ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី ​Biden ប្រកាស​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ជា​ប្រយោជន៍​ស្នូល​សម្រាប់​សន្តិសុខ​ជាតិ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចុះ​ពី​យន្ដហោះ​ដឹកប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​អាកាសយានដ្ឋាន Cointrin ដើម្បី​ចូលរួម​ក្នុង​ជំនួប​ជាមួយ​នឹង​សមភាគី​រុស្ស៊ី លោក Vladimir Putin នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ចុះ​ពី​យន្ដហោះ​ដឹកប្រធានាធិបតី​សហរដ្ឋ​អាមេរិក នៅ​អាកាសយានដ្ឋាន Cointrin ដើម្បី​ចូលរួម​ក្នុង​ជំនួប​ជាមួយ​នឹង​សមភាគី​រុស្ស៊ី លោក Vladimir Putin នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក Joe Biden កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជា​ផ្លូវ​ការ​ដើម្បី​ជា​ប្រយោជន៍​ស្នូល​សម្រាប់​សន្តិសុខ​ជាតិ។

កាល​ពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា​កន្លង​ទៅ​ លោក​ប្រធានាធិបតី Biden បាន​ចេញ​សារាចរ​ជា​លើក​ដំបូង​ស្តីពី​សន្តិសុខ​ជាតិ​ ដោយ​បង្ហាញ​ពី​កិច្ចការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

លោក​ប្រធានាធិបតី​បាន​បញ្ជាក់​នៅ​ក្នុង​សារាចរ​របស់​លោក​ថា៖

«អំពើ​ពុករលួយ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ សមភាព​សេដ្ឋកិច្ច និង​កិច្ច​ប្រឹងប្រែង​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ជា​សាកល និង​ការ​អភិវឌ្ឍ​របស់​សហរដ្ឋ​អាមេរិក និង​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។ ប៉ុន្តែ​តាម​រយៈ​ការ​ទប់ស្កាត់​ និង​បង្ការ​អំពើ​ពុករលួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ការ​បង្ហាញ​ពី​ផល​ប្រយោជន៍​នៃ​អភិបាលកិច្ច​ប្រកប​ដោយ​តម្លាភាព និង​គណនេយ្យភាព យើង​អាច​ធានា​បាន​នូវ​ផលប្រយោជន៍​សំខាន់ៗ​សម្រាប់​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ផ្សេង​ទៀត»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​លោក Biden ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ការ​ជជែក​តាម​ទូរស័ព្ទ​ដោយ​សង្ខេប​ថា សារាចរ​របស់​លោក​ប្រធានាធិបតី Biden ជា​ការ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ពី​ប្រធានាធិបតី​ថា «លោក​រំពឹងឱ្យ​ក្រសួង​ និង​ទីភ្នាក់ងារ​ថ្នាក់​សហព័ន្ធ​ដែល​ពាក់ព័ន្ធ​ទាំង​អស់​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​ខ្លួន​តាម​មធ្យោបាយ​ជាក់លាក់​បំផុត»។ ​

មួយ​ផ្នែក​ សារាចរ​នេះ​អំពាវនាវ​ឱ្យ​មាន​ការ​ប្រយុទ្ធប្រឆាំង​នឹង​ហិរញ្ញប្បទាន​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស និង​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​គ្រប់​ទម្រង់។ សារាចរ​នេះ​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក​រាយការណ៍​ពី​ម្ចាស់​ទទួល​ផល​របស់​ពួកគេ​ទៅ​កាន់​ក្រសួង​ហិរញ្ញវត្ថុ​ និង​កាត់​បន្ថយ​ការ​សម្ងាត់​ហិរញ្ញវត្ថុ​នៅ​ក្រៅ​ប្រទេស។

ការ​ចុះ​បញ្ជី​កម្មសិទ្ធិករ​ដែល​ទទួល​ផល​ជាមួយ​នឹង​ក្រសួង​ហិរញ្ញវត្ថុ​មាន​បំណង​ធ្វើ​ការ​ហាមឃាត់ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ទ្រព្យសម្បត្តិ​ខុស​ច្បាប់​ពី​ការ​លាក់បាំង​ដោយ​ប្រើប្រាស់​ក្រុមហ៊ុន​ស្រមោល​ដែល​លាក់​ឈ្មោះ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋបាល​លោក Bidenដែល​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទទួល​ស្គាល់​ថា៖

«វា​ជា​ការ​សន្យា​ដ៏​ធំធេង​មួយ។ យើង​ធ្លាប់​ឃើញ​ឧទាហរណ៍​ជាច្រើន​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​ផល​បាន​ពី​អំពើ​ពុករលួយ​ត្រូវ​បាន​គេ​បង្វែ​តាមរយៈ​ក្រុមហ៊ុន​ស្រមោល​ និង​ហូរ​ចេញ​ពី​តំបន់​ទីក្រុង​សំខាន់ៗ​ក្នុង​សហរដ្ឋអាមេរិក​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ដែល​មាន​បំណង​អាក្រក់​ទាំង​នោះ។ ដូច្នេះ យើង​ត្រូវ​ចាត់​វិធានការ​បន្ថែម​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ការណ៍​នេះ​មិន​កើត​ឡើង​នា​ពេល​អនាគត​នោះ​ទេ»។

ច្បាប់​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ជឿនលឿន​ផ្សេង​ទៀត​ដែល​អនុញ្ញាត​ឱ្យ​លុយ​ពុករលួយ​អាច​ឆ្លងកាត់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​បាន​គឺ​ជា«បញ្ហា​ដ៏​ធំ​មួយ»។ នេះ​បើ​យោង​តាម​លោក Gary Kalman នាយក​អង្គការ​តម្លាភាព​អន្តរជាតិ​ប្រចាំ​សហរដ្ឋអាមេរិក។

លោក Kalman បាន​ប្រាប់​VOA​ថា៖

«សហរដ្ឋ​អាមេរិក​គួរ​តែ​ជា​ប្រទេស​បើក​ចំហ និង​ស្អាតស្អំ ប៉ុន្តែ​ប្រាក់​ខុស​ច្បាប់​កាន់​តែ​ច្រើន​ប្រហែល​ហូរ​ឆ្លង​កាត់​សហរដ្ឋ​អាមេរិក​ជាង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​លើ​ភព​ផែនដី​នេះ»។

លោក Kalman​បន្ត​ថា​អង្គការ​តម្លាភាព​អន្តរជាតិ​នឹង​តាមដាន​មើល​ថា​តើ​នឹង​មាន​វិធានការ​តឹងរ៉ឹង​ «ដែល​ពិត​ជា​អាច​បង្ការ​ប្រាក់​កខ្វក់​ដែល​ហូរ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សហរដ្ឋអាមេរិក​ ឬ​ក៏​តើ​ពួកគេ​នឹង​ចេញ​វិធានការ​អន់ៗ និងអនុញ្ញាត​ឱ្យ​ការ​គេចវេះ​កើត​មាន​បន្ត​ទៀត?»។

យុទ្ធនាការ​របស់​លោក​ប្រធានាធិបតី Biden នឹង​មាន​ភាព​ស្មុគស្មាញ​ដោយសារ​តែ​កំណើន​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើប្រាស់​រូបិយបណ្ណ crypto ដែល​ងាយ​ស្រួល​ដោះដូរ រួម​ទាំង​ការ​បង់​ប្រាក់​លោះ​ទៅ​ឱ្យ​ឧក្រិដ្ឋជន​តាម​អ៊ីនធឺណិត ដែល​លួច​ចូល​ក្រុមហ៊ុន​ដែល​ងាយ​រងគ្រោះ និង​ដែល​ជា​រឿយៗ​យក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ទៀត​ជា​គោលដៅ។

លោក Charles Kupchan អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស និង​ជា​សាស្ត្រាចារ្យ​កិច្ចការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Georgetown បាន​និយាយ​ថា៖

«រូបិយបណ្ណ crypto អនុញ្ញាត​ឱ្យ​ហិរញ្ញប្បទាន​ខុស​ច្បាប់​ជាច្រើន​កើត​មាន​ឡើង ដូច្នេះ​ខ្ញុំ​គិត​ថា គោលដៅ​ទី១​គឺ​ត្រូវ​ព្យាយាម​បង្ក្រាប​លើ​ការ​គំរាមកំហែង​ប្រចាំ​ថ្ងៃ​ទាំង​នេះ​ជាមុន»។

នៅ​ក្នុង​សារាចរ​របស់​លោក លោក​ប្រធានាធិបតី Biden បាន​អំពាវនាវ​ឱ្យ​នាំ​ «បុគ្គល​ពុករលួយ អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស​ និង​អ្នក​សម្របសម្រួល​របស់​ពួកគេ» មក​ទទួល​ខុស​ត្រូវ រួម​ទាំង​ចាត់​វិធានការ​អនុវត្ត​ច្បាប់​ព្រហ្មទណ្ឌ​ប្រឆាំង​អ្នក​ទាំង​នោះ​ផង​ដែរ។

លោក Ryan Berg អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​បាន​ប្រាប់​VOA​ថា៖

«សកម្មភាព​នេះ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ជា​យូរ​មក​ហើយ ជាពិសេស​ក្នុង​បរិបទ​នៃ​ការ​ប្រកួតប្រជែង​អំណាច​ដ៏​ខ្លាំង​ដែល​មាន​នៅ​ទូទាំង​ពិភពលោក ដែល​បណ្តាញ​ពុករលួយ​គឺ​ជា​ឆ្អឹង​ខ្នង​នៃ​របប​ផ្តាច់​ការ​ដែល​ផ្តល់​ភាព​ងាយ​ស្តារ​ឡើង​វិញ​ភាគច្រើន​របស់​ពួកគេ»។

លោក Ryan Berg​ បាន​និយាយ​ថា៖

«ការ​កម្ទេច​បណ្តាញ​ដ៏​ស្មុគស្មាញ​ និង​មាន​ការ​បង្កប់​នេះ​គឺ​ជា​គន្លឹះ​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​របប​ផ្តាច់​ការ​ទន់​ខ្សោយ​ និង​ផលប្រយោជន៍​ដែល​ពួកគេ​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ សារាចរ​នេះ​ផ្តល់​ក្របខណ្ឌ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ពិចារណា​នៅ​ពេល​ស្វែងរក​វិធីសាស្ត្រ​រួម​ក្នុង​ជួរ​រដ្ឋាភិបាល​ចំពោះ​ការ​ប្រកួតប្រជែង​យុទ្ធសាស្ត្រ​ជាមួយ​នឹង​ប្រទេស​ផ្សេង​ដូចជា​ចិន រុស្ស៊ី និង​អ៊ីរ៉ង់​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ពាក់ព័ន្ធ​ទាំង​អស់»។​

លោក Michael Johnston សាស្ត្រាចារ្យ​ចូល​និវត្តន៍​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ Colgate បាន​និយាយ​ថា ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ដោះស្រាយ​បញ្ហា​ពុករលួយ​គឺ​ជា​រឿងរសើប​ ​ចម្រូងចម្រាស​ មាន​ហានិភ័យ និង​ជា​ការប្រយុទ្ធ​រយៈពេល​វែង។

លោក Johnston បាន​កត់​សម្គាល់​ថា អង្គការ និង​ស្ថាប័ន​អន្តរជាតិ​ដែល​ចូលរួម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ចេះ​តែ​មាន​ទំនោរ​ដើរ​ចេញ​ពី​ការ​ប្រយុទ្ធ​ជួនកាល «ដោយសារ​មួយ​ផ្នែក​ពួកគេ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​របប​ដែល​ពួក​គេ​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ»។

មន្ត្រី​សហរដ្ឋ​អាមេរិក​ជាន់​ខ្ពស់​ម្នាក់​បាន​និយាយ​ថា ការិយាល័យ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល​ក៏​នឹង​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​នេះ​ដែរ ដែល​នឹង​ប្រើប្រាស់ «គ្រប់​មធ្យោបាយ​ដែល​យើង​មាន​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា យើង​កំណត់​អត្តសញ្ញាណ​អំពើ​ពុករលួយ ទីកន្លែង​ដែល​កំពុង​កើត​ឡើង​ និង​តាក់តែង​គោលនយោបាយ​ឆ្លើយតប​ត្រឹមត្រូវ»។

លោក Kupchan បាន​ប្រាប់​VOA​ថា សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​ «នឹង​ក្លាយ​ជា​ការ​ផ្តល់​ដំណឹង​អំពី​បុគ្គល​ជាច្រើន ទាំង​រដ្ឋាភិបាល និង​ភាគី​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​ដែល​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ពុករលួយ។ ប៉ុន្តែ​និយាយ​ឱ្យ​ត្រង់​ទៅ នេះ​ជា​ដំណើរការ​រយៈពេល​វែង»។

បទបញ្ជា​របស់​លោក​ប្រធានាធិបតី Biden ស្នើ​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​អន្តរស្ថាប័ន​ដែល​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ ២០០ ថ្ងៃ​ដោយ​ត្រូវ​ដាក់​របាយការណ៍ និង​ការ​ផ្តល់​អនុសាសន៍​ជូន​លោក​ប្រធានាធិបតី​ដើម្បី​ដាក់​ទិសដៅ និង​សកម្មភាព​បន្ត​ទៀត។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖

«សហរដ្ឋអាមេរិក​នឹង​ដឹកនាំ​ដោយ​ឧទាហរណ៍ និង​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ។ ប៉ុន្តែ​នេះ​គឺ​ជា​បេសកកម្ម​សម្រាប់​ពិភពលោក​ទាំង​មូល ហើយ​យើង​ត្រូវ​រួម​គ្នា​គាំទ្រ​ដល់​ពលរដ្ឋ​ក្លាហាន​នៅ​ជុំវិញ​ពិភពលោក​ដែល​កំពុង​ទាមទារ​ឱ្យ​មាន​អភិបាលកិច្ច​ទៀងត្រង់ និង​មាន​តម្លាភាព»។

លោកJohnston ដែល​ជា​អ្នក​និពន្ធ​កម្រង​អត្ថបទ​៤​លេខ​អំពី​«អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ» និង​សៀវភៅ​ផ្សេង​ទៀត​ទាក់ទង​នឹង​ប្រធានបទ​នេះ​បាន​ចាត់​ទុក​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី Biden ថា​ជា«សំណើ​មាន​តម្លៃ​នឹង​ធ្វើ​ និង​ជា​អ្វី​ដែល​យើង​កំពុង​ព្យាយាម​ធ្វើ​ ប៉ុន្តែ​ត្រូវ​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ»។​

លោកJohnston បាន​និយាយ​ថា គេ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​នៅ​កម្រិត​ប្រជាជន​មូលដ្ឋាន​ជាជាង​យក​គោលដៅ​ពី​លើ​មក​ក្រោម។​

លោក​បាន​ប្រាប់ ​VOA​ថា «វា​មិន​មែន​ជា​បញ្ហា​បច្ចេកទេស​នៃ​អភិបាលកិច្ច​នោះ​ទេ។ វា​ជា​សំណួរ​នៃ​ភាព​យុត្តិធម៌​ដែល​អ្នក​អាច​មើល​ឃើញ​នៅ​គ្រប់​ផ្នែក​ក្នុង​ពិភពលោក»៕

XS
SM
MD
LG