ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Biden ​នឹង​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​របស់​អាមេរិក​​ប្រាប់​សម្ព័ន្ធភាព​អំពី​​វិស័យ​ការពារ​របស់​អង្គការអូតង់


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ជួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់ លោក Jens Stoltenberg ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អង្គការ​អូតង់ នៅ​ឯ​ទីស្នាក់ការ​របស់​អង្គការ​នេះ​ក្នុង​រាជធានី​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

អង្គការ​អូតង់​មាន​គម្រោងនឹង​ពិភាក្សា​ពិនិត្យ​ឡើង​វិញ​នូវ​កម្មវិធីយុទ្ធសាស្ត្រ​របស់​ខ្លួន​ នៅពេល​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​នេះ​ ដែល​ក្នុង​នោះរួមមានប្រធានាធិបតី​អាមេរិក​លោក ​Joe Biden​ ជួប​ប្រជុំ​គ្នានៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្នុងរាជធានី​ប្រ៊ុចសែល ​ប្រទេសប៊ែលហ្ស៊ិក។

អង្គការ​អូតង់បាន​ធ្វើ​បច្ចុប្បន្នភាព​ឯកសារ​យុទ្ធសាស្ត្រ​របស់​ខ្លួន​កាល​ពីឆ្នាំ​២០១០។ ​ការ​គំរាម​កំហែង​និង​ការ​ប្រឈម​ផ្នែក​សន្តិសុខរបស់​អង្គការ​នេះមាន​ការ​ផ្លាស់ប្តូរ​ជា​ច្រើន​ ចាប់​តាំង​ពី​ពេល​នោះ​មក។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Jens Stoltenberg ​អគ្គលេខាធិការ​អង្គការ​អូតង់។​

អង្គការ​អូតង់​បាន​ផ្អាក​កិច្ច​ពិភាក្សាផ្លាស់​ប្តូរ​យុទ្ធសាស្រ្តក្នុង​អាណត្តិ​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump។​

លោក​ Trump ​មាន​ទំនាក់​ទំនង​រកាំរកូស​ជា​មួយ​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អង្គការ​អូតង់ ដោយ​លោក​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំង​នោះ​ពង្រីក​ទំហំ​ថវិកា​ការពារ​ជាតិ​របស់​ខ្លួន​ទៅ​ឲ្យ​អង្គ​ការ​នេះ​ និង​បាន​លើក​ចម្ងល់​អំពី​ខ្លឹម​សារ​នៃ​មាត្រា​៥របស់​អង្គការ​អូតង់​ស្តីពី​ការ​ការ​ពារ​គ្នាផង​ដែរ។​

លោក​ Joe Biden ​បាន​មក​ដល់​ រាជធានី ​ប្រ៊ុចសែល​ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​ដើម្បី​ចូល​រួម​កិច្ចប្រជុំរបស់​អង្គការ​អូតង់​ និង​កិច្ច​ប្រជុំ​កំពូល​ជា​មួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។​ ​

កិច្ច​ពិភាក្សា​ទាំង​នេះ​នឹង​ធ្វើឡើង​មុន​ជំនួប​កំពូល​របស់​លោក ​Biden ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ នៅ​ថ្ងៃ​ពុធ ​ក្នុង​ទី​ក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស៕

XS
SM
MD
LG