ស្ថានទូតអាមេរិកនៅទីក្រុងColomboបានប្រាប់ឲ្យប្រជាជនចៀសវាងកន្លែងបួងសួងនៅប្រទេសស្រីលង្កានៅចុងសប្ដាហ៍ខាងមុខដោយលើកពីរបាយការណ៍ប្រទេសស្រីលង្កាដែលថា ការវាយប្រហារបន្ថែមអាចកើតឡើង។
ស្ថានទូតអាមេរិកបានសរសេរកាលពីថ្ងៃព្រហស្បតិ៍នៅលើគណនីTwitterផ្លូវការរបស់ខ្លួនថា«ចូរបន្តការប្រុងប្រយ័ត្ននិងចៀសវាងកន្លែងមានហ្វូងមនុស្សច្រើន»។
ការព្រមាននេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការវាយប្រហារដ៏សាហាវទៅលើពួកអ្នកបួងសួងគ្រិស្តសាសនានៅថ្ងៃបុណ្យ Easter Sunday នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់មនុស្សជាង២៥០នាក់។
ក្រុមមន្ត្រីបាននិយាយពីមុនថា ចំនួនអ្នកស្លាប់មានជាង៣៥០នាក់ ប៉ុន្តែបានកែតម្រូវតួលេខកាលពីថ្ងៃព្រហស្បតិ៍ដោយនិយាយថា សាកសពមួយចំនួនអាចត្រូវបានរាប់ពីរដង។
រដ្ឋមន្ត្រីការពារជាតិស្រីលង្កាលោកHemasririFernandoបានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ក្រោយពីព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែក។ លោកធ្វើតាមការអំពាវនាវរបស់ប្រធានាធិបតីស្រីលង្កាឲ្យលោកលាលែងពីតំណែង។
លោកប្រធានាធិបតី MaithripalaSirisenaបានអំពាវនាវឲ្យលោក FernandoនិងលោកPujithJayasundaraអគ្គស្នងការប៉ូលិស លាលែងពីតំណែង ក្រោយពីលោកបានសន្យាក្នុងបណ្តាញទូរទស្សន៍ថា នឹងចាត់វិធានការតឹងតែងប្រឆាំងនឹងក្រុមមន្ត្រីដែលមិនប្រាប់លោកអំពីព័ត៌មានចារកម្មដែលប្រទេសឥណ្ឌាផ្តល់ឲ្យប៉ុន្មានថ្ងៃមុនការបំផ្ទុះគ្រាប់បែកនៅព្រះវិហារនិងសណ្ឋាគារប្រណីត។នៅពេលដែលរដ្ឋាភិបាលប្រឈមមុខនឹងកំហឹងពីសាធារណជន មន្ត្រីជាន់ខ្ពស់ទទួលស្គាល់ថា វាជា«បរាជ័យដ៏ធំមួយ»៕