន​ដឹក​ដី។ អ្នក​ជ្រើស​រើស​បុគ្គលិក​ឈ្មោះ Jehan Ara និយាយ​ថា ក្រុមហ៊ុន​នេះ​ពី​ដំបូង​មាន​ក្តី​កង្វល់​អំពី​ប្រតិកម្មមិន​ស្វាគមន៍​ និង​បាន​ពិភាក្សា​អំពី​ការ​ឆ្លើយ​តប​របស់​សហគមន៍​ក្នុង​ការ​ដាក់​បញ្ចូល​ស្ត្រី​ទៅ​ក្នុង​មុខរបរ​ដែល​មាន​តែ​បុរស​ជា​អ្នក​ធ្វើ ហើយ​ទើប​តែ​ពេល​នោះ​ទេ​ ដែល​មុខងារ​ទាំង​នោះ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ។

អ្នក​ស្រី ​Marvi​ អាយុ​៣៥​ឆ្នាំ​ត្រូវ​បាន​សម្ភាស​នៅ​ទីក្រុង​ Islamkot ​ដោយ​អ្នកស្រី​តម្រង់​ទិស​ដៅ​របស់​ខ្លួន​ថា​ នឹង​ទៅ​បើក​បរ​ឡាន​ដឹកដី។ ទោះ​បី​អ្នក​ស្រី​មានកូន​ចំនួន​៦នាក់​ក៏​ដោយ ក៏​វា​មិន​មែន​ជា​អ្វី​ដែល​រារាំង​អ្នក​ស្រី​ឡើយ។ ស្វាមី​របស់​អ្នក​ស្រី លោក Ratan Lal​ ដែល​លើក​ទឹក​ចិត្តអ្នក​ស្រី​ក្នុង​ការ​ធ្វើ​ដូច​នេះ ​បាន​និយាយ​ថា៖ «គាត់​រឹងមាំ​ណាស់។ គាត់​ឡើង​ដើម​ឈើ​ ដើម្បី​ប្រមូល​អុស​ និង​ទៅ​យក​ទឹក​ពី​ទី​ឆ្ងាយ»។

ប៉ុន្តែ​សហគមន៍​នេះ​ព្រួយ​បារម្ភ​ថា ទឹក​ដែល​កើត​ចេញ​ពី​ការ​ជីក​យក​ធ្យូង​ថ្ម ហើយ​ត្រូវ​បញ្ចេញ​ទៅ​ក្នុង​ភូមិ​ Gorano ​ដែល​ស្ថិត​នៅ​ចម្ងាយ ​២៨ ​គីឡូម៉ែត្រ​ពី​សហគមន៍ អាច​បំពុល​ប្រភព​ទឹក​សម្រាប់​ប្រើ​ប្រាស់។ នៅ​ក្នុង​ទីក្រុង​ Mithi មាន​មនុស្ស​ធ្វើ​បាតុកម្ម​ម្តង​ហើយ​ម្តង​ទៀត​ ដើម្បី​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ ហើយ​ក្តី​បារម្ភ​របស់​ពួក​គេ​ក៏​ត្រូវ​បាន​សង្គម​ស៊ីវិល​ក្នុង​ខេត្ត​ Sindh លើក​ឡើង​ដូច​គ្នា​ដែរ។

អ្នក​ស្រី Marvi អាយុ​ ៣៥ ឆ្នាំមាន​គម្រោង​ធ្វើ​ជា​អ្នក​បើក​បរ​ឡាន​បែន។ ស្វាមី​របស់​អ្នក​ស្រី​គាំ​ទ្រ​អ្នក​ស្រី​ចំពោះ​ការងារ​នេះ។​
អ្នក​ស្រី Marvi អាយុ​ ៣៥ ឆ្នាំមាន​គម្រោង​ធ្វើ​ជា​អ្នក​បើក​បរ​ឡាន​បែន។ ស្វាមី​របស់​អ្នក​ស្រី​គាំ​ទ្រ​អ្នក​ស្រី​ចំពោះ​ការងារ​នេះ។​

