ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរដ្ឋធានីកូឡុំបូ ប្រទេសស្រីលង្កាបានជូនដំណឹងដល់ពលរដ្ឋឲ្យជៀសវាងកុំចូលទៅកន្លែងសាសនានៅក្នុងប្រទេសស្រីលង្កានៅចុងសប្តាហ៍នេះដោយសារតែអាជ្ញាធរស្រីលង្ការាយការណ៍ថា អាចនឹងមានការវាយប្រហារបន្ថែមទៀតនៅក្នុងប្រទេសនេះ។
ស្ថានទូតបានជូនដំណឹងតាមរយៈគណនី Twitter ផ្លូវការរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សូមឲ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្ន និងជៀសវាងកុំចូលទៅកន្លែងណាដែលមានមនុស្សអ៊ូអរច្រើន»។ ការព្រមានបានធ្វើឡើងនៅប៉ុន្មានថ្ងៃក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងវិហារសាសនា និងសណ្ឋាគារចំថ្ងៃបុណ្យ Easter កាលពីថ្ងៃអាទិត្យដែលបានសម្លាប់មនុស្សជាង២៥០នាក់។
ក្រុមមន្រ្តីនិយាយថា ចំនួនអ្នកស្លាប់ត្រូវបានកែតម្រូវពីជាង៣៥០នាក់មកត្រឹមជាង២៥០នាក់ ដោយសារតែសាកសពខ្លះត្រូវបានគេរាប់ស្ទួនគ្នា។ អាជ្ញាធរស្រីលង្កានិយាយថា ជនសង្ស័យជាមេក្លោងឈ្មោះ Zahran Hashim បានស្លាប់នៅក្នុងការវាយប្រហារលើសណ្ឋាគារ Shangri-La។ កាសែតស្រីលង្កាឈ្មោះ Daily Mirror បានរាយការណ៍ថា បងប្អូនស្រីរបស់ជនឈ្មោះ Hashim នេះបាននិយាយថា ទាំងឪពុកម្តាយនិងបងប្អូនប្រុសស្រីរបស់នាងបានបាត់ខ្លួនតាំងពីថ្ងៃទី១៨ ខែមេសាមកម៉្លេះ។
ប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena បានថ្លែងថា មេបញ្ជាការប៉ូលិសស្រីលង្កាលោក Pujith Jayasundara បានលាលែងចេញពីតំណែងនៅថ្ងៃសុក្រនេះ ដោយសារការធ្វេសប្រហែសរបស់លោកបណ្តោយឲ្យមានការវាយប្រហារនេះកើតឡើង ហើយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការពារប្រទេសស្រីលង្កាលោក Hemasriri Fernando បានចុះចេញពីតំណែង ខណៈប្រធានាធិបតីប្រទេសស្រីលង្កាប្រកាសឲ្យលោកចុះចេញពីតំណែង។
លោក Sirisena បានប្រកាសឲ្យលោក Fernando និងលោក Jayasundara ចុះចេញពីតំណែងបន្ទាប់ពីលោកបានសន្យាតាមរយៈសេចក្តីថ្លែងការណ៍មួយដែលបានចាក់ផ្សាយតាមទូរទស្សន៍ជាតិថា លោកនឹងចាត់វិធានការលើមន្រ្តីណាដែលមិនបានជូនដំណឹងដល់លោកពាក់ព័ន្ធនឹងការព្រមានរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសឥណ្ឌា មុននឹងមានការវាយប្រហារគ្រាប់បែកអត្តឃាតនៅក្នុងវិហារសាសសា និងសណ្ឋាគារប្រណិតទាំងនេះ៕