ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ស៊ើបអង្កេត​មិន​អាចរក​ឃើញ​ប្រាក់​៧០លាន​ដុល្លារ​នៅក្នុងប្រាក់​ចំណូល​មក​ពី​ធនធាន​រ៉ែ​នៅ​កុងហ្គោ

  • Nick Long

ទិដ្ឋភាព​ទូទៅ​មួយ​នៃ​រ៉ែស្ពាន់ Gecamines នៅ​ស្រុក​ដែល​មាន​រ៉ែ​ភាគខាង​ត្បូងសាធារដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​ (រូបថត​ឯកសារ ខែសីហា​ ២០០៥)។

ក្រុម​អ្នក​ស៊ើប​អង្កេត​ប្រឆាំង​អំពើ​ពុករលួយ​នៅសាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Democratic Republic of Congo) និយាយ​ថា ពួកគេ​មិនអាច​រក​ឃើញប្រាក់​ជាង​៧០​លាន​ដុល្លារ ដែល​ក្រុមហ៊ុន​រុករក​រ៉ែ​ អះអាង​ថា​បាន​បង់​ឱ្យ​រដ្ឋាភិបាល​ទេ។

លោក​សាស្រ្តាចារ្យ ជឺរេមី ឌុមបា (Jeremy Dumba)​ ជា​អ្នក​សម្រប​សម្រួល​នៅប្រទេស កុងហ្គោ នៃ​អង្គការ​ឃ្លាំមើល​ការប្រឆាំងអំពើ​ពុករលួយ​សកល​លោក​ ដែល​មាន​ឈ្មោះ​ថា​អង្គការ​ គំនិត​ផ្តួចផ្តើមដើម្បី​តម្លាភាព​ឧស្សាហកម្មរ៉ែ​ (Extractive Industries Transparency Initiative) ឬ​ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា EITI។ ក្រុម​របស់​លោក​បាន​ប្រមូល​តួលេខទាក់​ទង​នឹងអ្វី​ដែល​ក្រុមហ៊ុន​រុករករ៉ែបញ្ជាក់​ថា ពួកគេ​បាន​បង់ប្រាក់ទៅឱ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​អ្វី​ដែល​រដ្ឋាភិបាល​និយាយ​ថា ខ្លួន​បាន​ទទួល​ពីក្រុមហ៊ុន​ទាំងនោះ​ដែរ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​ប្រកាស​ថា លោក​មិនអាចធ្វើ​ឲ្យតួលេខ​ទាំងពីរ​នេះ​ ត្រូវគ្នា​បាន​ទេ។

លោក​សាស្រ្តាចារ្យ ឌុមបា ​មាន​ប្រសាសន៍​ថា មាន​គម្លាត​គ្នាយ៉ាង​ច្រើន​ទាក់ទង​នឹងតួលេខ​នោះ ហើយ​លោក​និង​ក្រុម​របស់​លោក ​មិន​ទាន់​អាច​សម្រប​សម្រួល​ការ​បង់​ប្រាក់​ ដែលបាន​ប្រកាស​ដោយ​ក្រុមហ៊ុន ជាមួយ​នឹង​បង្កាន់ដៃ​ទទួល​ប្រាក់​របស់​រដ្ឋ​នៅឡើយទេ។ លោកបាន​ថ្លែងថា វា​មាន​ការលំបាក​ខ្លាំង​ណាស់​ក្នុង​ការទទួលបាន​តួលេខ​ពី​សេវាកម្ម​ប្រាក់ចំណូល​របស់​រដ្ឋ ដែលត្រូវ​គ្នា​ជាមួយ​នឹង​អ្វី​ដែល​ក្រុមហ៊ុន​បាន​ប្រកាស​ឲ្យ​ដឹង។

លោក​សាស្រ្តាចារ្យ ឌុមបា បាន​បញ្ចូល​តួលេខ​ទាំងនេះ​ ដើម្បីធ្វើជា​ផ្នែក​មួយ​នៃ​របាយការណ៍​ដែលបាន​ហួស​ពេល​កំណត់​ជាយូរ​មក​ហើយ ​ស្តី​ពី​ប្រទេសកុងហ្គោ​របស់​អង្គការ EITI។ លោក​បាន​និយាយ​ថា តួលេខ​ចុង​ក្រោយ​បង្អស់​ដែល​ប្រមូល​បាន​សម្រាប់​ឆ្នាំ​២០០៨​និង​ឆ្នាំ​២០០៩ បង្ហាញ​ថា ក្រុមហ៊ុន​រុករករ៉ែបញ្ជាក់ថា ពួកគេបាន​បង់​ពន្ធលើ​ប្រាក់​ចំណូល​ខ្ពស់​ជាង​អ្វី​ដែល​រដ្ឋាភិបាល​និយាយ​ថា ខ្លួន​ទទួល​បាន​ពី​ក្រុមហ៊ុន​ទាំងនេះ​ទៅ​ទៀត។ នៅក្នុង​ឆ្នាំ​២០០៨ ពួកគេ​បាន​ប្រកាស​បង់ប្រាក់​ចំនួន​១២១​លាន​ដុល្លា ខណៈពេល​ដែល​រដ្ឋាភិបាល​បាន​និយាយ​ថា ខ្លួន​ទទួល​បាន​ប្រាក់​ចំនួន​៦៩​លាន​ដុល្លា​ប៉ុណ្ណោះ។ នៅក្នុង​ឆ្នាំ​២០០៩ គម្លាត​កាន់​តែតូចជាងមុន។ ក្រុមហ៊ុន​និយាយ​ថា ខ្លួន​បាន​បង់​ប្រាក់​ចំនួន​៩៩​លាន​ដុល្លា ហើយ​រដ្ឋាភិបាល​និយាយ​ថា ខ្លួន​ទទួល​បាន​ប្រាក់​ចំនួន​៧៣​លាន​ដុល្លារទេ។

អង្គការ EITI ត្រូវបាន​ដាក់ឱ្យដំណើរការ​ដោយ​រដ្ឋាភិបាល​អង់គ្លេស នៅក្នុង​ឆ្នាំ​២០០២ ហើយ​ទទួលការគាំទ្រ​ពី​សហរដ្ឋ​អាមេរិក​និង​បណ្តា​បស្ចិម​ប្រទស​ផ្សេងៗ​ទៀត។ អង្គការ​នេះ​ ប្រមូល​ផ្តុំរដ្ឋាភិបាល ក្រុមហ៊ុន និង​សង្គម​ស៊ីវិល ដើម្បី​ព្យាយាម​ធានា​ឱ្យ​ប្រាកដថា ប្រាក់ពន្ធ​បានមក​ពីការ​រុករករ៉ែ ប្រេង និង​ឧស្ម័ន ត្រូវមាន​កំណត់ហេតុត្រឹមត្រូវ ហើយបាន​ចូល​ទៅក្នុង​រតនាគារ​ជាតិ។ ការផ្តួចផ្តើម​នេះ​មាន​គោលដៅធ្វើឲ្យអភិបាលកិច្ច​ប្រសើរឡើង​នៅ​តាមបណ្តា​ប្រទេស ដែល​ពឹងផ្អែក​ទៅលើ​ឧស្សាហកម្ម​ទាំងនោះ ដូច្នេះ​ប្រាក់​ចំណូល​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។

ចំនួន​ប្រាក់ពន្ធ​ដែល​ក្រុមហ៊ុន​ទាំងឡាយ​និយាយ​ថា ពួកគេ​បាន​បង់ គួរ​តែ​ស្មើ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​និយាយ​ថា​ពួកគេ​បាន​ទទួល។ សម្រាប់​ប្រទេស​ភាគ​ច្រើន​ផ្សេង​ទៀត ដែល​បាន​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​របស់​អង្គការ EITI ចំនួន​ទឹក​ប្រាក់​ស្ទើរតែ​ស្មើគ្នា។ ប៉ុន្តែ តួលេខ​សម្រាប់​ប្រទេស តាន់ហ្សានី (Tanzania) និង​ប្រទេស ម៉ាលី (Mali) ក៏​បាន​បង្ហាញពី​គម្លាតទឹកប្រាក់ចំនួនរាប់​សិបលាន​ដុល្លា រវាងការបង់ប្រាក់និង​ការ​ទទួល​ប្រាក់។

លោក​ប្រធានាធិបតី ចូស្សេពហ៍ កាបីឡា (Joseph Kabila)
លោក​ប្រធានាធិបតី ចូស្សេពហ៍ កាបីឡា (Joseph Kabila)

ប្រទេស កុងហ្គោ (Congo) បាន​ដាក់​ពាក្យសុំ​ចូល​ជាសមាជិកភាព​របស់គម្រោងនេះ ហើយ​លោក​ប្រធានាធិបតី ចូស្សេពហ៍ កាបីឡា (Joseph Kabila) ​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក​ ​ប្តេជ្ញា​ចិត្ត​ចំពោះ​គម្រោងនេះ​ទៀត​ផង។ ប៉ុន្តែ មុនពេល​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​ របាយការណ៍​របស់​ប្រទេស​នេះស្តីពីការបង់​ប្រាក់​របស់​ក្រុមហ៊ុន​និង​បង្កាន់ដៃ​ទទួល​ប្រាក់​ពន្ធ ត្រូវតែ​ទទួលការយល់ព្រម​ពី​ក្រុម​ប្រឹក្សា​ភិបាល​របស់​អង្គការ EITI ជាមុន​សិន។

លោក​សាស្រ្តាចារ្យ ឌុមបា បាន​និយាយថា តួលេខសម្រាប់​ឧស្សាហកម្ម​ប្រេង​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ បាន​កើនឡើង ប៉ុន្តែ ទិន្នន័យ​ដែល​អាច​ប្រមូល​បាន​ពី​វិស័យ​រ៉ែនេះ ​មិនអាច​ជឿទុកចិត្តបាន​ទេ។

លោក ជៀន ខ្លោដកាតង់ដេ (Jean-Claude Katende) អ្នក​ជំនាញ​ផ្នែក​ប្រឆាំង​អំពើ​ពុករលួយជាតិកុងហ្គោ មួយ​រូប​ទៀត បានថ្លែងថា វា​ជា​ការ​ពិ​បាក​សម្រាប់កុងហ្គោ ក្នុង​ការផ្តល់តួលេខត្រឹមត្រូវ ដោយសារ​ឧស្សាហកម្ម​រុករករ៉ែ​របស់​ប្រទេស​នេះ មាន​ភាពស្មុគស្មាញ​ជាង​ឧស្សាហកម្ម​នៅ​តាមប្រទេស​ផ្សេង​ទៀត។

«អ្នកធ្លាប់​ឃើញ​ប្រទេសជាច្រើន​ ដែល​មាន​សហគ្រាស​រុករករ៉ែ​ចំនួនបី ឬបួន ឬដប់ ប៉ុន្តែ​នៅ​ក្នុងសាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោវិញ​ អ្នក​ មាន​សហគ្រាស​រុករករ៉ែ​ជាង​២០០។ ហើយ​ បន្ថែមពី​លើ​សហគ្រាស​ទាំងនេះ អ្នក​គួរ​បន្ថែម​ឧស្សាហកម្ម​ប្រេង​និង ក្រុមហ៊ុន​កុមទ័រ​ទៀតផង»។

ក្រុមហ៊ុន​កុមទ័រ (comptoirs) គឺ​ជា​ក្រុមហ៊ុន​នាំចេញធនធាន​រ៉ែ​ដែល​មាន​អជ្ញាប័ណ្ណ។

លោក កាតង់ឌី បាន​និយាយ​ថា បញ្ហា​មួយ​ទៀតនោះ​គឺ​ថា ប្រទេស កុងហ្គោ មិនមាន​ប្រព័ន្ធ​ទិន្នន័យធនាគារប្រមូល​ផ្តុំ​មួយ​សម្រាប់​វិស័យរ៉ែរបស់​ខ្លួន​ទេ។ ប៉ុន្តែ លោក​បាន​បញ្ជាក់ថា រដ្ឋាភិបាល​កំពុងសហការជាមួយ​ក្រុម​ប្រទេសម្ចាស់​ជំនួយ ស្តីពីផែនការ​មួយ​ដើម្បី​បញ្ចូលទិន្នន័យ​រ៉ែ​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដែល​បន្ទាប់​មក​នឹង​ត្រូវបាន​គ្រប់គ្រង​ជា​រួម។

គម្លាត​គ្នា​រវាង​អ្វី​ដែល​ក្រុមហ៊ុន​រុករករ៉ែ​បង់ប្រាក់​ និង​អ្វី​ដែល​រដ្ឋាភិបាល​កុងហ្គោ​គួរ​ទទួលបាន ប្រហែលជា​មាន​ចំនួន​ច្រើនជាងរាប់​សិបលាន​ដុល្លា ដែល​មិនត្រូវបាន​ដាក់​បញ្ចូលក្នុង​របាយការណ៍​របស់​លោក ឌុមបា ទេ។

ក្រុមហ៊ុនរុករករ៉ែ ​ប្រហែល​ជា​លាក់​ប្រាក់ចំណូល​មួយចំនួន​របស់​ខ្លួន។ ដូច្នេះ​ ពួកគេ អាចបង់​ពន្ធ​តិច​ជាង​ចំនួនដែល​ពួកគេ​ត្រូវបង់។ លោក ឌុមបា ​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ពី​រឿងរ៉ាវទាំងអស់នេះ ​ដែល​ប្រហែល​កំពុងកើត​មានឡើង។

លោក​ បានឲ្យដឹង​ថា ឧទាហរណ៍ មានរឿង​រ៉ាវ​របស់​ក្រុមហ៊ុន​មួយ ដែល​បាន​នាំចេញធនធានរ៉ែ​ចំនួន​៤សែន​តោន។ ពួកគេ​គួរ​តែ​បង់ពន្ធពីរ​ភាគរយ​ទៅលើ​ការនាំ​ចេញ​នោះ ប៉ុន្តែ ការប្រកាស​ពន្ធ​ មាន​ចំនួន​តិច​ជាង​ខ្លាំង​ណាស់ ដែលស​បញ្ជាក់​ឲ្យ​ឃើញថា ពួកគេ​មិន​បាន​ប្រកាស​ប្រាក់ចំណូល​ទាំងអស់​របស់​ពួកគេ​ឡើយ។

មាន​ការអះអាង​ផងដែរ​ថា កាលពីពីរបី​ឆ្នាំមុន រដ្ឋាភិបាល​បាន​លក់​តំបន់​សម្បទាន​រ៉ែយ៉ាងធំ ក្នុងតម្លៃ​ថោក​ជាង​តម្លៃ​ទីផ្សាខ្លាំង​ណាស់។ លោក អីរិក ចយស៍ (Eric Joyce) ដែល​ជា​សមាជិក​សភា​អង់គ្លេស និងជា​ប្រធានក្រុម​មហាបឹង​អាហ្រ្វិក​ (Great Lakes of Africa) នៃ​រដ្ឋសភា​អង់គ្លេស បាន​ចោទប្រកាន់ថា កាល​ពីបួនឆ្នាំ​មុន ប្រទេស កុងហ្គោ បាន​បាត់បង់​ថវិការ​ជាង​៥,៥​ពាន់​លាន​ដុល្លា ដោយសារតែ​ការលក់​ទ្រព្យ​សម្បត្តិ​រ៉ែ​របស់​រដ្ឋាភិបាល ក្នុង​តម្លៃ​ទាប​ជាង​តម្លៃមធ្យម​នៅលើ​ទីផ្សារ។ លោក​បាន​ថ្លែងថា ការលក់​ធនធានរ៉ែ​ទាំងនេះ ​ត្រូវបាន​ធ្វើ​ឡើង​តាមរយៈ​ក្រុមហ៊ុនប​រទេស ដែល​បាន​ទទួលប្រាក់ចំណេញ។

នៅពេល​ដែល​ត្រូវបាន​សួរ​អំពី​ការចោទប្រកាន់​របស់​លោក ចយស៍​ កាល​ពីឆ្នាំមុន លោក​ប្រធានាធិបតី កាប៊ីឡា បាន​ថ្លែងថា លោក​នឹង​មិនឆ្លើយតប​ទៅសមាជិក​សភា​អង់គ្លេសរួប​នោះទេ។ លោក ​បាន​និយាយថា ការប្តេជ្ញាចិត្ត​របស់​លោក​ចំពោះ​អភិបាលកិច្ចល្អ ត្រូវបានធ្វើឡើង​ដើម្បី​ផ្តល់​ផលប្រយោជន៍​ជូនប្រជាពលរដ្ឋ កុងហ្គោ ដែល​មិន​មែនដើម្បីផ្គាប់​ចិត្ត​អ្នក​នយោបាយ​បរទេសឡើយ។

ដូច​ដែលមាន​ភស្តុតាង​នៃ​កិច្ចព្រមព្រៀង​បើក​ចំហរ លោក កាប៊ីឡា​ បានបញ្ជាក់ថា កិច្ចព្រមព្រៀង​ធនធានរ៉ែ​តម្លៃ​៩​ពាន់​លាន​ដុល្លា​របស់​រដ្ឋាភិបាល​របស់​លោក ​ជាមួយ​នឹង​ក្រុមហ៊ុនចិន​មួយ ដែលជា​កិច្ច​ព្រមព្រៀង​ធំជាងគេ​បង្អស់​នៅក្នុង​វិស័យរ៉ែ ត្រូវបាន​ចុះ​ហត្ថលេខា បន្ទាប់ពី​កិច្ច​ព្រមព្រៀង​នេះ ​ត្រូវបាន​ពិភាក្សានិងអនុម័ត​ដោយរដ្ឋសភា៕

ប្រែសម្រួលដោយ ឌី​ ខាំបូលី

XS
SM
MD
LG