រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសនៅចុងសប្ដាហ៍នេះអំពីយន្ដការហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធមួយសម្រាប់បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម ដើម្បីប្រជែងជាមួយនឹងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ប្រទេសចិន។
ដោយមានការគាំទ្រពីដៃគូនានានៅឯកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-7 នៅក្នុងដែនដី Cornwall ប្រទេសអង់គ្លេស គម្រោងផ្ដួចផ្ដើមថ្មីរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា «កសាងពិភពលោកជាថ្មីឲ្យប្រសើរ (B3W)» នេះ បានចាប់ផ្ដើមដាក់ឲ្យដំណើរការកាលពីថ្ងៃសៅរ៍។
គម្រោងនេះនឹង «ផ្ដោតលើគុណតម្លៃ តម្លាភាព និងនិរន្តរភាព»។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលរបស់លោក Biden។
មន្ត្រីជាន់ខ្ពស់មួយរូបទៀតនៃរដ្ឋបាលរបស់លោក Biden បានថ្លែងដូច្នេះថា៖ «យើងជឿថា យើងនឹងអាចយកឈ្នះលើគម្រោង BRI [របស់ចិន] បាន តាមរយៈការផ្ដល់នូវជម្រើសប្រកបដោយគុណភាពខ្ពស់ ហើយយើងនឹងផ្ដល់ជម្រើសនោះដោយភាពជឿជាក់លើខ្លួនឯងអំពីគំរូរបស់យើងដែលឆ្លុះបញ្ចាំងពីគុណតម្លៃរួមគ្នារបស់យើង»។
គម្រោង BRI របស់ចិនគឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើសាកលលោក ដែលរដ្ឋាភិបាលចិនបានចាប់ផ្ដើមអនុវត្តកាលពីឆ្នាំ ២០១៣ ដើម្បីវិនិយោគលើប្រទេសជិត ៧០។ គម្រោងនេះគឺជាធាតុសំខាន់មួយនៅក្នុងគោលនយោបាយការបរទេសរបស់ចិន។
មន្ត្រីសហរដ្ឋអាមេរិករូបនោះបាននិយាយថា គម្រោងផ្ដួចផ្ដើម B3W នេះ មានគោលបំណងកៀរគរវិស័យឯកជនឲ្យវិនិយោគនិងបំពេញតម្រូវការហិរញ្ញប្បទានហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់រាប់សិបលានលានដុល្លារនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ស្របតាមបទដ្ឋានពលកម្ម បរិស្ថាន និងតម្លាភាព។
ពេលវេលាមិនទាន់ច្បាស់លាស់
ពេលវេលា រចនាសម្ព័ន្ធ និងវិសាលភាពនៃយន្ដការហិរញ្ញប្បទាន ក៏ដូចជាទំហំពិតប្រាកដនៃថវិកាដែលសហរដ្ឋអាមេរិកនឹងរួមចំណែក គឺនៅមិនទាន់ច្បាស់នៅឡើយទេ។
មន្ត្រីខាងលើបាននិយាយថា ក្ដីសង្ឃឹមគឺថា ជាមួយនឹងបណ្ដាប្រទេស G-7 ដែលជាដៃគូ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត សហរដ្ឋអាមេរិកនឹងរួមចំណែកមុនគេនូវថវិកា «រាប់រយពាន់លានដុល្លារ» សម្រាប់ការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម «នៅក្នុងពេលឆាប់ៗខាងមុខនេះ»។
លោក Robert Daly នាយកវិទ្យាស្ថាន Kissinger សិក្សាកិច្ចការប្រទេសចិននិងសហរដ្ឋអាមេរិក នៃមជ្ឈមណ្ឌល Wilson បានថ្លែងថា៖ «វាជាការសមហេតុសមផលនៅក្នុងការសួរថាតើនេះគឺជាថវិកាថ្មីនិងសមត្ថភាពថ្មីសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ឬក៏ជាការកែច្នៃជាថ្មីនូវធនធានដែលមានស្រាប់»។
គេដឹងថា ដើម្បីពង្រីកដែនឥទ្ធិពលរបស់ខ្លួន រដ្ឋាភិបាលចិនបានផ្ដល់ប្រាក់កម្ចីតាមរយៈគម្រោង BRI របស់ខ្លួនដល់បណ្ដាប្រទេសនានាដើម្បីអនុវត្តគម្រោងផ្សេងៗដែលស្ថាប័នហិរញ្ញប្បទានអន្តរជាតិទាំងឡាយចាត់ទុកថាមិនគួរឲ្យជឿទុកចិត្តបាន។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើបណ្ដាប្រទេស G-7 ដែលជាដៃគូរបស់សហរដ្ឋអាមេរិក នឹងគាំទ្រលើគម្រោងនេះកម្រិតណា ដោយសារតែប្រទេសខ្លះមានចំណងទាក់ទងសេដ្ឋកិច្ចជ្រាលជ្រៅជាមួយនឹងប្រទេសចិន៕
ប្រែសម្រួលដោយអ្នកស្រី ហុង ចិន្ដា