លោកប្រធានាធិបតីស.រ.អាបារ៉ាក់ អូបាម៉ាធ្វើ ដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់នៅថ្ងៃសៅរ៍នេះដើម្បីចូលរួមក្នុងការប្រជុំពីរថ្ងៃនៃក្រុមប្រទេសចំនួន៧ដែលជាប្រទេសមានឧស្សាហកម្មនាំមុខគេក្នុងពិភពលោក។
នៅពេលដែលពាណិជ្ជកម្មស្ថិតនៅក្នុងរបៀបវារៈផ្លូវការសម្រាប់ការប្រជុំនេះក៏ដោយ ក៏គេរំពឹងថាវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ដោយមានរួមបញ្ចូលការកាន់កាប់ដែនដីគ្រីម៉េដោយរុស្សី នឹងឋិតនៅខ្ពស់ក្នុងរបៀបវារៈនៃការប្រជុំនេះ។
ប្រទេសរុស្សីធ្លាប់ជាផ្នែកមួយនៃអ្វីដែលគេស្គាល់ថាក្រុមប្រទេស៨ចាប់តាំងពីឆ្នាំ១៩៩៨មក ក៏ប៉ុន្តែរុស្សីបានត្រូវបណ្តេញចេញកាលពីឆ្នាំទៅមិញដោយសារសកម្មភាពរបស់ប្រទេសនេះក្នុងប្រទេសអ៊ុយក្រែន។
អ.ស.បបានសុំដល់ភាគីទាំងអស់នៅក្នុងជម្លោះនៃប្រទេសអ៊ុយក្រែនគោរពឲ្យពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលបានត្រូវសម្រេចកាលពីពេលមុននេះក្នុងឆ្នាំនេះ។
អ.ស.ប.បានចេញផ្សាយការអំពាវនាវនេះនៅពេលដែលក្រុមមន្ត្រីការពារជាតិស.រ.អាជាន់ខ្ពស់ និងក្រុមអ្នកការទូតជាន់ខ្ពស់បានប្រជុំគ្នាកាលពីថ្ងៃសុក្រនៅឯទីបញ្ជាការធំស.រ.អាក្នុងទ្វីបអឺរ៉ុបនៅក្នុងក្រុង Stuttgart ប្រទេសអាល្លឺម៉ង់ដើម្បីពិនិត្យសើរើមើលជាថ្មីអំពីប្រសិទ្ធភាពនៃការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងស.រ.អាប្រឆាំងនឹងប្រទេសរុស្សី និងអំពីយុទ្ធសាស្ត្រនៃអង្គការអូតង់ក្នុងការធ្វើឲ្យថមថយសកម្មភាពរបស់រុស្សីនៅក្នុងប្រទេសអ៊ុយក្រែន។
ដោយឆ្លើយតបនឹងកំណើនអំពើហិង្សា សេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតីអូបាម៉ានឹងសុំដល់ក្រុមមេដឹកនាំនៃសហភាពអឺរ៉ុបនៅក្នុងសន្និសីទកំពូលនៃក្រុមប្រទេស G-7 ឲ្យរក្សាទុកការដាក់ទណ្ឌកម្ម
ប្រឆាំងនឹងរដ្ឋាភិបាលក្រុងម៉ូស្គូដោយសារ«ការឈ្លានពានរបស់រុស្សីនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន»។