ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អត្រា​​អត់ការងារ​នៅ​អាមេរិក​​​​​បាន​ធ្លាក់​ចុះ​ដល់​១៣,៣%​​​កាល​ពី​ខែ​ឧសភា


តុ​​​ខ្លះ​នៅ​ហាង​​អាហារ​ ​​Hwy 55 Burgers Shakes & Fries នៅ​ ក្រុង Nolensville រដ្ឋ Tennessee ត្រូវ​គេ​ខ្វែង​ចោល​​ដើម្បី​រក្សា​គម្លាត​សង្គម​កាលពី​​ចុង​ខែ​មេសា នៅ​ថ្ងៃ​ដំបូង​ដែល​រដ្ឋ​នេះ​បាន​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន​អាច​បើក​វិញ​បាន។

អត្រា​ចំនួន​អ្នក​អត់ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​ពី​១៤,៧%​កាល​ពីខែ​មេសា មកត្រឹម​១៣,៣% កាល​ពីខែ​ឧសភា ដែល​ជា​ចំនួន​ធ្លាក់​ចុះ​ច្រើន​ជាងអ្វី​ដែល​អ្នក​វិភាគ​បាន​រំពឹង​ទុក ខណៈ​ដែល​រដ្ឋ​នានា​បាន​ចាប់​ផ្តើម​បន្ធូរបន្ថយ​វិធានការ​រឹតត្បិត​នានា​ហើយ​អាជីវកម្ម​មួយ​ចំនួនចាប់​ផ្តើម​យកបុគ្គលិក​ចូល​ធ្វើ​ការ​វិញ។​

ក្រសួង​ការងារ​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា សេដ្ឋកិច្ច​អាមេរិក​បានបង្កើត​ការងារ​ឡើង​វិញ​ចំនួន​២,៥​លាន​ការងារ​កាល​ពី​ខែ​ឧសភា​ក្រោយ​ពី​បាត់​បង់​ការងារ​ចំនួន​២២​លាន​ការងារ​កាល​ពី​ខែ​មីនា​និង​ខែ​មេសា។

អត្រា​អត់ការងារ​ជាង​១៣%​នេះ​នៅ​តែ​ជា​ចំនួន​ដ៏​ច្រើន​ស្មើ​នឹង​សម័យ​មហាវិបត្តិ​សេដ្ឋកិច្ចអាមេរិក ឬ Great Depression​រវាង​ឆ្នាំ​១៩២៩​ដល់​១៩៣៣ ប៉ុន្តែ​អត្រា​ប្រសើរ​ជាង​ខែ​មេសា​នេះ​បង្ហាញ​ថា អាជីវកម្ម​នានា​បាន​បើក​ឡើង​វិញ​ក្នុង​ខែ​ឧសភាឆាប់​ជាង​អ្វី​ដែល​អ្នក​ជំនាញ​បាន​រំពឹង​ទុក។

យ៉ាង​ណា​ក៏​ដោយ​ក៏​អ្នក​ជំនាញ​ថា​ពលរដ្ឋ​២២​លាន​នាក់​ដែល​បាន​បាត់បង់​ការងារ​កាល​ពី​ខែ​មីនា​និង​មេសា​អាច​ត្រូវ​ការ​រាប់​ខែ​ទៀត​ដើម្បី​រក​ការងារ​ថ្មី ដែល​នេះ​អាច​នាំ​ឲ្យ​អត្រា​អត់​ការ​ងារ​នៅ​សហរដ្ឋ​អាមេរិក​មាន​អត្រា​លើស​១០%​រហូត​ដល់​ឆ្នាំ​ក្រោយ៕

XS
SM
MD
LG