ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បន្ទាប់​ពី​ការ​ជួសជុល​រួច ទំនប់ Mosul ​មិន​រង​ការ​គំរាម​កំហែង​ត​ទៅ​ទៀត​​ទេ


កម្មករ​ធ្វើ​ការ​នៅ​ទំនប់ Mosul នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។
កម្មករ​ធ្វើ​ការ​នៅ​ទំនប់ Mosul នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦។

បន្ទាប់​ពី​ការ​ជួសជុល​ដ៏​មមាញឹក​អស់រយៈពេល៦ខែ​ ក្រុម​មន្ត្រី​អ៊ីរ៉ាក់​បាន​អះអាង​ថា ទំនប់ ​Mosul ​ដ៏​ធំ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ឲ្យរួច​ផុត​ពី​​គ្រោះ​ទឹក​ជំនន់​នា​ពេល​ខាង​មុខ បើ​ទោះ​ណា​ជា​អ្នក​ជំនាញ​និយាយ​ថា ​ទំនប់​នោះ​នៅ​តែ​មាន​ហានិភ័យ​អាច​នឹង​រលំ ​និង​ត្រូវ​ការ​ការ​ថែទាំ​ជា​ប្រចាំ។

លោក ​Hassan Janabi ​រដ្ឋ​មន្ត្រី​ធនធាន​ទឹក​អ៊ីរ៉ាក់​បាន​ប្រាប់​ VOA ថា៖ «ទំនប់​ទឹក​នេះ​មិន​ទាន់​មាន​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ។ វា​ជា​រឿង​រីករាយមួយ​ដែល​យើង​ត្រូវ​ប្រកាស​ថា ​ទំនប់​នេះ​នឹង​មាន​ប្រតិបត្តិការ​ដូច​ធម្មតា​វិញ»។

ទំនប់​ដែល​មាន​ប្រវែង​១៣​គ.ម.​នៅ​ទន្លេ ​Tigris ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់​គឺ​ជា​ទំនប់​ធំ​បំផុត​ទី២​នៅ​ទូទាំងតំបន់​បជ្ឈិម​បូព៌ា។​ ចាប់​តាំង​ពី​មាន​ការ​សាងសង់​នៅ​ក្នុង​ឆ្នាំ​១៩៨១ ​ដែល​នៅ​ពេល​នោះ​ វា​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ​ទំនប់ ​Saddam នោះ ​ក្តី​បារម្ភ​ចំពោះ​អស្ថិរភាព​របស់​ទំនប់​នេះ​ក៏​កើត​មាន​ឡើង​ជា​បន្តបន្ទាប់ ​ដោយសារ​តែ​វា​ត្រូវ​បាន​សាង​សង់​នៅ​លើ​តំបន់​ដី​ជ្រាយ​ ហើយ​ចម្ងល់​ជា​បន្ត​បន្ទាប់​ត្រូវ​បាន​គេ​លើក​ឡើង​អំពី​គុណភាព​របស់​វា​នៅ​ពេល​សាងសង់។ ​

ទំនប់នេះមាន​ទីតាំងស្ថិត​នៅ​ ៦០គ.ម.​ពី​ភាគ​ខាង​ជើង​នៃ​ក្រុង​ Mosul ​ទំនប់​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​អន្តរជាតិ នៅ​ក្រោយ​ពេល​ដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​កាន់​កាប់​ទី​នេះ​អស់​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​នៅ​ក្នុង​ឆ្នាំ​២០១៤។ បន្ទាប់​ពី​កង​កម្លាំង​ Kurdish Peshmerga ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​បាន​បណ្តេញ​ក្រុម​រដ្ឋ​ឥស្លាម​ចេញ​ពី​តំបន់នោះ​មក​ អ្នក​ជំនាញ​បាន​ព្រមាន​ថា ទំបន់​នេះ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ទ្រុឌ​ទ្រោម ហើយ​អាច​នឹង​បង្កឲ្យមាន​ទឹក​រលក​ដែល​មាន​ចំណុះ​មួយ​ទ្រីលាន (មួយ​លាន​លាន) ហ្គាឡុង (gallon) ​ទៅ​លើ​ពលរដ្ឋ​អ៊ីរ៉ាក់​ចំនួន​១,៥​លាន​នាក់ នៅ​ក្នុង​ក្រុង Mosul និង​ក្រុង​បាកដាដ។

មិន​មាន​សញ្ញាណគ្រោះ​ថ្នាក់​ធំ​ដំទេ

ក្រុមហ៊ុន​អ៊ីតាលី​ឈ្មោះ​ Trevi​ បាន​ចាប់​ផ្តើម​ជួស​ជុល​ទំនប់​នេះ​នៅ​ក្នុង​ខែ​តុលា​ ឆ្នាំ​២០១៦។ លោក Carlo Crippa ប្រធាន​គម្រោង​បាន​ប្រាប់​ VOA ថា ​រចនា​សម្ព័ន្ធ​ទំនប់​នេះឥឡូវ​បង្ហាញ​ថា ​មិន​មាន​សញ្ញាណ​នៃ​គ្រោះ​ថ្នាក់​ធំដំ​ណា​មួយ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា វា​ជាការ​ចាំ​បាច់ដែល​ត្រូវថែទាំ​វា​ជា​ប្រចាំ​ ដោយសារ​តែ «ថ្ម​គ្រឹះ​របស់​វា​អាច​នឹង​បែក​បាក់​ដោយសារ​តែ​ចរន្ត​ទឹក​ហូរ»។

ផ្លូវ​ទឹក​ចំនួន​៥​ដែល​ជា​ចរន្ត​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ទំនប់​នេះ​ត្រូវ​បាន​បើក​ បន្ទាប់​ពី​បាន​បិទ​អស់​រយៈ​ពេល​ជាង​១២​ឆ្នាំ​មក ហើយ​លោក​រដ្ឋ​មន្ត្រី ​Janabi ​បាន​ប្រាប់​ VOA ​ថា​ កម្រិត​ទឹក​នៅ​ពេល​នេះ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត ​បើ​គិត​ចាប់​ពី​ឆ្នាំ​២០០៥​ មក។

បើ​ទោះ​ជា​មាន​ការ​អះអាង​បែប​នេះ​ក្តី អ្នក​ជំនាញ​ដែល​បាន​សិក្សា​ពី​រចនាសម្ព័ន្ធ​ទំនប់​នេះ​និយាយ​ថា វា​នៅ​តែ​មិន​ទាន់​មាន​សុវត្ថិភាព​នៅឡើយ។

លោក ​Azzam Alwash​ វិស្វករ​សំណង់​ស៊ីវិល​ជនជាតិ​អ៊ីរ៉ាក់​សញ្ជាតិ​អាមេរិកាំង​ដែល​បាន​ធ្វើ​ការ​ជា​ទីប្រឹក្សា​លើ​គម្រោង​ទំនប់​នេះ​បាន​និយាយ​ថា៖ «នៅ​តែ​មាន​ឱកាស​ដែល​ថា ​ទឹក​អាច​ហូរ​លេច​ចេញ​បាន»។ លោក​បាន​ប្រាប់​ VOA ថា ​រន្ធ​បង្ហូរ​ទឹក​ទាំង​២៤​នៅ​តែ​មាន​នៅ​ក្នុង​អាង​ស្តុក​ទឹក​របស់​ទំនប់​នេះ ហើយ​រន្ធបង្ហូរ​ទឹក​ទាំង​នេះ​ធ្វើ​ឲ្យ​ទំនប់​នេះ​ងាយ​រង​សម្ពាធ​ពី​ចរន្ត​ទឹក។​

លោក ​Alwash​ បាន​និយាយ​ថា៖​ «ទំនប់​នេះ​គឺ​ដូច​ទៅ​នឹង​គ្រាប់​បែក​នុយក្លេអ៊ែរ​អញ្ចឹង។ តើ​អ្នក​នឹង​ប្រថុយ​ទុក​ឲ្យ​គ្រួសារ​អ្នក​នៅ​កន្លែង​មួយ​ដែល​អាច​លិច​ដល់​ទៅ​១៥​ម៉ែត្រ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ឬ? ខ្ញុំ​មិន​ប្រថុយ​ទេ»។

វិស្វករ​មើល​ឃើញ​ហានិភ័យ​ធ្ងន់ធ្ងរ​ជាង

លោក​ Nadhir al-Ansari សាស្ត្រាចារ្យផ្នែក​ធនធាន​ទឹក និង​វិស្វកម្ម​បរិស្ថាន​នៅ​សាកលវិទ្យាល័យ Lulea ​ក្នុង​ប្រទេស​ស៊ុយអ៊ែត និង​ជា​អ្នក​ជំនាញ​លើ​គម្រោង​ទំនប់​ Mosul​ បាន​យល់​ស្រប​ថា​ហានិភ័យ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។

លោក ​al-Ansari ​បាន​និយាយ​ថា៖ «មិន​ធានា​ថា ​ទំនប់​នេះ​មាន​សុវត្ថិភាព​នោះ​ទេ។ ការ​សិក្សា​ទាំង​អស់​ដែល​បាន​ស្រាវជ្រាវ​អំពី​ទំនប់​នេះ​បង្ហាញ​ថា ​ការ​ដួល​រលំ​នឹង​កើត​មាន​ឡើង​ពិត​ប្រាកដ។ លោក​រដ្ឋ​មន្ត្រី​អាច​និយាយ​ថា វា​មាន​សុវត្ថិភាព​ដោយសារ​តែ​អ៊ីរ៉ាក់​បាន​ឆ្លង​ផុត​រដូវ​ភ្លៀង ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​នៅ​ក្នុង​ខែ​មេសា និង​ចុង​ខែ​ឧសភា។ អ្នក​មាន​បញ្ហា​ដដែល​នេះ​នៅ​ខែ​មេសា​ជា​រៀង​រាល់​ឆ្នាំ»។

ដើម្បី​បំពេញ​ប្រហោង​ដែល​មាន​នៅ​ខាង​ក្រោម​បេតុង ក្រុម​វិស្វករ​បាន​បាញ់​បញ្ចូល​បាយអរ​ស៊ីម៉ង់ត៍​ ដែល​ជា​ល្បាយ​បញ្ចូល​គ្នា​រវាង​ស៊ីម៉ង់ត៍ និង​សារធាតុ​ផ្សេងៗ​ទៀត ជាង​៥០.០០០​តោន ​ចាប់​តាំង​ពី​ពេល​ដែល​វា​ត្រូវ​បាន​បើក​នៅ​ក្នុង​ឆ្នាំ​១៩៨៦។

លោក ​al Ansari ​បាន​និយាយ​ថា៖ «ដំណោះ​ស្រាយ​នៃ​ការ​ចាក់​បំពេញ​បាយអរ​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​អ៊ីតាលី​គឺ​គ្រាន់​តែ​ជា​ដំណោះ​ស្រាយ​បណ្តោះ​អាសន្ន​សម្រាប់​ការ​ជួស​ជុល​ភ្លាមៗប៉ុណ្ណោះ។ នៅ​ពេល​ដែល​ពួគ​គេ​បិទ​ប្រយោង​នៅ​ក្នុង​កន្លែង​មួយ​ វា​នឹង​មាន​ប្រហោង​នៅ​កន្លែង​មួយ​ទៀត។ នេះ​ជា​អ្វី​ដែល​យើង​មិន​អាច​បញ្ឈប់​បាន។ ដំណោះ​ស្រាយ​តែ​មួយ​គត់​គឺ​ត្រូវ​សាង​សង់​ទំនប់​មួយ​ទៀត​នៅ​ក្បែរ​នេះ»។

កិច្ចខិតខំ​ប្រឹង​ប្រែង​បែប​នេះ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​១៩៨៨ ដោយ​មាន​ការ​សាង​សង់​ទំនប់ ​Badush ដែល​នៅ​ចម្ងាយ​១២​គ.ម​ពី​ទំនប់​មួយ​នេះ។ គម្រោង​នេះ​បាន​បញ្ចប់​ត្រឹម​តែ​៤០%​ប៉ុណ្ណោះ​ ហើយ​ក៏​ត្រូវ​បាន​ផ្អាក​នៅ​ក្នុង​ឆ្នាំ​១៩៩២ ​ដោយសារ​តែ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ប្រទេស​អ៊ីរ៉ាក់។

លោក​ Alwash ​បាន​ប្រាប់​ VOA ​ថា ក្រៅ​ពី​សាង​សង់​ប្រព័ន្ធ​ទប់​ទឹក​ថ្មី​ដើម្បី​បន្ថយ​សម្ពាធ​លើ​ទំនប់ Mosul​ «ដំណោះ​ស្រាយ​គឺ​ត្រូវ​ធ្វើ​ឲ្យ​អាង​ទឹក​នេះ​មិន​មាន​ទឹក»។ ដើម្បី​ធ្វើ​ដូច្នេះ​បាន​ អ៊ីរ៉ាក់​ត្រូវ​ទាក់ទង​ទៅ​ប្រទេស​ជិត​ខាង​ដែល​នៅ​ផ្ទៃ​ទឹក​ខាង​លើ​នៃ​ទន្លេ ​Tigris​ ជា​ពិសេស​ប្រទេស​តួកគី ​ដើម្បីគ្រប់គ្រង​លំហូរ​ទឹក។

លោក​ថា៖ «កុំ​ចំណាយ​ថវិកា​ជួស​ជុល​វា​បន្ថែម​ទៀត។ ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ឆន្ទៈ​នយោបាយជាមួយ​នឹង​ប្រទេស​ជិត​ខាង​លើ​ការ​គ្រប់គ្រង​ទឹក»។

នា​ពេល​បច្ចុប្បន្ន​នេះ លោកមន្ត្រី​អ៊ីរ៉ាក់ ​លោក ​Janabi ​និយាយ​ថា ក្រុម​អ្នក​ជំនាញ​នឹង​បន្ត​តាមដាន​ស្ថិរភាព​របស់​ទំនប់​នេះ។ លោក​និយាយ​ថា ​លោក​មាន​ជំនឿ​ «លើ​សមត្ថភាព​របស់​យើង​ក្នុង​ការ​គ្រប់​គ្រង​ទំនប់​ នៅ​គ្រប់​ស្ថានការណ៍​លំបាក​ទាំង​អស់»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG