ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រុករក​ចូល​ទៅ​ក្នុង​អណ្តូង​រ៉ែ​ក្នុង​ប្រទេស​នូវែលសេឡង់​ឡើង​វិញ​ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ការ​ផ្ទុះ​មួយ​កាលពី ៩ ឆ្នាំ​មុន


អណ្តាត​ភ្លើង​ឆាបឆេះ​ នៅ​អណ្តូង​រ៉ែ Pike River នៅ​ក្បេរ​ក្រុង Greymouth ប្រទេស​នូវែលសេឡង់ កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១០។

មនុស្ស ២៩ នាក់​បាន​ស្លាប់ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​មួយ​នៅ​អណ្តូង​រ៉ែ Pike River កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១០។ សាកសព​របស់​ជនរងគ្រោះ​មិន​ដែល​ត្រូវ​បាន​គេ​យក​ចេញ​មក​ខាង​ក្រៅ​នោះ​ទេ។

ក្រុម​រុករក​ដែល​មាន​ឈ្មោះ​ថា Pike River Recovery Agency បាន​បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​សប្បាយ​ចិត្ ត​នៅ​ពេល​ក្រុម​អ្នក​ជំនាញ​បាន​ត្រឡប់​មក​ពី​អណ្តូង​រ៉ែ​វិញ ដោយ​ពួកគេ​បាន​ចូល​ទៅ​ទីនោះ​ជា​លើក​ដំបូង ចាប់​តាំង​ពី​ពេល​ដែល​សោកនាដកម្ម​បាន​កើត​ឡើង​កាលពី ៩ ឆ្នាំ​មុន​មក។ ក្រុម​អ្នក​ជំនាញ​ខាង​រុករក​នេះ​នឹង​ចំណាយ​ពេល​ជា​ច្រើន​ខែ​ដើម្បី​ធ្វើ​កិច្ចការ​នេះ។

ការ​ចូល​ទៅ​ក្នុង​អណ្ដូង​រ៉ែ​ឡើង​វិញ​នេះ​ជា​ព្រឹត្តិការណ៍​ដែល​មិន​សូវ​បាន​ផ្សព្វផ្សាយ​ច្រើន​នោះ​ទេ​សម្រាប់​គ្រួសារ​ជនរងគ្រោះ ដោយសារ​តែ​ពួកគេ​បាន​ស្នើសុំ​ឲ្យ​មាន​ការ​រក្សា​ការ​សម្ងាត់។

អ្នកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នូវែលសេឡង់ បាន​និយាយ​ថា៖ «តាម​ការ​ស្នើ​សុំ​របស់​គ្រួសារ​ជន​រងគ្រោះ យើង​នឹង​ប្រគល់​ការងារ​នេះ​ឲ្យ​ទៅ​ក្រុម​រុករក [Pike River Recovery Agency] ឲ្យ​ប្រកាស និង​គ្រប់គ្រង​បញ្ហា​នេះ​រហូត​ដល់​ពេល​ទីភ្នាក់ងារ​នេះ​ដោះ​របាំង​ចុងក្រោយ​ ដើម្បី​បង្ហាញ​ពី​ការ​ចាប់​ផ្តើម​ចូល​ទៅ​ក្នុង​អណ្តូងរ៉ែ​ម្តង​ទៀត។ នេះ​ជា​អ្វី​ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួកគេ​គ្រប់គ្រង។ សម្រាប់​ការ​ស្នើសុំ​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ ព្រឹត្តិការណ៍​នេះ​នឹង​មិន​ធ្វើ​ជា​សាធារណៈ​នោះ​ទេ ប៉ុន្តែ​ពួកគេ​នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​គ្រប់​ពេល។ ខ្ញុំ​គិត​ថា វា​សក្តិសម​ក្នុង​ការ​ធ្វើ​តាម​សំណូមពរ​របស់​ក្រុម​គ្រួសារ​ជន​រងគ្រោះ»។

ក្រុម​រុករក Pike River Recovery Agency បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ដើម្បី​ត្រៀម​ចូល​ទៅ​ក្នុង​អណ្ដូង​រ៉ែ​ឡើង​វិញ។ ក្រុម​នេះ​ត្រូវ​បំបែក​របាំង​បេតុង​ដែល​បិទ​អណ្តូង​រ៉ែ​នេះ បន្ទាប់​មាន​គ្រោះ​មហន្តរាយ​ក្នុង​ឆ្នាំ ២០១០ កើត​ឡើង​មក និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​តាម​ផ្លូវ​ចូល​ក្នុង​អណ្តូង​រ៉ែ​នេះ។

បេសកកម្ម​ចូល​ទៅ​ក្នុង​អណ្ដូង​រ៉ែ​នៅ​កោះ​ភាគ​ខាង​ត្បូង​នេះ​កាល​ពី​លើក​មុនៗ​ត្រូវ​បាន​ពន្យារពេល។ កិច្ច​ប្រឹងប្រែង​នា​ពេល​ថ្មីៗ​បំផុត​មួយ​ត្រូវ​បាន​លុប​ចោល​កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​គេ​រក​ឃើញ​ថា​អុកស៊ីសែន​មាន​កម្រិត​មិន​ធម្មតា។

គេ​បាន​រាយការណ៍​ថា រដ្ឋាភិបាល​នូវែលសេឡង់​កំពុង​ចំណាយ​ប្រាក់​ចំនួន ២៣ លាន ៥ សែន​ដុល្លារ​អាមេរិក ដើម្បី​ចូល​ទៅ​ក្នុង​អណ្ដូង​រ៉ែ​នោះ​ឡើង​វិញ និង​ដើម្បី​ស៊ើបអង្កេត​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​កើត​ហេតុ។ រដ្ឋាភិបាល​មុន បាន​ប្រាប់​សាច់ញាតិ​ជិតដិត​របស់​ជន​រងគ្រោះ​ថា វា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់​ក្នុង​ការ​ព្យាយាម​ចូល​ទៅ​ក្នុង​អណ្ដូង​រ៉ែ​ដើម្បី​យក​សាកសព​របស់​ជនរងគ្រោះ។

ការ​ស៊ើបអង្កេត​មួយ​បាន​រក​ឃើញ​ថា ប្រព័ន្ធ​សុវត្ថិភាព​នៅ​ក្នុង​អណ្តូង​រ៉ែ​មិន​មាន​គ្រប់គ្រាន់ ហើយ​គេ​មិន​បាន «យក​ចិត្ត​ទុក​ដាក់» ចំពោះ​ការ​រាយការណ៍​អំពី​កម្រិត​ឧស្ម័ន​មេតាន​ដែល​មាន​ច្រើន​ហួស​ហេតុ​ទេ។

ជន​រងគ្រោះ​ភាគច្រើន​ជា​ជនជាតិ​នូវែលសេឡង់ រី​ឯ​ជន​រងគ្រោះ​ផ្សេង​ទៀត​មក​ពី​ប្រទេស​អូស្ត្រាលី និង​អង់គ្លេស។ ជន​រងគ្រោះ​ក្មេង​បំផុត​ដែល​បាន​ស្លាប់​គឺ​លោក Joseph Dunbar។ លោក Joseph Dunbar ឈាន​ចូល​វ័យ​១៧ឆ្នាំ នៅ​មុន​ថ្ងៃ​កើត​ហេតុ និង​បាន​ស្លាប់​នៅ​វេន​ធ្វើ​ការ​ក្នុង​អណ្ដូង​រ៉ែ​លើក​ទី​មួយ​របស់​ខ្លួន។

ហេតុការណ៍​គ្រោះ​មហន្តរាយ​ក្នុង​អណ្ដូង​រ៉ែ​កាល​ពី​ឆ្នាំ ២០១០ នេះ គឺ​ជា​គ្រោះថ្នាក់​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​នូវែលសេឡង់​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​កន្លង​មក​នេះ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG