ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពួក​អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​​មិនដល់​១​ពាន់​នាក់​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង Mosul


ក្មេង​ស្រី​ម្នាក់​ជំពប់​ជើង​ខណ​ដែល​នាង​រត់គេច​ជាមួយ​បងប្អូន​ប្រុស​របស់​នាង​នៅ al-Rifai នៅ​ពេលដែល​កងកម្លាំង​អ៊ីរ៉ាក់ពិសេស​ប្រយុទ្ធជាមួយ​រដ្ឋឥស្លាមនៅ​ភាគខាងលិច​ក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់​កាល​ពិ​ថ្ងៃទី ១៧ ឧសភា ២០១៧។

​ការ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​យក​ទី​ក្រុង​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​ទី២​នៃ​ប្រទេសអ៊ីរ៉ាក់​បាន​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​ចុងក្រោយ ដែល​ក្រុម​រដ្ឋ​ឥស្លាម​​​នៅ​សល់​តែសង្កាត់​៣​នៅ​ភាគ​ខាង​លិចទីក្រុងម៉ូស៊ុល​។​

លោក​ឧត្តមសេនីយត្រី Rick Uribeអនុ​មេបញ្ជាការ​កងទ័ព​ចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិកនៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​បាន​ប្រាប់ VOAថា​ក្រុមរដ្ឋ​ឥស្លាម​មាន​គ្នា​តិចជាង​១​ពាន់​នាក់នៅ​ក្នុង​ទីក្រុង​ម៉ូស៊ុល​ហើយ​កម្រិត​នៃ​ភាព​អស់​សង្ឃឹម​ពី​ពួក​អ្នក​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​កំពុង​កើន​ឡើង។លោកឧត្តមសេនីយថ្លែងថា៖ «ពួកគេ​ដឹងថា ​ពួកគេ​ប្រហែល​ចាញ់។ហើយ​វា​គ្រាន់​តែ​មិន​ទាន់​ដល់​ពេលតែ​ប៉ុណ្ណោះ‍»។

អ្នក​ប្រយុទ្ធ​ដែល​នៅ​សេសសល់​បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អ្នក​ប្រយុទ្ធ​ស្វិតស្វាញ​បំផុត​របស់​ក្រុម​ភេរវកម្ម ​ហើយ​ពួកគេ​បាន​ប្រើ​ប្រាស់​ពេលវេលា​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​ដើម្បីធ្វើ​ការ​លាក់​អាវុធ ដាក់​អង្គប់​និងធ្វើ​ប្រព័ន្ធ​ផ្លូវ​ក្រោម​ដី។

លោក​ឧត្តមសេនីយ​និយាយ​ថា ក្រុម​រដ្ឋ​ឥស្លាម​បន្ត​ចាប់​មនុស្ស​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែងដើម្បី​ធ្វើឲ្យ​ក្រុម​ចម្រុះវាយ​ប្រហារ​លើ​ជន​ស៊ីវិល ​ហើយ​ពួក​មន្រ្តី​និយាយ​ថា ​ក្រុម​ភេរវកម្ម​នោះ​នៅ​ក្នុង​ទីក្រុង​នៅតែ​ប្រើ​ជម្រើស​ដាក់​គ្រាប់បែកក្នុង​រថយន្តនៅ​ឡើយ។ ពួក​អ្នក​លួចបាញ់​របស់​ក្រុម​រដ្ឋ​ឥស្លាម ​មិនត្រឹមតែបាញ់​តម្រង់​រក​កងទ័ព​អ៊ីរ៉ាក់ទេ ​តែពួកគេក៏​បាញ់​ជន​ស៊ីវិល​ដែល​ព្យា​យាមរត់​គេច​ខ្លួន​ដែរ។ លោក​ឧត្តមសេនីយRick Uribe និយាយ​ទៀត​ថា៖ «នៅពេល​ដែល​ពួក​ក្រុមរដ្ឋ​ឥស្លាម​ហាក់​បីដូច​ជា​កាន់តែ​បាត់​លទ្ធភាព​ប្រព្រឹត្ត​អំពើ​ឃោឃៅ​ ​ពួកគេ​ធ្វើ​អំពើ​ឃោឃៅ​កាន់​តែ​ខ្លាំង​ឡើង‍»។

នៅពេល​ដែល​ពួកជន​សកម្ម​ប្រយុទ្ធ​បរាជ័យ​នៅ​ក្នុង​ទីក្រុង​ម៉ូស៊ុល ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ​នឹង​បន្ត​ប្រឈម​ការ​តស៊ូ​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​ទៀត​ពី​ក្រុម​រដ្ឋ​ឥស្លាម។ លោក​ឧត្តមសេនីយ Rick Uribe និយាយ​ថា៖ «យើង​ដណ្តើម​បាន​តំបន់​នានា​នៅភាគខាង​លិច​ហើយ​បន្ទាប់​នៅ​ភាគ​ខាង​ត្បូង​ក្នុង​ទីក្រុង Hawijah ហើយ​បន្ទាប់​មក​ឆ្ពោះ​ទៅ កាន់​ខេត្ត Anbar។ នៅ​មានក្រុម​អ្នក​ប្រ​យុទ្ធខ្លាំង​ៗ​របស់​ក្រុម​រដ្ឋឥស្លាម​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​នៅឡើយ ​ហើយ​យើង​ប្រាកដ​នឹង​ជួយ​ដៃគូ​សន្តិសុខ​អ៊ីរ៉ាក់​របស់​យើង​ដើម្បី​ដណ្តើម​យក​តំបន់​នោះ‍»។

លោកឧត្តម​សេនីយ​និយាយ​បន្ត​ទៀត​ថា កងទ័ព​អ៊ីរ៉ាក់​មិនត្រឹម​តែ​ពិនិត្យ​មើល​ត្រឹមតែក្រុងម៉ូស៊ុល​តែ​ប៉ុណ្ណោះ​ទេ ​ក៏ប៉ុន្តែ ​នៅ​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ថ្លឹងថ្លែងពី​ជម្រើស​អំពី​កន្លែង​វាយ​ប្រហារ​ពួក​ជន​សកម្ម​ប្រយុទ្ធ​បន្ទាប់​ទៀត៕

XS
SM
MD
LG