មនុស្ស១៥នាក់ក្នុងនោះមានកុមារ៦ នាក់ផងត្រូវបានសម្លាប់កាលពីយប់ថ្ងៃសុក្រ នៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងសន្តិសុខស្រីលង្កា និងពួកសកម្មប្រយុទ្ធដែលជាប់ទាក់ទងនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅព្រះវិហារនិងសណ្ឋាគារកាលពីថ្ងៃបុណ្យ Easter Sunday។
ប៉ូលិសបាននិយាយថា ការប្រយុទ្ធគ្នាបានផ្ទុះឡើង ហើយបុរស៣នាក់បានបំផ្ទុះគ្រាប់បែកដែលបានសម្លាប់ខ្លួនឯងក្នុងអំឡុងពេលវាយឆ្មក់លើផ្ទះមួយដែលមានការការពារនៅក្នុងស្រុក Ampara នៅឆ្នេរសមុទ្រខាងកើតរបស់ប្រទេសដែនកោះនេះ។
ស្ត្រីរងរបួសធ្ងន់ម្នាក់និងកូនត្រូវបានរកឃើញអំឡុងពេលបោះសម្អាតផ្ទះ ហើយក្រោយមកពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
បន្ទាប់ពីអំពើហិង្សាចុងក្រោយបង្អស់នេះ លោកប្រធានាធិបតី Maithripala Sirisena បានប្រកាសជាផ្លូវការដាក់ក្រុមជ្រុលនិយមឥស្លាមពីរក្រុមឲ្យនៅក្រៅច្បាប់ ដែលសង្ស័យថា បានធ្វើការវាយប្រហារនៅថ្ងៃបុណ្យ Easter Sunday ដែលបានសម្លាប់មនុស្សជាង២៥០នាក់។
លោក Sirisena បានប្រើអំណាចគ្រាអាសន្នរបស់លោកដើម្បីដាក់បម្រាមលើក្រុមជ្រុលនិយម National Thawheedh Jamaath និងក្រុម Jamathei Millathu Ibrahim។ មន្ត្រីសន្តិសុខបាននិយាយថា ក្រុមជ្រុលនិយម National Thawheedh Jamaath ត្រូវបានគេជឿថា ជាក្រុមដ៏សំខាន់នៅពីក្រោយការវាយប្រហារនៅថ្ងៃបុណ្យ Easter Sunday។
ក្រុមមន្រ្តីបាននិយាយថា កាលពីមុនព្រឹត្តិការណ៍នេះ ច្បាប់មិនអនុញ្ញាតឲ្យដាក់ក្រុមដែលមិនសូវមានឈ្មោះបោះសំឡេងនេះក្រៅច្បាប់ទេ ដោយសារខ្វះភស្តុតាងរឹងមាំប្រឆាំងនឹងពួកគេ៕