ស្រ្តីម្នាក់និងក្មេងម្នាក់ដែលត្រូវរបួសជាទម្ងន់បានត្រូវគេរកឃើញនៅថ្ងៃសៅរ៍នេះក្នុងអំឡុងនៃកិច្ចប្រតិបត្តិការបោសសម្អាតផ្ទះមួយកន្លែងនៅក្នុងប្រទេសស្រីលង្កាដែលនៅទីនោះកងកម្លាំងសន្តិសុខ បានបាញ់តបតគ្នាជាមួយក្រុមប្រដាប់អាវុធនៅក្នុងទីក្រុងKalmunaiនៅក្នុងតំបន់ភាគខាងកើត។ស្រ្តីម្នាក់និងក្មេងម្នាក់បានចូលព្យាបាលរបួសនៅមន្ទីរពេទ្យ។
អ្នកនាំពាក្យយោធា និយាយថាសាកសពមនុស្ស១៥នាក់ រួមមានកូនក្មេង៦នាក់ បានត្រូវគេរកឃើញនៅខាងក្នុងនិងជុំវិញផ្ទះមួយកន្លែងដែលនៅទីនោះ ការប្រយុទ្ធគ្នានិងការផ្ទុះបានកើតមានឡើងកាលពីយប់ថ្ងៃសុក្រ។
ប៉ូលិសនិយាយថាការផ្ទុះនោះទំនងជាស្នាដៃរបស់ពួកអ្នកដាក់គ្រាប់អត្តឃាត។
កាសែតThe Daily Mirror របស់ស្រីលង្កា បានប្រាប់ឲ្យដឹងថា យោធាបានរកឃើញកន្លែងលាក់គ្រាប់បែកធ្វើនៅក្នុងស្រុកចំនួន១៥០គ្រាប់ សម្លៀកបំពាក់របស់ក្រុមភេរវកម្មរដ្ឋឥស្លាម គ្រាប់ធ្វើពីដែកថែប និងដ្រូន។ គេក៏បានរកឃើញកុំព្យូទ័រយួដៃមួយគ្រឿង និងរថយន្តម៉ាក្សVanមួយគ្រឿងដែរ។
មេដឹកនាំកាតូលិកក្នុងប្រទេសស្រីលង្កា បានលប់ចោលពិធីសូត្រធម៌នៅថ្ងៃអាទិត្យនៅទូទាំងប្រទេសនៅពេលដែលក្រុមមន្រ្តី បង្ហើបពីលទ្ធភាពនៃការវាយប្រហារកាន់តែច្រើនឡើងថែមទៀតនៅកោះនោះ ជិតមួយសប្តាហ៍បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ប្រល័យនៅថ្ងៃបុណ្យEasterនៅក្នុងវិហារគ្រឹស្តសាសនានិងសណ្ឋាគារដែលត្រូវបានគេស្តីបន្ទោសលើពួកជ្រុលនិយមឥស្លាម។
សម្តេចប៉ាបMalcolm Ranjithបានសុំឲ្យគ្រឹស្តសាសនិកទាំងអស់នៅទូទាំងប្រទេសស្រីលង្កាស្នាក់នៅផ្ទះដើម្បីសុវត្ថិភាពរបស់ខ្លួន។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីកូឡុំបូ បានជំរុញឲ្យប្រជាពលរដ្ឋស្ថិតក្នុងការប្រុងប្រយ័ត្ននិងបញ្ចៀសទីកន្លែងដែលមានមនុស្សច្រើន៕