ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​និង​បញ្ញាវ័ន្ត​ចិន​មិន​​ខ្វល់​​ចំពោះ​ការគំរាម​កំហែង​ដាក់​ពន្ធ​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាប់ដៃជាមួយនឹងឧបនាយករដ្ឋមន្រ្តីលោក Liu He បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ិនតោន កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​អ្នកស្រាវជ្រាវ​នៅក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃចន្ទ​ ទី៤ ខែឧសភាកន្លង​ទៅ​នេះ មិន​អើពើ​ចំពោះប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ទេ បន្ទាប់ពី​លោក​បាន​និយាយ​ថា លោក​នឹង​បន្ត​ដំឡើង​ពន្ធ​លើ​ការនាំចូល​របស់​ចិន ប្រសិនបើ​ចិន​ខកខាន​មិន​បាន​ទិញទំនិញ និង​ប្រើប្រាស់​សេវាកម្ម​របស់​អាមេរិក​ដែល​គិតជា​ទឹក​ប្រាក់ចំនួន ២០០ ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ក្នុងរយៈពេល​ពីរ​ឆ្នាំ​ខាងមុខ​ដូច​ដែល​បាន​សន្យា​នោះ។

ពួកគេ​និយាយ​ថា វិធានការ​ដាក់ទណ្ឌកម្ម​បែប​នេះ នៅ​ពេល​ដែល​ត្រូវបាន​អនុវត្តជាថ្មី​គឺ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ទៅ​វិញ​ទេ។

ក៏ប៉ុន្តែសេដ្ឋវិទូខ្លះ​អំពាវនាវ​ឲ្យ​ចិនគិតគូរដល់ការគំរាមកំហែង​របស់​លោកត្រាំ​ឲ្យ​បាន​ហ្មត់ចត់ ពីព្រោះ​សេដ្ឋកិច្ចចិន​ដែល​ស្ថិត​នៅក្នុងស្ថានភាព​ដ៏អាក្រក់មួយ​ទៅហើយ ដោយសារ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩នោះ នឹង​ក្លាយជា​ទៅ​ជា​អ្នក​ដែល​ខាតបង់​ខ្លាំង​ជាង ហើយ​ចិន​មិនមាន​លទ្ធភាពឲ្យ​ជាប់ខ្លួន​ក្នុងសង្គ្រាម​ពន្ធដារ​មួយ​ទៀត​ជាមួយ​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ជំងឺ​កូវីដ​១៩ គឺជា​ជំងឺ​ដែល​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា។

តើ​វា​ជា​សង្គ្រាម​ដែល​មិន​អាច​ជៀស​បាន?

សេដ្ឋវិទូ​លោក Darson Chiu បាន​ព្រមាន​ថា ការលេច​ចេញ​ជាថ្មី​នៃ​សង្គ្រាម​ពន្ធ​រវាង​អាមេរិក និង​ចិន នៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ខែវិច្ឆិកា មើល​ទៅ​មិន​អាច​ជៀស​ផុត​បាន​ទេ ពីព្រោះ​លទ្ធភាព​សម្រាប់​ប្រទេស​ចិន​ដើម្បី​ធ្វើតាម​ការប្តេជ្ញា​ទិញ​របស់​ខ្លួនឲ្យ​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី១​នោះ គឺ​មាន​មាន​តិចតួច។ លោក Chiu ដែល​ជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​តៃវ៉ាន់បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«តាម​ការវាស់ស្ទង់​របស់​ខ្ញុំ ឃើញ​ថា ការនាំចូល​ (របស់ចិន) នឹង​ត្រូវ​កើន​ឡើង ៦០ ភាគរយ​នៅ​ឆ្នាំ​នេះ បើប្រៀបធៀបទៅ​នឹង​ឆ្នាំ ២០១៩។ នេះគឺ​ជាចំនួន​នៃ​ការបញ្ជា​ទិញ​ដែល​មិន​អាច​ធ្វើទៅ​បាន​ទេ។ ហើយ​បើ​វា​អាច​ធ្វើ​ទៅ​បាន​នោះ មាន​ន័យ​ថា សហរដ្ឋ​អាមេរិក នឹង​ក្លាយជា​ប្រទេស​នៃ​ប្រភព​នាំចូល​ធំ​បំផុត​របស់​ចិន​នៅ​ក្នុង​ឆ្នាំ ២០២០»។

លោក Chiu បាន ថ្លែង​បន្ថែម​ទៀត​ថា ប្រសិនបើ​អ្វី​ដែល​លោក​បាន​និយាយ​ខាង​លើ​នេះ កើត​ឡើង​មែន​នោះ​ប្រទេស​ចិន​នឹង​ក្លាយ​ទៅ​ជា​អ្នករំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​វិធាន​នៃ​ការមិន​រើសអើង​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​ហាមឃាត់​មិន​ឲ្យ​ប្រទេស​ជា​សមាជិក​ណា​មួយ​រើសអើង​ដៃគូ​ពាណិជ្ជកម្ម​របស់ខ្លួន។

ស្ថិតិ​ផ្លូវការ​បាន​បង្ហាញ​ថា ការនាំចូល​របស់​ចិន​នូវទំនិញ​ពី​សហរដ្ឋ​អាមេរិកបាន​ធ្លាក់​ចុះ​ដល់​ត្រឹមចំនួន​ជិត ១២៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ពី​ចំនួនជាង​ ១៥៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ និង ១៥៤ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៧។

អំណាច​ក្នុង​នាម​ជា​អ្នក​ទិញ​ចុះ​ខ្សោយ

លោក Chiu បាន​និយាយ​ទៀត​ថា ការប៉ាន់ស្មាន​ដែល​ថា ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ បាន​ធ្វើ​ឲ្យ​ខូចខាត​យ៉ាងខ្លាំង​ដល់​អំណាច​ក្នុង​នាម​ជា​អ្នក​ទិញ​របស់​ប្រទេស​ចិន​នោះ គឺ​មិនមែន​គ្មាន​មូលដ្ឋាន​ទេ ក្រោយពី​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់​ចុះ ៦,៨ភាគរយ នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​នេះ ដែល​នេះជា​ការធ្លាក់ចុះ​លើកដំបូង​របស់​ខ្លួន​ចាប់តាំង​ពី​ឆ្នាំ១៩៨៧។

លោក Chiu បាន​និយាយ​ថា ប្រទេសចិននឹង​ត្រូវ​ប្រើ​ហិរញ្ញប្បទាន​បំណុល​ដើម្បី​សម្រេច​ការប្តេជ្ញា​ទិញ​របស់​ខ្លួន ដែល​បាន​ព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក។ លោក Chiu បាន​ថ្លែង​បន្ត​ថា ទោះបី​ជា​ប្រទេស​ចិន​ទទួល​បាន​អំណាច​ក្នុង​នាម​ជា​អ្នក​ទិញ​របស់​ខ្លួន​មកវិញ​ក៏ដោយ ក៏​ប្រទេស​នេះ​មិនមាន​កន្លែង​ស្តុក​ទុក​ផលិតផល​ថាមពល​ដែល​មាន​តម្លៃ​ជាង ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ២ ឆ្នាំ​ខាងមុខ​នោះ​ដែរ ជាពិសេសដែល​ឥឡូវ​នេះតម្លៃ​ថាមពល​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​ថ្មី​មួយ​នោះ។

ជាង​នេះ​ទៅ​ទៀត វិធានការ​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​នោះ គឺ កាលពី​ចុងខែ​មេសា​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិកបាន​ធ្វើ​ការរឹតត្បិត​បន្ថែម​ទៀត​ទៅ​លើ​ការនាំចេញ​ទៅ​ប្រទេស​ចិន​នូវ​បច្ចេកវិទ្យា​ទំនើប​ដែល​ជា​តម្រូវការ​ដ៏​ខ្ពស់។

លោក Chiu បាន​ព្យាករណ៍​ថា ស្ថិត​ក្នុង​កាលៈទេសៈ​បែបនេះ លោក Trump ទំនងជា​នឹង​ធ្វើ​សង្គ្រាម​ពន្ធ គ្រាដែល​លោក​ព្យាយាម​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ប្រឆាំងនឹង​ប្រទេស​ចិន ដើម្បី​ប្រមូល​ការគាំទ្រ ដែល​នោះ គឺជា​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​សម្រាប់​អាណត្តិទី២ របស់​លោក។

ការដាក់​ពន្ធថ្មី

លោក ត្រាំ បាន​បង្ហាញ​ជំហរ​ប្រឆាំងនឹង​ប្រទេសចិន​រួច​ជាស្រេច​ទៅ​ហើយ។

កាលពី​ថ្ងៃសុក្រ​ទី ១ ខែឧសភា​កន្លង​ទៅ​នេះ លោកត្រាំ បាន​គំរាម​ថា នឹង​មាន​ការដាក់​ពន្ធ​ថ្មី ដែល​ជា​វិធានការ​សងសឹក​ចំពោះ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា ដោយ​លោក​និយាយ​ថា ការ​ដាក់​ពន្ធ​នេះនឹង​ក្លាយជា​ «ការដាក់ទណ្ឌកម្ម​ចុងក្រោយ»។

នៅក្នុង​ការប្រជុំ​ town hall ឆ្លើយ​សំណួរ​ពលរដ្ឋដែល​មិន​ជួបជុំ​ដោយ​ផ្ទាល់​មួយ​កាលពី​ថ្ងៃអាទិត្យ​ទី ៣ ខែឧសភា ដែល​បាន​ធ្វើ​ឡើង​នៅ​ឯ​វិមាន​រំឭក​វិញ្ញាណក្ខន្ធ​លោក​ប្រធានាធិបតី Abraham Lincoln Lincoln Memorial ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក​ត្រាំ​បាន​ថ្លែង​ថា ប្រទេសចិន​ត្រូវតែ​គោរព​តាម​កិច្ចព្រមព្រៀង​ដំណាក់កាល​ទី ១ របស់​ខ្លួន។ លោកត្រាំបាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«បើ​ពួកគេ​មិន​ទិញ យើង​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​នោះ។ នេះជា​រឿង​សាមញ្ញ»។

កិច្ចព្រមព្រៀងដំណាក់កាល​ទី១​នេះបាន​បញ្ចប់​ការសងសឹក​ដែល​ជា​ការដាក់​ពន្ធ​លើ​ការនាំ​ចូល​របស់​ចិន​ដែល​មាន​តម្លៃ​ប្រមាណជា ១៥៥ ពាន់​លាន​ដុល្លារ ដែល​បាន​គ្រោង​ចូល​ជា​ធរមាន​នៅ​ចុង​ឆ្នាំ ២០១៩ ហើយ​ក្នុង​កិច្ចព្រមព្រៀង​នេះ ក៏​មាន​ការកាត់​បន្ថយ​ពន្ធ​មួយ​ផ្សេង​ទៀត​ចំនួន​ពាក់​កណ្តាល​មក​ត្រឹម ៧,៥ ភាគរយលើ​ទំនិញ​ចិន​ដែល​គិត​ជា​ប្រាក់​មាន​ចំនួន ១២០ ពាន់​លាន​ដុល្លារ។ សហរដ្ឋ​អាមេរិក​នៅតែ​រក្សា​ការដាក់​ពន្ធ​នាំចូល ២៥ ភាគរយ​លើ​ផលិតផល​ចិន​ដែល​មាន​តម្លៃ ២៥០ ពាន់​លាន​ដុល្លារ។

ការមិន​អើពើ

លោក Shi Yinhong សាស្រ្តាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ Renmin ក្នុង​ទីក្រុង​ប៉េកាំង បាន​ប្រាប់​កាសែត Lianhe Zaobao ដែល​ជា​កាសែត​ភាសា​ចិន​ធំ​ជាង​គេ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ថា ប្រទេស​ចិននឹង​សងសឹក ប្រសិនបើ​សហរដ្ឋ​អាមេរិក​ដាក់​ពន្ធ​ថ្មី​ណា​មួយ។

លោក​បាន​ព្រមាន​ថា ការសងសឹក​របស់​ចិននឹង​បង្ខំ​ឲ្យ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធំ ហើយ​វា​នឹងបង្ក​ផល​វិបាក​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​លោក ត្រាំ ដើម្បី​ឲ្យ​បាន​ជាប់​ឆ្នោត​មួយ​អាណត្តិ​ទៀត​នោះ។

ការអត្ថាធិប្បាយ​លើ​សារព័ត៌មាន Reference News ដែល​ជា​សារព័ត៌មាន​ដៃគូ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ Xinhua News បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​កំពុង​ប្រើ​ « ព្រួញពុល» ចំនួន ៣ គឺ​ពន្ធ ការដកហូត​អភ័យ​ឯកសិទ្ធិ​របស់​ប្រទេស​ចិន និង​ការលុបចោល​កាតព្វកិច្ច​បំណុល​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន ​ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​អាច​ប្តឹង​ចិន ចំពោះ​ការខូចខាត​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា។

សារព័ត៌មាន Reference News បាន​និយាយ​បន្ថែម​ថា ក៏ប៉ុន្តែនៅ​ទីចុង​បញ្ចប់ ព្រួញ​ទាំងបី​នោះនឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក​ទៅ​វិញ​ទេ។

នៅក្នុង​បទវិចារណកថា​របស់​កាសែត​រដ្ឋ Global Times ដែល​ជាកាសែត​ផ្សាយ​ព័ត៌មាន​បែប​រសើប បាន​រិះគន់​ដល់​លោក Mike Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដោយ​បាន​ហៅ​លោក​ថា ជា​មនុស្សកុហក និង​ប្រឆាំងនឹង​ប្រទេស​ចិន ហើយ​បាន​អំពាវនាវ​ឲ្យ​លោក​បង្ហាញ​ភស្តុតាង​នៅ​ពេល​ដែល​លោក​និយាយ​ថា មាន​«ភស្តុតាង​ដ៏​ធំធេង» ដើម្បី​បង្ហាញ​ថា វីរុស​កូរ៉ូណា​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​មន្ទីរពិសោធន៍​មួយ​ក្នុង​ក្រុង​វូហាន។

ខណៈដែល​ប្រទេស​ចិនកំពុងបិទ​ដំណើរការ​សកម្មភាព​ក្នុង​ថ្ងៃ​ឈប់​សម្រាកបុណ្យ​ជាតិ​មួយ ​អ្នកការទូត​របស់​ខ្លួន ដែល​គេ​ឲ្យរហស្សនាម​ថា​អ្នក​ការ​ទូត​ «ឆ្កែចចក​ប្រយុទ្ធ» ដោយ​សារ​ប្រើ​យុទ្ធសាស្ត្រ​ប្រតិកម្ម​ខ្លាំងៗ​ជាង​មុន​នោះ មិន​បាន​ឆ្លើយ​តប នឹង​ការចោទ​ប្រកាន់​របស់​លោក Pompeo ទេ។

ផ្សារ​ហ៊ុន​អាស៊ីបាន​ធ្លាក់ចុះ​កាលពី​ថ្ងៃចន្ទ​ ទី​៤ ខែឧសភា​កន្លង​ទៅ​នេះ ដោយសារ​ភាពតានតឹង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន បាន​លេចឡើង។ សន្ទស្សន៍​ហ៊ុន Hang Seng របស់​ទីក្រុង​ហុងកុង​បាន​ធ្លាក់​ចុះ ៤កន្តក់​សញ្ញា​២ភាគរយ ខណៈ​ដែល​ផ្សារ​ហ៊ុន Kospi របស់​កូរ៉េ​ខាងត្បូង​ធ្លាក់​ចុះ ២​កន្តក់​សញ្ញា​៩​ភាគរយ។

ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប​នៅ​សាកល​វិទ្យាល័យ​ប៉េកាំង បាន​ប្រាប់ ​VOA ថា ពន្ធ​ថ្មី​ណា​មួយ នឹង​ប៉ះពាល់​ដល់​ការនាំចេញ​របស់​ចិន ដែល​អាច​នាំ​ឲ្យ​មាន​ការធ្លាក់ចុះ​នៃ​ប្រាក់​បម្រុង​បរទេស​របស់​ចិន ហើយ​ដូច្នេះ វា​នឹង​កម្រិត​អំណាចទិញ​របស់​ចិន។

ភាពតានតឹង​មាន​ការកើនឡើង

សាស្រ្តាចារ្យ​រូប​នេះបាន​ក្រើន​រំឭក​ប្រទេស​ចិន​ឲ្យ​គ្រប់គ្រង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​សហរដ្ឋ​អាមេរិកឲ្យ​បាន​ល្អ ទោះបីជា​លោក​មិន​ជឿ​ទេ​ថា ចិន​នឹង​បោះបង់​ការប្តេជ្ញា​ទិញ​របស់​ខ្លួន​ដោយ​ចេតនា​នោះ លើកលែង​តែ​វា​ជា​ការសម្រេច​ផ្នែក​នយោបាយ។

ទាំង​សាស្រ្តាចារ្យ​រូប​នេះ ទាំង​លោក​សេដ្ឋវិទូ​ Darson Chiu ប៉ាន់​ស្មាន​ថា ចិន​ទំនងជា​នឹង​សម្រេច​បន្ថយ​គោលដៅ​សេដ្ឋកិច្ច​របស់​ខ្លួន​មក​ត្រឹម​ពាក់​កណ្តាល​នៅ​ឆ្នាំ​នេះ ដែល​មាន​ចំនួន​ប្រមាណ​ជា ៣ភាគរយ ក្នុង​អំឡុង​ពេល​ប្រជុំពីរ​ឬ “Two Sessions” របស់​ខ្លួននៅ​ចុង​ខែឧសភា​នេះ។ កិច្ចប្រជុំ “Two Sessions” នេះ គឺ​សំដៅ​ទៅ​លើ​ការប្រជុំ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាតិ និង​ស្ថាប័ន​ប្រឹក្សា​នយោបាយ​កំពូល។

សាស្រ្តាចារ្យ​ដដែល​នោះបាន​និយាយ​ទៀត​ថា សេដ្ឋកិច្ច​ចិន​ដែល​ផ្តោត​លើ​ការនាំចេញ ក៏​មិន​អាច​មាន​ដំណើរការ​ល្អ​បាន​ដែរ ប្រសិនបើ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ ហើយ​នឹង​ម្យ៉ាងទៀត​ដោយសារ​ថា ចិន​កំពុង​ងើប​ឡើង​វិញ​ដោយ​យឺតៗ ពី​វិបត្តិ​នៃ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា។ រីឯ​លោក Chiu វិញ រំពឹង​ថា ប្រទេស​ចិន​នឹង​បង្កើន​ការចំណាយ​របស់​រដ្ឋាភិបាល​ដោយ​រក្សា​ទិសដៅ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ឆ្នាំ ២០២០ ចំនួន ៣​ភាគរយ ដែល​នេះ ជា​ចំនួន​ខ្ពស់​ជាង​ការប៉ាន់ស្មាន​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​អន្តរជាតិ​ដែល​ប៉ាន់ស្មាន​ថា កំណើន​សេដ្ឋកិច្ច​របស់​ចិន នឹង​មាន​ត្រឹម​ចន្លោះ​ពី ១ភាគរយ ទៅ ២​ភាគរយ​ប៉ុណ្ណោះ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG