ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ដណ្តើម​កាន់កាប់​ទីក្រុង​ Raqqa ​ពី​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម​នឹង​ធ្វើ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ


យុទ្ធជន​របស់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​កំពុង​មើល​ទៅ​ក្រុង Tabqa ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៣០ ខែ​មេសា ឆ្នាំ២០១៧។

មន្ត្រី​យោធា​ស.រ.អា.និយាយ​ថា​ កងកម្លាំង​ប្រជា​ធិបតេយ្យ​ស៊ីរី​ដែល​គាំទ្រ​ដោយ​ស.រ.អា.​ បាន​សម្រុក​ចូល​នៅ​ចម្ងាយ​តែ​៣គម​ប៉ុណ្ណោះ​ពី​ទីក្រុង​ដែល​ពួក​រដ្​ឋឥស្លាម​ហៅ​ថា​ ជា​រដ្ឋធានី​របស់​ពួកគេ​នៅ​ប្រទេស​ស៊ីរី​នោះ។ សមរភូមិ​សំខាន់​ក្នុង​ការ​ដណ្តើម​កាន់កាប់​ទីក្រុង​ Raqqa ​ពី​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​អាច​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃខាង​មុខ​នេះ។ ​ពេល​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ពីទីក្រុង​ Baghdad​ ប្រទេស​អ៊ីរ៉ាក់ ​លោក​វរៈសេនីយ៍​ឯក Ryan Dillon ​អ្នកនាំពាក្យ​កង​កម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​ស.រ.អា.​ប្រឆាំង​ពួក​រដ្ឋ​ឥស្លាម ​និយាយ​ថា ​ កងកម្លាំង​ប្រជា​ធិបតេយ្យ​ស៊ីរី​បាន​ឈរ​ជើង​នៅ​ជុំវិញ​ទីក្រុង Raqqa​ក្រោយ​ពី​បាន​ដណ្តើម​កាន់​កាប់​ទឹកដី​ទំហំ​៣៥០​គ.ម.​ក្រឡា​ពី​ពួក​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​ស៊ីរី​កាលពី​សប្តាហ៍​មុន។

កងកម្លាំង​ទាំង​នេះ​នៅ​ចម្ងាយ​៣គ.ម.ពីទីក្រុង ​Raqqa នៅ​ភាគ​ខាង​ជើង​ និង​ខាង​កើត​ ហើយ​នៅ​ចម្ងាយ​១០គ.ម.​នៅ​ភាគ​ខាង​លិច។​មន្ត្រី​យោធា​ស.រ.អា.​បានប្រាប់​ VOA ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ​ការ​វាយ​ដណ្តើម​កាន់កាប់​ទីក្រុង ​ Raqqa ​នឹង​ធ្វើក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។ ការ​ឡោមព័ទ្ធ​ទីក្រុង​ Raqqa ជិត​ដល់​ទី​បញ្ចប់​ហើយ។

មន្ត្រី​យោធា​ស.រ.អា.​បាន​បញ្ជាក់​នៅ​សប្តាហ៍​នេះ​ថា ​កម្លាំង​ស.រ.អា.​បាន​ចាប់​ផ្តើម​ចែក​អាវុធ ​និង​រថយន្ត​ឲ្យ​ទាហាន​ជនជាតិ ​ Kurd ​នៅស៊ីរី ​ដើម្បី​ត្រៀម​វាយ​យក​ទីក្រុង ​ Raqqa។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​តួកគី​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស.រ.អា.​ក្នុង​អង្គការ​អូតង់ ​មិន​សប្បាយ​ចិត្ត ​ដោយ​ចោទ​ថា ​ទាហាន​ជនជាតិ ​Kurd នៅ​ស៊ីរី​នៅ​ក្នុង​កងកម្លាំង​ប្រជា​ធិបតេយ្យ​អ៊ីរ៉ាក់​គឺ​ជា​ក្រុម​ភេរវកម្ម៕

XS
SM
MD
LG