ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​កណ្ដាល​អាមេរិក​ថា សេដ្ឋកិច្ច​នឹង​មិន​ងើប​ឡើង​វិញ​ទេ បើ​សាធារណជន​ជឿ​ថា ជំងឺ​កូវីដ១៩ នៅ​មិន​ទាន់​អាច​គ្រប់គ្រង​បាន


រូបឯកសារ៖ បុរសម្នាក់ដើរកាត់ខាងមុខ​អាគារ​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក ដែលមាន​ទីតាំង​នៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។
រូបឯកសារ៖ បុរសម្នាក់ដើរកាត់ខាងមុខ​អាគារ​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក ដែលមាន​ទីតាំង​នៅក្នុងរដ្ឋធានី​វ៉ាស៊ីនតោន។

ប្រធាន​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក លោក Jerome Powell ​ថា មាន​ដំណឹង​ល្អ​ខ្លះ​ដែរ​កាល​ពី​ខែ​ឧសភា ដោយសារ​មាន​ការ​កើន​ឡើង​តិចតួច​ប៉ុណ្ណោះ​នៃ​ភាព​អត់​ការងារ​ធ្វើ និង​ការ​លក់​រាយ ដែល​ប្រហែល​ជា​បណ្ដាល​មក​ពី​ប្រសិទ្ធភាព​នៃ​កញ្ចប់​ថវិកា​ជួយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ដែល​បាន​អនុម័ត​កាល​ពី​ដើម​ឆ្នាំ​នេះ។

ប្រធាន​ធនាគារ​កណ្ដាល​សហរដ្ឋ​អាមេរិក លោក Jerome Powell បាន​បញ្ជាក់​ប្រាប់​សមាជិក​សភា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​នឹង​មិន​ចាប់ផ្ដើម​ងើប​ឡើង​វិញ​ពេញលេញ​នោះ​ទេ រហូត​ទាល់តែ​ប្រជាពលរដ្ឋ​ទូទៅ​ជឿ​ថា ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នេះ អាច​គ្រប់គ្រង​បាន។

នៅ​ពេល​ផ្ដល់​សក្ខីកម្ម​ដល់​គណៈកម្មាធិការ​ធនាគារ​នៃ​ព្រឹទ្ធសភា លោក Powell ដែល​បង្ហាញ​ខ្លួន​តាម​អនឡាញ បាន​និយាយ​ថា មាន​ដំណឹង​ល្អ​ខ្លះ​ដែរ​កាល​ពី​ខែ​ឧសភា ដោយសារ​មាន​ការ​កើន​ឡើង​តិចតួច​ប៉ុណ្ណោះ​នៃ​ភាព​អត់​ការងារ​ធ្វើ និង​ការ​លក់​រាយ ដែល​ប្រហែល​ជា​បណ្ដាល​មក​ពី​ប្រសិទ្ធភាព​នៃ​កញ្ចប់​ថវិកា​ជួយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ដែល​បាន​អនុម័ត​កាល​ពី​ដើម​ឆ្នាំ​នេះ។

លោក Powell ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដោយសារតែ​កន្លែង​អាជីវកម្ម​ជា​ច្រើន​បាន​បើក​ដំណើរការ​ឡើង​វិញ ឬ​ក៏​យ៉ាង​ហោច​ណាស់​បើក​ដំណើរការ​ឡើង​វិញ​មួយ​ផ្នែក នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ករណី​នេះ​ប្រហែលជា​បង្កើត​ឲ្យ​មាន​នូវ​អ្វី​ដែល​លោក​ហៅ​ថា «ការ​វិល​ត្រឡប់​មក​វិញ»។

ប៉ុន្តែ លោក​បាន​និយាយ​ថា ការ​ងើប​ឡើង​វិញ​តិចតួច​នៃ​សេដ្ឋកិច្ច​នេះ​គឺ​មិន​ស្មើ​នឹង​កម្រិត​នៃ​សេដ្ឋកិច្ច​កាល​ពី​ខែ​កុម្ភៈ មុន​ពេល​ការ​ដាក់​កំហិត​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នោះ​ទេ។

លោក Powell ថា ប្រសិនបើ​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​នៅ​ពេល​បច្ចុប្បន្ន​នេះ​បន្ត​កាន់តែ​យូរ នោះ​ការ​ខូចខាត​សេដ្ឋកិច្ច​រយៈពេល​វែង​នឹង​អាច​កាន់តែ​ខ្លាំង។

លោក Powell បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​អាជីវកម្ម​តូចតាច ដែល​លោក​បាន​និយាយ​ថា បាន​រងគ្រោះ​ខ្លាំង​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។ លោក​ថា ប្រសិនបើ​អាជីវកម្ម​ខ្នាត​តូច និង​ខ្នាត​មធ្យម មិន​អាច​បង់​បំណុល​បាន នោះ​វា​នឹង​ប៉ះពាល់​ដល់​បេះដូង​នៃ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG