ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាក់​ដឹកនាំ​សេដ្ឋកិច្ច​អាមេរិក​បារម្ភ​អំពី​​​ការ​ហិនហោច​បង្ក​​ដោយ​​វិបត្តិ​កូវីដ១៩​


រូបឯកសារ៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិកលោក Steve Mnuchin និយាយជាមួយ ប្រធាន​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក លោក Jerome Powell នៅរតនាគារជាតិអាមេរិក ក្នុងរដ្ឋធានិវ៉ាស៊ីនតោន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ប្រធាន​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក លោក Jerome Powell និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Steven Mnuchin បាន​ពិពណ៌នា​អំពី​ស្ថានភាពដ៏​ធ្ងន់ធ្ងរ​ដែល​វិបត្តិ​សេដ្ឋកិច្ច​បង្ក​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នឹង​មាន​ចំពោះ​សហរដ្ឋអាមេរិក ប៉ុន្តែ​លោក​ទាំង​ពីរ​នៅ​តែ​សង្ឃឹម​ថា ប្រាក់​ជំនួយ​និង​ឥណទាន​សម្រាប់​គ្រួសារ​និង​អាជីវកម្ម​នឹង​អាច​បន្ធូរ​បន្ថយ​ស្ថានភាព​នេះ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។​

មេដឹកនាំ​សេដ្ឋកិច្ច​ទាំង​ពីរ​បាន​ថ្លែង​យ៉ាង​ដូច្នេះក្នុង​ការ​ផ្តល់​សក្ខីកម្ម​ពី​តាម​អនឡាយកាល​ពី​ថ្ងៃ​អង្គារ​ចំពោះ​មុខ​គណៈកម្មាធិការ​ធនាគារ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក។

ប្រធាន​ធនាគារ​កណ្តាល​លោក Powell ថ្លែង​ថា ទំហំនិង​ល្បឿន​នៃ​វិបត្តិ​សេដ្ឋកិច្ច​នេះមិន​ដែល​ធ្លាប់​មាន​ទេ​ក្នុង​ពេល​ថ្មីៗ​នេះ​ហើយ​ធ្ងន់​ជាង​វិបត្តិ​សេដ្ឋកិច្ច​ណា​ទាំង​អស់​ចាប់​តាំង​ពី​សង្គ្រាម​លោកលើក​ទី​២​មក។ លោក​ថា​មាន​ការ​ឈឺចាប់​ខ្លាំង​ដែល​មិន​អាច​ពិពណ៌នា​បាន​ជាពិសេស​សម្រាប់​ពលរដ្ឋ​ដែល​ខ្វះ​លទ្ធភាព។

មក​ទល់​នឹង​ពេល​នេះ​មាន​ពលរដ្ឋ​អាមេរិក​ចំនួន​៣៦,៥​លាន​នាក់​បានបាត់​បង់​ការងារ​និង​ដាក់​ពាក្យ​សុំ​ជំនួយ​ពី​រដ្ឋ។ កាល​ពី​ខែ​មីនា ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​ក៏​បាន​ទម្លាក់​អត្រា​ការ​ប្រាក់​ដល់​កម្រិត​ស្ទើរ​សូន្យ ហើយ​លោក Powell សន្យា​រក្សា​អត្រា​ទាប​នេះ​រហូត​ដល់​សេដ្ឋកិច្ច​បាន​ប្រសើរ​វិញ។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Mnuchin វិញថ្លែង​បន្ទរ​ការ​បារម្ភ​របស់​លោក​ Powell ដោយ​លោក​ថា រដ្ឋាភិបាល​អាមេរិក​ត្រូវ​បង្ខំ​ចិត្ត​បិទ​សកម្មភាព​សេដ្ឋកិច្ច​ភាគ​ច្រើន​ដើម្បី​ការពារ​ប្រយោជន៍​សុខាភិបាល​សាធារណៈ។ លោក​ថា​ពេល​នេះ​រដ្ឋាភិបាល​នឹង​សហការ​ជាមួយ​អាជ្ញាធរ​រដ្ឋ​ដើម្បី​បើក​សកម្មភាព​សេដ្ឋកិច្ច​ឡើង​វិញ​ខ្លះ​និង​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​រក​ឃើញ​វ៉ាក់សាំង​ឬ​ការ​ព្យាបាល ហើយ​រំពឹង​ថា​សេដ្ឋកិច្ច​នឹង​ប្រសើរ​វិញ​នៅ​ត្រីមាស​ទី​៣​ឬ​ទី​៤។

មក​ទល់​នឹង​ពេល​នេះ ចំនួន​អ្នក​ស្លាប់​ពី​កូវីដ១៩​នៅ​អាមេរិក​បាន​កើន​លើស​៩០.០០០​នាក់ ដែល​ច្រើន​ជាង​គេ​ក្នុង​ពិភពលោក ហើយ​ត្រឹម​ខែ​សីហា​ខាង​មុខ​អ្នក​ជំនាញ​រំពឹង​ថា​ចំនួន​អ្នក​ស្លាប់​អាច​កើន​ដលើ​១៤៣.០០០​នាក់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG