ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​កណ្តាល​សហ​រដ្ឋ​អាមេរិក​ព្រមាន​ពី​ភាព​ចលាចល​ក្នុង​វិស័យ​អចលន​ទ្រព្យ​ក្នុង​ប្រទេស​ចិន


រូបឯកសារ៖ លោក Jerome Powell ប្រធាន​ធនាគារ​កណ្តាល​សហ​រដ្ឋ​អាមេរិក​ផ្តល់​សក្ខីកម្ម​នៅ​វិមាន​រដ្ឋសភា​អាមេរិក​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២១។ (AP)
រូបឯកសារ៖ លោក Jerome Powell ប្រធាន​ធនាគារ​កណ្តាល​សហ​រដ្ឋ​អាមេរិក​ផ្តល់​សក្ខីកម្ម​នៅ​វិមាន​រដ្ឋសភា​អាមេរិក​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​កាលពីថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២១។ (AP)

ធនាគារ​កណ្តាល​សហ​រដ្ឋ​អាមេរិក​បាន​ព្រមាន​ថា​ ​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​បំណុល​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​ចិន​ អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក​ និង​ធ្វើ​ឲ្យ​ខូចខាត​កំណើន​សេដ្ឋកិច្ច​ រួមទាំង​កំណើន​សេដ្ឋកិច្ចសហរដ្ឋ​អាមេរិក​ផង​ដែរ។​

ការ​ព្រមាន​នៅ​ថ្ងៃចន្ទ​កន្លង​ទៅ​ធ្វើ​ឡើង​នៅ​ក្នុង​របាយ​ការណ៍​ស្ថិរភាព​ហិរញ្ញ​វត្ថុ​ ដែល​ចេញ​ផ្សាយ​២​ដង​ក្នុង​មួយ​ឆ្នាំ​ ដោយ​ធនាគារ​កណ្តាល​សហ​រដ្ឋ​អាមេរិក។​ ច្បាប់​មុន​នៃ​របាយ​ការណ៍​នេះ​បាន​កត់​សម្គាល់​ការ​ព្រួយ​បារម្ភ​អំពី​កម្រិត​បំណុល​ដ៏​ខ្ពស់​ក្នុង​ចំណោម​ក្រុមហ៊ុន​ចិន។​ ​

ប៉ុន្តែ​របាយ​ការណ៍​ថ្មី​បំផុត​នេះ​បាន​លើក​ឡើង​ចំ​ឈ្មោះ​ក្រុមហ៊ុន​ចិន ​China Evergrande Group​ ដែល​ជា​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ចម្រុះ​ជាប់​បំណុល​ដ៏​ច្រើន។​ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ ក្រុមហ៊ុន​នេះ​ហាក់​ដូច​ជា​បាន​រួច​ខ្លួន​ដោយ​ប្រផិត​ប្រផើយ​ពី​អ្វី​ដែល​អាច​ជា​គ្រោះ​មហន្តរាយ​មូលប័ត្រ​បំណុល​របស់​អ្នក​វិនិយោគ​អន្តរជាតិ។​

ក្រុមហ៊ុន​ Evergrande ​នេះ​ បាន​ក្លាយ​ជា​ឧទាហរណ៍​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ចិន​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​ធំៗ​ដោះស្រាយ​បន្ទុក​បំណុល​ដ៏ធ្ងន់​ធ្ងរ។​ រដ្ឋាភិបាល​ចិន​បាន​បង្កើត​ការ​រឹត​បន្តឹង​ថ្មីៗ​ ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ជា​ច្រើន​ ដូច​ជា​ក្រុមហ៊ុន​ Evergrande ​ជាដើម​ មាន​ការ​លំបាក​ឬ​មិន​អាច​រក​បំណុល​ថ្មី​ដោះស្រាយ​បំណុល​ចាស់​នៅ​ថ្ងៃ​កំណត់​សង​នោះ​ទេ។​ ជា​លទ្ធផល​ ក្រុម​ហ៊ុន​ជា​ច្រើន​បាន​ព្យាយាម​លក់​ទ្រព្យ​សម្បត្តិ​ដើម្បី​ដោះ​បំណុល។​

ទោះ​បី​ជា​ គម្រោង​សាងសង់​រាប់សិប​របស់​ក្រុមហ៊ុន​នេះ​នៅ​ទូទាំង​ប្រទេស​ចិន​ត្រូវ​បាន​ផ្អាក ​ដោយសារ​កម្មករ​ និង​អ្នក​ផ្គត់ផ្គង់​មិន​ទទួល​បាន​ប្រាក់​ខែ​ក៏ដោយ ​ក៏​ក្រុមហ៊ុន​Evergrande ​បាន​ចេញ​មុខ​យ៉ាង​ក្លាហាន​ចំពោះ​បញ្ហា​ដ៏លំបាក​របស់​ខ្លួន។​ នៅ​ក្នុង​កំណត់​សម្គាល់​មួយ​ទៅ​កាន់​និយោជិត​ផ្សព្វផ្សាយ​នៅ​តាម​WeChat ​អ្នក​គ្រប់គ្រង​បាន​និយាយ​ថា​ «បុគ្គលិក​ទាំងអស់​របស់​ក្រុមបាន​ធានា​ថា​ គម្រោង​សាងសង់​នឹង​ធ្វើ​ឱ្យ​បាន​ដោយ​ការ​តាំងចិត្ត​និង​ប្រឹងប្រែង​ខ្ពស់​បំផុត​ហើយ​សាងសង​អចលន​ទ្រព្យ​ប្រកប​ដោយ​គុណភាព​ និង​បរិមាណ​ខ្ពស់​បំផុត»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG