ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាជ្ញា​កណ្តាល​ស្រី​បង្ហាញ​សមត្ថភាព​យ៉ាង​អស្ចារ្យ​ នៅ​លើ​ទីលាន​បាល់​ទាត់​បុរស


អ្នកស្រី Bernadette Kwimbira-Mzika និយាយ​ថា វា​ជាការសំខាន់​ដែល​អ្នកស្រី​រក្សា​កេរ្តិ៍ឈ្មោះ​ជា អាជ្ញាកណ្តាល​ល្អ​រហូត​ដល់​ពេល​អ្នកស្រី​ចូល​និវត្តន៍។

នៅ​ប្រទេស​ម៉ាឡាវី អាជ្ញា​កណ្តាល​ស្រី​ម្នាក់​ បាន​ចេញ​មុខ​បង្ហាញ​ការ​វិនិច្ឆ័យ​របស់​ខ្លួន​ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​ធំៗ។ ការងារ​របស់​គាត់​រួម​មាន​ការ​ធ្វើ​អាជ្ញា​កណ្តាល​​នៅ​ក្នុង​កីឡា​អូឡាំពិក​នា​រដូវ​ក្ដៅ​ ឆ្នាំ​នេះ​ នៅ​ក្រុង​ Rio និង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ផ្នែក​ស្រ្តី​ របស់​សហ​ព័ន្ធ​បាល់​ទាត់​ FIFA។

ក្តី​ស្រឡាញ់​របស់​អ្នក​ស្រី Bernadette Kwimbira-Mzika នៅ​ក្នុង​ការ​ធ្វើ​ជា​អាជ្ញា​កណ្តាល​ បាន​ចាប់​ផ្តើម​នៅ​ពេល​ដែល​អ្នក​ស្រីបាន​ចូល​កង​ទ័ពយោធា​ប្រទេស​ម៉ាឡាវី​ ធ្វើ​ជា​ទាហាន​ម្នាក់​ កាល​ពី​១៦​ឆ្នាំ​មុន។

ក្នុង​ឋានៈ​ជា​ទាហាន​ម្នាក់ នាង​តែងតែ​ទៅ​ចូល​រួម​នៅ​ក្នុង​ការ​ប្រកួត​បាត់​ទាត់។

«នៅ​ពេល​នោះ រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​ដឹង​ពី​បាល់​ទាត់​ គឺ​រឿង​បាល់​«អ៊កហ្សឺ» នៅ​ពេល​ដែល​ជំនួយ​ការ​អាជ្ញា​កណ្តាល​លើ​ទង់​ជាតិ ហើយ​អាជ្ញា​កណ្តាល​ម្នាក់​ទៀត​បាន​ផ្លុំ​កញ្ចែរ​ ហើយ​លើក​ដៃ​ឡើង​ ចង្អុល​ទៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ទីលាន។ ខ្ញុំ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​របស់​អាជ្ញា​កណ្តាល​ទាំង​នេះ»។

បច្ចុប្បន្ន​ ក្នុង​ឋានៈ​ជា​ម្តាយ​របស់​កូន​ពី​រនាក់ អ្នក​ស្រី​កំពុង​បម្រើ​ការ​ជា​លេខា​ម្នាក់​នៅ​មហា​វិទ្យាល័យ​ម៉ាឡាវី​ ហើយ​អ្នកស្រី​បាន​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​អាជ្ញា​កណ្តាល​សម្រាប់​អ្នក​ទើប​ចាប់​ផ្តើម និង​ទទួល​បាន​សញ្ញាប័ត្រ​អាជ្ញា​កណ្តាល​កម្រិត​ទី​បី។ ​

ឥឡូវ​នេះ​ អ្នក​ស្រី​បាន​ធ្វើ​ជា​អាជ្ញា​កណ្តាល​បាល់​ទាត់​អស់​រយៈ​ពេល​១៤​ឆ្នាំ​ ហើយ​អ្នក​ស្រី​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​នៅ​ក្នុង​កម្រិត​ថ្នាក់​ជាតិ​ និង​អន្តរជាតិ។ នា​ឆ្នាំ​នេះ​ អ្នក​ស្រី Kwimbiri-Mzika បាន​ក្លាយ​ជា​អាជ្ញា​កណ្តាល​ស្រី​ជន​ជាតិម៉ាឡាវី​ដំបូង​គេ​នៅ​ក្នុង​ការ​ធ្វើ​ជា​អាជ្ញា​កណ្តាល​នៅ​កីឡា​អូឡាំពិក។ កាល​ពី​ឆ្នាំ​មុន អ្នក​ស្រី​បាន​ក្លាយ​ជា​ជន​ជាតិ​ម៉ាឡាវី​ដំបូង​ក្នុង​ការ​ធ្វើ​ជា​អាជ្ញា​កណ្តាល​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ផ្នែក​ស្រ្តី​របស់​សហ​ព័ន្ធ​បាល់​ទាត់ FIFA ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កាណាដា។​

នៅ​ឆ្នាំ​មុន​ដូច​គ្នា​នេះ​ដែរ លោក​ស្រី​ក៏​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ជំនួយ​ការ​អាជ្ញា​កណ្តាល​សម្រាប់​សម្ព័ន្ធ​បាល់ទាត់​Super League ថ្នាក់​កំពូល​របស់​ប្រទេស​ម៉ាឡាវី។

នៅ​ក្នុង​ឆ្នាំ​២០១៣ អ្នក​ស្រី​ Kwimbiri-Mzika បាន​ទទួល​ពាន​រង្វាន់​អាជ្ញា​កណ្តាល​ល្អ​បំផុត​សម្រាប់​វគ្គ​បណ្តុះ​បណ្តាល​អាជ្ញា​កណ្តាល​នៃ​សម្ព័ន្ធ​បាល់​ទាត់​អាហ្វ្រិក Elite A សម្រាប់​ទាំង​បុរស​ និង​ស្រ្តី​ ដែល​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​អេហ្ស៊ីប។ ​

«ពិត​ណាស់ ខ្ញុំ​ចង់​ធ្វើ​ដំណើរ​វែងឆ្ងាយ​ទៅ​មុខ​ជាមួយ​នឹង​ការ​ធ្វើ​ជា​អាជ្ញា​កណ្តាល​បាល់​ទាត់។ ប៉ុន្តែ​និយាយ​ឲ្យ​ត្រង់​ទៅ មិន​មាន​ថ្ងៃ​ណា​មួយ​ ដែល​ខ្ញុំ​បាន​ស្រមៃ​ថា​ខ្លួន​ខ្ញុំ​អាច​ឡើង​មក​ជា​អាជ្ញា​កណ្តាល​នៅ​ក្នុង​ការ​ប្រកួត​បាល់​ទាត់​ធំៗ​ ដូចជា​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក និង​កីឡាអូឡាំពិក​ឡើយ»។ជោគ​ជ័យ​របស់​អ្នក​ស្រី​ គឺ​មក​ពី​ការ​ប្រកាន់​ខ្ជាប់​ក្បួន​ច្បាប់​នៃ​កីឡា​បាល់​ទាត់។

«នៅ​ក្នុង​នាម​ជា​អាជ្ញា​កណ្តាល​ល្អ​ម្នាក់ អ្នក​មិន​ចាំ​បាច់ធ្វើ​ជា​មិន​ដឹង​ ដូច​មិន​បាន​ឃើញ​អ្វី​ទាំង​អស់​នោះ​ទេ នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​ហេតុការណ៍​មួយ​បាន​កើត​ឡើង​យ៉ាង​ច្បាស់​ ហើយ​មិន​ត្រូវ​បង្កើត​ក្បួន​ច្បាប់​របស់​អ្នក​ឡើយ។ នៅ​ពេល​ដែល​ហេតុ​ការណ៍​តម្រូវ​ឲ្យ​មាន​ការ​ប្រើ​កាត​លឿង អ្នក​ត្រូវ​ផ្តល់​កាត​ដើម្បី​ព្រមាន​ទៅ​ដល់​កីឡាករ​រូប​នោះ។ ប្រសិន​បើ​ហេតុការណ៍​តម្រូវ​ឲ្យ​មាន​ការ​ប្រើ​កាត​ក្រហម​ អ្នក​ត្រូវ​ឲ្យ​កាត​ក្រហម​ទៅ​ឲ្យ​កីឡាករ​នោះ»។

អ្នកស្រី​ថ្លែង​ថា ការ​ធ្វើ​ជា​អាជ្ញា​កណ្តាល​ស្រី​នៅ​ក្នុង​ប្រទេស​មួយ ដែល​ការ​វិនិច្ឆ័យ​ក្នុង​វិស័យ​បាល់ទាត់​ត្រូវ​បាន​គ្របដណ្តប់​ដោយ​បុរស អ្នក​ស្រី​បាន​រង​នូវ​ការ​ប្រមាថ​ពី​អ្នក​គាំទ្រ​កីឡា​បាល់​ទាត់​រាល់​ពេល​ដែល​អ្នកស្រី​ចូល​បំពេញ​តួនាទី​នៅ​លើ​ទីលាន។ អ្នក​ស្រី​បាន​បន្ត​ថា​ មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​អ្នក​ស្រី​ឲ្យ​ទៅ​ធ្វើ​ជា​អាជ្ញា​កណ្តាល​កីឡា​បាល់​គប់វិញ ដែល​ជា​កីឡា​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​សម្រាប់​ស្រី​នៅ​ប្រទេស​ម៉ាឡាវី។

អ្នកស្រី​គិតថា​នឹង​មាន​ការ​ប្រមាថ​ដូច​នេះ​ ប៉ុន្តែ​ អ្នក​ស្រីបាន​និយាយ​ថា «ខ្ញុំ​មិន​ខ្វល់​សោះ​ឡើយ​ពី​រឿង​នោះ»។

លោក Madalitso Phiri គឺ​ជា​ និពន្ធ​នាយក​ផ្នែក​កីឡា​នៅ​ក្នុង​វិទ្យុ Capital ដែល​ជា​វិទ្យុ​ឯកជន​មួយ។ លោក​បាន​និយាយ​ថា លោក​បាន​តាមដាន​របៀប​ជា​អាជ្ញា​កណ្តាល​របស់​អ្នកស្រី Kwimbira-Mzika ជា​យូរ​ណាស់​មក​ហើយ។

«ខ្ញុំ​មិន​ដែល​បាន​ឃើញ​ការ​ប្រកួត​បាល់​ទាត់​ណា​មួយ​ ដែល​ត្រូវ​បាន​បញ្ចប់​ដោយ​ភាព​ចម្រូង​ចម្រាស ឬអំពើ​ហិង្សា ឬ​ក្រុម​បាល់​ទាត់​មិន​ភាព​ពេញ​ចិត្ត​នឹង​សេចក្តី​សម្រេច​របស់​អ្នក​ស្រី​នោះ​ទេ។ ដូច្នេះ​ការណ៍​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា ស្រ្តី​ម្នាក់​នេះ​ដឹងពី​អ្វី​ដែល​ខ្លួន​ធ្វើ»។

អ្នកស្រី Kwimbira-Mzika អាយុ​ ៣៥​ឆ្នាំ និយាយ​ថា វា​ជា​ក្តី​ប្រាថ្នា​របស់​អ្នក​ស្រី​ នៅ​ក្នុង​ការ​រក្សា​កេរ្តិ៍​ឈ្មោះ​ជា​អាជ្ញា​កណ្តាល​ដ៏​ល្អ​មួយ​រូប​ រហូត​ដល់​ពេល​អ្នក​ស្រី​ចូល​និវត្តន៍ ដែល​ប្រហែល​ជា​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ៕


ប្រែសម្រួល​ដោយ​ ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG