ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ត្រឹម​២,២​ភាគរយ​សម្រាប់​ឆ្នាំ២០២១


រូប​ឯកសារ៖ បុរសម្នាក់កំពុងដើរកាត់ខាងមុខផ្សារចាស់ ដែលត្រូវបិទដំណើរការលក់ដូរ ក្នុងអំឡុងពេលបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាល​ពី​​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​កើន​ឡើង​វិញ​នូវ​ករណី​ឆ្លង​ជំងឺកូវីដ​១៩​ដែល​បាន​ធ្វើ​ឲ្យ​ការ​ស្តារ​សេដ្ឋកិច្ច​មាន​ភាព​យឺតយ៉ាវ​ជាពិសេស​វិស័យ​សេវាកម្ម​សំណង់​ និង​អចលនទ្រព្យ​ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថានឹង​កើន​ត្រឹម​ប្រមាណ​២,២​ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​២០២១​ទោះបី​ជា​ការ​នាំចេញ​មាន​ភាព​រឹងមាំ​គាំទ្រ​ដោយ​លក្ខខណ្ឌ​តម្រូវការ​ខាង​ក្រៅល្អ​ក៏​ដោយ។ នេះ​ជា​ការ​វាយតម្លៃ​របស់​ធនាគារ​ពិភពលោក​នៅ​ក្នុង​របាយការណ៍​ចុងក្រោយ​មួយ​ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

ស្របពេល​ជាមួយ​គ្នា​នឹង​ការ​វាយ​តម្លៃ​នេះ​សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​កម្ពុជា​ពង្រឹង​គោលនយោបាយ​អភិវឌ្ឍន៍ និង​ពិពិធកម្ម​ក្នុងវិស័យ​សេវាកម្ម​និងឧស្សាហកម្ម​ផលិត​ក្នុង​ស្រុក​បន្ថែម​ទៀត​បន្ទាប់​ពីកម្ពុជា​បាន​អនុម័តកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន។​

​សេដ្ឋវិទូ​ជាន់ខ្ពស់​ផ្នែក​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​នៃ​ធនាគារ​ពិភពលោក​លោក Aaditya Mattoo បាន​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កម្ពុជា​មាន​ជាមួយ​បណ្តា​ប្រទេស​ដទៃ​ទៀត ក្រៅ​ពី​បស្ចិមលោក អាច​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់សេដ្ឋកិច្ច និង​លទ្ធភាព​ចូល​ក្នុង​ទីផ្សារ​បាន​ធំ​ទូលាយ​ជាង​មុន។

យ៉ាងណាក្តី លោក​បាន​បញ្ជាក់​នៅ​ក្នុង​សន្នីសិទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ​ស្តី​ពីរបាយការណ៍​ព័ត៌មាន​សេដ្ឋកិច្ច​ចុងក្រោយ​សម្រាប់​តំបន់​អាស៊ី​បូព៌ា​និង​អាស៊ី​ប៉ាស៊ីហ្វិក​ថា កម្ពុជា​គួរ​ផ្តោត​បន្ថែម​លើ​ការ​កែទម្រង់​គោលនយោបាយ​សេដ្ឋកិច្ចដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចនិង​បាន​សង្កត់​ធ្ងន់​ពីសារៈសំខាន់​នៃ​ការ​បើកទូលាយ​ផ្នែក​ពាណិជ្ជកម្ម។

លោក​ថ្លែងយ៉ាង​ដូច្នេះ៖ «ផល​ប្រយោជន៍​ទទួល​បាន​ពី​កិច្ចព្រមព្រៀង​ខាង​លើ​នេះ​នៅ​មាន​តិច​ជាង​តម្រូវ​ការ​ក្នុង​ការកែទម្រង់​គោលនយោបាយ​និងការ​លើក​កម្ពស់​វិស័យ​នានា​នៅ​ក្នុង​ស្រុក​និង​ការ​បើកទូលាយបន្ថែម​ផ្នែក​ពាណិជ្ជកម្ម​ដែល​កម្ពុជា​អាច​មាន​លទ្ធភាព​ប្រាស្រ័យ​ទាក់ទងជាមួយ​គ្រប់​ដៃគូ​ពាណិជ្ជកម្ម ដើម្បី​អាច​ទទួល​បាន​ប្រភព​ល្អ​បំផុត​សម្រាប់​ការ​នាំចូល​និង​នាំចេញ ក៏​ដូចជា ​ទីផ្សារ​ទាំងមូល»។

លោក ​Mattoo បានលើកឡើង​ពី​តម្រូវ​ការ​ក្នុង​ការ​ពង្រឹង​វិស័យ​ឧស្សាហកម្ម​បន្ទាប់​បន្សំ​ដទៃ​ទៀត​និង​ការ​លើក​កម្ពស់​សមត្ថភាព​ផលិត​នូវ​ផលិតផល​ដែល​មាន​តម្លៃ​បូកបន្ថែម​ឲ្យ​បាន​ប្រសើរជាង​មុន​នៅកម្ពុជា​ផង​ដែរ។

VOA មិន​ទាន់​អាច​ទាក់​ទង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន ​បាន​ទេនៅ​ថ្ងៃ​អង្គារ​នេះ។

រូប​ឯកសារ៖ ទិដ្ឋភាពរាជធានីភ្នំពេញ ក្បែរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីខែសីហា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)
រូប​ឯកសារ៖ ទិដ្ឋភាពរាជធានីភ្នំពេញ ក្បែរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីខែសីហា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

កម្ពុជា​និង​ចិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេភាគី​ (Free Trade Agreement) ជា​ផ្លូវការកាល​ពី​ខែ​តុលា​ឆ្នាំ​មុន​នេះ។ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​ដំបូង​ដែល​កម្ពុជា​ធ្វើ​ជាមួយ​រដ្ឋ​បរទេស​នេះ ត្រូវ​បាន​រដ្ឋសភា​អនុម័តជា​ផ្លូវការ​កាល​ពី​ដើម​ខែ​កញ្ញា​នេះ។​

អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​គាំទ្រ​ការ​លើកឡើង​របស់​សេដ្ឋវិទូ​ជាន់ខ្ពស់​ប្រចាំ​ធនាគារ​ពិភពលោក​ដោយ​កត់សម្គាល់​ថា វិស័យ​ផលិតកម្ម​នៅ​កម្ពុជា​គឺ​នៅ​ត្រូវការ​ការ​ជ្រោមជ្រែង​បន្ថែម​ទាំង​លើ​ផ្នែក​ប្រកួត​ប្រជែង​និង​បច្ចេកទេស។

លោក​បាន​ថ្លែង​ថា៖ «តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ខាង​ខ្ញុំ​ហ្នឹង​ក៏​ឃើញ​ថា វិស័យ​ផលិតកម្ម​នៅ​ក្នុង​ស្រុក​យើង​នេះ​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ហើយ​ការ​គាំពារ​មាន​តែ​ជា​គោលនយោបាយ​ក៏​ប៉ុន្តែ​ការ​អនុវត្ត​នៃ​ការ​គាំពារ​នេះ​នៅ​មាន​កម្រិត។ ដូច្នេះ​ហើយ​វិស័យ​ឯកជន​ជា​ពិសេស​ SME (សហគ្រាស​ធុន​តូច​និង​មធ្យម​) របស់​យើង គឺ​នៅ​មាន​ការ​ប្រកួត​ប្រជែងតែ​នៅ​ក្នុង​ស្រុក​ខ្លួន​ឯង​ជា​ជាង​ប្រកួត​ប្រជែង​ជាមួយ​នឹង​អ្នក​ខាង​ក្រៅ។ ទី​ពីរ​បញ្ហា​បច្ចេកទេស​របស់​យើង​ក៏​នៅ​មាន​កម្រិតដែរ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង​គាត់​ជួយ​ជ្រោមជ្រែង​ទៅ​លើ​វិស័យ​បច្ចេកទេស​របស់ SME​ ហ្នឹង​ឲ្យ​កាន់​តែ​ខ្លាំង​បាទ»។

ក្រៅ​ពី​នេះ លោក​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក្សា​នូវ​ភាពស្មើ​ភាព​ក្នុង​ការ​ប្រកួតប្រជែង​របស់​សហគ្រាស​ផលិត​ក្នុង​ស្រុក ពង្រឹង​ស្តង់ដារ​អនាម័យ​ទទួលស្គាល់​ជា​អន្តរជាតិ និងអនុវត្ត​ច្បាប់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​និងដោយ​ស្មើភាព​ចំពោះ​វិនិយោគិន​ដែល​ដាក់​ទុន​រក​ស៊ីនៅ​កម្ពុជា។

​កម្ពុជា​អះអាង​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​ចិន​នេះ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ដែល​ជា​ប្រទេស​ផលិត​ស្បៀង អាច​បង្កើន​នាំ​ចេញ​កសិផល​ចូល​ទៅ​ទីផ្សារ​ចិន​ដីគោក បើ​ទោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ខុស​គ្នា​ឆ្ងាយ ហើយ​ប្រទេស​ចិន​ខ្លួន​ឯង​ជា​ប្រទេស​មួយ​ដែល​ដាំ​ដុះ​កសិផល​ស្ទើរ​តែ​សព្វ​មុខ​ក៏​ដោយ។

ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​ចិន​មាន​ទឹក​ប្រាក់​ប្រមាណ​៩,៤ ពាន់​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​ ២០១៩ ដែល​ក្នុងនោះ ភាគ​ច្រើន​លើស​លប់​ជា​ការ​នាំ​ចូល​ពី​ចិន​មក​កម្ពុជា។​នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា។​ប្រទេស​ទាំង​ពីរ​គ្រោង​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ដល់​១០ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​២០២៣។​

បើតាម​ធនាគារ​ពិភពលោក​ដែល​មាន​មូលដ្ឋាននៅ​សហរដ្ឋអាមេរិក​ដើម្បី​ពន្លឿន​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញនិង​ជំរុញ​ការបង្កើត​ការងារវាជារឿង​សំខាន់​ណាស់​ដែល​កម្ពុជា​ត្រូវចាត់​វិធានការ​ចាំបាច់​ក្នុងការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង​ខាង​ក្រៅ​ដើម្បី​ជម្រុញ​ការ​ផលិត​និង​ការនាំ​ចេញ​ដោយ​ការ​ទាញ​យក​ផលប្រយោជន៍​ពីច្បាប់​វិនិយោគ​ថ្មី​និង​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​ចិន៕

XS
SM
MD
LG