ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​នេសាទ​កម្ពុជា​៥៩​នាក់​បាន​មក​ដល់​កម្ពុជា​វិញ


កាបូប​ដាក់​សំលៀកបំពាក់​របស់​ពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​បញ្ចូន​ត្រលប់​មក​កម្ពុជា​វិញ​ ត្រូវ​បាន​ដឹក​ជញ្ចូន​ដាក់​តាម​ឡាន​ផ្សេង​មួយ​ទៀត​ ក្រោយ​ពេល​ពួកគេ​បាន​ចាកចេញ​តាម​ច្រក​ទ្វារ​ VIP នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា/VOA)
កាបូប​ដាក់​សំលៀកបំពាក់​របស់​ពលករ​ចំណាក​ស្រុក​ដែល​ត្រូវ​បាន​បញ្ចូន​ត្រលប់​មក​កម្ពុជា​វិញ​ ត្រូវ​បាន​ដឹក​ជញ្ចូន​ដាក់​តាម​ឡាន​ផ្សេង​មួយ​ទៀត​ ក្រោយ​ពេល​ពួកគេ​បាន​ចាកចេញ​តាម​ច្រក​ទ្វារ​ VIP នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១៥។ (នូវ​ ពៅលក្ខិណា/VOA)

ពលរដ្ឋ​កម្ពុជា​ចំនួន​៥៩​នាក់​ដែល​ត្រូវ​គេ​បោក​ឱ្យ​ទៅ​ធ្វើ​កម្មករ​នេសាទ ហើយ​ក្រោយ​មក​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ។

ពលករ​ទាំងនោះ​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​តាម​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្រោម​ការ​ជួយ​ឧបត្តម្ភ​របស់​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM)។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​ VOA ​ថា៖ «បាទ​អត់​មាន​បាត់​ម្នាក់​ទេ​បាទ។ ចំនួន​៥៩​នាក់​តែ​ម្តង»។

ពលករ​ខ្មែរ​ដែល​រងគ្រោះ​ទាំង​នេះ​ភាគច្រើន​ជា​កម្មករ​លើ​ទូក​នេសាទ​របស់​ថៃ។ ពួកគេ​គឺ​ជាអ្នក​ដែល​នៅ​ក្នុង​ចំណោម​ក្រុម​អ្នកនេសាទ​ជាង​៣០០​នាក់​ ដែល​ទើប​ត្រូវបាន​ជួយ​សង្គ្រោះ​ ដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​កាលពី​ពេល​ថ្មីៗ​នេះ​ បន្ទាប់ពី​មាន​របាយការណ៍​ស៊ើប​អង្កេត​មួយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP របស់​អាមេរិកាំង​លើ​ឧស្សាហកម្មគ្រឿង​សមុទ្រ។ អ្នក​នេសាទ​ទាំង​នោះ​មក​ពី​ប្រទេស​កម្ពុជា​ ថៃ និង​ឡាវ។

អង្គការ​ទេសន្តរ​ប្រវេសន៍​អន្តរជាតិ​បាន​បញ្ជាក់​ថា នៅ​មាន​ពលករ​កម្ពុជា​ចំនួន​៣៦​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​នៅ​លើ​កោះ​ Benjina ​នៅឡើយ​ ហើយ​ស្ថានភាព​របស់​ពួកគេ​មិន​ទាន់​ច្បាស់​ទេ។

លោក កុយ គួង​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា ភាគី​កម្ពុជា​នឹង​ទៅ​ជួប​តំណាង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអង្គារ ដើម្បី​ជួប​សម្ភាសន៍​ពលករ​ទាំង​៣៦​នាក់​នេះ។ លោក​ក៏​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​រកឃើញ​ពលករ​កម្ពុជា​៣២នាក់​ផ្សេង​ទៀត​ដែរ។​

លោក​បន្ថែម​ថា៖​«ក្រៅពី​៣៦នាក់​នេះ​ យើង​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​រកឃើញ​៣២នាក់​ទៀត ហើយ​នៅ​ខាងមុខ​ទៀត​មិន​ដឹង​ជា​ថា​នឹង​រកឃើញ​ប៉ុន្មាន​នាក់​ទៀត​ យើង​អត់​ទាន់​បាន​ដឹង​ច្បាស់​ »។

មាន​ពលករ​កម្ពុជា​ជាង​មួយ​លាន​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​ទាំង​ស្របច្បាប់ និង​មិន​ស្រប​ច្បាប់។ ពួកគេ​មួយ​ចំនួន​តែង​រងគ្រោះ​ពី​ការ​ធ្វើ​ទុក្ខបុក្ខ​ម្នេញ​ពី​ថៅកែ ជាពិសេស​អ្នក​នេសាទ​តាម​កប៉ាល់​ថៃ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG