ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ភាគ​ហ៊ុន​កើន​តម្លៃ​ក្រោយ​មាន​ព័ត៌មាន​អំពី​​លទ្ធភាព​បើក​សេដ្ឋកិច្ច​​អាមេរិក​វិញ​និង​ថ្នាំ​ព្យាបាល​កូវីដ១៩​​សាកល្បង


ផ្ទាំង​បង្ហាញ​ទីផ្សារ​ភាគ​ហ៊ុន នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​១៧ មេសា ២០២០។

ទី​ផ្សារ​ភាគហ៊ុន​ Futures ​របស់​អាមេរិក​បាន​កើន​តម្លៃ​ក្នុង​ថ្ងៃ​សុក្រ​នេះ ដោយ​ទី​ផ្សារ​ Dow Jones បាន​រើប​ឡើង​បន្តិច​ ដែល​នេះ​មាន​ន័យ​ថា​នឹង​មាន​ការ​កើនតម្លៃនៅ​ពេល​បើក​ទី​ផ្សារ​ជួញ​ដូរ។ ទី​ផ្សារ S&P បាន​កើន​កន្លះ​ភាគរយ​ហើយ​ទី​ផ្សារ Nasdaq កើន​ជិត២ភាគរយ។​

ទី​ផ្សារ​អឺរ៉ុប​និង​អាស៊ី​ក៏​មាន​ការ​កើន​តម្លៃ​ខ្លាំងដែរ ខណៈ​ដែល​លោក​ប្រធានាធិបតី ដូណាល់​ត្រាំ បាន​ប្រកាស​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​អំពីគម្រោង​បើក​សេដ្ឋកិច្ច​អាមេរិក​ជា​បណ្តើរៗ​ឡើង​វិញ។ សេចក្តី​រាយការណ៍​អំពី​ថា​អាច​មាន​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក Gilead Science Inc. ក៏​រួម​ចំណែក​ដល់​ប្រតិកម្ម​វិជ្ជមាន​របស់​ទី​ផ្សារ​ដែរ។

អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ Chicago និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា ពួក​គេ​បាន​សង្កេត​ឃើញមាន​«ការ​ធូរ​ស្បើយ​យ៉ាង​ឆាប់​»​ក្នុង​ចំណោម​អ្នក​ជំងឹ​កូវីដ១៩​ចំនួន​១២៥​នាក់​ដែល​បាន​ប្រើ​ថ្នាំឈ្មោះ remdesivir របស់​ក្រុមហ៊ុន Gilead Sciences Inc ជា​ផ្នែក​មួយ​នៃ​ការ​ព្យាបាល​សាកល្បង។

ចំណែក​ទី​ផ្សារ​នៅ​អាស៊ី​វិញ​ហាក់​មិនប្រតិកម្ម​អ្វី​ទៅ​នឹង​ព័ត៌មាន​អំពីឱនភាព​សេដ្ឋកិច្ច​ចិន​ក្នុង​អំឡុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០២០ ដែល​ជា​ការ​ថយ​ចុះមិន​ធ្លាប់​មាន​អស់​ច្រើន​ទសវត្សរ៍។​

នៅ​ប្រទេសអូស្ត្រាលី​ទី​ផ្សារ S&P/ASX បាន​បិទ​ដោយ​កើន​តម្លៃ​១,៤១%​ខ្ពស់​ជាង​មុន។

ទី​ផ្សារ​ Nikkei របស់​ជប៉ុន​បាន​កើន​តម្លៃ​៣,១៥% ហើយ​ទី​ផ្សារ TSEC របស់​តៃវ៉ាន់​បាន​កើន​២,១៤​%។ ទី​ផ្សារ Hang Seng របស់​ហុងកុង​និង​ផ្សារ Mumbai Sensex របស់​ឥណ្ឌា​កើន​ជាង​១,៥%រៀងៗ​ខ្លួន ខណៈ​ដែល​ផ្សារ Composite Index របស់​ក្រុង​សៀងហៃ​កើន​តិច​ជាង​១​ភាគរយ៕

XS
SM
MD
LG