ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ការវាយ​​ដណ្ដើម​យក​តំបន់​ចុង​ក្រោយ​ក្នុង​ក្រុង​ Mosul​ អាច​ជា​ការ​លំបាក​បំផុត


ក្មេង​ស្រី​ម្នាក់​កំពុង​រត់គេច​ខ្លួន​ជាមួយ​បង​ប្រុស​របស់​នាង​ក្នុង​ស្រុក al-Refai ខណៈ​ដែល​កងទ័ព​អ៊ីរ៉ាក់​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម នៅ​ភាគ​ខាង​លិច​ក្រុង​ Mosul។

ការ​វាយ​ដណ្តើម​យក​តំបន់​ដែល​កាន់​កាប់​ដោយ​រដ្ឋ​ឥស្លាម​ចំនួន​ពីរ​ ឬ​បី​ចុង​ក្រោយ​នៅ​ក្រុង​Mosul​ អាច​ជា​សមរភូមិ​ប្រយុទ្ធ​មួយ​មាន​ការលំបាក​បំផុត​សម្រាប់​ប្រទេស​អ៊ីរ៉ាក់ ដោយ​សារ​តែ​ក្រុម​សកម្មប្រយុទ្ធ​នេះ​ បាន​បោះ​ទីតាំង​យ៉ាង​រឹងមាំ​នៅក្នុង​តំបន់​ទាំងនេះ​អស់​រយៈ​ពេល​ជិត​បី​ឆ្នាំ​មក​ហើយ។

កង​កម្លាំង​អ៊ីរ៉ាក់​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក បាន​វាយ​ដណ្តើម​យក​ក្រុង​ Mosul ​ត្រឡប់​មក​វិញ​ចាប់​តាំង​ពី​ខែ​តុលា​មក។ ការវាយ​លុក​នេះ​មាន​លក្ខណៈ​យឺត ដោយសារ​តែ​វត្តមាន​ពលរដ្ឋ​នៅក្នុង​ទីក្រុង។ ក៏​ប៉ុន្តែ​ទោះបីជា​មាន​ការ​លំបាក​នៅ​សមរភូមិ​នា​ពេល​ខាង​មុខ​នេះ​ក៏​ដោយ​ ក៏​ក្រុម​មន្រ្តី​ និង​ក្រុម​អ្នក​សង្កេតការណ៍​មាន​ជំនឿ​ថា​ ជ័យជម្នះ​នឹង​មក​ដល់​នៅ​ថ្ងៃ​ខាង​មុខ។

ក្រុមន្រ្តី​បាន​ឲ្យ​ដឹងថា​ ប៉ូលិស​សហព័ន្ធ​អ៊ីរ៉ាក់​ កាល​ពី​ចុងសប្តាហ៍​កន្លង​ទៅ​ បាន​វាយ​ប្រហារ​តាម​អាកាស​ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ ទៅ​លើ​ឃ្លាំង​ផ្ទុក​សព្វាវុធ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភាគ​ខាងលិច​ក្រុងMosul។ រូបភាព​នៅក្នុង​វីដេអូ ​បង្ហាញ​ពី​ក្រុមគ្រួសារ​ជា​ច្រើន​រត់​ភៀស​ខ្លួន​ចេញ​ពីស្រុក ​Tammuz ​ដើម្បី​ធ្វើ​ដំណើរ​ផ្លាស់​ទីលំ​នៅ​ជាមួយ​ពលរដ្ឋ​ស៊ីវិល​រាប់សែន​នាក់​ផ្សេង​ទៀត​ ដែល​មក​ពី​តំបន់​នានា​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក។ ជន​សកម្ម​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋឥស្លាម​លាក់​ខ្លួន​ជាមួយ​នឹង​ជនស៊ីវិល ដើម្បី​ប្រើប្រាស់​ពួកគេ​ជា​របាំង​ការពារ​ខ្លួន។ យោធា​អ៊ីរ៉ាក់​ម្នាក់​បាន​និយាយ​ថា៖ «ថ្ងៃនេះ​យើង​ផ្តោត​ទៅ​លើ​សេរីភាព​របស់​ក្រុមគ្រួសារ​រាប់រយ​ និង​ការពារ​សនិ្តសុខ​នៅ​តាម​ផ្លូវ​ដល់​ពួកគេ»។

អ្នកស្រុក​ដែល​បាន​រួចផុត​ពី​ការគ្រប់គ្រង​របស់​ពួក​សកម្មប្រយុទ្ធ​បាន​សម្តែង​ការ​ធូរ​ស្បើយ​ចិត្ត​ដោយ​និយាយ​ថា៖ «ទោះបី​ជា​យើង​គ្មាន​ទឹក​ គ្មាន​ម្ហូប​សម្រាប់​បរិភោគ​ ប៉ុន្តែ​យើង​សប្បាយ​ចិត្ត»។

ក៏​ប៉ុន្តែ​បុរស​អាយុ​៧០ឆ្នាំ​ម្នាក់​ មាន​ឈ្មោះ​ថា​ Moafak Al-Obeidi​ បាន​បដិសេធ​មិន​ចាក​ចេញ​ពី​ផ្ទះ​ជាមួយ​គ្រួសារ​របស់​ខ្លួន​ទេ។ លោក​និយាយ​ថា៖ «ខ្ញុំ​ជឿ​លើ​ព្រហ្មលិខិត។ កាល​ពី​ម្សិលមិញ​មាន​ការ​បាញ់​រះ​ដូចជា​ទឹក​ភ្លៀង​អញ្ចឹង​ ហើយ​មាន​ទាហាន​ដើរ​មក​រក​ខ្ញុំ ​ហើយ​ប្រាប់​ថា​ ពួកគេ​ចង់​សម្រុក​ទៅ​មុខ​ ប៉ុន្តែ​ពួកគេ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្ញុំ។ ខ្ញុំ​ប្រាប់​គេ​វិញ​ថា​ ខ្ញុំ​នឹង​សម្រុក​ទៅ​មុខ​មុន​ពួកគេ​ទៀត​ ព្រោះ​ខ្ញុំ​មាន​ជំនឿ​លើ​ព្រះ»។

ក្រុមរដ្ឋ​ឥស្លាម​ក៏​បាន​ប្រើប្រាស់​មនុស្ស​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ ដើម្បី​រារាំង​ការសម្រុក​ទៅ​មុខ​របស់​កងកម្លាំង​រដ្ឋាភិបាល​ផងដែរ។ ទាហាន​អ៊ីរ៉ាក់​ម្នាក់​បាន​ប្រើប្រាស់​យាន​យន្ត​ឈូស​ដី ​ដើម្បី​ទប់ស្កាត់​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​មួយ។ ទាហាន​បើក​បរ​យានយន្ត​ឈូស​ដី​ម្នាក់​បាន​រៀបរាប់​ពី​ហេតុការណ៍​នោះ​ថា៖«ជន​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នោះ​បាន​រត់​ចេញ​ពី​ជ្រុង​ម្ខាង​ ហើយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ផ្លូវ​ណា។ គេ​រត់​មក​ទល់​មុខ​នឹង​ខ្ញុំ​ ហើយ​បាន​ព្យាយាម​រត់​ចេញ​ ដូច្នេះ​ខ្ញុំ​ក៏​បាន​បើក​យានយន្ត​ឈូសដី​ទៅ​ពាំង​ជន​នោះ​ បន្ទាប់​មក​គ្រាប់​បែក​ក៏​បាន​ផ្ទុះ​ឡើង»។

ក្រុមរដ្ឋ​ឥស្លាម​នៅ​កំពុង​កាន់កាប់​តំបន់​មាន​ទំហំ​ប្រហែល​៨​គីឡូម៉ែត្រ​ការ៉េ​ ស្ថិត​នៅ​ភាគ​ខាង​លិចក្រុងMosul រួម​ទាំង​ទីក្រុង​ចំណាស់​ ដែល​មាន​ផ្លូវ​តូចៗ​ចង្អៀត​ ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ប្រយុទ្ធ។ ប៉ុន្តែ​អ្នក​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​អ៊ីរ៉ាក់​បាន​ថ្លែង​ប្រាប់​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ច័ន្ទ​ថា​ ការ​រំដោះ​បាន​ក្រុង​ Mosul ​គឺ​ជា​រឿង​ពិតប្រាកដ។

លោកJan Kubisអគ្គលេខា​តំណាង​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ ប្រទេស​អ៊ីរ៉ាក់​បាន​ថ្លែង​ដូច្នេះ​ថា៖«យើង​អាច​និយាយ​ថា​ ជា​ថ្ងៃ​ដែល​ក្រុមរដ្ឋ​ឥស្លាម​ត្រូវ​បាន​បញ្ចប់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់។ សមិទ្ធផល​នេះ​បាន​មក​ពី​សេចក្តី​ក្លាហាន​ និង​ការ​សេ្នហាជាតិ​របស់​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​ ក៏​ដូចជា​កងម្លាំង​ចល័ត​មាន​ដូចជា​ ក្រុម​ Peshmerga និង​ក្រុមកុល​សម្ព័ន្ធ​ស្ម័គ្រចិត្ត​ ក៏​ដូចជា​កម្លាំង​តស៊ូ​របស់​ពលរដ្ឋ​អ៊ីរ៉ាក់​ផងដែរ»។

ការ​ទទួល​បាន​ជ័យជម្នះ​នេះ​គឺ​បាន​មក​ដោយសារ​ការ​តស៊ូ​របស់​ពលរដ្ឋ​អ៊ីរ៉ាក់។ យោង​តាម​ទីភ្នាក់ងារ​សារពត៌មាន ​Reuters បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ជិត៦​សែន​៦ម៉ឺន​នាក់​ បាន​ផ្លាស់​ទីលំនៅ​ចេញ​ពី​ក្រុង​ Mosul​ ចាប់តាំង​ប្រតិបត្តិការ​ចាប់ផ្តើម​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន។ ពលរដ្ឋ​ប្រមាណ​ជិត​កន្លះ​លាន​នាក់​មក​ពី​ភាគ​ខាង​លិច​ក្រុង​ Mosul៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG