ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​កសិករ​នៅ​កុងហ្គោ​​ថ្លែង​​ថាជី​កសិកម្ម​ជួយ​ដោះ​ស្រាយ​ជម្លោះ​និង​សង្គ្រោះ​ចំណង​អាពាហ៍​ពិពាហ៍


ក្មេងៗ​ឈរនៅ​ក្រៅ​ផ្ទះ​ដ៏តូច​របស់​ពួកគេ​នៅ​ភូមិ Walikale ប្រទេស​កុងហ្គោ ថ្ងៃទី១៦ កញ្ញា ២០១០។ (AP Photo/Schalk van Zuydam)
ក្មេងៗ​ឈរនៅ​ក្រៅ​ផ្ទះ​ដ៏តូច​របស់​ពួកគេ​នៅ​ភូមិ Walikale ប្រទេស​កុងហ្គោ ថ្ងៃទី១៦ កញ្ញា ២០១០។ (AP Photo/Schalk van Zuydam)
រដ្ឋាភិបាល​របស់​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ(Democratic Republic of Congo) បាន​សន្យា​ថា​នឹងមិន​យក​ពន្ធ​លើ​ជី​កសិកម្ម ដែលបច្ចុប្បន្ន​នេះ​ពន្ធ​នេះ​មានកម្រិត​ខ្ពស់​ជាង​គេនៅ​ក្នុង​តំបន់។ ក្រុម​កសិករ​បាន​ស្វាគមន៍ការ​សន្យា​នេះ។ ពូក​គេ​បាន​និយាយ​ថាជី​កសិកម្ម​អាច​ជួយ​ឲ្យ​ពួក​គាត់​កាត់​បន្ថយ​ភាព​ក្រី​ក្រ​និង​ដោះ​ស្រាយ​ជម្លោះ​ ហើយ​ធ្វើ​ឲ្យ​ប្រសើរឡើងនូវ​ទំនាក់​ទំនង​រវាង​ប្តី​និង​ប្រពន្ធទៀត​ផង។

ស្ថិតនៅយ៉ាងខ្ពស់​លើ​ខ្ពង់រាបនៃ​ខេត្ត​គីវូ​ខាង​ជើង(North Kivu)​ចម្រៀងរបស់​កសិករ​និង​អ្នក​ដំា​ដើមឈើដែល​ស្លៀកពាក់ខោអៀម​ពណ៌​ខៀវ​និង​ពាក់​មួក​សុវត្ថិភាព​ពណ៌​លឿង ស្វាគមន៍​អ្នក​ទស្សនកិច្ច​នៅ​ក្នុង​គម្រោងជី​កសិកម្ម​ដែលគាំទ្រ​ដោយ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជី​កសិកម្ម​អន្តរជាតិ​(International Fertility Development Center) ដែល​ ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថាIFDC ដែល​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​មាន​មូលដ្ឋាន​នៅសហរដ្ឋ​អាមេរិក។ បទ​ចម្រៀង​បន្លឺ​ឡើង​ថា ​«ពួក​យើង​នៅ​ក្មេង។​ ពួក​យើង​អាច​ធ្វើ​កិច្ចការនេះ​បាន​រាល់ថ្ងៃ»។
ការ​ដំា​ដើម​ឈើ​ជួយ​ការពារភាពសឹករេចរឹល​នៃដី ព្រមទាំងផ្តល់ធ្យូង ​និងជី​កសិកម្ម​តាម​រយៈ​ស្លឹកឈើដែល​ត្រូវ​បានភ្ជួររាស់​ចូលទៅក្នុងដី។

ដោយ​ធ្វើ​ដំណើរ​ចុះ​តាមជ្រលង​ភ្នំមួយ ​មនុស្ស​មួយ​ក្រុម​តូចបាន​ប្រមូល​ផ្តុំ​គ្នា។ ពួក​គេបាន​កំពុងពិសោធន៍​ជី​គីមីដែល​រហូតដល់​ពេលថ្មី​ៗ​នេះ​កម្រ​ត្រូវ​បាន​ប្រើ​នៅ​ទី​នេះណាស់។

ស្រ្តី​កសិករឈ្មោះ លោកស្រី វា ខាវូមូ(VeaKhavumo) បាន​ផ្សព្វ​ផ្សាយ​ដំណឹងស្តីពី​ការ​ប្រើ​ប្រាស់​ជី។ លោកស្រីប្រាប់អ្នកទស្សនកិច្ចថា លោកស្រីបាន​បង្ហាញ​ជូនអ្នក​ជិត​ខាង​របស់​លោកស្រី​ចំនួន​៨​នាក់រួច​មក​ហើយអំពី​របៀបប្រើ​ប្រាស់​ជី​គីមី។

សមាជិក​ក្រុម​ពី​ម្នាក់​ទៅ​ម្នាក់​បានពន្យល់​ថា​ តាមរយៈការ​ប្រើ​ប្រាស់​ច្របាច់បញ្ចូល​គ្នា​នូវ​ជី​គីមីនិង​ជី​ធម្មជាតិ​ និង​ការ​បង្កើន​គុណភាព​គ្រាប់​ពូជ ពួក​គេ​អាច​បង្កើន​ទិន្នផលចំនួ​នបី​ទៅ​បួន​ម្តង​សម្រាប់​ស្រូវ​សាលី ស្រូវ​ សណ្តែក​និង​ដំឡូង។

បុគ្គលិក​នៅ​IFDC ​បានឲ្យ​ដឹងថា ទោះ​បី​ជា​ជី​កសិកម្ម​មានតម្លៃ​ប្រហែល​១.៣០​ដុល្លា​ក្នុង​មួយ​គីឡូក្រាម​ក៏​ដោយ​ ឧទាហរណ៍​ថា​ប្រសិន​បើ​ទិន្នផលដំឡូង​នេះ​អាច​កើន​ឡើងចំនួន​បីម្តងវិញ នោះ​មាន​ន័យ​ថា​ពួក​យើង​អាច​ចំណេញ​បាន​ទ្វេរ​ដងដែរ។

លោក អាឌដ្រេន ខាងជេលី(Adrien Kangele) ដែលជា​កសិករ​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា វីធីសាស្រ្ត​ថ្មី​ដែល​បង្កើត​ឡើង​ដោយ IFDC ​អាចជា​ដំណោះ​ស្រាយ​មួយ​ចំពោះ​ជម្លោះ​ជាតិ​សាសន៍​នៅ​ក្នុង​តំបន់​គីវូ។

លោក​និយាយថា ជី​កសិកម្មនាំ​មក​នូវ​សន្តិភាព ពីព្រោះ​វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋអាច​ប្រកប​របរចិញ្ចឹម​ជីវិត​ នៅ​ក្នុង​តំបន់ដែល​មាន​ដង់​ស៊ីតេ​ប្រជា​ពលរដ្ឋ​រស់នៅ​ច្រើន។

លោកស្រី ​សានត្រាខាវីរ៉ា ខាវីស(Sandra KaviraKawisse) ដែល​ជា​ ​អ្នកបណ្តុះ​បណ្តាលម្នាក់ដែរ បាន​ប្រាប់​វីអូអេ​ថា ជីអាច​ជួយ​ដល់ចំណង​អាពាហ៍ពិពាហ៍​របស់​ប្រជាពលរដ្ឋ​ទៀតផង។ លោក​ស្រី​ពន្យល់ថា នៅ​ចំ​ភាគខាងជើងនៅទី​នេះ ​បុរស​ជា​ច្រើន​បាន​ចាក​ចេញ​ពី​ប្រពន្ធ​របស់​ពួក​គេ​ដើម្បីទៅ​ធ្វើ​ការ​នៅ​កន្លែង​ជីក​រ៉ែ។ បន្ទាប់​មក​ស្រ្តី​ចាប់​ផ្តើម​ប្រើ​ប្រាស់​ជីទាំងនោះ ហើយ​បានឃើញ​ទិន្ន​ផល​ស្រូវកើន​ឡើងចំនួន​បី​ម្តង។

លោកស្រី ​សានត្រា បាន​បន្តទៀតថា នៅ​ពេល​ដែល​ប្តី​របស់​ពូក​គេ​បាន​កត់​សម្គាល់​រឿងនេះ ពួកគេ​បាន​និយាយ​ថា «អូហ៍! ស្រ្តី​ៗបាន​ក្លាយ​ជា​អ្នក​មាន។ ពួក​យើង​ចាក​ចេញ​ពី​ពួក​គេ ហើយស្រាប់តែពួក​គេ​ក្លាយ​ជា​អ្នក​មាន»។

ចាប់​តាំង​ពី​ពេល​នោះ​មក លោកស្រី​ សាន់ត្រា​ មាន​ប្រសាសន៍ថា​ ប្តី​របស់​ពួក​គេមិន​មាន​ការ​ខ្មាស់​អៀន​តទៅ​ទៀតទេ​ក្នុងការ​ធ្វើ​ការងារជាមួយ​ប្រពន្ធ​របស់​ពួក​គេ​នៅ​តាមស្រែចម្ការ។

IFDC បាន​រក​ឃើញ​ថា នៅ​ពេល​បុរស​ធ្វើ​ការ​ជាមួយ​ស្រ្តី ទិន្នផល​ស្រូវ​កាន់​តែ​កើន​ឡើង​ថែម​ទៀត រហូត​ដល់៩​តោន​ក្នុង​មួយ​ហិកតា​ ដែល​ប្រៀប​ធៀប​ពីមុន​ត្រឹម​តែ​៦​តោន​ក្នុង​មួយ​ហិកតាប៉ុណ្ណោះ នៅ​ពេលដែលស្ត្រី​ធ្វើ​ការ​នេះ​តែឯង។ លោកស្រី សានត្រា ​មិន​បាននិយាយអំ​ពី​ថាតើ​ទិន្នផល​នឹង​ទៅ​ជា​យ៉ាង​ណានោះ​ទេ ប្រសិន​បើបុរស​ធ្វើ​ការ​នេះ​តែម្នាក់​ឯងវិញ៕

ប្រែ​សម្រួល​ដោយ សៀក អេង
XS
SM
MD
LG