ក្តី​បារម្ភ​អំពី​បញ្ហា​បរិស្ថាន

ក្នុង​គោល​បំណង​បន្ធូរ​ក្ដី​បារម្ភ​អំពី​បញ្ហា​បរិស្ថាន​របស់​សហគមន៍​នេះ ក្រុមហ៊ុន​ ENGRO បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​វិទ្យាស្ថាន​ជីវសាស្ត្រ​ និង​ភូមិសាស្ត្រ​ក្នុង​តំបន់​ Xinjiang របស់​ចិន ​ដើម្បី​សម្អាត​ទឹក​ចេញ​ពី​ការ​ជីក​រ៉ែ ហើយ​ប្រើ​ប្រាស់​ទឹក​នោះ​ក្នុង​គោល​ដៅ​ធ្វើចម្ការ។ ការ​ធ្វើ​ចម្ការ​តាម​រយៈ​ការ​ធ្វើ​ល្បាយ​ជាមួយ​អំបិល​នៅ​ខាង​ក្រៅ​ច្រកជីក​យក​ធ្យូង​ថ្ម​ បង្ហាញ​ថា ការ​សម្អាត​ទឹក​បែប​នេះ​អាច​ដំណើរ​ការ​បាន។ តំបន់​ដែល​មាន​ទឹក​ និង​ជីវជាតិ​មួយ​បាន​លេច​ឡើង​នៅ​កណ្ដាល​វាល​ខ្សាច់ បង្អួត​ទៅ​ដោយ​គ្រាប់​ធញ្ញជាតិ​ និង​ផ្លែ​ឈើ។

អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ មនុស្ស​ដែល​រស់​នៅ​លើ​វាល​ខ្សាច់​នេះ​បាន​រស់​នៅ​ជាមួយ​នឹង​ហ្វូង​សត្វ​ក្ងោក ចៀម និង​អូដ្ឋ។ ក្រុម​ហ៊ុន​ ENGRO មាន​ផែន​ការ​ផ្តល់​សំណង​ និង​ជម្លៀស​ពួក​គេ​ពី​ផ្ទះ​ប្រក់​ស្បូវ​ទៅ​កាន់​ផ្ទះ​គំរូ​មួយ​បែប ដែល​មាន​សាលា​រៀន​ និង​មន្ទីរ​ពេទ្យ។ ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម និង​សាសនា​ហិណ្ឌូ​ នឹង​ត្រូវ​ផ្តល់​ទី​ជម្រក​នៅ​ជិត​គ្នា ដែល​ជា​សញ្ញា​បង្ហាញថា​ ជា​ការ​រស់​នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព​នៅ​តាម​សហគមន៍​តាម​បណ្តោយ​ព្រំដែន។

ធ្បូង​ថ្ម​បម្រុង​របស់​ចិន​កំពុង​តែ​ធ្លាក់​ចុះ ដូច្នេះ​ពួក​គេ​អាច​ទទួល​បាន​ធ្យូង​ថ្ម​ខ្លះ​ចេញ​ពី​ផលិតកម្ម​ធ្យូង​ថ្ម​នៅ​វាល​ខ្សាច់​ Tharparkar នេះ​ ហើយ​កម្មករ​រ៉ែ ​ដែល​អត់​ការងារ​ធ្វើ​ និង​ពួក​វិស្វករ​ អាច​នឹង​ប្រើ​ប្រាស់​ជំនាញ​របស់​ពួក​គេ​ម្តង​ទៀត។

ប៉ុន្តែ​ដោយសារ​តែ​ភាព​អត់​ការងារ​ធ្វើ​ក៏​កើត​មាន​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដែរ​នោះ​ ក្រុមហ៊ុន​ SECMC បាន​អះអាង​ថា ​ពួក​គេ​បាន​ចរចា​ជា​ប្រចាំ​ជាមួយ​ភាគី​ចិន ដើម្បី​ជួល​កម្លាំង​ពលកម្ម​ប៉ាគីស្ថាន​ ដែល​មាន​តម្លៃ​ថោក​ជាង ដែល​បញ្ហា​នេះ​បាន​ក្លាយ​ជា​បញ្ហា​រារាំង​នៅ​ក្នុង​គម្រោង​មួយ​ចំនួន។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ ប្រទេស​ប៉ាគីស្ថាន​បាន​ដាក់​គោល​ដៅ​យ៉ាង​ជាក់​ច្បាស់​សម្រាប់​អនាគត​របស់​ខ្លួន។ ប្រទេស​នេះ​បាន​គិត​ទុក​មុន​ថា ការ​ជីក​យក​ធ្យូង​ថ្ម​ដែល​មិន​ចេះ​រីង​ស្ងួត​ នៅ​ទី​បញ្ចប់​នឹង​ជួយ​កុំ​ឲ្យ​មានការបាត់​បង់​ថាមពល​អគ្គិសនី ហើយ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​លទ្ធភាព​ទទួល​បាន​អគ្គិសនី​ប្រើ​ប្រាស់ ព្រម​ទាំង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នានា​របស់​ខ្លួន​រីកចម្រើន។ គោល​ដៅ​នេះ​គឺ​ ដើម្បី​បង្កើត​ឱកាស​ឲ្យ​មនុស្ស​វ័យ​ក្មេង​អាច​ចូល​ធ្វើ​ការ​ និង​ជា​វិថី​ធ្វើ​ឲ្យ​ប្រទេស​នេះ​ឈាន​ទៅ​រក​ភាព​រីក​ចម្រើន៕

ប្រែសម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG