ប្រទេសអេហ្ស៊ីប អេត្យូពី និងស៊ូដង់បាននិយាយកាលពីថ្ងៃទី៤ ខែវិច្ឆិកាថា ប្រទេសទាំង៣មិនយល់ព្រមចំពោះវិធីសាស្ត្រចរចាថ្មីមួយដើម្បីដោះស្រាយជម្លោះរបស់ពួកគេដែលអូសបន្លាយរាប់ឆ្នាំមកហើយ ពាក់ព័ន្ធនឹងទំនប់ទឹកដ៏ចម្រូងចម្រាសមួយដែលអេត្យូពីកំពុងសាងសង់នៅលើទន្លេ Blue Nile។
នៅចុងខែតុលា ប្រទេសទាំង៣បានបន្តកិច្ចចរចាតាមអ៊ីនធឺណិតលើការចាក់បំពេញ និងប្រតិបត្តិការនៃទំនប់ Grand Ethiopia Renaissance។ កិច្ចចរចាដែលត្រូវបានបន្តធ្វើឡើងវិញនេះកើតឡើងបន្ទាប់ពីមានការលើកឡើងរបស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបាននិយាយថា ប្រទេសអេហ្ស៊ីបដែលស្ថិតនៅខ្សែទឹកខាងក្រោមនៅទីបញ្ចប់អាចនឹងបង្ខំចិត្ត «កម្ទេច» គម្រោងនេះ។ រដ្ឋាភិបាលក្រុងគែរបានចាត់ទុកគម្រោងនេះថាជា ការគំរាមកំហែងមួយ។ ការលើកឡើងបែបនេះធ្វើឱ្យអេត្យូពីមានការខឹងសម្បា។
រដ្ឋមន្ត្រីការបរទេស និងធារាសាស្ត្រនៃប្រទេសទាំង៣បានជួបប្រជុំនៅចុងខែតុលា និងបានដឹកនាំអ្នកជំនាញមកពីប្រទេសរបស់ពួកគេដើម្បីពិភាក្សា និងយល់ស្របលើវិធីសាស្ត្រមួយដើម្បីឱ្យកិច្ចចរចានេះមានផ្លែផ្កាល្អ។ ប៉ុន្តែលោក Mohammed el-Sebaei អ្នកនាំពាក្យក្រសួងធារាសាស្ត្រអេហ្ស៊ីបបាននិយាយថា នៅតែមានការមិនយល់ស្របគ្នា ហើយកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែវិច្ឆិកាមិនបានជួយបំពេញចន្លោះនោះទេ។
លោក Yasser Abbas រដ្ឋមន្ត្រីធារាសាស្ត្រស៊ូដង់ក៏បាននិយាយថា កិច្ចចរចានេះមិនបានសម្រេចលទ្ធផលជាក់លាក់ណាមួយនោះទេ និងថា អេហ្ស៊ីបប្រឆាំងនឹងសំណើរបស់ស៊ូដង់ដែលទទួលបានការគាំទ្រពីអេត្យូពីដើម្បីបង្កើនតួនាទីរបស់អ្នកជំនាញនៃសហភាពអាហ្វ្រិកក្នុងកម្រិតអតិបរមា។
ប្រទេសអេត្យូពីនិយាយថា ប្រទេសទាំងអស់ «មិនអាចឈានដល់ការព្រមព្រៀងទាំងស្រុង» លើចំណុចដូចជា «មូលដ្ឋានសម្រាប់ការចរចានៅពេលអនាគត និងកាលបរិច្ឆេទ»។ប្រទេសអេត្យូពីបាននិយាយបន្ថែមទៀតថា ពួកគេអាចនឹងពិភាក្សាជាមួយនឹងប្រធានក្រុមប្រឹក្សាប្រតិបត្តិសហភាពអាហ្វ្រិក និងរដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងដើម្បី «ពិគ្រោះពីជំហានបន្ទាប់»។
ចំណុចគន្លឹះគឺថាតើអេត្យូពីនឹងបញ្ចេញទឹកប៉ុន្មានទៅកាន់ទន្លេខាងក្រោម ប្រសិនបើមានគ្រោះរាំងស្ងួតច្រើនឆ្នាំនិងថាតើប្រទេសទាំង៣នឹងដោះស្រាយជម្លោះនៅពេលអនាគតដោយរបៀបណា។ ប្រទេសអេត្យូពីបានបដិសេធលើការដោះស្រាយតាមរយៈអាជ្ញាកណ្តាលដែលមានសិទ្ធិចេញសេចក្តីសម្រេចចងភ្ជាប់កាតព្វកិច្ចទៅលើគូភាគីនៅដំណាក់កាលចុងក្រោយនៃគម្រោងនេះ។
លោក El-Sebaei អ្នកនាំពាក្យភាគីអេហ្ស៊ីបបាននិយាយថា ប្រទេសទាំង៣នឹងត្រូវរាយការណ៍ដាច់ដោយឡែកពីគ្នាពីគោលជំហររបស់ខ្លួនទៅអាហ្វ្រិកខាងត្បូង ដែលដឹកនាំសហភាពអាហ្វ្រិក។
ប្រទេសអេត្យូពីកំពុងសាងសង់ទំនប់នៅលើទន្លេ Blue Nile ដែលភ្ជាប់ទន្លេ White Nile នៅក្នុងប្រទេសស៊ូដង់ទៅកាន់ទន្លេ Nile River ទាំងមូល។ ទឹកទន្លេប្រមាណជា៨៥%ហូរចេញពីប្រទេសអេត្យូពី។ ក្រុមមន្ត្រីសង្ឃឹមថា ការសាងសង់ទំនប់នេះ ដែលឥឡូវសម្រេចបានជាង៣/៤ទៅហើយ នឹងមានសមត្ថភាពផលិតថាមពលពេញលេញនៅក្នុងឆ្នាំ២០២៣។
ទោះជាយ៉ាងនេះក្តី ប្រទេសអេហ្ស៊ីប និងស៊ូដង់បានបង្ហាញក្តីបារម្ភថា ទំនប់នេះនឹងកាត់បន្ថយលំហូរទឹកនៃទន្លេ Nile ទៅកាន់ប្រទេសពួកគេ។ ប្រទេសអេហ្ស៊ីបពឹងផ្អែកយ៉ាងខ្លាំងលើទន្លេ Nile ដើម្បីផ្គត់ផ្គង់ទឹកដល់វិស័យកសិកម្មនិងប្រជាជនជាង១០០លាននាក់របស់ខ្លួន៕